ក្រុមហ៊ុន ជីន ប៉ី គ្រុប និង​ ស៊ីហួ មិន​ត្រូវ​បាន​បិទ​ដូច​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ឡើយ

0
52
ទិដ្ឋភាពកាស៊ីណូ ជីនប៉ី នៅខេត្ត​ព្រះសីហនុ កាលពីដើមឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពកាស៊ីណូ ជីនប៉ី នៅខេត្ត​ព្រះសីហនុ កាលពីដើមឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​បាន​បិទ​ខ្ទប់​អាជីវកម្ម​កាស៊ីណូ​របស់​ក្រុមហ៊ុន ជីន ប៉ី គ្រុប (Jin Bei Gruop) និង​ក្រុមហ៊ុន ស៊ីហួ (Xihu) ដូច​ការ​ប្រកាស​កន្លង​ទៅ​ឡើយ បើ​ទោះ​បី​ក្រុមហ៊ុន​ទាំង​នេះ​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ក៏​ដោយ។ ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​បាន​រាយការណ៍​ថា នៅតែ​បន្ត​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដូចជា ការ​ឆបោក​តាម​អនឡាញ និង​ការ​លាង​លុយ​កខ្វក់​តាម​រូបិយប័ណ្ណ​គ្រីបតូ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ស៊ើបការណ៍ និង​វិភាគ​ទិន្នន័យ​ប្លុកឆេន (Blockchain) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ឈ្មោះ ធី.អា.អឹម ឡែបស៍ (TRM Labs) ថ្មី​ៗនេះ​រក​ឃើញ​ថា ក្រុមហ៊ុន ជីន ប៉ី គ្រុប និង​ក្រុមហ៊ុន ស៊ីហួ ព្រម​ទាំង​កាស៊ីណូ​ជាង ៣០កន្លែង​ទៀត​នៅ​ខេត្តព្រះសីហនុ​មាន​លំហូរ​ប្រាក់​តាមរយៈ​រូបិយប័ណ្ណ​គ្រីបតូ​ជាង ១ពាន់​លាន​ដុល្លារ (១,៧ពាន់​លាន​ដុល្លារ) ក្នុង​រយៈ​ពេល​ជាង ៨ខែ​ដើម​ឆ្នាំ២០២៦ នេះ។

ក្រុមហ៊ុន​ស៊ើបការណ៍ និង​វិភាគ​ទិន្នន័យ​ប្លុកឆេន ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ឈ្មោះ ធី អា អឹម ឡែបស៍ ថ្មីៗ​នេះ​បាន​លាតត្រដាង​របាយការណ៍​ស៊ើបអង្កេត​មួយ​ដោយ​រក​ឃើញ​ថា កាស៊ីណូ​ចំនួន ៣៤ ស្ថិត​នៅ​ក្រុង​ព្រះសីហនុ ទទួល​បាន​សាច់​ប្រាក់​តាម​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency) ប្រមាណ ១ពាន់ ៧០លាន​ដុល្លារ​ចាប់​ពី​ថ្ងៃទី១ ខែមករា​ ដល់​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុង​ចំណោម​ទឹក​ប្រាក់​សរុប​នេះ កាស៊ីណូ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​គឺ​ទទួល​បាន​ប្រមាណ ជិត ៧រយ​លាន​ដុល្លារ​អាមេរិក (៦៨៧លានដុល្លារ) ឬ​ស្មើ​នឹង ៦៤ភាគរយ​នៃ​លំហូរ​សាច់​ប្រាក់​គ្រីបតូ​សរុប។ របាយការណ៍​ដដែល​បង្ហាញ​ថា ទោះ​បី​ក្រុមហ៊ុន​ពាក់ព័ន្ធ​មួយ​ចំនួន​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម​ក៏​ដោយ ក៏​លំហូរ​ប្រាក់​តាម​រូបិយប័ណ្ណ​គ្រីបតូ​ទៅ​កាន់​ក្រុមហ៊ុន​ទាំង​នោះ​នៅ​តែ​បន្ត​មាន​យ៉ាង​សកម្មភាព។

ក្នុង​នោះ​ក្រុមហ៊ុន ស៊ីហួ រីសត ហូថេល (Xihu Resort Hotel) ដែល​ត្រូវ​បាន​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជាមួយ​សំណុំ​រឿង​សមាជិក​ព្រឹទ្ធសភា​លោក កុក អាន កាល​ពី​ខែមេសា ទទួល​បាន​លុយ​គ្រីបតូ​ប្រមាណ​ជិត ២រយ​លាន​ដុល្លារ (១៨៤លានដុល្លារ) ចាប់​តាំង​ពី​ថ្ងៃ​ទី២៣ ខែមេសា ដល់​ថ្ងៃ​ទី៧ ខែកញ្ញា។ ចំណែក​ក្រុមហ៊ុន ហួន ហៃ ប៉ូ ឡៃ អ៊ីនធើណេសិនណល (Huan Hai Bo Lai International) ដែល​ស្ថិត​ក្នុង​ចំណោម​អង្គភាព​រង​ទណ្ឌកម្ម​ដូចគ្នា​ក៏​ទទួល​បាន​លំហូរ​សាច់​ប្រាក់​តាម​គ្រីបតូ​ប្រមាណ​ជាង ១រយ​លាន​ដុល្លារ (១២៩លានដុល្លារ) ក្នុង​អំឡុង​ពេល​ដូច​គ្នា​ដែរ។ របាយការណ៍​ស៊ើបអង្កេត​បញ្ជាក់​ថា គិត​ចាប់​តាំង​ដើម​ឆ្នាំ២០២៥ ដល់​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន ហួន ហៃ (Huan Hai) ទទួល​បាន​លំហូរ​សាច់​ប្រាក់​តាម​គ្រីបតូ​សរុប​ប្រមាណ​ជាង ២រយ​លាន​ដុល្លារ (២៦៤លាន​ដុល្លារ) ដែល​កើនឡើង​ជាង ៩០លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ២០២៥។ ចំណែក កាស៊ីណូ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ជីន ប៉ី (Jin Bei Group) វិញ​ក៏​នៅ​តែ​ទទួល​បាន​លុយ​គ្រីបតូ​ប្រមាណ ៩លាន​ដុល្លារ ក្រោយ​ពី​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​មេខ្លោង ចេន ហ្ស៊ី និង​កំណត់​គោលដៅ​បណ្ដាញ​អង្គភាព​ពាក់ព័ន្ធ​ចំនួន ១៤៦ កាល​ពី​ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធ​ការ​ឆបោក និង​លាង​លុយ​កខ្វក់។

ជាមួយ​គ្នា​នេះ កាល​ពី​ខែមេសា ឆ្នាំ២០២៦ ក្រសួង​រតនាគារ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ លោក កុក អាន និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ចំនួន ២៨ ដោយ​ចោទ​ប្រកាន់​ថា លោក​ជា​មេខ្លោង​ធំ​ម្នាក់​ក្នុង​ប្រតិបត្តិការ​មជ្ឈមណ្ឌល​បោក​ប្រាស់​តាម​អនឡាញ​ដែល​ឆបោក​លុយ​លើ​ពលរដ្ឋ​អាមេរិក និង​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​រង​ទណ្ឌកម្ម​ទាំង​នោះ​ក៏​មាន​ក្រុមហ៊ុន ហួន ហៃ (Huan Hai) និង​ក្រុមហ៊ុន ជីន ប៉ី (Jin Bei Group) ត្រូវ​បាន​អាមេរិក​រក​ឃើញ​ថា បាន​លាង​លុយ​ជាង ៧០លាន​ដុល្លារ​តាម​រយៈ​រូបិយប័ណ្ណ​គ្រីបតូ។

រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន កាល​ពី​ចុង​ឆ្នាំ២០២៥ ប្រកាស​បាន​ប្រកាស​បិទ​អាជីវកម្ម​កាស៊ីណូ ជីន ប៉ី ចំនួន ៤ ក្នុង​ខេត្ត​ព្រះសីហនុ និង​សម្រេច​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ជីន ប៉ី គ្រុប ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​អំពើ​លាង​កខ្វក់ និង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។ ក្រោយ​មក​អាជ្ញាធរ​កម្ពុជា​ក៏​បាន​ធ្វើ​បត្យាប័ន​មនុស្ស​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និង​ប្រធាន​ក្រុមហ៊ុន ជីន ប៉ី គ្រុប មួយ​រូប​គឺ​លោក លោក លីវ រ៉េន (Liu Ren) បញ្ជូន​ទៅ​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា និង​បង្កើត​ល្បែងភ្នាល់​តាម​អនឡាញ​ខុស​ច្បាប់​ជាដើម។

ក្រុមហ៊ុន ជីនប៉ី គ្រុប (Jinbei Group) និង​អគារ​ធំៗ​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ខេត្តព្រះសីហនុ​ត្រូវ​បាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty) ហៅ​ថា ជា​អាណាចក្រ​មជ្ឈមណ្ឌល​ឆបោក​ដ៏​ធំ និង​ជា​ទី​កន្លែង​រំលោភបំពាន​សិទ្ធិ​មនុស្ស និង​អំពើ​ឃាតកម្ម​លើ​ជនរងគ្រោះ​ដ៏​អាក្រក់​បំផុត។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ក៏​មាន​ភាគ​ហ៊ុន និង​ធ្លាប់​ជា​អគ្គនាយក​មួយ​រូប​ក្នុង​ក្រុមហ៊ុន ជីនប៉ី គ្រុប ប៉ុន្តែ​លោក​បាន​លា​លែង​ពី​តំណែង​វិញ​កាល​ពី​ឆ្នាំ២០១៧។

ក្រុមហ៊ុន​ស៊ើបការណ៍ និង​វិភាគ​ទិន្នន័យ​ប្លុកឆេន ធី អា អឹម ឡែបស៍ បញ្ជាក់​ថា ទោះ​បី​បណ្ដាញ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ទាំង​នេះ​នៅ​តែ​មាន​លំហូរ​ប្រាក់​យ៉ាង​សកម្ម​តាម​រយៈ​រូបិយប័ណ្ណ​គ្រីបតូ​ក៏​ដោយ ក៏​ប្រតិបត្តិការ​របស់​ពួកគេ​បាន​រង​ផល​ប៉ះពាល់ និង​ធ្លាក់​ចុះ​ចំណូល​ដែល​រក​បាន​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​នានា ក្រោយ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម។ ក្រុម​អ្នក​ជំនាញ​វិភាគ​ទិន្នន័យ​នៃ​ក្រុមហ៊ុន​ដដែល​ក៏​ព្រមាន​ថា បណ្ដាញ​នៃ​កាស៊ីណូ​ទាំង​នោះ​ក៏​កំពុង​ព្យាយាម​បង្កើត​កាបូប​លុយ​ឌីជីថល​គ្រីបតូ (Crypto Wallet ) ថ្មីៗ​បន្ថែម​ទៀត ដើម្បី​គេច​ចេញ​ពី​ការ​កំណត់​អត្តសញ្ញាណ​នៅ​ពេល​ដែល​ពួកគេ​ប្រតិបត្តិការ​លាង​លុយ​កខ្វក់ ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ។

ប្រធាន​អង្គការ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ទិន្នន័យ​របស់​ក្រុមហ៊ុន ធីអាអឹម ឡែបស៍ បង្ហាញ​ពី​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ក្នុង​ការ​កាត់​ផ្ដាច់​បណ្ដាញ​លាង​លុយ​កខ្វក់ ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​កាស៊ីណូ និង​ការ​ឆបោក​តាម​អនឡាញ។ អ្នកស្រី​បន្ត​ថា ការ​លាង​លុយ​កខ្វក់​តាមរយៈ​ក្រុមហ៊ុន​កាស៊ីណូ​នៅ​កម្ពុជា បាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​សាមញ្ញ​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ចិន នៅ​ពេល​ដែល​រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​មជ្ឈមណ្ឌល​ឆបោក និង​បង្កើត​ប្រព័ន្ធ​ដឹកនាំ​ដែល​ពោរពេញ​ដោយ​អំពើ​ពុករលួយ និង​គ្រួសារ​បក្ខពួក​និយម។

«គ្រឹះ​ការ​ឆបោក​ដែល​អាច​បន្ត​នៅ​ប្រទេស​កម្ពុជា​បាន​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​កាន់​អំណាច​មួយ​ចំនួន និង​ឧកញ៉ា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​គេ​ទុក​រឿង​ទាំង​អស់​នេះ​ជា​ប្រភព​ថវិកា​ហិរញ្ញវត្ថុ​របស់​គេ។ ដូច្នេះ គេ​មិន​អាច​បង្ក្រាប​គេ​មិន​អាច​បិទ​បាន លុះត្រាតែ​លោក ហ៊ុន ម៉ាណែត បង្ហាញ​ភាព​ក្លាហាន​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ជាតិ កុំ​ទុក​ប្រទេស​កម្ពុជា​ថា ជា​ជនរងគ្រោះ​មិនមែន​ទេ​ប្រទេស​កម្ពុជា​គឺ​ជា​ទីកន្លែង​ប្រភព​នៃ​ឧក្រិដ្ឋកម្ម​នេះ។ ដូច្នេះ ដល់ពេល លោក ហ៊ុន ម៉ាណែត ហ៊ាន​អា​សាច់​ស្អុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ។ឈប់​និយាយ​រឿង​មុខ​មាត់​ប្រទេស​ជាតិ នេះ​ជា​អាយុ​ជីវិត​ជាតិ​មួយ​ទាំង​មូល»។

អ្នកស្រី មូរ សុខហួរ

កន្លងមក ក្រុមហ៊ុន​ស៊ើបការណ៍ និង​វិភាគ​ទិន្នន័យ​ប្លុកឆេន (Blockchain) ធី អា អឹម ឡែបស៍ (TRM Labs) រក​ឃើញ​ថា មូលនិធិ​ជិត ៨០ភាគរយ ដែល​ពាក់ព័ន្ធ​នឹង​សេវា​រក្សា​ទុក និង​ផ្ទេរ​ប្រាក់ (Escrow) របស់​ក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ប្រព័ន្ធ​កាបូប​ឌីជីថល ឬ​ជា​រូបិយប័ណ្ណ​គ្រីបតូ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ប្រាក់​តាម​អនឡាញ ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ។

អ្នក​ជំនាញ​របស់​ក្រុមហ៊ុន TRM Labs ព្រមាន​ថា ប្រសិនបើ​អាជ្ញាធរ​កម្ពុជា​មិន​អាច​កំណត់​អត្តសញ្ញាណ និង​ចាត់​វិធានការ​លើ​អ្នក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ និង​បណ្ដាញ​សម្រប​សម្រួល​សំខាន់ៗ​ទេ បណ្ដាញ​ទាំង​នេះ​នឹង​បន្ត​ប្រតិបត្តិការ​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ និង​លាង​សម្អាត​ប្រាក់​ដែល​បាន​មក​ពី​បទឧក្រិដ្ឋ​យ៉ាង​ឆាប់​រហ័ស ទោះ​បី​ជា​មជ្ឈមណ្ឌល​ឆបោក​ធំៗ​មួយ​ចំនួន​បាន​បំបែក​ខ្លួន​ទៅ​ជា​ទីតាំង​ឆបោក​តូចៗ​ក៏​ដោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ