ពលករ​ចំណាកស្រុក​​វិល​ត្រឡប់​មក​កម្ពុជា​វិញ ប្រឈម​នឹង​ភាព​អត់ឃ្លាន និង​គ្មាន​ការងារ​ធ្វើ

0
143
ទិដ្ឋភាព​ពលករ​ចំណាកស្រុក​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ បានឡែម ខេត្ត​បាត់ដំបង កាលពី​ខែ​សីហា ឆ្នាំ​២០២៥។ រូប៖ រដ្ឋបាល​ខេត្ត​បាត់ដំបង
ទិដ្ឋភាព​ពលករ​ចំណាកស្រុក​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ បានឡែម ខេត្ត​បាត់ដំបង កាលពី​ខែ​សីហា ឆ្នាំ​២០២៥។ រូប៖ រដ្ឋបាល​ខេត្ត​បាត់ដំបង

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន ចេញ​របាយការណ៍​មួយ ដោយ​បាន​បង្ហាញ​អំពី​ចន្លោះប្រហោង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​សម្រួល​ដល់​ពលករ​ចំណាកស្រុក​រាប់​សិប​ម៉ឺន​នាក់ ដែល​កំពុង​ជាប់បំណុល​មីក្រូហិរញ្ញវត្ថុ បន្ទាប់ពី​ពួកគេ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ដោយសារ​ជម្លោះព្រំដែន។ របាយការណ៍ បាន​បញ្ជាក់​ថា វិបត្តិ​បំណុល​ទាំងនេះ បាន​ញាំញី​ជីវភាព​របស់​ពលករ ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​ភាព​អត់ឃ្លាន ដោយសារ​គ្មាន​ការងារ​ធ្វើ។

រដ្ឋាភិបាល​កម្ពុជា កំពុង​ខកខាន​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​ពលករ​ចំណាកស្រុក​រាប់​សែន​នាក់ ដែល​កំពុង​ជាប់​បំណុល​មីក្រូហិរញ្ញវត្ថុ បន្ទាប់ពី​ពួកគេ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ។ នេះ​បើ​តាម​របាយការណ៍ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ដែល​ផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ដែល​មាន​ចំណងជើង​ថា «ពលករ​ចំណាកស្រុក​ដែល​វិល​ត្រឡប់​មក​វិញ ប្រឈម​នឹង​ភាព​អត់ឃ្លាន និង​គ្មាន​ការងារ​ធ្វើ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បរាជ័យ​ជា​យូរ​មក​ហើយ ក្នុង​ការ​ធានា​នូវ​កម្រិតជីវភាព​សមរម្យ ការអប់រំ និង​ការថែទាំ​សុខភាព ចំពោះ​ពលករ និង​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឱ្យ​គ្រួសារ​របស់​ពួកគេ បាន​ទទួលរង​សម្ពាធ​ដោយសារ​បំណុល​ធនាគារ។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​នេះ បាន​បន្ថែម​ថា ពលករ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ដែល​បាន​វិលត្រឡប់​មកវិញ តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល ដោយសារ​ជម្លោះព្រំដែន​នោះ ភាគច្រើន​ពួកគេ​នៅ​មិនទាន់​ទទួល​បាន​ការងារ​ធ្វើ និង​ការ​ជួយ​សម្រួល​ឥណទាន​ធនាគារ ដូច​តាម​ការសន្យា​របស់​រដ្ឋាភិបាល​នោះ​ឡើយ ខណៈ​កន្លែង​ការងារ ដែល​រដ្ឋាភិបាល​បាន​សន្យា​ផ្ដល់​ឱ្យ​នោះ មាន​ចំនួន​តិច​ជាង​ការប្រកាស និង​ស្ថិតនៅ​កន្លែង​ឆ្ងាយ​ពី​ផ្ទះសម្បែង​ពលរដ្ឋ។

របាយការណ៍​បន្ថែម​ថា បញ្ហា​ទាំងនេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន បាន​ធ្លាក់​ទៅ​ក្នុង​សម្ពាធ និង​បង្ខំ​ឱ្យ​សងបំណុល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​ពួកគេ​បាន​ខ្ចី​មុន​ពេល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ ប្រឈម​នឹង​វិបត្តិ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដល់​ពលករ ដែល​វិល​ត្រឡប់​មក​វិញ តាមរយៈ​ការ​ជួយ​សម្រួល​ដល់​ពលករ ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក និង​ជួយ​កែសម្រួល​ឥណទាន ឱ្យ​សមស្រប​ទៅ​នឹង​លទ្ធភាព​របស់​ពលករ និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch​លោកស្រី ប្រាយយ៉ូនី ឡូ (Bryony Lau) បាន​លើកឡើង​នៅក្នុង​របាយការណ៍​ថា «រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​ជួយ​ពលករ​ចំណាកស្រុក ដែល​មន្ត្រី​របស់​ខ្លួន​បាន​លើកទឹកចិត្ត​ឱ្យ​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ ដោយ​ធានា​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នឹង​មិន​ដាក់​សម្ពាធ ឬ​បង្ខំ​លើ​ពលករ​ចំណាកស្រុក នៅពេល​ពួកគេ​ត្រឡប់មកវិញ​នោះ​ឡើយ ព្រោះ​ពួកគេ ក៏ដូចជា​ប្រជាពលរដ្ឋ​ផ្សេងទៀត កំពុង​មាន​ជីវភាព​ខ្វះខាត និង​ត្រូវ​តស៊ូ​ចិញ្ចឹម​គ្រួសារ​របស់​ពួកគេ»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​របាយការណ៍​នេះ​បានទេ នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ មិនបាន​ឆ្លុះបញ្ចាំង​អំពី​បាតុភាព​ជាក់ស្ដែង ពាក់ព័ន្ធ​នឹង​បញ្ហា​បំណុល​ធនាគារ​របស់​ពលករ​ខ្មែរ​នោះ​ឡើយ​។ លោក​អះអាង​ថា កន្លងមក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ បាន​ជួយ​សម្រួល​ឥណទាន​ដល់​ពលករ​ខ្មែរ​ជា​បន្ត​បន្ទាប់ ក្រោយ​មានការ​អំពាវនាវ​របស់​រដ្ឋាភិបាល និង​ថែមទាំង​បាន​លុបចោល​បំណុល និង​សម្រួល​ឥណទាន ដល់​គ្រួសារ​កងទ័ព​ដែល​បាន​ពលី ឬ​ឈរជើង​នៅ​សមរភូមិ និង​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​រង​ផល​ប៉ះពាល់​ពី​បញ្ហា​ជម្លោះ នៅ​តំបន់​ព្រំដែន​នេះ​ផង​ដែរ។

លោក កាំង តុងងី៖ «ហើយ​ទន្ទឹម​គ្នា​នេះ យើង​ក៏​លើកទឹកចិត្ត​ដែរ ប្រសិនបើ​ប្រជាពលរដ្ឋ​ពិត​ជា​មាន​ផល​ប៉ះពាល់​លើ​ប្រាក់ចំណូល ឬ​បញ្ហា​ប្រឈម​ណាមួយ ដែល​កើតឡើង​ហ្នឹង សូម​ឱ្យ​គាត់​មាន​ភាព​ក្លាហាន និង​មាន​ភាពស្មោះត្រង់ ទៅ​ជជែក​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហ្នឹង ដើម្បី​បង្ហាញ​ពី​ស្ថានភាព ហើយ​រក​ដំណោះស្រាយ​ណាមួយ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​យើង»។

ទោះជា​យ៉ាងណា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​បញ្ជាក់​ថា របាយការណ៍​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​ទិន្នន័យ និង​ទិដ្ឋភាព​ជាក់ស្ដែង ដែល​បាន​មកពី​ការ​សម្ភាស​ពលករ​ចំនួន ៥៦​នាក់ រស់នៅ​ខេត្តបន្ទាយមានជ័យ ដែល​ពួកគាត់ បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ ពី​ខែ​ឧសភា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៥​។ ពលករ​ខ្មែរ​ទាំងនោះ បាន​អះអាង​ថា ពួកគាត់​បាន​កាត់បន្ថយ​ការ​ចំណាយ​សម្រាប់​អាហារ និង​បោះបង់​ការ​ថែទាំ​សុខភាព ដើម្បី​សន្សំ​ប្រាក់​សងបំណុល​ធនាគារ។

ទាក់ទិន​រឿង​នេះ មន្ត្រី​សិទ្ធិ​ការងារ​ទទួលបន្ទុក​ផ្នែក​ពលករ​ចំណាកស្រុក​របស់​អង្គការ​សង់ត្រាល់ ប្រចាំ​ប្រទេស​ថៃ លោក លឹង សុផុន សង្កេត​ឃើញ​ថា សឹងតែ​គ្រប់​ពលករ​ទៅ​ហើយ ដែល​ពួកគាត់​បាន​ស្ពាយ​បំណុល នៅពេល​ត្រឡប់​មក​កម្ពុជា​វិញ​។ លោក​បន្ត​ថា ពលករ​ភាគច្រើន មិន​ទទួល​បាន​ការងារ​ធ្វើ​នោះ​ឡើយ ខណៈ​យន្តការ​សម្រួល​ឥណទាន ក៏​មិនបាន​អនុវត្ត​ឱ្យ​បាន​ទូលំទូលាយ​នោះ​ដែរ ដែល​កត្តា​នេះ បាន​ជំរុញ​ឱ្យ​ពលករ​មួយ​ចំនួន​បាន​ឆ្លងដែន​ខុសច្បាប់ ត្រឡប់​ទៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ​វិញ។

លោក លឹង សុផុន៖ «ពលរដ្ឋ​ជាច្រើន បាន​ត្អូញត្អែរ​ពី​ការ​លំបាក កាន់តែ​វេទនា ដោយសារតែ​គ្មាន​ការងារ​ធ្វើ និង​បំណុល​ធនាគារ គេ​មិនបាន​ពន្យារពេល​ឱ្យ​យើង​ទេ ពួកគាត់​មានការ​ព្រួយបារម្ភ»។

ពលករ​ខ្មែរ​បាន​សម្រុក​ចេញពី​ប្រទេស​ថៃ​វិញ បន្ទាប់ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​ចាប់ផ្ដើម​ផ្ទុះអាវុធ​កាលពី​ខែ​កក្កដា​កន្លង​មក បន្ទាប់ពី​មានការ​អំពាវនាវ​របស់​រដ្ឋាភិបាល ដែល​បាន​សន្យា​ផ្ដល់​ឱកាស​ការងារ ដែល​មាន​ប្រាក់ខែ​សមរម្យ និង​ការសម្រួល​ឥណទាន​ជាដើម​។ ក្រសួង​ការងារ​បាន​អះអាង​ថា ពលករ​ទាំងនោះ​បាន​ទទួល​ការងារ​ជាង ៤៥​ម៉ឺន​កន្លែង​រួចហើយ។

ក៏ប៉ុន្តែ បើ​យោង​តាម​របាយការណ៍​របស់​អង្គការ Human Rights Watch ក្នុងចំណោម​ពលករ​សរុប ចំនួន​ជិត​មួយ​លាន​នាក់ (៩០​ម៉ឺន​) ដែល​បាន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​កម្ពុជា មាន​ពលករ​ជាច្រើន​នាក់​មិនទាន់​ទទួល​បាន​ការងារ​ធ្វើ​នៅឡើយ ខ្លះ​ត្រូវ​គេ​បដិសេធ​មិន​ផ្ដល់​ការងារ​ដោយសារ​គ្មាន​ជំនាញ ខណៈ​ខ្លះ​មានការ​ងារ​ដែរ​តែ​ទទួល​បាន​ប្រាក់ខែ​តិច ជាដើម ដែល​ធ្វើ​ឱ្យ​ពួកគាត់​បង្ខំចិត្ត​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​ម្ហូបអាហារ និង​ការថែទាំ​សុខភាព ដើម្បី​ទុក​លុយ​សងបំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។

អង្គការHuman Rights Watch អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ការពារ​សិទ្ធិ​ពលករ​ដែល​បាន​ត្រឡប់​មក​កម្ពុជា​វិញ និង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះព្រំដែន​ខ្មែរ​-​ថៃ។ វិធានការ​ទាំងនោះ មាន​ជា​អាទិ ការរៀបចំ​ឥណទាន​ឡើងវិញ ការ​ដាក់​ពិន័យ​ចំពោះ​ការ​ប្រមូល​បំណុល​បែប​សង្កត់ក ព្រមទាំង​ផ្ដល់​នូវ​ការ​ថែទាំ​សុខភាព និង​ការអប់រំ​ដោយ​ឥតគិតថ្លៃ ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ