

អ្នកឃ្លាំមើលសង្គមសម្ដែងការព្រួយបារម្ភថា ការដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ អាចជាប់គាំង ប្រសិនបើដំណើរការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) មិនទទួលបានលទ្ធផល ហើយកម្ពុជាអាចនឹងបាត់កោះគជ់ និងដែនសមុទ្រនៅជុំវិញកោះគជ់ដែលជាកម្មសិទ្ធិរបស់កម្ពុជា បើមិនបន្តប្រើយន្តការតុលាការអន្តរជាតិ។ ការអះអាងនេះ គឺបន្ទាប់ពី គណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងថៃបានចាកចេញពីប្រទេសរៀងៗខ្លួន ដើម្បីចូលរួមកិច្ចប្រជុំយន្តការផ្សះផ្សាដោយបង្ខំលើកទី២ ដែលធ្វើឡើងនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានសម្ដែងការព្រួយបារម្ភថា ការដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ អាចជាប់គាំង ប្រសិនបើដំណើរការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) មិនទទួលបានលទ្ធផល ហើយកម្ពុជាមិនបន្តប្រើយន្តការតុលាការអន្តរជាតិ។ លោកថា ប្រសិនបើថៃមិនអនុវត្តតាមអនុសាសន៍របស់គណៈកម្មការផ្សះផ្សា ហើយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែមិនប្ដឹងទៅតុលាការអន្តរជាតិទេ នោះវិវាទអាចត្រឡប់ទៅរកការចរចាទ្វេភាគី ដែលលោកយល់ថានឹងពិបាកសម្រេចបាននូវដំណោះស្រាយជាក់ស្ដែង។
លោក អ៊ុំ សំអាន បានចោទសួរអំពីជំហររបស់រដ្ឋាភិបាលកម្ពុជាចំពោះកោះគជ់ ដោយនិយាយថា លោកមិនបានឃើញការលើកឡើងជាសាធារណៈពីលោក ហ៊ុន ម៉ាណែត ឬ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន អំពីការទាមទារកោះនេះក្នុងដំណើរការចរចានោះទេ។
លោក អ៊ុំ សំអាន៖ «យើងឃើញថា រដ្ឋមន្ត្រីការបរទេសថៃបាននិយាយ កាលពីប្រជុំលើកទី១នៅប្រទេសសិង្ហបុរី ថាគេអត់និយាយពី កោះគជ់ នោះទេ ហើយរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង លោក ប្រាក់ សុខុន អត់មានឃើញនិយាយពីកោះគជ់ ឬ ការ ទាមទារកោះគុតទេ អញ្ចឹង យើងព្រួយបារម្ភថា នៅពេលដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អត់ទាមទារកោះគជ់ គឺយើងនឹងបាត់កោះគជ់ ហើយបាត់ ដែនសមុទ្រនៅជុំវិញ កោះគជ់ ទៀតដែលជាកម្មសិទ្ធិ របស់កម្ពុជា»។
លោក អ៊ុំ សំអាន ព្រួយបារម្ភថា កម្ពុជាអាចបាត់បង់ផលប្រយោជន៍ដែនសមុទ្រនៅតំបន់ជុំវិញកោះគជ់ ប្រសិនបើរដ្ឋាភិបាលមិនបង្ហាញជំហរច្បាស់លាស់លើបញ្ហានេះ។ លោក អំពាវនាវឱ្យរដ្ឋាភិបាលបន្តទាមទារផលប្រយោជន៍ដែលលោកចាត់ទុកថាជារបស់កម្ពុជា តាមរយៈយន្តការផ្សះផ្សាក្រោម UNCLOS ហើយពិចារណាប្ដឹងថៃទៅស្ថាប័នអន្តរជាតិ ដូចជា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) ឬតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) ប្រសិនបើការផ្សះផ្សាមិនអាចនាំទៅរកកិច្ចព្រមព្រៀង។
ការលើកឡើងរបស់លោក អ៊ុំ សំអាន ធ្វើឡើងក្នុងពេលដែលកម្ពុជា និងថៃកំពុងបន្តដំណើរការផ្សះផ្សា ដើម្បីស្វែងរកដំណោះស្រាយចំពោះការខ្វែងគំនិតគ្នាលើព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទីពីរនៃគណៈកម្មការផ្សះផ្សា ក្រោម UNCLOS ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុកកិច្ចប្រជុំនេះថាជាជំហានសំខាន់មួយទៀតក្នុងដំណើរការដោយសន្តិវិធី ដែលមានគោលបំណងជួយឱ្យប្រទេសទាំងពីរស្វែងរកចំណុចឯកភាពគ្នា និងសម្រេចបាននូវវឌ្ឍនភាពបន្ថែមលើការកំណត់ព្រំដែនសមុទ្រ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៩ ខែតុលា បានឲ្យដឹងថា ក្នុងដំណើរការនេះ កម្ពុជាបានបង្ហាញជម្រើសចំនួនបីដែលកម្ពុជាចង់ឱ្យគណៈកម្មការជួយជំរុញ។ ជម្រើសទីមួយ គឺការស្វែងរកកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាមួយសម្រាប់កំណត់ព្រំដែនសមុទ្ររួមដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ជម្រើសទីពីរ គឺការបង្កើតយន្តការអភិវឌ្ឍរួម និងការបែងចែកផលប្រយោជន៍ពីធនធាននៅបាតសមុទ្រ ប្រសិនបើប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងកំណត់ព្រំដែនបានភ្លាមៗ។ ជម្រើសទីបី គឺការស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ និងផ្ដល់អនុសាសន៍សម្រាប់ប្រើជាមូលដ្ឋានក្នុងការចរចានាពេលក្រោយ ប្រសិនបើភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងលើជម្រើសពីរដំបូង។
លោក ប្រាក់ សុខុន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរី ថា កម្ពុជាចង់បានកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប៉ុន្តែការអភិវឌ្ឍរួម និងការបែងចែកផលប្រយោជន៍ដោយសមធម៌ក៏អាចជាជម្រើសបណ្ដោះអាសន្នបានដែរ។
ចំណែកភាគីថៃបានបញ្ជាក់ថា ខ្លួនត្រៀមខ្លួនសហការជាមួយគណៈកម្មការផ្សះផ្សា ដោយចាត់ទុកកិច្ចប្រជុំនេះជាឱកាសសម្រាប់បង្ហាញព័ត៌មានបច្ចេកទេស និងស្វែងរកដំណោះស្រាយប្រកបដោយសមធម៌ ស្របតាមច្បាប់អន្តរជាតិ។
ជុំវិញបញ្ហានេះប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលោកបណ្ឌិត គិន ភា បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំលើកទីមួយនៅប្រទេសសិង្ហបុរីថាជាចំណុចចាប់ផ្ដើមនៃដំណើរការដែលអាចត្រូវការពេលវេលាយូរ។ លោកថា នៅដំណាក់កាលបន្ទាប់ ភាគីទាំងពីរអាចត្រូវបង្ហាញភស្តុតាង ឯកសារប្រវត្តិសាស្ត្រ ផែនទី និងអំណះអំណាងផ្លូវច្បាប់ ដើម្បីគាំទ្រជំហររៀងៗខ្លួន។
លោក គិន ភា បានបញ្ជាក់ថា ដំណើរការផ្សះផ្សាមិនដូចការកាត់ក្ដីរបស់តុលាការដែលចេញសាលក្រមឱ្យភាគីអនុវត្តនោះទេ។ ផ្ទុយទៅវិញ វាមានគោលបំណងជួយបើកផ្លូវឱ្យប្រទេសទាំងពីរចរចា និងស្វែងរកកិច្ចព្រមព្រៀង។
លោកបាននិយាយថា ប្រសិនបើភាគីទាំងពីរអាចឈានដល់ការយល់ព្រមគ្នា នោះអាចនាំទៅរកការចុះសន្ធិសញ្ញាកំណត់ព្រំដែនសមុទ្ររួម។ ប៉ុន្តែ ប្រសិនបើមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងទេ ការចរចាអាចត្រូវការពេលវេលាបន្ថែមទៀត។លោក ថា ភាពជោគជ័យនៃដំណើរការផ្សះផ្សាអាស្រ័យលើសុឆន្ទៈ ការប្ដេជ្ញាចិត្ត និងភាពស្មោះត្រង់របស់ភាគីទាំងពីរ។
កិច្ចប្រជុំលើកទីមួយនៃគណៈកម្មការផ្សះផ្សាក្រោម UNCLOS សម្រាប់វិវាទដែនសមុទ្រកម្ពុជា-ថៃ បានធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ នៅពេលនោះ ភាគីទាំងពីរបានឯកភាពលើលក្ខខណ្ឌការងាររបស់គណៈកម្មការ និងបានពិភាក្សាអំពីទម្រង់ការងារ និងកិច្ចប្រជុំបន្ត។ បន្ទាប់មក ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនដោយបញ្ជាក់ពីមូលហេតុដែលស្នើឱ្យមានការផ្សះផ្សា និងការប្តេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ៕









