កម្ពុជា និង​ថៃ​បិទ​បញ្ចប់​កិច្ចចរចា​ផ្សះផ្សា UNCLOS ក្រោម​ស្ថានភាព​តានតឹង

0
70
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ចូលរួមកិច្ចប្រជុំនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ កញ្ញា ២០២៦។ រូប៖ ក្រសួងការបរទេស
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ចូលរួមកិច្ចប្រជុំនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ កញ្ញា ២០២៦។ រូប៖ ក្រសួងការបរទេស

កម្ពុជា និង​ថៃ​បាន​បិទ​បញ្ចប់​កិច្ច​ចរចា​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា UNCLOS ដែល​ធ្វើឡើង​នៅ​ប្រទេស​សិង្ហបុរី ក្រោយ​ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​ដ៏​តានតឹង​អស់​រយៈពេល ៣ថ្ងៃ។ ទោះជា​យ៉ាងណា ភាគី​កម្ពុជា​មិន​ទាន់​បញ្ចេញ​ព័ត៌មាន​អំពី​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នេះ​នៅឡើយ។ ចំណែក​ភាគី​ថៃ​បាន​អះអាង​ថា ជា​កិច្ច​បញ្ចប់​នៃ​ការ​ចរចា​នេះ ភាគី​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​លើក​យក​វិវាទ​ដែនសមុទ្រ ទៅ​ដោះស្រាយ​បន្ត​នៅ​តុលាការ​មជ្ឈិត្តការ​អចិន្ត្រៃយ៍ (PCA) នា​ទីក្រុង​ឡាអេ (Hague) ក្នុង​ប្រទេស​ហុឡង់ដ៍ (Netherlands)។

នៅក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​ចុងក្រោយ នៃ​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​នីតិ​សមុទ្រ (UNCLOS) រវាង​កម្ពុជា និង​ថៃ ភាគី​ទាំងពីរ​បាន​ចូលរួម​កិច្ចប្រជុំ​បិទ​ទ្វារ ​ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី ខាទ្រីណា ឃូបភើរ (Katrina Cooper) ដែល​ជា​ប្រធាន​គណៈកម្មការ​ផ្សះផ្សា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា – AKP នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។ ក៏ប៉ុន្តែ AKP មិន​បាន​បញ្ជាក់​ពី​ខ្លឹមសារ​នៅក្នុង​កិច្ចប្រជុំ​នេះ​នោះ​ឡើយ។

ចំណែក​ក្រសួង​ការបរទេស បាន​សរសេរ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ ក្រោយ​បិទ​បញ្ចប់​កិច្ចចរចា​ថា ភាគី​កម្ពុជា​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ទៅកាន់​ប្រទេស​ថៃ ដែល​ចូលរួម​ដំណើរ​ការ​ផ្សះផ្សា​ក្នុង​ស្មារតី​ស្ថាបនា និង​ធ្វើ​សកម្មភាព​ឆ្ពោះទៅ​រក​ការ​កែ​លម្អ​ទំនាក់ទំនង​ទ្វេ​ភាគី តាមរយៈ​ការ​អនុវត្ត​យ៉ាង​ពេញលេញ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រមព្រៀង​ទ្វេ​ភាគី ដែល​មាន​ស្រាប់ ជា​ពិសេស​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កាលពី​ចុង​ឆ្នាំ​២០២៥។ ទោះជា​យ៉ាងណា ចំពោះ​អំពី​ខ្លឹមសារ​លម្អិត​នៅក្នុង​កិច្ចចរចា​ផ្សះផ្សា​ថ្ងៃ​ចុងក្រោយ​នេះ ក្រសួង​ការបរទេស​នៅ​មិន​ទាន់​ចេញ​សេចក្ដីថ្លែងការណ៍​នៅឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ចំណែក​ពី​ខាង​ភាគី​ថៃ​វិញ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នៅក្នុង​កិច្ចចរចា​ថ្ងៃ​ចុងក្រោយ​នេះ​ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​បង្ហាញ​ជំហរ​តែ​រៀង​ៗ​ខ្លួន ខណៈ​ភាគី​ថៃ​បាន​បង្ហាញ​ពី​គោលជំហរ​ផ្តល់​អាទិភាព​ដល់​ការ​កំណត់​ព្រំដែន​សមុទ្រ​ជា​មុន​សិន ចំណែកឯ​បញ្ហា​ផ្សេងទៀត​នឹង​ត្រូវ​ដោះស្រាយ​នៅ​ពេលក្រោយ។ ក្នុង​នោះ លោក​បាន​បង្ហាញ​ពី​ទំនុកចិត្ត​ចំពោះ​ចម្លើយ និង​សក្ខីកម្ម​របស់​ប្រទេស​ថៃ ដែល​បាន​ផ្ដល់​ទៅ​គណៈកម្មការ​ផ្សះផ្សា ដែល​ផ្អែក​លើ​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ។

ប្រមុខ​ការទូត​ថៃ​រូប​នេះ បាន​លើកឡើង​ថា ជំហាន​បន្ទាប់​របស់​ថៃ គឺ​ការ​ស្រាវជ្រាវ​អំពី​បច្ចេកទេស និង​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន ដែល​ភាគី​ថៃ​នឹង​ប្រើប្រាស់​ដើម្បី​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ក្នុង​ដែន​សមុទ្រ ដែល​កំពុង​មាន​ជម្លោះ។ ក្នុង​នេះ លោក​បញ្ជាក់​ថា ភាគី​កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា​លើក​យក​វិវាទ​ដែន​សមុទ្រ​នេះ ទៅ​ដោះស្រាយ​បន្ត​នៅ​តុលាការ​មជ្ឈិត្តការ​អចិន្ត្រៃយ៍ (PCA) នា​ទីក្រុង​ឡាអេ នៅ​ខែ​តុលា ខាង​មុខ​នេះ ទោះបី​ជា​គណៈកម្មការ​ផ្សះផ្សា នៅ​មិន​ទាន់​ប្រកាស​ពី​លទ្ធផល និង​ផ្ដល់​អនុសាសន៍​ក៏​ដោយ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក ចាន់ រតនា និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា​ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​កិច្ច​ប្រជុំ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។

កម្ពុជា និង​ថៃ​បាន​ចូលរួម​ក្នុង​កិច្ច​ចរចា​ជម្លោះ​ដែន​សមុទ្រ តាម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ នៅ​ប្រទេស​សិង្ហបុរី ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែ​កញ្ញា ដោយ​មាន​ការ​សម្របសម្រួល​ពី​ប្រធាន និង​តំណាង​គណៈកម្មការ​ផ្សះផ្សា ដែល​ភាគី​ជម្លោះ និង​តំណាង​របស់​ពួក​គេ​បាន​ជ្រើសរើស។

យ៉ាងណាមិញ នៅ​ថ្ងៃ​ធ្វើ​សេចក្ដីថ្លែងការណ៍​បើក​កិច្ច​ចរចា កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​គោលជំហរ​ផ្សេងគ្នា។ ក្នុង​នោះ តំណាង​ភាគី​កម្ពុជា ដែល​ដឹកនាំ​ដោយ​រដ្ឋមន្រី្ត​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន បាន​បង្ហាញ​ពី​ឆន្ទៈ​ ប្រកាន់​យក​អនុសាសន៍​របស់​គណៈកម្មការ​ផ្សះផ្សា មក​ធ្វើជា​មាត្រដ្ឋាន​ដើម្បី​ចរចា ​ដើម្បី​ដោះស្រាយ​នៅពេល​បន្ទាប់ និង​កំណត់​ព្រំដែន​សមុទ្រ​ច្បាស់លាស់​ជាមួយ​ប្រទេស​ថៃ។ ទន្ទឹម​គ្នា​នេះ តំណាង​កម្ពុជា​បាន​អះអាង​ពី​ការ​ត្រៀមខ្លួន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ សម្រាប់​ការ​អភិវឌ្ឍ​រួមគ្នា និង​ការ​បែងចែក​ធនធាន​ដោយ​សមធម៌ ក្នុង​តំបន់​ជម្លោះ​នៃ​ដែន​សមុទ្រ ដោយ​រង់ចាំ​កិច្ចព្រមព្រៀង​ជា​ស្ថាពរ។

ផ្ទុយ​ពី​ភាគី​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បាន​ប្រកាស​ពី​គោលជំហរ​ការពារ​អធិបតេយ្យភាព​របស់​ថៃ​យ៉ាង​ម៉ឺងម៉ាត់ និង​អះអាង​ថា ប្រទេស​ថៃ​គោរព​ច្បាប់​អន្តរជាតិ។ លោក​បាន​សង្កត់ធ្ងន់​ថា ជម្លោះ​ដែល​កំពុង​កើតឡើង​រវាង​កម្ពុជា និង​ថៃ បាន​បំផ្លាញ​ទំនុកចិត្ត និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ការណ៍​ដែល​មក​ដល់​ដំណាក់កាល​ផ្សះផ្សា​ដោយ​បង្ខំ​នេះ គឺ​បណ្ដាល​មកពី​ការ​យល់​ខុសគ្នា​រវាង​កម្ពុជា និង​ថៃ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា កិច្ច​ចរចា​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​រវាង​កម្ពុជា និង​ថៃ មិន​អាច​បញ្ចប់​នៅ​ត្រឹម​ការ​ចរចា​ក្រោម​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​បាន​នោះ​ទេ ដោយសារ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​គោលជំហរ​ខុសគ្នា ខណៈ​ភាគី​ថៃ​បាន​ទាមទារ​កាន់កាប់​ភាគ​ច្រើន នៃ​តំបន់​ដែន​សមុទ្រ​ដែល​កំពុង​មាន​ជម្លោះ។ លោក​បន្ត​ថា ប្រសិនបើ​កម្ពុជា​បាន​ឯកភាព​យក​ករណី​នេះ ទៅ​ដោះស្រាយ​បន្ត​នៅ​តុលាការ​មជ្ឈិត្តការ​អចិន្ត្រៃយ៍ (PCA) ដូច​ការ​អះអាង​របស់​ភាគី​ថៃ​មែន​នោះ កម្ពុជា​ត្រូវតែ​ដាក់​បញ្ចូល​សំណុំរឿង​កោះ​គជ់ ទៅ​ជាមួយ​ដែរ។

លោក ម៉ែន ណាត៖ «សំណុំ​រឿង​នេះ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ឡាអេ គឺ​តុលាការ​មជ្ឈត្តការ​អន្តរជាតិ (PCA)។ តុលាការ​នេះ​ដោះស្រាយ​សំណុំរឿង​ហ្វីលីពីន​កាលពី​ឆ្នាំ២០១៦ ផ្ទុយគ្នា​ជាមួយ​នឹង​ចិន តុលាការ​ហ្នឹង​កាត់ក្ដី​ឱ្យ​ហ្វីលីពីន​ឈ្នះ​ក្ដី។ អញ្ចឹង យើង​ចូលរួម​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​កសាង​ឯកសារ​រឹងមាំ រួច​កុំ​ភ្លេច​ដាក់​សំណុំរឿង​កោះគុត​ទៅ​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​ចប់​សព្វ​គ្រប់​នៅ​តុលាការ​ឡាអេ​តែម្ដង»

យ៉ាងណា​ក៏ដោយ​ចុះ​ ក្រោយ​បិទ​បញ្ចប់​កិច្ច​ចរចា​ក្រោម​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​នេះ មន្ត្រី​រដ្ឋាភិបាល និង​អ្នក​វិភាគ​មួយចំនួន បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​កម្ពុជា ដែល​បាន​អូសទាញ​ថៃ​ឱ្យ​ចូល​តុ​ចរចា​ដោយ​សន្តិវិធី​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ។ ក៏​ប៉ុន្តែ មតិ​មួយចំនួន​លើកឡើង​ថា រដ្ឋាភិបាល​ថៃ ដែល​ជា​ក្រុម​អភិរក្ស​និយម និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុម​យោធា នឹង​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ដូច​ករណី​ដែល​ថៃ​បាន​យក​បញ្ហា​ចរចា​ព្រំដែន​សមុទ្រ មក​ឡាំប៉ា​គំរាម​បិទ​ផ្លូវ​ចរចា​ព្រំដែន​គោក​ជាមួយ​កម្ពុជា នៅ​មុន​ពេល​បើក​កិច្ច​ចរចា​នេះ​ដូចគ្នា​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ