ជនភៀសសឹក​ខ្លះ​សប្បាយចិត្ត​ដែល​បាន​ទីជម្រក​បណ្ដោះអាសន្ន ប៉ុន្តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ទាមទារ​ទឹកដី​ពី​ថៃ​មក​វិញ

ផ្ទះបណ្ណោះអាសន្ន​សម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលត្រូវ​ថៃឈ្លានពានដីនិងផ្ទះ។ រូប៖ ​បណ្ដាញសង្គម
ផ្ទះបណ្ណោះអាសន្ន​សម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលត្រូវ​ថៃឈ្លានពានដីនិងផ្ទះ។ រូប៖ ​បណ្ដាញសង្គម

ជនភៀសសឹក​ខ្លះ​សប្បាយចិត្ត​ដែល​បាន​ទីជម្រក​បណ្ដោះអាសន្ន​ថ្មី ប៉ុន្តែ ពួកគាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បង្ហាញ​គោលជំហរ និង​សកម្មភាព​ឱ្យ​បាន​ម៉ឺងម៉ាត់ ក្នុង​ការ​ទាមទារ​ទឹកដី​ដែល​បាត់បង់​យក​មក​វិញ​។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា ប្រសិនបើ រដ្ឋាភិបាល​ពុំបាន​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​បាន​ត្រឹមត្រូវ និង​សកម្ម​ទេ​នោះ ករណីនេះ​នឹង​អូស​បន្លាយ​យូរ ហើយ​ជនភៀសសឹក​ក៏​នឹង​រស់នៅ​ដោយ គ្មាន​ភាព​ច្បាស់លាស់។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ថ្វី​ត្បិត ជនភៀសសឹក​រាប់ម៉ឺន​នាក់​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ទទួល​បាន​ទីជម្រក​បណ្ដោះអាសន្ន​ថ្មី ជំនួស​ឱ្យ​ការ​រស់នៅ​ក្រោម​តង់​កៅស៊ូ​ក្ដៅ​ហួតហែង និង​លិច​ទឹក​ក្ដី ពួកគាត់​ថា នេះ​មិនមែន​មានន័យថា ជា​ជោគជ័យ​របស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ដែល​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​បន្ត​ទៀត​នោះ គឺ​ការ​ទាមទារ​ទឹកដី​ដែល​ថៃ​កំពុង​កាន់កាប់​យក​មក​ប្រគល់​ជូន​ដល់​ពលរដ្ឋ​វិញ និង​ត្រូវ​ធានា​នូវ​សុវត្ថិភាព​យូរអង្វែង។

ជនភៀសសឹក​ម្នាក់​រស់​នៅ​តំបន់​ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ លោក ព្រហ្ម ចិត្ត ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ ខែមីនា​ថា ជនភៀសសឹក​ភាគច្រើន លែង​សូវ​បារម្ភ​រឿង​ភ្លៀង និង​ជំងឺឆ្លង​នៅ​ពេល​ដែល​អាជ្ញាធរ​បាន​រៀបចំ​ទីជម្រក​បណ្ដោះអាសន្ន​ថ្មី​ឱ្យ​។ ទោះ​យ៉ាងណា លោក​នៅតែ​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​ជីវភាព ព្រោះ​មិន​ដឹង​ថា ត្រូវ​រក​ប្រកបមុខរបរ​អ្វី ដើម្បី​អាច​ចិញ្ចឹមជីវិត​បន្ត​។ លោក​ថា អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​កុំឱ្យ​បារម្ភ​រឿង​ជីវភាព ព្រោះ​មាន អង្គការក្រៅរដ្ឋាភិបាល ចុះ​បង្រៀន ពី​ការ​ដាំ​ដំណាំ​ផ្សេងៗ ដើម្បី​ចិញ្ចឹមជីវិត ប៉ុន្តែ លោ​កថា​ពុំ​មែន​ជា​រឿង​ងាយស្រួល​ទេ។

ទន្ទឹមគ្នា​នោះ លោក​ថា ការដែល​ពលរដ្ឋ​ព្រម​ទទួលយក​ទីជម្រក​បណ្ដោះអាសន្ន​នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក គឺ​គ្រាន់តែ​ដើម្បី​កាត់បន្ថយ​បញ្ហា​លំបាក​មួយ​ចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​មិនអាច ឱ្យ​ពលរដ្ឋ​ភ្លេច​ភូមិកំណើត ដីធ្លី និង​ផ្ទះសម្បែង ដែល​យោធា​ថៃ​កំពុងតែ​កាន់កាប់​នោះ​ឡើយ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ពន្លឿន​ដោះស្រាយ​បញ្ហា​ជាមួយ​ថៃ ធ្វើ​យ៉ាងណា ទាមទារ​យក​ដីធ្លី​ទាំងនោះ​មកវិញ ហើយ​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ជំហរ​ច្បាស់លាស់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អាច​ជឿ​ទុកចិត្ត​បាន។

លោក ព្រហ្ម ចិត្ត៖ «ចង់ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​ជាមួយនឹង​ភាគី​ថៃ​ឱ្យ​បាន​លឿន​។​ប្រសិនបើ​បាន​លឿន​មែន គឺ​មាន​តែ​អរ ព្រោះ​ចង់ឱ្យ​បាន​លឿន»។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣ ខែមីនា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ពលរដ្ឋ​ដែល​រងគ្រោះ ព្រោះ យោធា​ថៃ​ហ៊ុមព័ទ្ធ​លួស​បន្លា ដាក់​ទូ​កុងតឺន័រ​យក​ដីធ្លី ផ្ទះសម្បែង ហើយ មិនអាច​ចូល​ទៅ​រស់នៅ​វិញ​បាន មាន​ដូចជា​ភូមិ​ជោគជ័យ​ភូមិ​ព្រៃ​ចាន់ ស្ថិតនៅ​ស្រុក​អូរជ្រៅ និង​ភូមិ​សាមគ្គី ភូមិ​ត្រពាំង​សំរោង ភូមិ​ផ្លូវបំបែក និង​ភូមិ​បន្ទាយមានឬទ្ធិ ស្ថិត​នៅ​ស្រុក​ថ្មពួក រដ្ឋាភិបាល កំពុង​រៀបចំ​ដីធ្លី ជា​គម្រោង​របស់​សមាគម​អតីត​យុទ្ធជន ដើម្បី​សាងសង់ ផ្ទះ​សម្រាប់​ផ្ដល់​ជូន​ជនភៀសសឹក ឱ្យ​រស់នៅ​ជា​បណ្ដោះអាសន្ន ដែល​ស្ថិតនៅ ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក។

អាជ្ញាធរ​អះអាង​ថា ទីតាំង​ផ្ទះ​បណ្ដោះអាសន្ន មាន​ទំហំ ៤០០​ហិកតារ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ខណៈ បច្ចុប្បន្ន ជាង​កំពុង​សាងសង់​ផ្ទះ និង​ផ្ដល់​ជូន​ជនភៀសសឹក​ជា​បន្តបន្ទាប់ តាមរយៈ​ការ​ចាប់​ឆ្នោត​។ អាជ្ញាធរ​ក៏​បាន​បញ្ជាក់​ថា ការរៀបចំ​ដី និង​ផ្ទះ​ជូន​នេះ មិនមែន​ជា ថ្នូរ​នៃ​ការដោះដូរ​ជាមួយ​ដី ពលរដ្ឋ ដែល​យោធា​ថៃ​កំពុង រំលោភ​យក​នោះ​ទេ គឺជា​ការរស់នៅ​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការ ដោះស្រាយ​បញ្ហា​វាង​រដ្ឋាភិបាល និង ភាគី​ថៃ ហើយ​ពេល​ដោះស្រាយ​រួច​ពលរដ្ឋ​ទាំងនោះ នឹង​ត្រូវ​ត្រឡប់​ទៅ​រស់​នៅ​ភូមិកំណើត​វិញ។

ទោះជា​យ៉ាងណា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ពុំបាន​បញ្ជាក់​ថា តើ​រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ ដែល​យោធា​ថៃ​កំពុង​កាន់កាប់​នោះ ដោយ​របៀប​ណា​នោះ​ឡើយ​។ កន្លងទៅ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​អះអាង​ថា នឹង​ដោះស្រាយ​តាមរយៈ​ការ​ចរចា​ទ្វេភាគី ប៉ុន្តែ ភាគី​ថៃ​តែងតែ​បដិសេធ​មិន​ចរចា ដោយ​សំអាង​ថា ថៃ​ពុំទាន់​មាន​នាយករដ្ឋមន្ត្រី​ថ្មី​។ ទន្ទឹម​នឹង​ការ​បដិសេធ​នោះ យោធា​ថៃ មិន​បន្ធូរដៃ​ក្នុង​ការ​សាងសង់​សំណង់​រឹង និង មូលដ្ឋាន​កងទ័ព ដូចជា​លេណដ្ឋាន និង​ទីតាំង​កាំភ្លើង​ធំ នៅ​លើ​ទឹកដី​ខ្មែរ​នោះ​ឡើយ ករណីនេះ ហាក់​បង្ហាញថា ពួកគេ​នឹង គ្រប់គ្រង​ទឹកដី​ខ្មែរ​ជា​អចិន្ត្រៃយ៍ ហើយ​មិន​ផ្ដល់​ឱ្យ​កម្ពុជា​នោះ​ទេ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៥ ខែមីនា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា យល់ឃើញ​ថា ការ​ផ្ដល់​ទីជម្រក​បណ្ដោះអាសន្ន​ទៅដល់​ជនភៀសសឹក​គឺជា​រឿង​ល្អ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក៏​ត្រូវ​តែ​គិតគូរ​ពី​ជីវភាព​ពលរដ្ឋ​ផង​ដែរ ថា​តើ​ពួកគាត់ អាច​ប្រកប​របរ​អ្វីខ្លះ​ដើម្បី​អាច​ចិញ្ចឹមជីវិត​បន្ត​។ ទន្ទឹមគ្នា​នោះ លោក​ថា ក្រោយពី​ផ្ដល់​ទីជម្រក​ហើយ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ឆន្ទៈ និង​គោលជំហរ​ឱ្យ​ច្បាស់​ថា​នឹង ទាមទារ​ដីធ្លី និង ផ្ទះសម្បែង ដែល​យោធា​ថៃ​កំពុង​កាន់កាប់​នោះ យក​មក​វិញ​។ លោក​ថា ការ​ធ្វើ​បែបនេះ ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់ចិត្ត​ខ្លះ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល ពុំ​អើពើ​រក​ដំណោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ និង​ប្រកបដោយ​តម្លាភាព​ទេ ពលរដ្ឋ​នឹង​ងាក​មក​រិះគន់​រដ្ឋាភិបាល​ជាថ្មី។

លោក នី សុខា៖ «តើ​រដ្ឋាភិបាល​បាន​ជូនដំណឹង​ជា​សាធារណៈ​អំពី​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ និង​វិធី​ដែល​រដ្ឋាភិបាល​នឹង​ដោះស្រាយ​យក​ដី​ទាំងនោះ​ឱ្យមក​ប្រជាពលរដ្ឋ មកវិញ និង​យក​ឱ្យ​ប្រទេស​កម្ពុជា​វិញ​ហ្នឹង ថា​តើ​រដ្ឋាភិបាល​មាន​ជំហរ​បែប​ណា ហើយ​ថា​តើ​មាន​វិធីសាស្ត្រ​ដោះស្រាយ​បែប​ណា​? អ៊ីចឹង​យើង​ចង់ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ដំណឹង​ទាំង​ហ្នឹង​ឱ្យ​បាន​ច្បាស់លាស់​ដែរ»។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ តែងតែ​ជំរុញ​ឱ្យ លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ជុំវិញ​ទង្វើ​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​យោធា​ថៃ បាន​បំពាន​មក​លើ​កម្ពុជា​។ ពួកគាត់​ថា​ប្រសិនបើ​លោក ហ៊ុន ម៉ាណែត មិន​ព្រម​ប្ដឹង​ថៃ​ទៅ​តុលាការអន្តរជាតិ​នោះ​ទេ ការ​ទាមទារ​ទឹកដី ដែល​បាត់បង់​ទាំងនោះ ហាក់​មាន​សង្ឃឹម​តិច​តូច​បំផុត ព្រោះ យោធា​ថៃ ពុំដែល​បោះបង់​គំនិត​ឈ្លានពាន​ទឹកដី​កម្ពុជា​នោះ​ទេ ខណៈ​សព្វថ្ងៃ ពួកគេ​នៅតែ​បន្ត រុលចូល​កាន់តែ​ជ្រៅ ហើយ​គ្រប់កន្លែង​ដែល​ពួកគេ​បាន​កាន់កាប់ គឺ​មាន​ការសាងសង់​សំណង​រឹង និង​មូលដ្ឋានទ័ព​ជាច្រើន ដើម្បី​គ្រប់គ្រង​ជា​អចិន្ត្រៃយ៍។

បន្ថែម​ពីលើ​នោះ មេបញ្ជាការ​កងទ័ព និង​អ្នកនយោបាយ​ថៃ តែងតែ​ប្រើ​វោហារ​សព្ទ​ឌឺដង​មក​លើ​កម្ពុជា​ថា ប្រសិនបើ​កម្ពុជា ចង់បាន​ទឹកដី​ទាំងនោះ​វិញ កម្ពុជា​ត្រូវធ្វើ​សង្គ្រាម​ជាមួយ​ភាគី​ថៃ​។ ហេតុផល​នេះ​ហើយ បានជា​ភាគី​ថៃ តែងតែ បដិសេធ​មិន​ចូលរួម​តុ​ចរចា​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​នោះ​ទេ​។ ទន្ទឹមគ្នា​នោះ នៅ​តាម​ព្រំដែន យោធា​ថៃ​តែងតែ​បង្ករឿង និង​បាញ់​គំរាមកំហែង​ជេរប្រមាថ លើ​កងទ័ព​កម្ពុជា ដើម្បី​ឱ្យ​កម្ពុជា​បាញ់​តប រួចហើយ​យក​លេស​បង្ក​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ​ជាង​មុន​។ អ្នកឃ្លាំមើល​ថា​នេះ​ហើយ ជា​គំនិត​ថៃ គឺ​មាន​តែ​ចង់​ពង្រីក​ទឹកដី​បន្ត ពុំ​មាន​ចេតនា​ចរចា​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ