ដំណើរការផ្សះផ្សាវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ UNCLOS បានចាប់ផ្តើមជាផ្លូវការនៅប្រទេសសិង្ហបុរី។ នៅថ្ងៃអង្គារនេះ ប្រមុខការទូតនៃប្រទេសទាំងពីរបានបង្ហាញគោលជំហររៀងៗខ្លួន ព្រមទាំងបានឆ្លើយតប និងរិះគន់គ្នាទៅវិញទៅមកយ៉ាងខ្លាំង។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន អះអាងថា កម្ពុជាចង់ដោះស្រាយវិវាទដែនសមុទ្រជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ លោកបញ្ជាក់ថា កម្ពុជាធ្លាប់ឆ្លងកាត់ និងយល់យ៉ាងច្បាស់អំពីការខាតបង់ដ៏ធំធេងដែលបណ្តាលមកពីជម្លោះ។ ហេតុនេះ ការជ្រើសរើសយន្តការផ្សះផ្សាក្រោម UNCLOS មិនមែនធ្វើឡើងដើម្បីបង្កើនភាពតានតឹងនោះទេ ប៉ុន្តែដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របច្បាប់។
ចំណែករដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានចោទកម្ពុជាថា បង្ខូចកេរ្តិ៍ឈ្មោះប្រទេសថៃជាបន្តបន្ទាប់ និងព្យាយាមបង្ហាញខ្លួនជាជនរងគ្រោះ។ លោកក៏បានរំលឹកឡើងវិញនូវហេតុការណ៍ដែលនាំឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះ ក្នុងនោះមានការទម្លាយសំឡេងសន្ទនារវាងលោក ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ ព្រមទាំងការចោទប្រកាន់ពាក់ព័ន្ធនឹងការដាក់គ្រាប់មីននៅតាមតំបន់ព្រំដែន។
លើសពីនេះ ប្រមុខការទូតថៃបានបញ្ជាក់ថា ដំណើរការផ្សះផ្សានេះគួរផ្តោតតែលើការកំណត់ព្រំដែនសមុទ្រក្នុងឈូងសមុទ្រថៃប៉ុណ្ណោះ ដោយមិនត្រូវពាក់ព័ន្ធនឹងអធិបតេយ្យភាពលើកោះគុត ឬវិវាទព្រំដែនគោកឡើយ។
ទោះបីជាភាគីទាំងពីរសុទ្ធតែប្រកាសគាំទ្រដំណោះស្រាយដោយសន្តិវិធី និងច្បាប់អន្តរជាតិក៏ដោយ ក៏សេចក្តីថ្លែងការណ៍បើករបស់ពួកគេបានបង្ហាញពីការខ្វែងគំនិតគ្នាខ្លាំង ទាំងលើប្រវត្តិនៃវិវាទ វិសាលភាពនៃការដោះស្រាយ និងវិធីឈានទៅរកកិច្ចព្រមព្រៀង។
តើកម្ពុជា និងថៃអាចឈានទៅរកការឯកភាពគ្នាលើការកំណត់ព្រំដែនសមុទ្របានដែរឬទេ? ប្រសិនបើការកំណត់ព្រំដែនមិនអាចសម្រេចបាន តើប្រទេសទាំងពីរអាចចុះកិច្ចព្រមព្រៀងអភិវឌ្ឍរួម និងបែងចែកធនធានដោយសមធម៌បានឬទេ? ហើយដើម្បីការពារអធិបតេយ្យភាព សិទ្ធិស្របច្បាប់ និងផលប្រយោជន៍ជាតិ តើកម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះបន្ថែមទៀត?






