

ពលរដ្ឋ និងក្រុមចលនាប្រជាធិបតេយ្យខ្មែរនៅប្រទេសកូរ៉េខាងត្បូងគ្រោងធ្វើបាតុកម្មធំមួយ នៅតំបន់ចុងកាក់យ៉ក ទីក្រុងសេអ៊ូល នៅថ្ងៃទី០២ ខែសីហា ខាងមុខនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងទាមទាមសំណងពីថៃដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងឡាយរបស់កម្ពុជានៅក្នុងពេលសង្គ្រាម ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងថៃទៅតុលាការអន្តរជាតិ ICC និង ICJ ដើម្បីកាត់ទោសអ្នកប្រពឹត្តបទល្មើសឈ្លានពានអធិបតេយ្យជាតិ ព្រមទាំងទាមទារឱ្យស្ថានទូតបារាំងក្នុងនាមជាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសអន្តរាគមន៍លើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងអស់ដោយគ្មានលក្ខខណ្ឌ។
តំណាងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិម្នាក់នៅប្រទេសកូរ៉េខាងត្បូង លោក ឃឹម វិជ្ជាធន លើកឡើងថា ការរៀបចំបាតុកម្មនេះ គឺជាការរំលឹកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរចងចាំពីការឈ្លានពានរបស់ប្រទេសថៃមកលើកកម្ពុជា ហើយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវបញ្ជាក់ប្រាប់ប្រជាពលរដ្ឋឲ្យច្បាស់ពីការដាក់បណ្តឹងទៅតុលាការ ICC និង ICJ។
លោក ឃឹម វិជ្ជាធន៖ «យើងដឹងហើយមានរយៈពេលមួយឆ្នាំដែលថៃនៅតែទន្ទ្រានឈ្លានពានរុលចូលយកទឹកដីរបស់យើងក៏ដូចជាបានធ្វើទុក្ខបុកម្នេញមកលើទាហានកងទ័ពដែលយាមនៅតាមព្រំដែនឲ្យរបួស អឺនឹងនៅតែមានអ្នកស្លាប់ជាបន្តបន្ទាប់។ វត្តមានរបស់គាត់គឺសំខាន់ គឺយើងចង់បង្ហាញពីការរួបរួមសាមគ្គីគ្នា ដើម្បីឲ្យប្រទេសថៃឲ្យឃើញថាយើងមិនបែកបាក់គ្នា»។
លោកអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េខាងត្បូង ពលករ ពលការិនី សិស្ស និស្សិត ចូលរួមឲ្យបានច្រើនកុះករ ដើម្បីយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕









