

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា គ្រោងធ្វើបាតុកម្មធំមួយនៅថ្ងៃទី២៤តុលា ដើម្បីរំលឹកខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស និងជំរុញឲ្យរដ្ឋាភិបាលបារាំងជួយរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល២៣ តុលាថា បាតុកម្មនេះ នឹងមានការចូលរួមពីប្រជាពលរដ្ឋ អ្នកគាំទ្រ និងសមាជិកជាច្រើននៅជុំវិញពិភពលោក ដើម្បីទាមទារឲ្យប្រទេសហត្ថលេខីទាំងអស់ចូលរួមទទួលខុសត្រូវ ដោះស្រាយវិបត្តិនៅកម្ពុជា រួមទាំងបញ្ហានយោបាយ និងបញ្ហាបូរណភាពទឹកដីកម្ពុជា។
ប្រជាពលរដ្ឋ អ្នកគាំទ្រ និងសមាជិក សមាជិកាទាំងអស់របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា នៅជុំវិញពីភពលោកដូចជាប្រទេសណូវែលហ្សេឡង់ កាណាដា អូស្ត្រាលី ជប៉ុន កូរ៉េ និងទ្វីបអឺរ៉ុបទាំងមូល គ្រោងប្រមូលផ្តុំគ្នានៅទីក្រុងបារីស ដើម្បីរំលឹកខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស និងរំលឹកខួប១ឆ្នាំនៃការបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា។
បាតុកម្មដ៏ធំមួយនេះ គ្រោងនឹងចាប់ផ្តើមនៅម៉ោង១២ថ្ងៃត្រង់ ដោយមានការរៀបចំបដាដែលមានពាក្យស្លោកសរសេរថា ប្រទេសបារាំង ត្រូវគោរពនិងអនុវត្តឲ្យបានពេញលេញលើសន្ធិសញ្ញាទីក្រុងបារីស និងមានបដាតូចៗជាច្រើនទៀត ដែលមានភ្ជាប់រូបភាព និងពាក្យស្លោកផ្សេងៗ ដើរដង្ហែតាមផ្លូវ ដើម្បីឲ្យប្រទេសបារាំង បានដឹងលឺពីការទាមទាររបស់ខ្លួន។ ក្រោយដង្ហែរក្បួនរួច ក្រុមបាតុករ នឹងមានវេទិកាឲ្យប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់បញ្ចេញមតិជុំវិញបញ្ហាដែលកើតមាននៅកម្ពុជា។
ក្នុងកម្មពិធីបាតុកម្ម រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ក៏មានរៀបចំញត្តិ ដើម្បីដាក់ជូនប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលជាប្រធាន និងជាម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងបារីស ដើម្បីឲ្យលោកយកចិត្តទុកដាក់មកលើប្រទេសកម្ពុជាដែលកំពុងរងការរំលោភបំពានទឹកដីពីប្រទេសជិតខាង។ ពួកគាត់ទាមទារឲ្យប្រទេសបារាំង ត្រូវកោះហៅប្រទេសជាម្ចាស់ហត្ថលេខីទាំងអស់ ចូលរួមប្រជុំដោះស្រាយបញ្ហាបូរណភាពទឹកដីកម្ពុជាជាពិសេសការឈ្លានពានពីប្រទេសថៃ ការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាក្រោមការដឹកនាំរបស់គ្រួសារត្រកូលហ៊ុនដែលអនុវត្តផ្ទុយពីសន្ធិសញ្ញាទីក្រុងបារីស ទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាដើម។ មិនតែប៉ុណ្ណោះ ពួកគាត់ក៏នឹងយកញត្តិរបស់ប្រជាពលរដ្ឋជាង ៤១ម៉ឺននាក់ដែលបានចុះហត្ថលេខាតាមអនឡាញ ដាក់ជូនលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីឲ្យលោកលើកយកទុកកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសការរារាំងមិនឲ្យតំណាងរាស្ត្រខ្មែរដែលមានសញ្ជាតិបារាំង៣រូប រួមមាន លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា និងលោក ម៉ែន សុថាវរិន្ទ្រ បានចូលប្រទេសកំណើតវិញ ទៅជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ខាងមុខ ហើយកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល លើកទី២០នេះ។
អនុប្រធានស្ថាប័នព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា លោក ទេព មនោរម្យ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រៅពីការដាក់ញត្តិនៅប្រទេសបារាំងហើយ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ក៏យកញត្តិរបស់ប្រជាពលរដ្ឋទាំងនោះឲ្យតំណាងរបស់ខ្លួននៅតាមប្រទេសនីមួយៗដែលជាប្រទេសហត្ថលេខាសន្ធិសញ្ញាទីក្រុងបារីសដែរ។ លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានគោរពការបោះឆ្នោតតាមគោលការណ៍សេរីពហុបក្ស ធ្វើទុក្ខបុកម្នេញលើអ្នកគាំទ្រនិងសមាជិកគណបក្សប្រឆាំង ព្រមទាំងបានធ្វើឲ្យបាត់បង់ទឹកដីចំនួន ៨១ទីតាំង ទៅឲ្យប្រទេសថៃ។
លោក ទេព មនោរម្យ៖ ៖«ខ្ញុំសូមឱ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស កុំមានការភ័យខ្លាច ហើយអនុវត្តសិទ្ធិសេរីភាពខ្លួនឱ្យបានពេញលេញ។ នៅពេលដែលយើងស្គាល់អំពីសិទ្ធិសេរីភាពរបស់យើង ហើយយើងយកសិទ្ធិរបស់យើងទៅប្រើ យើងនឹងអាចការពារសិទ្ធិរបស់យើង ហើយនឹងអាចការពារបូរណភាពទឹកដីរបស់យើងបាន។ ហើយខ្ញុំអំពាវនាវឱ្យប្រទេសហត្ថលេខីទាំងអស់ ត្រូវគោរពនូវកិច្ចព្រមព្រៀងរបស់ខ្លួនដែលខ្លួនបានសន្យា សន្យាថា យើងមិនរំលោភ បំពានប្រទេសអ្នកដទៃ ហើយប្រទេសអ្នកដទៃក៏មិនរំលោភបំពានឈ្លានពានមកលើប្រទេសកម្ពុជា។ តែប្រទេសវៀតណាម ប្រទេសថៃ បានរំលោភបូរណភាពទឹកដីនៃប្រទេសកម្ពុជា ហើយប្រទេសទាំងពីរហ្នឹងជាសមាជិកនៃប្រទេសហត្ថលេខី ជាមួយនឹងប្រទេសកម្ពុជា គេបានសន្យាជាឱឡាឬកថា មិនរំលោភឈ្លានពាននៃប្រទេសកម្ពុជា មិនរំលោភបូរណភាពទឹកដីប្រទេសកម្ពុជា ហើយមិនលូកដៃផ្ទៃក្នុងនៃប្រទេសកម្ពុជា»។
ក្រៅពីបាតុកម្មនេះ នៅពេលរសៀលថ្ងៃដដែល រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ក៏នឹងធ្វើពីធីរំលឹកខួប១ឆ្នាំនៃបេសកម្មរបស់ខ្លួន និងបូកសរុបលទ្ធផលការងាររបស់ខ្លួនផងដែរ។
នៅថ្ងៃទី២៥ តុលា ដែលជាថ្ងៃបន្ទាប់ ពួកគាត់ក៏គ្រោងជួបប្រជុំគ្នា ប្រកាសសុពលភាពតំណាងសភាខ្មែរក្រៅប្រទេស ដែលទើបបានបិទបញ្ចប់ការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនកាលពីថ្ងៃទី១៤ តុលា កន្លងទៅ។
ចំណែកនៅឯប្រទេសកាណាដា ពលរដ្ឋខ្មែរ ក៏គ្រោងប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្មនៅថ្ងៃស្អែក ទី១៧ តុលា នៅមុខសភាកាណាដា ដើម្បីរំលឹកខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស បំណងទាមទារ ការការពារទឹកដី និងស្តារប្រជាធិតេយ្យនៅកម្ពុជាផងដែរ។ រីឯនៅប្រទេសអូស្ត្រាលី អង្គការសម្ព័ន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសអំពីកម្ពុជា ក៏នឹងរៀបចំពិធីរំលឹកខួបនេះ នៅថ្ងៃទី១៨ ខែតុលា នៅវត្តពុទ្ធរង្សី ទីក្រុងមែលប៊ន រដ្ឋវិចតូរីយ៉ា៕









