ក្រសួងការពារជាតិ​កម្ពុជា​ច្រានចោល​សម្ដី​មេ​ចារកម្ម​ថៃ និង​អះអាង​ថា កម្ពុជា​គ្មាន​បំណង​ផ្ទុះអាវុធ​លើក​ទី​៣

0
57
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​សន្និសីទកាសែត​។ រូប៖ ក្រសួងការពារជាតិ
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​សន្និសីទកាសែត​។ រូប៖ ក្រសួងការពារជាតិ

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា ច្រានចោល​សម្ភី​របស់​ប្រធាន​ចារកម្ម​ថៃ ដែល​ចោទ​មក​លើ​កម្ពុជា​ថា​ត្រៀម​សម្រាប់​ការ​ផ្ទុះអាវុធ​លើក​ទី​៣ ថា ជា​រឿង​មិន​ត្រឹមត្រូវ និង​គ្មាន​មូលដ្ឋាន។ កម្ពុជា​គ្មាន​បំណង​ផ្ទុះអាវុធ​ជា​លើក​ទី​៣​ជាមួយ​ថៃ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល និង​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ក្នុង​ការ​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ប្រកាស​ច្រានចោល ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​នៅ​ថ្ងៃទី​២៤ មីនា ដែល​បាន​ដកស្រង់​សម្តី​របស់​ប្រធាន​ចារកម្ម​ថៃ ដែល​ចោទ​មក​លើ​កម្ពុជា​ថា​ត្រៀម​សម្រាប់​ការ​ផ្ទុះអាវុធ​លើក​ទី​៣ គឺជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន។

អ្នកស្រី ម៉ាលី សុជាតា បន្ថែម​ថា កងយោធពល​ខេមរភូមិន្ទ ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការគោរព​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​(GBC) នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន។

នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៦ សារព័ត៌មាន​ថៃ Khaosod English បាន​ចុះផ្សាយ ដោយ​ដកស្រង់​សម្ដី​ប្រធាន​ចារកម្ម​កងទ័ព​ថៃ លោក ធីរ៉ាណាន់ ណាន់ថាខ្វាង (Thiranan Nuntakhwang) ថា ការ​ផ្ទុះអាវុធ​ជុំ​ទី​៣ ជាមួយ​កម្ពុជា​អាច​នឹង​កើតមានឡើង ដោយ​លោក​បាន​លើកឡើង​អំពី​ការទិញ​អាវុធ​ទ្រង់ទ្រាយ​ធំ​ពី​អឺរ៉ុប​ខាងកើត​របស់​កម្ពុជា និង​ជំរុញ​ឲ្យ​មានការ​តាមដាន​យ៉ាង​ដិតដល់​ក្នុង​រយៈពេល​ពី​៤ ទៅ ៥​ខែ​ទៀត​នៅ​ក្រោយ​រដូវវស្សា។

លោក​បាន​បញ្ជាក់​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ​-​កម្ពុជា ហាក់ដូចជា​កំពុង​ងាក​ចេញពី​ការ​ប្រឈមមុខ​ដាក់គ្នា​ខាង​យោធា​ដោយ​ផ្ទាល់ ដោយ​ភាគី​កម្ពុជា​បែរមក​ផ្តោត​កាន់តែ​ខ្លាំង​លើ​យុទ្ធសាស្ត្រ​ផ្លូវ​ច្បាប់ ក្រោម​ច្បាប់​អន្តរជាតិ និង​ការ​ព្យាយាម​កៀរគរ​សម្ពាធ​ជា​សកល​មក​លើ​ប្រទេស​ថៃ​វិញ​។ ទោះជា​យ៉ាងណាក៏ដោយ លោក​បាន​កត់សម្គាល់​ថា ការ​វិវឌ្ឍ​ទាំងនេះ​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​សារភាព​តានតឹង​ជា​សកល​កាន់តែ​ធំ ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​អ៊ីរ៉ង់។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុម​ប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​កន្លង​មក​ថា ករណី​ផ្ទុះអាវុធ​នៅ​តាម​តំបន់​ព្រំដែន​នេះ អាច​នឹង​ក្លាយជា​រងើកភ្លើង​ដុត​បញ្ឆេះ​ឱ្យ​មាន​សង្គ្រាម​ធំ​កើតឡើង ខណៈ​ភាគី​ថៃ ដែល​មាន​កម្លាំងយោធា​ធំ​ជាង​កម្ពុជា​។ លោក​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា​ប្រញាប់​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​យោធា​ថៃ ដែល​ជា​វិធី​អាច​ជៀសវាង​ពី​ការ​ផ្ទុះ​សង្គ្រាម​សាជាថ្មី។

លោក ម៉ែន ណាត៖ «យើង​រម្លឹក​ឡើងវិញ​ថា មេដឹកនាំ​កម្ពុជា​ខ្សោយ មិនទាន់​ហ៊ាន​តដៃ​ជាមួយ​ថៃ​វិញ បន្ទាប់ពី​មាន​សង្គ្រាម​ជាមួយ​ថៃ​ចំនួន​ពីរ​លើក​ហ្នឹង​។ ហើយ​យន្តការ​ការទូត​ហ្នឹង ក៏​ខ្សោយ​នៅឡើយ​ដែរ មិនទាន់​បាន​ទាក់ទាញ​ទំនុកចិត្ត​ពី​អន្តរជាតិ​។ ដើម្បី​បញ្ចៀស​អំពី​ហិង្សា គឺ​ត្រូវតែ​រៀបចំ​ឯកសារ​ប្ដឹង​ថៃ ឱ្យ​បាន​ដាច់ស្រេច ទៅ​តុលាការ​អន្តរជាតិ​ទាំងពីរ ទាំង ICC និង​ICJ»។

ទាក់ទង​ទៅ​នឹង​បញ្ហា្​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា ថៃ​គ្មាន​គម្រោង​ធ្វើសង្គ្រាម​ជាមួយ​ខ្មែរ​ជា​លើក​ទី​៣ នោះ​ទេ​។ លោក​ក៏​ធ្លាប់​បាន​អះអាង​តាំងតែ​ពី​ដំបូង​មក​ម្ល៉េះ មុន​ពេល​ការបោះឆ្នោត​ថ្នាក់​ជាតិ​របស់​ថៃ ថា​គ្មាន​រលក​ទី​៣​នោះ​ទេ​។ អ្វី​ដែល​មេទាហាន​ថៃ​ប្រតិកម្ម​តាម​សារព័ត៌មាន​ថៃ គឺ​គ្រាន់តែ​ជា​ការ​ស្ទាបស្ទង់​ចង់​ដឹង​ប្រតិកម្ម​ពី​កម្ពុជា​តែប៉ុណ្ណោះ​។ នេះ​ជា​សង្គ្រាមចិត្តសាស្ត្រ​មួយ ដោយ​គ្រាន់តែ​បោះ​ដុំថ្ម​មួយ​ដុំ​ទៅ​ក្នុង​ទឹក​បឹង​ចង់​ឃើញ​រលក​តែ​ប៉ុណ្ណោះ។

ជុំវិញ​ជម្លោះព្រំដែន​ខ្មែរ​-​ថៃ កាសែត​អាមេរិក The New York Editorial បាន​ចុះផ្សាយ​អត្ថបទ​ស៊ើបអង្កេត​មួយ​ថា ថៃ​បាន​បំពាន​ច្បាប់​អន្តរជាតិ ប្រើប្រាស់​កម្លាំង​ទ័ព​ជ្រុល​ហួសហេតុ មិន​សម​មាត្រ​នឹង​កម្លាំង​កម្ពុជា ហើយ​ថៃ​បាន​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន ដូចជា​យន្តហោះ​ចម្បាំង F-16 ដើម្បី​វាយប្រហារ​មក​លើ​កម្ពុជា​។ ភាគី​ថៃ បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដូចជា​គ្រាប់បែក​ចង្កោម វាយប្រហារ​កម្ពុជា រហូត​ធ្វើ​ឲ្យ​ក្មេងប្រុស​ម្នាក់ អាយុ​១០​ឆ្នាំ នៅ​ខេត្តព្រះវិហារ​បាត់បង់​ជីវិត​។ ថៃ​បើក​ការវាយប្រហារ​ទៅលើ​កម្ពុជា បន្ទាប់ពី​មាន​ករណី​ទាហាន​ថៃ តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រងរបួស​ដោយសារ​ជាន់​មីន។

សារព័ត៌មាន The New York Editorial ថែមទាំង​គូសបញ្ជាក់​ទៀត​ថា យោធា​ថៃ បាន​ប្រើ​វិធី​រំខាន​ចិត្តសាស្ត្រ ដោយ​ការ​ចាក់​សំឡេង​ទ្រហោ​រយំ​ដូច​ខ្មោច​មក​បន្លាច​កុមារ​កម្ពុជា ដែល​រស់នៅ​ក្នុងភូមិ​ជាប់​តំបន់​ជម្លោះ​ជាមួយ​ថៃ​។ លើស​ពី​នេះ ថៃ​បាន​ប្រើប្រាស់​ជម្លោះព្រំដែន​ខ្មែរ និង​ថៃ មក​កេង​ចំណេញ​នយោបាយ នៅក្នុង​ការ​បោះឆ្នោត​ជាតិ​ថៃ កាល​ពី​ដើម​ខែ​កុម្ភៈ។

ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​មក កងទ័ព​ថៃ​នៅតែ​បន្ត​ចូល​មក​រាយ​បន្លា​លួស ដាក់​ទូរ​កុងតឺន័រ ទន្ទ្រាន​យក​ទឹកដី​ខ្មែរ​ជា​រៀងរាល់ថ្ងៃ​ដែល​ធ្វើ​ឱ្យ​ទឹកដី​ខ្មែរ​ថៃ​ដណ្តើម​កាន់កាប់​បាន​កើនឡើង​រហូតដល់​៤៥​ទីតាំង​។ រីឯ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិន​បាន​ប្រើ​កម្លាំង​ទប់ស្កាត់​ទៅ​នឹង​ការ​បន្ត​ឈ្លានពាន​ទឹកដី​ពី​សំណាក់​ភាគី​ថៃ​នោះ​ទេ ក្រៅ​តែ​ពី​អង្គុយ​ធ្វើការ​ថ្កោលទោស​ថៃ។

យ៉ាងណាក៏ដោយ គណបក្សប្រឆាំង បាន​រក​ឃើញ​ថា ក្នុង​សង្គ្រាម​២១​ថ្ងៃ​កន្លងទៅ គឺ​កម្ពុជា បាន​បាត់បង់​ទឹកដី​រហូតដល់​ជាង ៤៥​ទីតាំង ដែល​បណ្តាល​ឱ្យ​ប្រជាជន​ខ្មែរ​ជាង ១១​ម៉ឺន​នាក់ បាត់បង់​ដីធ្លី ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង ជាច្រើន​កន្លែង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ