

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា រកឃើញថា ការរំលោភលើសេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងពេល៣ខែ ដើមឆ្នាំនេះ មានការថយចុះបន្តិច បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ សមាគមការពារអ្នកសារព័ត៌មានដដែលនេះ អះអាងថា ចំនួនករណីរំលោភបំពាននៅតែច្រើន ហើយតួអង្គរដ្ឋគឺជាអ្នករំលោភបំពានតែម្តង។
ខេមបូចា បានរាយការណ៍ នៅថ្ងៃទី២៩ ខែមិថុនានេះថា នៅត្រីមាសទី១ ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ការរំលោភបំពានដែលមានគោលដៅលើអ្នកសារព័ត៌មាន មានចំនួន ១១ករណី ដែលតិចជាង ត្រីមាសទី១ឆ្នាំ២០២៥ តែ៣ករណីប៉ុណ្ណោះ។ ខេមបូចា កត់សម្គាល់ថា ការបំភិតបំភ័យផ្លូវច្បាប់ ដូចជា នីតិវិធី ព្រហ្មទណ្ឌ និងសម្ពាធផ្នែកច្បាប់ផ្សេងទៀត នៅតែជាឧបករណ៍សំខាន់នៃការរឹតត្បិតសេរីភាពសារព័ត៌មាន ដើម្បីកំណត់ការរាយការណ៍ឯករាជ្យ ក្នុងនោះ សេចក្ដីរាយការណ៍ អំពីការឆបោកអនឡាញ ក្លាយជាប្រធានបទរងហានិភ័យខ្ពស់បំផុត។
ខេមបូចា បន្ថែមថា អ្នកកាសែតជាច្រើន ត្រូវបានជំរុញឱ្យទទួលស្គាល់កំហុសចេញលិខិតសុំទោស លុបខ្លឹមសារ ឬប្រឈមមុខនឹងសកម្មភាពផ្លូវច្បាប់ ហើយតួ អង្គរដ្ឋ ត្រូវបានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវ ចំពោះការ រំលោភបំពាន។ ខេមបូចា គូសបញ្ជាក់ថា អាជ្ញាធរបន្តប្រើការចោទប្រកាន់ ព្រហ្មទណ្ឌ រួមមានបទញុះញង់ និង បទល្មើសផ្សេងទៀត ជំនួសឲ្យការដោះស្រាយដែល មាននៅក្នុងក្របខណ្ឌច្បាប់សារព័ត៌មានកម្ពុជា។ ខេមបូចា ថា វិធីសាស្ត្រនេះ ធ្វើឱ្យខូចស្តង់ដារអន្តរជាតិស្ដីពីសេរីភាពនៃការបញ្ចេញមតិ និង ការទទួលបានព័ត៌មានរបស់សាធារណជន។
ខេមបូចា លើកឡើងថា សំណុំរឿងអ្នកកាសែត ផុន សុភាព និង ភាព ផារ៉ា ដែលសាលាឧទ្ធរណ៍ខេត្តបាត់ដំបង តម្កល់ការកាត់ទោសរបស់តុលាការខេត្តសៀមរាប ឲ្យអ្នកទាំងពីរជាប់ពន្ធធនាគារ ១៤ឆ្នាំ ពីបទផ្តល់ព័ត៌មានដែលប៉ះពាល់ដល់ការការពារជាតិ គឺជាការកាត់ទោសយ៉ាងធ្ងន់ធ្ងរ។
នាយកប្រតិបត្តិ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣០ ខែមិថុនា ថា អ្នកសារព័ត៌មាន នៅតែទទួលរងការប្ដឹងផ្ដល់ពីអាជ្ញាធរ ឬសមត្ថកិច្ច បញ្ហានេះ លោកស្នើសុំកុំឲ្យមាន ការប្ដឹងផ្ដល់លើអ្នកសារព័ត៌មានបន្តទៀត។ លោកបន្តថា អាជ្ញាធរអាចជ្រើសរើស មធ្យោបាយឬវិធីសាស្ត្រ ឲ្យកែតម្រូវព័ត៌មាន និងយកច្បាប់ស្ដីពី របបសារព័ត៌មាន មកអនុវត្ត។
លោក ណុប វី៖ «មានផលប៉ះពាល់ច្រើនណាស់ ដែលខ្ញុំតែងតែលើកឡើង និងបង្ហាញពីការព្រួយបារម្ភទៅដល់តួអង្គពាក់ព័ន្ធ រឿងទាក់ទងការព្រួយបារម្ភ នៅពេលដែលមានការប្ដឹងផ្ដល់អ៊ីចឹងទៅទៀត គឺអ្នកសារព័ត៌មាន មានការរុញរា ក្នុងការបំពេញការងាររបស់គាត់។ អ៊ីចឹងខ្ញុំគិតថា ចំណុចនេះ វាមានប៉ះពាល់ច្រើន ទៀតរួមទាំងដែលការមិនមានអ្នកសារព័ត៌មានបំពេញការងារ នៅក្នុងវិស័យហ្នឹង ដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់ការជំរុញឲ្យមានការតម្លាភាពនៅក្នុងសង្គម និងគណនេយ្យភាពនៅក្នុងសង្គមរបស់យើង»។
កាលពីខែមេសា ក្រសួងព័ត៌មានបានបង្ហាញពីការស្ទង់មតិរបស់ខ្លួន ស្ដីពីស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ ដោយក្រសួងអះអាងថា អ្នកឆ្លើយតបជិត ៨១% ជឿថាប្រទេសកម្ពុជាទទួលបានសេរីភាពសារព័ត៌មាន។ ប៉ុន្តែ លទ្ធផលស្ទង់មតិនេះ ត្រូវបានជំទាស់ដោយក្រុមសង្គមស៊ីវិល និងអ្នកសង្កេតការណ៍អន្តរជាតិ។
សង្គមស៊ីវិលរកឃើញថា នៅក្នុងការអនុវត្តជាក់ស្ដែង គឺតួអង្គរដ្ឋ ប្រើជម្រើស ច្បាប់ព្រហ្មទណ្ឌប្រឆាំងនឹងអ្នកសារព័ត៌មាន។ ជម្រើសនេះ ប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ដែលធានាក្រោមមាត្រា ៣៨ និង ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជាកាតព្វកិច្ចអន្តរជាតិ ក្រោមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលការពារសេរីភាព នៃការបញ្ចេញមតិ និងដំណើរការត្រឹមត្រូវតាមច្បាប់។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា របាយការណ៍របស់ខេមបូចា គឺឆ្លុះបញ្ចាំងទិដ្ឋភាពជាក់ស្ដែងនៅក្នុងប្រទេស ដែលបច្ចុប្បន្នអ្នកសារព័ត៌មានប្រឈម ជាពិសេសអ្នកសារព័ត៌មាន ដែលហ៊ាន និយាយរឿងរសើបៗ ដូចជា ភាពអសកម្មរបស់អាជ្ញាធរ រឿងជម្លោះព្រំដែន និង រឿងឆបោកតាមប្រពន្ធអនឡាញជាដើម។
លោកកត់សម្គាល់ឃើញថា ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនអ្នកសារព័ត៌មាន តុលាការតែងតែប្រើក្រមព្រហ្មទណ្ឌ ដើម្បីចោទប្រកាន់ ដែលបំពានច្បាប់ ស្ដីពីរបបសារព័ត៌មាន ពីព្រោះអ្នកសារព័ត៌មានប្រព្រឹត្តខុស គួរយកច្បាប់ស្ដី ពីរបបសារព័ត៌មានមកអនុវត្ត។
លោក នី សុខា៖ «បើយើងក្រមព្រហ្មទណ្ឌមកអនុវត្តអាហ្នឹង បង្ហាញពីការធ្វើឲ្យប៉ះពាល់សេរីភាពខាងសារព័ត៌មានហ្នឹងហើយ។ សម្រាប់ខ្ញុំ! ខ្ញុំលើកទឹកចិត្តថា រដ្ឋាភិបាល ពិសេស គឺតុលាការ គួរតែបញ្ឈប់ការយកក្រមព្រហ្មទណ្ឌទៅប្រើប្រាស់ សម្រាប់ចោទប្រកាន់ដាក់ទណ្ឌទៅដល់អ្នកសារព័ត៌មាន នៅក្នុងការគាត់ប្រើប្រាស់ វិជ្ជាជីវៈរបស់គាត់ លុះត្រាតែគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋ ឬក៏បទមជ្ឈិមផ្សេងៗ អាហ្នឹង ទើបយើងគួរណាយកច្បាប់ព្រហ្មទណ្ឌ ប៉ុន្តែបើសិនបើគាត់អនុវត្តនូវវិជ្ជាជីវៈ របស់គាត់ ក្នុងនាមជាអ្នកសារព័ត៌មានខ្ញុំគិតថា អាហ្នឹង គួរតែយកច្បាប់នៃរបបស្ដីពី សារព័ត៌មាន»។
ខេមបូចា លើកឡើងថា បើពុំមានកំណែទម្រង់ដែលមានអត្ថន័យដើម្បីទប់ស្កាត់ការ ប្រើប្រាស់ច្បាប់ខុសប្រឆាំងនឹងអ្នកសារព័ត៌មាននិងធានាឲ្យមានការទទួលខុសត្រូវ ចំពោះការរំលោភបំពានលើអ្នកសារព័ត៌មាននោះទេ លំហសេរីភាពសារព័ត៌មាន ឯករាជ្យនឹងបន្តរួមតូច។ ខេមបូចា ថាប្រការនេះ នឹងរឹតត្បិតការទទួលបាន ព័ត៌មាន របស់សាធារណជនបន្ថែមទៀត និងធ្វើឲ្យអភិបាលកិច្ចប្រជាធិបតេយ្យ ចុះខ្សោយ។
អង្គការអ្នកកាសែតគ្មាន ព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់កម្ពុជាលេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេសនៅក្នុងសន្ទស្សន៍ សេរីភាពសារព័ត៌មានឆ្នាំ២០២៥។ ចំណាត់ថ្នាក់នេះ បង្ហាញថា កម្ពុជាគឺជា ប្រទេសមួយក្នុងចំណោម ៤២ផ្សេងទៀតដែលសេរីភាពសារព័ត៌មានកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង៕








