ហូឡង់​បញ្ជូន​ចិន​ម្នាក់​ទៅ​កាត់​ទោស​នៅ​អាមេរិក​ករណី​លាង​លុយ និង​ឆបោក​នៅ​កម្ពុជា

0
26
ទីស្នាក់ការក្រសួងយុត្តិធម៌អាមេរិក។​ J. David Ake/Getty Images
ទីស្នាក់ការក្រសួងយុត្តិធម៌អាមេរិក។​ J. David Ake/Getty Images

រដ្ឋាភិបាល​នៃ​ប្រទេស​ហូឡង់ (Netherlands) ថ្មីៗ​នេះ​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ចឹង ចាវ (Zheng Zhao) ទៅ​កាត់​ទោស​នៅ​តុលាការ​សហរដ្ឋអាមេរិក (US) ពាក់ព័ន្ធ​សំណុំ​រឿង​លាង​លុយ​កខ្វក់ និង​អំពើ​ឆបោក​តាម​អនឡាញ​លើ​ពលរដ្ឋ​អាមេរិក​ដែល​មាន​ប្រតិបត្តិការ​ចេញ​ពី​មជ្ឈមណ្ឌល​ឆបោក​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​អាមេរិក​ឱ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិក​ជិត ១៨០នាក់ (១៧៤) បាន​ក្លាយ​ជា​ជនរងគ្រោះ និង​ខាតបង់​ប្រាក់​រាប់​លាន​ដុល្លារ​ពី​បណ្ដាញ​មេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ចិន​រូប​នេះ។

ជន​ត្រូវ​ចោទ​ជនជាតិ​ចិន​ឈ្មោះ ចឹង ចាវ (Zheng Zhao) អាយុ ៤៤ឆ្នាំ ត្រូវ​បាន​ធ្វើ​បត្យាប័ន​ពី​ប្រទេស​ហូឡង់​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) ជាលើកដំបូង​កាល​ពី​សប្ដាហ៍​មុន ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លាង​លុយ​កខ្វក់ និង​អំពើ​ឆបោក​លុយ​ពលរដ្ឋ​អាមេរិក​តាម​រូបិយប័ណ្ណ​គ្រីបតូ។

តុលាការ​អាមេរិក​បញ្ជាក់​ថា លោក ចឹង ចាវ ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​បាន​បញ្ចុះបញ្ចូល​ជនរងគ្រោះ​អាមេរិក​ឱ្យ​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​បក្ខពួក​ដែល​ជា​អ្នក​សមគំនិត បន្ទាប់​មក​បាន​លាង​លុយ​ជនរងគ្រោះ​តាមរយៈ​ក្រុមហ៊ុន​កំបាំង​មុខ​នៅ​សហរដ្ឋអាមេរិក និង​គណនី​ធនាគារ​អន្តរជាតិ​ជាដើម។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា បញ្ជាក់​ថា លុយ​ជិត ៤០លាន​ដុល្លារ​អាមេរិក​របស់​ជនរងគ្រោះ​ត្រូវ​បាន​ផ្ទេរ​ឆ្លង​កាត់​គណនី​ធនាគារ​នៅ​ប្រទេស​បាហាម៉ាស (Bahamas) រួច​បម្លែង​ទៅ​ជា​រូបិយប័ណ្ណ​គ្រីបតូ និង​ផ្ទេរ​ទៅ​កាបូប​លុយ​ឌីជីថល​នៅ​កម្ពុជា មុន​ចែក​ចាយ​លុយ​ទៅ​ឱ្យ​មេដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​ទាំង​ក្នុង​តំបន់ និង​នៅ​កម្ពុជា។ ប្រភព​ដដែល​បញ្ជាក់​ថា បណ្ដាញ​នេះ​បាន​កំណត់​គោលដៅ​ឆបោក​លុយ​លើ​ពលរដ្ឋ​អាមេរិក​ចំនួន ១៧៤នាក់ តាមរយៈ​គម្រោង​វិនិយោគ​រូបិយប័ណ្ណ​គ្រីបតូ​ក្លែងក្លាយ។ លោក ចឹង ចាវ ត្រូវ​បាន​សហរដ្ឋអាមេរិក​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​គ្នា ដើម្បី​លាង​លុយ​កខ្វក់ កាល​ពី​ខែសីហា ឆ្នាំ២០២៥។ ក្រសួង​យុត្តិធម៌​អាមេរិក​ឱ្យ​ដឹង​ទៀត​ថា អ្នក​ពាក់ព័ន្ធ​ក្នុង​បណ្ដាញ​នេះ​បាន​ទាក់ទង​ជនរងគ្រោះ​តាមរយៈ​បណ្ដាញ​សង្គម ឬ​ហៅ​ទូរស័ព្ទ ផ្ញើ​សារ​ជា​អក្សរ និង​បង្កើត​ទំនាក់ទំនង​ស្នេហា ដើម្បី​បង្កើត​ទំនុក​ចិត្ត មុន​ពួកគេ​បញ្ចុះបញ្ចូល​ឱ្យ​ជនរងគ្រោះ​ដាក់​ប្រាក់​ទៅ​ក្នុង​គម្រោង​វិនិយោគ​រូបិយប័ណ្ណ​ឌីជីថល​ក្លែងក្លាយ បន្ទាប់​មក​បណ្ដាញ​ឧក្រិដ្ឋជន​លួច​យក​លុយ​ជនរងគ្រោះ​តែ​ម្ដង។

ក្រសួង​យុត្តិធម៌​អាមេរិក​ឱ្យ​ដឹង​ទៀត​ថា អ្នក​ពាក់ព័ន្ធ​ចំនួន ៨នាក់​ក្នុង​សំណុំ​រឿង​នេះ​បាន​សារភាព​កំហុស​ក្នុង​នោះ​រួម​មាន​លោក សឹងសឹង ហឺ (ShengSheng He) និង​លោក ជីងលៀង ស៊ូ (Jingliang Su) ត្រូវ​បាន​តុលាការ​អាមេរិក​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ ៣ ខែ និង ៣ ឆ្នាំ ១០ខែ ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា ដើម្បី​ដំណើរ​ការ​អាជីវកម្ម​ផ្ទេរ​ប្រាក់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

ចំណែក ជនត្រូវចោទ លោក ចឹង ចាវ អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ២០ឆ្នាំ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស។

ជំនួយ​ការ​អគ្គ​ព្រះរាជអាជ្ញា​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក លោក អេនឌ្រូ ថៃសិន ឌូវ៉ា (Andrew Tysen Duva) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ការ​ធ្វើ​បត្យាប័ន​ជនត្រូវ​ចោទ​រូប​នេះ​មក​សហរដ្ឋអាមេរិក​គឺ​ជា​សារ​ព្រមាន​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​ព្យាយាម​កេង​ប្រវ័ញ្ច​ជនរងគ្រោះ​ដែល​ជា​ជនជាតិ​អាមេរិក។ លោក​បញ្ជាក់​ថា សហរដ្ឋអាមេរិក​នឹង​តាម​ប្រមាញ់​ជន​ជាប់​ចោទ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភព​លោក ជាពិសេស​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​លួច​លុយ​ពី​ជនរងគ្រោះ ប្ដូរ​វា​ទៅ​ជា​រូបិយប័ណ្ណ​គ្រីបតូ និង​ប្រើប្រាស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដំណើរ​ការ​លាង​លុយ​កខ្វក់ ដើម្បី​ព្យាយាម​លាក់​បាំង និង​បិទ​បាំង​ឧក្រិដ្ឋកម្ម​របស់​ពួកគេ។

ទូរទស្សន៍អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ លោក ឆៃ ស៊ីណារិទ្ធ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៧ ខែតុលា។

ទន្ទឹម​នឹង​សហរដ្ឋអាមេរិក​ចាត់​វិធានការ​ប្រឆាំង​នឹង​បណ្ដាញ​ឆបោក​តាម​អនឡាញ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា សមាជិក​ព្រឹទ្ធសភា​ពីរ​រូប គឺ​លោក លី យ៉ុងផាត់ និង​លោក កុក អាន ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត ដែល​ស្ថាប័ន​អន្តរជាតិ​បាន​លាតត្រដាង​ជា​បន្តបន្ទាប់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា នៅ​តែ​មិន​ទាន់​ប្រឈម​មុខ​នឹង​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​មួយ​ចំនួន​បាន​ផ្លាស់ប្ដូរ​ទីតាំង​ប្រតិបត្តិការ​ពី​អគារ​ធំៗ​ទៅ​កាន់​អគារ​តូចៗ និង​ផ្ទះ​ជួល ខណៈ​បណ្ដាញ​ឧក្រិដ្ឋជន​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ជ្រើសរើស​បុគ្គលិក​ឱ្យ​ទៅ​ធ្វើ​ការ​ជា​អ្នក​ឆបោក​នៅ​តាម​ផ្ទះ ដោយ​មិន​ខ្លាច​ញញើត​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​អាមេរិក និង​ស្នើ​ឱ្យ​បង្កើន​សម្ពាធ​នយោបាយ​លើ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដើម្បី​ឱ្យ​បង្ហាញ​ឆន្ទៈ​នយោបាយ​បង្ក្រាប​លើ​មេខ្លោង​ឆបោក​ពិតប្រាកដ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ អ្នកស្រី​ថា ប្រសិន​បើ​គ្មាន​មន្ត្រី​ជាន់​ខ្ពស់​គ្រាក់ៗ និង​រដ្ឋាភិបាល​ត្រកូល ហ៊ុន ជួយ​ជ្រោមជ្រែង និង​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ចិន​នោះ​ទេ ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​នឹង​មិន​អាច​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​បាន​ឡើយ។ លើស​ពី​នេះ អ្នកស្រី​ថា កេរដំណែល​នៃ​ការ​បង្ក្រាប​សំឡេង​អ្នក​ប្រជាធិបតេយ្យ និង​ការ​បំផ្លាញ​ស្ថាប័ន​ឯករាជ្យ​​របស់​រដ្ឋាភិបាល​គ្រួសារ​ត្រកូល ហ៊ុន កន្លងមក បាន​បង្កើត​បរិយាកាស​ដែល​អនុញ្ញាត​ឱ្យ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​អាច​ដំណើរ​ការ​បាន​យ៉ាង​រលូន និង​ក្លាយ​ជា​ប្រភព​ហិរញ្ញវត្ថុ​ចិញ្ចិម​អំណាច​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន។

អ្នកស្រី មូរ សុខហួរ៖ «ដើម្បី​ឱ្យ​មាន​ការ​ស៊ើបអង្កេត ដែល​ពលរដ្ឋ​អាច​មាន​សេចក្តី​ទុក​ចិត្ត​បាន លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា លោក កុក អាន ជា​សមាជិក​ព្រឹទ្ធសភា បើសិនជា​មាន​ការ​ស៊ើបអង្កេត​នៅ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​រឿង​ឆបោក​អនឡាញ ដ៏​ធំ​ប៉ុណ្ណេះ​ហ្នឹង ប្រធាន​ព្រឹទ្ធសភា គួរ​តែ​ចាត់​វិធានការ​ព្យួរ​អ្នក​ព្រឹទ្ធសភា​ទាំង​ពីរ​នេះ ពី​តំណែង​មួយ​រយៈ ទើប​ពលរដ្ឋ​អាច​មាន​ជំនឿ មាន​សេចក្ដីទុកចិត្ត។ គ្រាន់តែ​ជន​ឆបោក​អនឡាញ​ហ្នឹង​យើង​ស៊ើបអង្កេត​មិន​បាន​ផង​ហ្នឹង ចុះ​ទម្រាំ​តែ​ទ័ព​ថៃ​មក​ឈ្លានពាន​យើង​រៀងរាល់​ថ្ងៃ​ហ្នឹង ការពារ​របៀប​ណា?»។

ទាក់ទង​នឹង​រឿង​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទាមទារ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ចេញ​ពី​តំណែង ដោយសារ​តែ​គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដែល​កំពុង​ទាញ​កិត្តិយស​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ឱ្យ​រង​ភាព​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ។ សេចក្ដីថ្លែងការណ៍​សង្កត់​ធ្ងន់​ថា ការ​កើត​ឡើង​នៃ​វិបត្តិ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​នេះ ដោយសារ​តែ​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឪ​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទាញ​ឧ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ សម្លាប់​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស និង​ការ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ រួម​ទាំង​ការ​បែងចែក​បក្ខពួក​គ្រួសារ​និយម​ចាក់​ស្រេះ​ពេញ​ស្ថាប័ន​រដ្ឋ។

រដ្ឋាភិបាល​ក្រៅ​ប្រទេស​លើកឡើង​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដោយ​រដ្ឋ​ក្រោម​អំណាច​ផ្ដាច់ការ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន កំពុង​ជ្រមុជ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​មហន្តរាយ ដូច្នេះ​លោក ហ៊ុន ម៉ាណែត ត្រូវ​ចុះ​ចេញ​ពី​តំណែង និង​ត្រូវ​ប្រគល់​សិទ្ធិ​ស្វ័យ​សម្រេច​ដល់​ពលរដ្ឋ​ខ្មែរ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ២៣ តុលា និង​រដ្ឋធម្មនុញ្ញ ដើម្បី​ស្ដារ​ប្រទេស​កម្ពុជា​ឡើង​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ