ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ភាគី​ច្រើន ពិបាក​រក​ការងារ​ធ្វើ

0
111
ទិដ្ឋភាព​ពលករ​ចំណាកស្រុក​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ បានឡែម ខេត្ត​បាត់ដំបង កាលពី​ខែ​សីហា ឆ្នាំ​២០២៥។ រូប៖ រដ្ឋបាល​ខេត្ត​បាត់ដំបង
ទិដ្ឋភាព​ពលករ​ចំណាកស្រុក​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ បានឡែម ខេត្ត​បាត់ដំបង កាលពី​ខែ​សីហា ឆ្នាំ​២០២៥។ រូប៖ រដ្ឋបាល​ខេត្ត​បាត់ដំបង

ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ត្អូញត្អែរ​ថា ពួកគាត់​មាន​ជីវភាព​លំបាក ព្រោះ​ធ្វើការ​ជួប​តែ​ថៅកែ​បោកប្រាស់ ហើយ​ពលករ​ខ្លះទៀត ពិបាក​រក​ការងារ​ធ្វើ ខណៈ​ដែល​ការងារ​ខ្លះ​ឱ្យ​ថ្លៃឈ្នួល​ថោក​ពេក មិនអាច​ទ្រាំ​ធ្វើ​បាន។ អ្នកការពារ​សិទ្ធិ​កម្មករ​ថា បញ្ហា​ដែល​ពលករ​ខ្មែរ មកពី​ថៃ ពិបាក​រក​ការងារ​ធ្វើ ព្រោះតែ តម្លៃ​ឈ្នួល​ថោក​ពេក និង​បញ្ហា​ថៅកែ​ខ្លះ រំលោភសិទ្ធិ​ការងារ។

ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល អំឡុង​ពេល កម្ពុជា​-​ថៃ​មាន​ជម្លោះ ផ្ទុះអាវុធ​តាម​ព្រំដែន ពេល​នេះ​ពលករ​ខ្លះ​ត្អូញត្អែរ ពី​ជីវភាព​លំបាក ព្រោះ​គ្មាន​ការងារ​ធ្វើ ខ្វះខាត​ស្បៀង សម្រាប់​បរិភោគ ហើយ​អ្នក​ខ្លះទៀត មាន​ការងារ​ធ្វើ​ដែរ ប៉ុន្តែ​ថៅកែ​មិន​បើក​លុយ​ឱ្យ បណ្ដាល​ឱ្យ​ជីវភាព​ពួកគាត់​កាន់តែ​ដុនដាប រួម​នឹង​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ព្រោះតែ​គ្មាន​លុយ​សងបំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។

រស់នៅ​ស្រុក​បន្ទាយឆ្មារ ខេត្ត​បន្ទាយមានជ័យ លោកស្រី លាង សានឿត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ថា លោកស្រី​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ អំឡុង​ពេល​កម្ពុជា​-​ថៃ មាន​ជម្លោះ​តាម​ព្រំដែន​។ ពេល​មក​ដល់​ស្រុកកំណើត បាន​១​អាទិត្យ លោកស្រី​និង​អ្នកភូមិ ប្រមាណ​១០​នាក់ បាន​ទៅ​ធ្វើ​ការ​សំណង់ នៅ​ភ្នំពេញ បាន​ប្រហែល​១​ខែ ក៏​ត្រឡប់​មក​ស្រុកកំណើត​វិញ ព្រោះតែ​ថៅកែ ពុំបាន​បើក​លុយ​ឱ្យ។

ក្រោយ​មក​ទៀត លោកស្រី​បាន​ដាក់​ពាក្យ​ធ្វើការ​តាម​រោងចក្រ ប៉ុន្តែ គ្មាន​រោងចក្រ​ណាមួយ​ទទួល​ឱ្យ​ធ្វើការ​នោះ​ទេ ព្រោះ​លោកស្រី​គ្មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​អ្នកខ្លះ​ទៀត​មាន​ឯកសារ​គ្រប់គ្រាន់ ប៉ុន្តែ មាន​អាយុ​ច្រើន ព្រោះថា តាម​រោងចក្រ ភាគច្រើន គេ​រើស តែ​អ្នកមាន​អាយុ​៣០​ឆ្នាំ​ចុះ។ អស់​រយៈពេល​១​ខែ លោកស្រី​ក៏​សាកល្បង​ម្ដងទៀត ទៅ​ធ្វើ​ការ​សំណង់​នៅ​ភ្នំពេញ តាមរយៈ​លេខ​ទំនាក់ទំនង ដែល​បាន​ពី​ក្រសួង​ការងារ​បង្ហោះ លើ​បណ្ដាញ​សង្គម​ហ្វេសស៊ុក។ ពេលនោះ លោកស្រី ធ្វើ​ការ​បាន​ប្រហែល ជាង​១​ខែ ថៅកែ ក៏​មិន​បើក​លុយ​ឱ្យ ទើប​លោកស្រី​បង្ខំចិត្ត​មក​ស្រុក​កំណើត​វិញ​ជា​លើក​ទី​២ រហូត​ទល់​ពេលនេះ ជាង​៣​ខែ​ហើយ ដែល​លោកស្រី​គ្មាន​ការងារ​ធ្វើ​។​

លោកស្រី លាង សានឿត៖ «អត់​ការងារ​ធ្វើ​ច្រើន​ខែ​ហើយ​។ ទៅ​ភ្នំពេញ​ភ្នំពេញ​ក៏​គេ​មិន​បើក​លុយ​ឱ្យ ទៅណា​ក៏​គេ​ច្រើនតែ​បោក​លុយ​។ ឆ្ងល់​ធ្វើការ​គេ​មិន​បើក​លុយ​ឱ្យ​។ ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​បាន​លុយ​ឱ្យ​គេ ណាមួយ​ជំពាក់​គេ មកពី​ថៃ​ហើយ ធ្វើការ​នៅ​ខ្មែរ​មិនបាន​លុយ​។ លំបាក​ក្នុង​ជីវភាព ណាមួយ​បោះ​ឱ្យ​ធនាគារ​ផង​។ ខ្ញុំ​ថា​ទៅ​ម្ដងទៀត​ដែរ ចាំ​មើល​សាក​ម្ដងទៀត មិនដឹង​យ៉ាងណា​យ៉ាង​ណី»។

បន្ថែម​ពី​នោះ លោកស្រី លាង សានឿត អះអាង​ថា អ្នកភូមិ​ដែល​រស់នៅ​ស្រុក​បន្ទាយឆ្មា​នេះ សឹងតែ ៧០ ទៅ​៨០% ពួកគាត់ គឺជា​ពលករ​ចំណាកស្រុក មក​ពី​ប្រទេស​ថៃ ហើយ​ក្នុង​នោះ មាន​តិច​តូច​ណាស់ ដែល​មាន​ការងារ​ធ្វើ​។ លោកស្រី​បន្ត​ថា អ្នកខ្លះ​ទ្រាំ​នឹង​ការ​លំបាក​ពុំបាន ក៏​ទៅ​រក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ​វិញ ទាំង​ខុសច្បាប់ បើ​ទោះបីជា​ត្រូវ​បាន​ទាហាន​ថៃ ចាប់​បញ្ជូន​មកវិញ ម្ដង​ជា​ពីរ​ដង​ក្ដី ក៏​នៅ​តែ​ក្រាញននៀល ចូល​ប្រទេស​ថៃ រហូត​បាន​សម្រេច។

ពលរដ្ឋ​ម្នាក់ទៀត លោក រាំង សារ៉ាត់ ក៏​មិន​ខុសពី​ពលរដ្ឋ​ដទៃទៀត​ដែរ កាលពី​មកដល់​ស្រុក​ខ្មែរ​ដំបូង លោក បា​នរក​ការងារ​ធ្វើ ទៅតាម​រោងចក្រ​ជាច្រើន ប៉ុន្តែ រក​ពុំបាន ព្រោះថា រោងចក្រ​ខ្លះ មាន​តែ​ឈ្មោះ តែ​គ្មាន​រើស​បុគ្គលិក​នោះ​ទេ​។ រីឯ រោងចក្រ​ខ្លះទៀត លោក​ថា រើស​តែ​មនុស្ស​ស្រី ហើយ​ជា​អ្នក​ដែល​ចេះ​ដេរ​ស្រាប់ ទើប​ធ្វើ​ឱ្យ​លោក​ពិបាក​រក​ការងារ​ធ្វើជា​ខ្លាំង។ លោក​ថា ករណី​នេះ ពុំ​មែន មានតែ លោក​ទេ សឹងតែ​គ្រប់គ្នា ដែល​ទើប​មកពី​ប្រទេស​ថៃ ។ ក្រោយ​មក​ទៀត ដោយសារតែ​ជីវភាព​កាន់តែ​លំបាក លោក​ក៏​ទិញ​ម៉ូតូ​កង់​បី រត់​ដឹក​អីវ៉ាន់​ឱ្យ​ភ្ញៀវ នៅក្នុង​ក្រុង​ប៉ោយប៉ែត គ្រាន់​បាន​ថវិកា​ខ្លះ ដោះស្រាយ​ជីវភាព។

លោក រាំង សារ៉ាត់ «​ចង់ឱ្យ​រដ្ឋាភិបាល បន្ថែម​ការងារ​ច្រើនជាង​នេះ ហើយ​អ្នក​ខ្វះខាត​ការងារ​ច្រើន ព្រោះ​ពលករ​យើង​មកពី​ប្រទេស​ថៃ​ច្រើន»។

រីឯ ពលករ​ខ្មែរ​ម្នាក់ ទើបតែ​ឡើង​មក​ធ្វើការ​នៅ​ប្រទេស​ថ្មីៗ​នេះ លោកស្រី ឈឿន សារីន លើកឡើង​ថា នៅក្នុង​ស្រុក​ពិបាក​រក​ការងារ​ធ្វើ ហើយ​ការងារ​សំណង់​ខ្លះ​មាន​ធ្វើ​ដែរ ប៉ុន្តែ ថៅកែ​ភាគច្រើន មិន​បើក​លុយ​ឱ្យ ហើយ​ប្រើ​ឱ្យធ្វើ​ការ​លើស​កម្លាំង និង​គ្មាន​ពេល​សម្រាក។

ជាមួយគ្នា​នេះ លោកស្រី​ឱ្យ​ដឹង​ថា ពេល​លួច​ចូល​ប្រទេស​ថៃ ទាំង​ខុសច្បាប់​នេះ ធ្លាប់​ត្រូវ​បាន​ទាហាន​ថៃ ចាប់​បញ្ជូន​មក​ខ្មែរ​វិញ​ម្ដង​ហើយ ប៉ុន្តែ លោកស្រី នៅតែ​ក្រាញននៀល បន្ត​លួច ឡើង​មក​ថៃ​ម្ដងទៀត រហូត​បានសម្រេច ព្រោះ​លោកស្រី​ថា ប្រសិនបើ បន្ត​នៅ​ស្រុក​ខ្មែរ​ទៀត ជីវភាព​កាន់តែ​លំបាក ខណៈ​ដែល​ពេលខ្លះ​លោកស្រី​ដេក​យំ មិនដឹង​ត្រូវធ្វើ​បែប​ណា។

លោកស្រី ឈឿន សារីន៖ «នៅ​ខ្មែរ​យើង​វា​ច្រើនតែ​បោក មិន​បើក​លុយ​ឱ្យ​។ ការងារ​មាន​ច្រើន តែ​វា​មិន​បើក​លុយ​ឱ្យ​យើង​។ ពួក​មេការ​វា​បោក ហើយ​ណាមួយ​វា​បោក​យើង​ពេក ក៏​ខ្ជិល​នៅ»។

លោកស្រី​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ គួរតែ​ស៊ើបអង្កេត​មក​លើ​ថៅកែ​សំណង ឬ ម្ចាស់​រោងចក្រ​មួយចំនួន ដែល​រំលោភសិទ្ធិ​ការងារ យក​មក​ផ្ដន្ទាទោស ព្រោះ​ថា បញ្ហា​ធ្វើការ​មិន​បាន​លុយ​នេះ​ហើយ បាន​បង្ខំ​ឱ្យ​លោកស្រី​ត្រឡប់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

បើទោះជា​យ៉ាងណា កន្លង​មក​នេះ រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ លើកឡើង​ថា ក្រសួង​បាន​ប្រឹងប្រែង អំពាវនាវ ដល់​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស​នានា ផ្ដល់​ឱកាស​ការងារ​ទៅ​ឱ្យ ពលរដ្ឋ​ដែល​បាន​ត្រលប់​ពី​ប្រទេស​ថៃ​វិញ ដើម្បី​ឱ្យ​ពលរដ្ឋ​ទាំងនោះ​ទទួល​បាន​ការងារ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន​។ ទន្ទឹម​នឹង​នោះ លោក​ថា ក្រសួង​ក៏បាន​ទំនាក់ទំនង​ទៅ​រោងចក្រ​ធំៗ ត្រូវ​ផ្ដល់​ប្រាក់ខែ​សមរម្យ និង​មាន​ស្តង់ដារ ប្រហាក់ប្រហែល​នឹង​ការងារ​នៅ​ថៃ​ដើម្បី​ឱ្យ​ពួកគាត់​អាច​ធ្វើ​ការ​នៅ​ក្នុង​ស្រុក មិន​ចាំបាច់​ត្រឡប់​ទៅ​ថៃ​វិញ។

ពាក់ព័ន្ធ​ករណីនេះ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ហៅ​កាត់​ថា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ លើកឡើង​ថា ការ​ពិបាក រក​ការងារ​ធ្វើ​របស់​ពលរដ្ឋ​នៅក្នុង​ស្រុក គឺជា​ការ​ពិត ព្រោះ​ពលករ ភាគច្រើន មាន​ជំនាញ​ផ្នែក​សំណង់ នៅ​ពេល​មក​ធ្វើការ​ក្នុងស្រុក មានតែ​ការងារ​រោងចក្រ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​ធ្វើ​។ លោកស្រី​បន្ត​ថា បញ្ហា​ចម្បង​ទៀត​នោះ គឺ​ការរំលោភ​សិទ្ធិ​ការងារ និង​ការ​ផ្ដល់​តម្លៃ​ឈ្មួយ​ថោក​ពេក ទើប​ធ្វើ​ឱ្យ​ពួកគាត់ មិនអាច​ចំណាយ​គ្រប់​លើ ថ្លៃ​អាហារ និង​បន្ទប់​ជួល ។​

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ពួកគាត់​អត់​ចង់​ធ្វើការ​នៅ​ស្រុក​យើង​ទេ ដោយសារតែ​ស្រុក​យើង​ប្រាក់​ឈ្នួល​តិច​។ ការគោរព​សិទ្ធិ​របស់​ពួកគាត់ វា​អត់​សូវ​មាន ហើយ​ការ​ចំណាយ​ផ្សេងៗ នៅ​ស្រុក​យើង វា​ច្រើន ជាជាង​កាលដែល​គាត់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ ការ​ចំណាយ​លើ​អាហារ ផ្សេងៗ​ហ្នឹង​តិច​។ បន្ទាប់មក​ការទទួលខុសត្រូវ​សុខភាព និង សុវត្ថិភាព វា​មាន​ច្រើនជាង ការទទួលខុសត្រូវ​លើ សិទ្ធិ​របស់​គាត់ គាត់​មាន​សិទ្ធិ​សេរីភាព ពេញលេញ​ជាង​នៅ​ស្រុក​ខ្មែរ»។

កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​ក្នុង​ការធានា​នូវ​ជីវភាព​សមរម្យ និង​ការថែទាំ​សុខភាព ចំពោះ​ពលរដ្ឋ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល អំឡុង​ពេល​កម្ពុជា​-​ថៃ មាន​ជម្លោះព្រំដែន ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ភាគច្រើន រង​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ព្រោះ​បំណុល​។ បន្ថែម​ពី​នោះ ពលករ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ភាគច្រើន​ពួកគាត់ មិនទាន់​មាន​ការងារ​ធ្វើ និង​ជួយ​សម្រួល បំណុល​ធនាគារ ដូច​ការសន្យា​របស់​រដ្ឋាភិបាល​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ