សាលាឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ ៥​នាក់​ឱ្យ​មាន​សេរីភាព

0
253
សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥រូប (ពីស្ដាំ​) កញ្ញា ឡូង គន្ធា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវរស្មី ដើរចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់សវនាការ​លើក​ទី៣ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)
សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥រូប (ពីស្ដាំ​) កញ្ញា ឡូង គន្ធា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវរស្មី ដើរចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់សវនាការ​លើក​ទី៣ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)

សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី​១ ធ្នូ នេះ សម្រេច​មិន​ដោះលែង សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥ នាក់​ឱ្យ​មាន​សេរីភាព​នោះ​ឡើយ។ គ្រួសារ​ជនរងគ្រោះ និង​សង្គម​ស៊ីវិល​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​បែបនេះ។

សកម្មជន​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មើ ប្រាប់​ចៅក្រម​ថា កញ្ញា​មិន​ធ្វើ​អ្វី​ខុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ទេ ទើប​សុំ​នៅ​ក្រៅ​ឃុំ ។ រីឯ​លោក លី ចាន់​ដារ៉ាវុធ ប្រាប់​ចៅក្រម​ដែរ​ថា លោក​ជា​យុវជន ដែល​បាន​បំពេញការងារ ការពារ​បរិស្ថាន​ដោយ​ស្ម័គ្រចិត្ត រហូត​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ហើយ​សហគមន៍​អន្តរជាតិ ថែមទាំង​បាន​ផ្ដល់​រង្វាន់​ឱ្យ​ក្រុម​របស់​លោក ដូច្នេះ​មិន​គួរ​តុលាការ​ចាប់។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ពេល​សវនាការ​សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែធ្នូ​នេះ លើ​បណ្ដឹង​របស់​មេធាវី​ការពារ​ក្ដី​សកម្មជន​បរិស្ថាន​ទាំង ៥​នាក់ ដែល​សុំ​ឱ្យ​តុលាការ​ដោះលែង​ពួកគាត់​។ យ៉ាងណា តុលាការ​សម្រេច​មិន​ដោះលែង​សកម្មជន បរិស្ថាន​ទាំង ៥​នាក់​ទេ គឺ​បន្ត​តម្កល់​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ។ សកម្មជន​បរិស្ថាន​ទាំង ៥​នាក់ រួមមាន​លោក ថុន រដ្ឋា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែងរស្មី និង​កញ្ញា ឡុង គន្ធា ដែល​កំពុង​ជាប់ឃុំ​ជាង​១​ឆ្នាំ ៤​ខែ​ហើយ។

ម្ដាយ​របស់​លោក លី ចាន់ដារ៉ាវុធ សម្ដែង​ការ​សោកស្ដាយ ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ហើយ​សង្ឃឹមថា តុលាការ​កំពូល​នឹង​ផ្ដល់​សេរីភាព​ឱ្យ​កូន​របស់​គាត់ និង​សកម្មជន​បរិស្ថាន​ជា​មិត្តភក្ដិ​ផ្សេងទៀត​នៅ​ថ្ងៃក្រោយ​។ លោកស្រី ថា លី ចាន់ដារ៉ាវុធ ជា​កូនប្រុស និង​សហការី​ចូលរួម​ការពារ​បរិស្ថាន ដោយ​សេចក្ដីស្រឡាញ់​ពេញចិត្ត​ក្នុង​គោលបំណង​ថែរក្សា​ធនធានធម្មជាតិ និង​ការពារ​សម្បត្តិ​ជាតិ ដើម្បី​ប្រយោជន៍​មនុស្ស​ជំនាន់​ក្រោយ និង​ពុំ​មាន​គំនិត​មិនល្អ​ចំពោះ​អ្នក ណា​ឡើយ។

ម្ដាយ​លោក លី ចាន់ដារ៉ាវុធ៖ «សង្ឃឹមថា តុលាការ​នឹង​ដោះលែង​នៅ​ថ្ងៃ​ណាមួយ ដោយសារតែ​ពួកគាត់​ជា​និស្សិត​ដែល​ត្រូវ​រៀន​បន្ត​ទៅ​ថ្នាក់អនុបណ្ឌិត ហើយ​អ្នកខ្លះ​មិន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផង​។ អ៊ីចឹង​ពួកគាត់​សុទ្ធតែ​និស្សិត ជា​ធនធាន​របស់​កម្ពុ​ជាមួយ​ដែរ ក្នុងនាម​គាត់​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ អ៊ីចឹង​គួរ​ដោះ​លែងឱ្យ​គាត់​មាន​សិទ្ធិ​ចូលរៀន​ឡើងវិញ អ្នកខ្លះ​បន្ត​ទៅ​បរិញ្ញាបត្រ​បញ្ចប់​ឆ្នាំ អ្នកខ្លះ​នឹង​រៀន​បន្ត​ទៅ​អនុបណ្ឌិត»។

រីឯ​លោកស្រី ប៉ាត់ រស្មី ដែល​ជា​ភរិយា​របស់​លោក ថុន រដ្ឋា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា តុលា​ការគួរ​ណាស់​តែ​ពិចារណា ដោះលែង​សកម្មជន​ទាំង ៥​នាក់ ពីព្រោះ ពួកគាត់​ជា​មនុស្ស​ស្អាតស្អំ។

លោកស្រី ប៉ាត់ រស្មី៖ «សកលលោក​បាន​ទទួល​ស្គាល់​ពួកគាត់ ជា​យុវជន​ដែល​បាន​ការពារ​បរិស្ថាន ពួកគាត់​បាន​ពាន​ពី​ពិភពលោក​ទៀត ពិភពលោក​ទទួលស្គាល់ ហើយ​ប្រគល់​ពាន​ឱ្យ​គាត់​អ៊ីចឹង​។ យើង​ឃើញថា នៅ​ប្រទេស​យើង​អ្នក​ធនធានធម្មជាតិ​បែប​ជា​ជាប់ពន្ធនាគារ​ទៅវិញ ហើយ​អ្នក​ដែល​បំផ្លាញ​បែរ​ជា​មាន​សេរីភាព​វា​អត់​យុត្តិធម៌​សម្រាប់​គាត់​ទេ»។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ដ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា សង្គម​ស៊ីវិល​សម្ដែង​ការ​ខកចិត្ត​ខ្លាំង ចំពោះ​ការ​មិន​ផ្ដល់​សេរីភាព​ឱ្យ​សកម្មជន​បរិស្ថាន​ទាំង ៥​នាក់ ទោះបីជា​ពួកគាត់​បាន​ធានា​អះអាង​ថា ពួកគាត់ ព្រម​គោរព​តាម​នីតិវិធី​របស់​តុលាការ​នៅពេល​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ។

លោក យី សុខសាន្ដ៖ «ខកចិត្ត​ទៅ​នឹង​ការ​ឃុំ​របស់​តុលា​ការដែល​ឃុំខ្លួន​ទៅលើ​ពួកគាត់ ដែល​ពួកគាត់​ជា​អ្នក​ធ្វើ​ការងារ​សង្គម​។ និយាយ​ស្មា​ទោស​វា​មិនបាន​ស្មើនឹង​អា​ពួក​កាប់​ដាវ​ផង។ ពួក​កាប់​ដាប់​រញ៉េរញ៉ៃ​ជាប់ទោស​តិច​ជាង​គាត់​ទៀត ដែល​ចង់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម ប៉ុន្តែ​ពួកគាត់​គឺ​អ្នក​ជួយ​សង្គម ជា​អ្នកធ្វើការ​សង្គម​ខាង​បរិស្ថាន​ជួយ​ដល់​រាជរដ្ឋាភិបាល​បំពេញ​[​ចំណុច​ខ្វះចន្លោះ​]​របស់​រដ្ឋាភិបាល​បែប​ជា​ត្រូវ​ជាប់គុក​។ ពួកគាត់​ម្នាក់ៗ​និយាយ​ឡើង​យំ អួល​ដើមក ដោយសារតែ​គាត់ ចង់​ធ្វើ​ការងារ​សង្គម​បែប​ជា​ត្រូវ​ទទួលទោស​ដោយ​តុលាការ ឬ​សមត្ថកិច្ច​ចាប់​គាត់​ដាក់​ពន្ធនាគារ»។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២៤ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥​នាក់ លោក ថុន រដ្ឋា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែង​រស្មី និង​កញ្ញា ឡុង គន្ធា ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៦​ឆ្នាំ ទៅ ៨​ឆ្នាំ ពី​បទ​ចោទ «​បទ​រួមគំនិត​ក្បត់​» និង «​ប្រមាថ​ព្រះមហាក្សត្រ» ។ សកម្មជន​បរិស្ថាន​ទាំង​៥​នាក់​នេះ ជា​ម្ចាស់​ពានរង្វាន់​អន្តរជាតិ​ចំនួន​ពីរ គឺ ពានរង្វាន់​សកម្មជន​ជួរមុខ (Frontline Defenders) កាលពី​ឆ្នាំ​២០២១ និង​ពានរង្វាន់ រ៉ៃត៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) កាលពី​ឆ្នាំ​២០២៣ ដោយសារ​សេចក្ដី​លះបង់ និង​សេចក្ដីក្លាហាន​ប្រថុយ​គ្រោះថ្នាក់ ដើម្បី​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា។

ស្របពេល​ជាមួយគ្នា​ដែរ ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស​នាំគ្នា​បញ្ចេញ​សំឡេង ដើម្បី​បញ្ឈប់​ភាព​អយុត្តិធម៌​លើ​សកម្មជន​មាតា​ធម្មជាតិ និង​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ប្រទេស​កម្ពុជា ។ ចលនា​ការពារ​បរិស្ថាន​នេះ ក៏​កំពុង​ធ្វើ​យុទ្ធនាការ​យ៉ាងសកម្ម​ជាមួយ​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​លើកលែងទោស​អន្តរជាតិ​នៅ​ប្រទេស​បារាំង (Amnesty International France) និង​រួម​សកម្មភាព​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​បារាំង ក្នុង​ការ​ធ្វើ​ពិធី​អុជ​ទាន​នៅក្នុង​ទីក្រុង​ប៉ារីស ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សេរីភាព​របស់​សកម្មជន​បរិស្ថាន​ទាំង ៥​នាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ