កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ទាបខ្លាំង​លើ​សន្ទស្សន៍​នីតិរដ្ឋ​ក្នុង​របាយការណ៍​​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ២០២៦

0
106
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។ រូប៖ ក្រសួង​យុត្តិធម៌
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។ រូប៖ ក្រសួង​យុត្តិធម៌

កម្ពុជាទទួលបានចំណាត់ថ្នាក់ទាបខ្លាំងលើសន្ទស្សន៍នីតិរដ្ឋក្នុងរបាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២៦។ អ្នកឃ្លាំមើលសង្គម បានលើកឡើងថា ការដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤០ ក្នុងចំណោម ១៤៣ ប្រទេសលើសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៦ បង្ហាញ​ពីបញ្ហាប្រឈមជាបន្តបន្ទាប់ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការគោរពសិទ្ធិមនុស្ស និងសេរីភាព​នយោបាយ។ ចំណែករដ្ឋាភិបាលកម្ពុជានៅតែបន្តបដិសេធការរកឃើញនៅក្នុងរបាយការណ៍នេះ។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បាននិយាយថា ការចាប់ខ្លួនសកម្មជននយោបាយ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ព្រមទាំងការប្រើប្រាស់ប្រព័ន្ធច្បាប់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងនយោបាយ គឺជាកត្តាដែលលោកយល់ថាបង្ហាញពីភាពខ្សោយនៃនីតិរដ្ឋនៅកម្ពុជា។

លោក សេង វណ្ណលី បានរិះគន់ថា ការអះអាងអំពីកំណែទម្រង់របស់រដ្ឋាភិបាលមិនទាន់ឆ្លុះបញ្ចាំងជាការផ្លាស់ប្ដូរជាក់ស្ដែងលើការអនុវត្តច្បាប់ និងការធានាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទូទៅនៅឡើយទេ។ លោក ថា ការរឹតត្បិតសកម្មភាពនយោបាយ និងសេរីភាពបញ្ចេញមតិអាចប៉ះពាល់ដល់ការប្រកួតប្រជែងនយោបាយ មុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។

លោក សេង វណ្ណលី បន្ថែមថា ការដែលក្រសួងយុត្តិធម៌ចេញមុខបដិសេធភ្លាមៗចំពោះរបាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២៦

ដោយចោទថាជាព័ត៌មានមិនឆ្លុះបញ្ចាំងតថភាព គ្រាន់តែជាល្បិចដោះសា និងបិទបាំងការពិតប៉ុណ្ណោះ។ លោកថា ការអនុវត្តនីតិរដ្ឋក្រោមអាណត្តិលោក ហ៊ុន ម៉ាណែត បានប្រែប្រួលទៅជានីតិមាត់ ឬការប្រើប្រាស់ច្បាប់ជាអាវុធដើម្បីវាយប្រហារ និងកម្ទេចដៃគូប្រកួតប្រជែងនយោបាយ។

អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះបន្ថែមទៀតថា ទោះបីជារដ្ឋាភិបាលអាណត្តិថ្មីព្យាយាម​បង្កើត​រូបភាពបិទបាំងដោយការប្រើប្រាស់ភាសាអង់គ្លេស និងការបង្ហាញមុខមាត់បញ្ញវន្តវ័យក្មេងយ៉ាងណាក៏ដោយ ក៏ធាតុពិតនៃការដឹកនាំនៅតែជាការបន្តវេនពីប្រព័ន្ធផ្តាច់ការចាស់ដដែល។ ការខកខានក្នុងការទប់ស្កាត់អំពើពុករលួយ និងការខ្វះឆន្ទៈនយោបាយក្នុងការធ្វើឱ្យស្ថាប័នតុលាការមានឯករាជ្យភាពពិតប្រាកដ នឹងបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍសង្គម និងធ្វើឱ្យកម្ពុជាបាត់បង់កិត្យានុភាពនៅលើឆាកអន្តរជាតិ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក (World Justice Project – WJP) បង្ហាញថា កម្ពុជាទទួលបានពិន្ទុ ០,៣១ លើពិន្ទុអតិបរមា ១ សម្រាប់សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៦។

តាមរយៈពិន្ទុនេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤០ ក្នុងចំណោម ១៤៣​ប្រទេស។ ប្រទេសហៃទី អាហ្វហ្គានីស្ថាន និងវេណេស៊ុយអេឡា ស្ថិតនៅបីលំដាប់ចុងក្រោយ ខណៈដាណឺម៉ាក​ឈរនៅលំដាប់កំពូល។ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ចំណាត់ថ្នាក់របស់កម្ពុជាបានប្រសើរឡើងមួយលេខ ពីទី១៤១ មកទី១៤០ ប៉ុន្តែពិន្ទុសរុបនៅតែ ០,៣១ ដដែល។

សន្ទស្សន៍នេះវាយតម្លៃលើកត្តាសំខាន់ៗចំនួនប្រាំបី រួមមាន ការកំណត់ដែនអំណាចរដ្ឋាភិបាល ការប្រឆាំងអំពើពុករលួយ តម្លាភាពរបស់រដ្ឋាភិបាល ការគោរពសិទ្ធិជាមូលដ្ឋាន សន្តិសុខ និងសណ្ដាប់ធ្នាប់ ការអនុវត្តបទប្បញ្ញត្តិច្បាប់ ព្រមទាំងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌រដ្ឋប្បវេណី និងព្រហ្មទណ្ឌ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា បានប្រាប់អ្នកសារព័ត៌មាន ដោយបានច្រានចោលការវាយតម្លៃនេះ ដោយលើកឡើងថា របាយការណ៍ WJP មិនបានឆ្លុះបញ្ចាំងពេញលេញពីស្ថានភាពជាក់ស្ដែងនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជាទេ។ លោក​ថា ការវាយតម្លៃរបស់ស្ថាប័នអន្តរជាតិមួយចំនួនពឹងផ្អែកជាចម្បងលើការស្ទង់មតិ និងការយល់ឃើញរបស់អ្នកឆ្លើយសំណួរ ដោយមិនបានគិតគូរពេញលេញពីបរិបទសង្គម វប្បធម៌ និងកិច្ចខិតខំប្រឹងប្រែងកែទម្រង់របស់កម្ពុជា។

លោកបានបន្ថែមថា គោលដៅនៃកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជាមិនមែនដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់ពីស្ថាប័នអន្តរជាតិទេ ប៉ុន្តែដើម្បីការពារសិទ្ធិប្រជាពលរដ្ឋ និងផ្ដល់សេវាយុត្តិធម៌ដែលសាធារណជនអាចទុកចិត្តបាន។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងថា ចំណាត់ថ្នាក់ទាបរបស់កម្ពុជាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារបញ្ហាឯករាជ្យភាពរបស់តុលាការ ការគោរពសិទ្ធិមនុស្ស និងការធានាយុត្តិធម៌នៅតែជាបញ្ហាដែលត្រូវការការកែលម្អ។

លោក អំ សំអាត៖ «អញ្ចឹងបើសិនជាកម្ពុជាយើងបន្ត នូវការអនុវត្តតាមបែបផែនដូចបច្ចុប្បន្ន និងយើងមើលទៅចំណាត់ថ្នាក់ទៅឆ្នាំក្រោយក៏វាអត់មានប្រែប្រួលដែរ អញ្ចឹងបើសិនជាកម្ពុជាមានការកែលម្អ រឺក៏ស្ដារនៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញនិងបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន អាហ្នឹងគឺអាចធ្វើឲ្យចំណាត់ថ្នាក់និតិរដ្ឋមានការផ្លាស់ប្តូរខ្ពស់វិញ»។

លោក អំ សំអាត បានលើកឡើងថា ការកែលម្អចំណាត់ថ្នាក់នីតិរដ្ឋត្រូវការកំណែទម្រង់ដែលអាចមើលឃើញជាក់ស្ដែង រួមមានការធានាឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ការកែលម្អច្បាប់ និងការពង្រីកលំហសេរីភាពសារព័ត៌មាន សេរីភាពនយោបាយ និងសេរីភាពស៊ីវិល។ លោកថា អនុសាសន៍របស់អង្គការសហប្រជាជាតិ ក៏បានជំរុញឱ្យកម្ពុជាពង្រឹងឯករាជ្យភាពរបស់តុលាការ និងលើកកម្ពស់ការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

កាលពីខែតុលា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បានទទួលស្គាល់ការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណា លោកបានបង្ហាញការព្រួយបារម្ភចំពោះការរឹតត្បិតសេរីភាពបញ្ចេញមតិ លំហសង្គមស៊ីវិល និងការចូលរួមនយោបាយ ព្រមទាំងការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ និងអ្នកសារព័ត៌មាន។ លោក ថម អេនឌ្រូ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគួរឱ្យទុកចិត្ត ខណៈកម្ពុជាត្រៀមរៀបចំការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ