តើកម្ពុជា និងថៃ អាចឈានទៅរកការឯកភាពគ្នាលើការកំណត់ព្រំដែនសមុទ្រ ឬការអភិវឌ្ឍធនធានរួមបានដែរឬទេ?

    0
    24

    ដំណើរការ​ផ្សះផ្សា​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ឬ UNCLOS បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ប្រទេស​សិង្ហ​បុរី​។ នៅ​ថ្ងៃ​អង្គារ​នេះ ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំងពីរ​បាន​បង្ហាញ​គោលជំហរ​រៀងៗ​ខ្លួន ព្រមទាំង​បាន​ឆ្លើយតប និង​រិះគន់​គ្នា​ទៅវិញទៅមក​យ៉ាង​ខ្លាំង​។​

    រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន អះអាង​ថា កម្ពុជា​ចង់​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​ជាមួយ​ថៃ​ដោយ​សន្តិវិធី និង​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។ លោក​បញ្ជាក់​ថា កម្ពុជា​ធ្លាប់​ឆ្លងកាត់ និង​យល់​យ៉ាង​ច្បាស់​អំពី​ការខាតបង់​ដ៏​ធំធេង​ដែល​បណ្តាល​មក​ពី​ជម្លោះ​។ ហេតុនេះ ការ​ជ្រើសរើស​យន្តការ​ផ្សះផ្សា​ក្រោម UNCLOS មិនមែន​ធ្វើឡើង​ដើម្បី​បង្កើន​ភាព​តានតឹង​នោះ​ទេ ប៉ុន្តែ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ស្របច្បាប់​។​

    ចំណែក​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហា​សាក់ ភួង​កេ​ត​កែវ (Sihasak Phuangketkeow) បាន​ចោទ​កម្ពុជា​ថា បង្ខូចកេរ្តិ៍​ឈ្មោះ​ប្រទេស​ថៃ​ជា​បន្តបន្ទាប់ និង​ព្យាយាម​បង្ហាញខ្លួន​ជា​ជនរងគ្រោះ​។ លោក​ក៏បាន​រំលឹក​ឡើងវិញ​នូវ​ហេតុការណ៍​ដែល​នាំឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ ក្នុង​នោះ​មានការ​ទម្លាយ​សំឡេង​សន្ទនា​រវាង​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ព្រមទាំង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់មីន​នៅ​តាម​តំបន់​ព្រំដែន។

    លើស​ពី​នេះ ប្រមុខ​ការទូត​ថៃ​បាន​បញ្ជាក់​ថា ដំណើរការ​ផ្សះផ្សា​នេះ​គួរ​ផ្តោត​តែ​លើ​ការកំណត់​ព្រំដែន​សមុទ្រ​ក្នុង​ឈូង​សមុទ្រ​ថៃ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​លើ​កោះ​គុត ឬ​វិវាទ​ព្រំដែន​គោក​ឡើយ​។​

    ទោះបីជា​ភាគី​ទាំងពីរ​សុទ្ធតែ​ប្រកាស​គាំទ្រ​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ច្បាប់​អន្តរជាតិ​ក៏ដោយ ក៏​សេចក្តី​ថ្លែងការណ៍​បើក​របស់​ពួកគេ​បាន​បង្ហាញ​ពី​ការ​ខ្វែងគំនិត​គ្នា​ខ្លាំង ទាំង​លើ​ប្រវត្តិ​នៃ​វិវាទ វិសាលភាព​នៃ​ការ​ដោះស្រាយ និង​វិធី​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​។​

    តើ​កម្ពុជា និង​ថៃ​អាច​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា​លើ​ការកំណត់​ព្រំដែន​សមុទ្រ​បាន​ដែរ​ឬទេ​? ប្រសិនបើ​ការកំណត់​ព្រំដែន​មិនអាច​សម្រេច​បាន តើ​ប្រទេស​ទាំងពីរ​អាច​ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​រួម និង​បែងចែក​ធនធាន​ដោយ​សមធម៌​បាន​ឬទេ​? ហើយ​ដើម្បី​ការពារ​អធិបតេយ្យភាព សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍​ជាតិ តើ​កម្ពុជា​គួរ​ត្រៀមខ្លួន​អ្វីខ្លះ​បន្ថែម​ទៀត​?

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ