តុលាការ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​ស្ត្រី​អ្នកកាសែត​ពលរដ្ឋ ដែល​សកម្ម​រឿង​ព្រំដែន និង​បញ្ហា​សង្គម

0
65
សកម្មជន​សង្គម​កញ្ញា ខែម ស្រីមុំ ឈ្មោះដើម ហ៊ីម​ មុំ។ រូបបណ្ដាញសង្គម
សកម្មជន​សង្គម​កញ្ញា ខែម ស្រីមុំ ឈ្មោះដើម ហ៊ីម​ មុំ។ រូបបណ្ដាញសង្គម

សាលាឧទ្ធរណ៍​ភ្នំពេញ បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ របស់​អ្នកសារព័ត៌មាន​ពលរដ្ឋ និង​ជា​អ្នក​សកម្ម​ក្នុង​កិច្ចការ​ព្រំដែន និង បញ្ហា​សង្គម កញ្ញា ហ៊ីម មុំ ហៅ ខែម ស្រីមុំ​។ កញ្ញា ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ការ​ចែករំលែក​ព័ត៌មាន ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​កម្ពុជា​-​ថៃ​។ សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​សោកស្ដាយ និង​ចាត់ទុក​ការសម្រេច​នេះ ថា​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​សេរីភាព បញ្ចេញមតិ។

បន្ទាប់ពី​មានការ​ដាស់តឿន កាលពី​ចុងខែ​កក្កដា​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា​លោក ថម អេនឌ្រូ (TomAndrews) អំពី​ការ​រឹតត្បិត​សេរីភាព​សម្ដែង​មតិ​នៅ​កម្ពុជា​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត និង​តុលាការ​ក្រោម​ឥទ្ធិពល​គ្រួសារ​ត្រកូល​ហ៊ុន នៅតែ​មិន​បន្ធូរដៃ​ចំពោះ​អ្នក​ដែល​ហ៊ាន និយាយ​ពី​ទឹកដី និង​បញ្ហា​សង្គមជាតិ​ឡើយ។

ជាក់ស្តែង​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែសីហា បាន​បដិសេធ សំណើសុំ​នៅ​ក្រៅ​ឃុំ របស់​កញ្ញា ហ៊ីម មុំ ទោះបីជា​កញ្ញា បាន​អះអាង​នៅមុខ ចៅក្រម​ថា កញ្ញា​នឹង​សហការ​ចូលរួម​គ្រប់​នីតិវិធី​ជា​បន្តបន្ទាប់​របស់​តុលាការ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ដោយ។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​អ្នកសារព័ត៌មាន​ពលរដ្ឋ កញ្ញា ហ៊ីម មុំ ហៅ ខែម ស្រីមុំ ពីបទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​» ស​និង​បទ​«​ប្រមាថ​» តាម​មាត្រា ៤៩៤ ៤៩៥ និង មាត្រា ៥០២ នៃ​ក្រមព្រហ្មទណ្ឌ​។ ការ​ចាប់ខ្លួន និង​ចោទប្រកាន់​របស់​តុលាការ​ភ្នំពេញ ធ្វើឡើង ក្រោយពេល​កញ្ញា​បាន​បង្ហោះ​សារ​ចែករំលែក លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ និង​បញ្ហា​សង្គម​ជាច្រើន​ផ្សេងទៀត។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ចេញផ្សាយ​អត្ថបទ​ខ្លី កាលពី​ថ្ងៃទី​១២ ខែសីហា ឱ្យ​ដឹង​ថា កញ្ញា ស្រីមុំ គឺជា​ស្ត្រី​មួយ​រូប ដែល​សកម្ម​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​បញ្ចេញមតិ​។ កញ្ញា ក៏បាន​ចូលរួម​ក្នុង​ការ​ការពារ​បរិស្ថាន និង​ការងារ​សង្គម​ជាច្រើន ជាមួយ​សកម្មជន​បរិ​ស្ថាន អ្នកការពារ​សិទ្ធិមនុស្ស និង សង្គម​ស៊ីវិល​ដែរ។

សកម្មជនសង្គមកញ្ញា ខែម ស្រីមុំ (ឆ្វេងទី២) ចូលរួមតវ៉ាដាក់ញត្តិក្នុងនាមពលរដ្ឋប្រឆាំងការឈ្លានពានរបស់ថៃ នៅ​មុខស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ធ្នូ ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុង សេរីវុទ្ធ

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​លីកាដូ លោក អំ សំអាត សោកស្ដាយ ដែល​សាលាឧទ្ធរណ៍ មិន​អនុញ្ញាត​ឱ្យ​កញ្ញា ខែម ស្រីមុំ នៅ​ក្រៅ​ឃុំ ពីព្រោះ​បទល្មើស​របស់​កញ្ញា គ្រាន់តែ​ជា​ប្រភេទ​បទល្មើស​មជ្ឈិម ហើយ​តាម​គោលការណ៍ សេរីភាព​របស់​ជន​ជាប់ឃុំ ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ការ​ឃុំខ្លួន​បណ្ដោះ អាសន្ន គឺជា​ជម្រើស​ចុងក្រោយ និង ចាំបាច់​បំផុត​។ ប៉ុន្តែ​លោក​ថា ករណី​កញ្ញា ខែម ស្រីមុំ មិនមែន​ជា​ករណី​ចាំបាច់​បំផុត ដែល​ត្រូវ​ឃុំខ្លួន​នោះ​ទេ។

លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែសីហា ថា កញ្ញា ខែម ស្រីមុំ មាន​ទីលំនៅ​ច្បាស់លាស់ និង​បាន​ធានា​សហការ​ជាមួយ​តុលាការ និង​អាជ្ញាធរ​ដើម្បី​អនុវត្ត​គ្រប់​នីតិវិធី ដូច្នេះ ពុំ​មាន​លក្ខខណ្ឌ ដែល​ត្រូវ​បន្ត​ឃុំខ្លួន​កញ្ញា​ទេ​។ លោក​ថា ការ​ឃុំខ្លួន​បែប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​គ្រួសារ និង​អនាគត​កញ្ញា ដែល​ត្រូវ​រៀនសូត្រ ឬ​ប្រកបមុខរបរ​ផ្គត់ផ្គង់​គ្រួសារ។

លោក អំ សំអាត បាន​រំឭក​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ពិនិត្យមើល​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ ដែល​ព្រួយ បារម្ភ​អំពី​ការ​រឹតត្បិត​សេរីភាព​នយោបាយ សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ។

លោក អំ សំអាត៖ «អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ក៏បាន​ទទូច​ដែរ អំពី​ការ​ស្នើ​សុំ​ឱ្យ​ពិនិត្យ និង​ពិចារណា​ឡើងវិញ ការ​ដោះលែង​ទៅលើ​ប្រជាពលរដ្ឋ ដែល​បាន​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចោទប្រកាន់ ឃុំខ្លួន សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​គណបក្ស​នយោបាយ​នានា ដែល​ទាក់ទង​នឹង​ការ​បញ្ចេញមតិ​ជាដើម​ហ្នឹង​។ អ៊ីចឹង​ទៅ​បញ្ហា​នេះ នៅតែ​កង្វល់ ហើយនឹង​ការ​លើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​សិទ្ធិ មនុស្សជាតិ អន្តរជាតិ រួម​ទាំង​អង្គការសហប្រជាជាតិ​ហ្នឹង​ផង​ដែរ»។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ស្ថានភាព​សិទ្ធិ មនុស្ស​នៅ​កម្ពុជា​លោក ថម អេនឌ្រូ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើកទូលាយ​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​ធានា​ការគោរព​សិទ្ធិ​នយោបាយ ព្រមទាំង​រំឭក​ទៅ​លោក ហ៊ុន ម៉ា​ណែ​ត​អំពី​ការ​រង​គ្រោះ​របស់​មនុស្ស​ជាង​១០០ នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​កម្ពុជា ដោយសារ​ការប្រើ ប្រាស់​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ ការ​ជួបជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​បង្កើត​សមាគម ដែល​រួមបញ្ចូល​ទាំង​សារព័ត៌មាន។

ក្រៅពី​សំណុំរឿង​អ្នកសារព័ត៌មាន​ពលរដ្ឋ កញ្ញា ស្រីមុំ អ្នកសារព័ត៌មាន​ពលរដ្ឋ​ម្នាក់ ទៀត លោក ជា វុទ្ធី និង អ្នកសារព័ត៌មាន​អនឡាញ លោក លួត សុផល ក៏​កំពុង​ជាប់ពន្ធនាគារ ក្នុង​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​«​ការ​ញុះញង់​» ដោយសារ​ការរិះគន់ រឿង​ព្រំដែន​កម្ពុជា​-​ថៃ ដូចគ្នា​ដែរ​។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​អ្នកសារព័ត៌មាន​មួយចំនួន ទៀត ដូចជា​លោក ផុន សុភាព និង​លោក ភាព ភារ៉ា ជាប់ពន្ធនាគារ ដោយ​តុលាការ​កាត់ទោស​កម្រិត​ធ្ងន់​បំផុត។

សំណុំរឿង​អ្នកកាសែត ផុន សុភាព និង ភាព ភារ៉ា ត្រូវ​បាន​សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង​តម្កល់​ការ​កាត់ទោស​របស់​តុលាការ​ខេត្តសៀមរាប ឲ្យ​អ្នក​ទាំងពីរ​ជាប់ពន្ធនាគារ​រហូតដល់ ១៤​ឆ្នាំ ពី​បទ​«​ផ្តល់​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​ការ​ការពារ​ជាតិ»។

របាយការណ៍​របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ឬ​ហៅថា ខេមបូចា កាលពី​ចុង​ខែ​មិថុនា ឱ្យ​ដឹង​ថា នៅ​ត្រីមាស​ទី​១ ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៦ ការ​រំលោភបំពាន ដែល​មាន​គោលដៅ​លើ​អ្នក​សារព័ត៌មាន​មាន​ចំនួន ១១​ករណី​។ ករណី​បំពាន​លើ​អ្នក​សារព័ត៌មាន​ទាំងនេះ​នៅតែ​ខ្ពស់ បើ​ប្រៀបធៀប​រយៈពេល ដូចគ្នា ក្នុង​ឆ្នាំ​២០២៥។

ខេមបូចា រាយការណ៍​ថា តួអង្គ​រដ្ឋ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការ​រំលោភបំពាន​។ ខេមបូចា គូសបញ្ជាក់​ថា អាជ្ញាធរ​បន្ត​ប្រើការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ រួមមាន បទ​ញុះញង់ និង​បទល្មើស​ផ្សេងទៀត ជំនួស​ឲ្យ​ការ​ដោះស្រាយ ដែល​មាន​នៅក្នុង​ក្របខណ្ឌ​ច្បាប់​សារព័ត៌មាន​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ