រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថា កម្ពុជា​មិន​បាន​បង្កើន​កម្លាំង​ទ័ព​​បង្កើត​សង្គ្រាម​ជាថ្មី​ជាមួយ​ថៃ​នោះ​ទេ

0
32
រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា លោក ទៀ សីហា (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ថៃ​លោក ណាត់​តា​ផន ណាក់ផានិច (Nattapon Nakpanich) ពេលចុះហត្ថលេខាសេចក្ដីថ្លែងការណ៍រួម នៅច្រកព្រំដែន​អន្តរជាតិព្រំ នៅខេត្ត​ចន្ទបុរី កាលពីថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។ ​រូប៖ ក្រសួងការពារជាតិកម្ពុជា
រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា លោក ទៀ សីហា (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ថៃ​លោក ណាត់​តា​ផន ណាក់ផានិច (Nattapon Nakpanich) ពេលចុះហត្ថលេខាសេចក្ដីថ្លែងការណ៍រួម នៅច្រកព្រំដែន​អន្តរជាតិព្រំ នៅខេត្ត​ចន្ទបុរី កាលពីថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។ ​រូប៖ ក្រសួងការពារជាតិកម្ពុជា

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​លោក ទៀ សីហា បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ ខែមិថុនា ថា កម្ពុជា​មិនបាន​បង្កើន​កម្លាំង​ទ័ព​ដើម្បី​បង្កើត​សង្គ្រាម​ជាថ្មី​ជាមួយ​ថៃ​នោះ​ទេ​។ ការ​លើកឡើង​របស់​ប្រមុខ​ការពារ​ជាតិ​កម្ពុជា​នេះ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​ដែល​បាន​ចោទ​ថា កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ជាមួយ​ថៃ​ក្នុង​ពេល​ឆាប់ៗ​នេះ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​លោក ទៀ សីហា នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៦ បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុ​ក​របស់​លោក​ថា កម្ពុជា​មិន​បាន​បង្កើន​កម្លាំង​ទ័ព​ដើម្បី​បង្កើត​សង្គ្រាម​ជាថ្មី​ជាមួយ​ថៃ​ទេ។

លោក ទៀ សីហា បាន​បន្ថែម​ថា កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ដោយ​សន្តិវិធី គោរព​តាម​កិច្ចព្រមព្រៀង និង​យន្តការ​នានា​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​នា​ពេល​កន្លងមក​។ លោក សង្ឃឹមថា ភាគី​ជម្លោះ​កម្ពុជា ថៃ នឹង​អាច​ដោះស្រាយ​បាន​ដោយ​សន្តិវិធី និង​បញ្ចៀស​រាល់​ការប្រើប្រាស់​កម្លាំងយោធា​ជាថ្មី។

ការ​លើកឡើង​របស់​លោក ទៀ សីហា ធ្វើឡើង ក្រោយ​សារព័ត៌មាន​របស់​ថៃ​បាន​ចោទប្រកាន់ ថា​លោក បាន​បដិសេធ​ការប្រើប្រាស់​យន្តការ​ទ្វេភាគី​ជាមួយ​ភាគី​ថៃ និង​កំពុង​បង្កើន​ទ័ព ព្រមទាំង​សព្វាវុធ​ដើម្បី​ត្រៀម​បង្ក​សង្គ្រាម​ជាមួយ​ថៃ​នៅពេល​ឆាប់ៗ​ខាងមុខ។

ជុំវិញ​រឿង​នេះ​ដែរ ក្នុង​ពេល​ចុះ​ជួប​ជនភៀសសឹក នៅ​ឃុំ​ស្លក្រាម ខេត្តបន្ទាយមានជ័យ នា​ថ្ងៃទី​៩ ខែមិថុនា ប្រមុខរដ្ឋ​ស្ដីទី​លោក ហ៊ុន សែន បាន​ថ្លែង​ថា បើ​កម្ពុជា​ផ្ទុះអាវុធ ដើម្បី​វាយ​យក​ទីតាំង​តំបន់​ព្រំដែន​កម្ពុជា ថៃ មកវិញ នឹង​រង​ផល​ប៉ះពាល់​ច្រើនយ៉ាង ហើយ​ផ្នែក​នយោបាយ​ការទូត ដែល​ខិតខំ​កសាង​មក នឹង​ត្រូវ​បរាជ័យ​នៅ​ឆាក​អន្តរជាតិ ព្រោះ​បំពាន​បទ​ឈប់​បាញ់។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការ​ពង្រឹង​កម្លាំង​កង​ទ័ព​ការពារ​ជាតិ គឺជា​កាតព្វកិច្ច​របស់​ប្រទេស​សាមី​នីមួយៗ ចំណែកឯ​ភាគី​ថៃ​គ្រាន់តែ ព្យាយាម​ញុះ​ឲ្យ​មាន​សង្គ្រាម​បន្ត​ទៀត​រវាង​កម្ពុជា​និង​ថៃ​តែប៉ុណ្ណោះ ដែល​លោក​ថា នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ឈ្លានពាន​របស់​ថៃ។

លោក គឹម សុខ៖ «កម្ពុជា​ទាំង​រដ្ឋាភិបាល​ក្រៅប្រទេស​របស់​យើងខ្ញុំ ទាំង​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន បណ្ដាញសារព័ត៌មាន​ជាពិសេស ប្រជាពលរដ្ឋ​ខ្មែរ គ្មាន​នរណា​ចង់​ឲ្យ​មាន​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង​នោះ​ទេ រដ្ឋាភិបាល​លោក​ហ៊ុន​ម៉ា​ណែ​ត​និង​ក្រុម​គ្រួសារ​គាត់​វិញ​មិន​ហ៊ាន​ប្រើ សូម្បីតែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយនឹង​មិន​ហ៊ាន​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ផង ទោះបីជា​យើងខ្ញុំ​ទទូច​ម្តង​ហើយ​ម្តង​ទៀត»។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុងខែ​ឧសភា​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​ថៃ​លោក ស៊ីហាសាក់ ភួងកេតកែវ បាន​ព្រមាន​ពី​ភាព​តានតឹង​ជាមួយ​កម្ពុជា​ម្តង​ទៀត ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​បកអាក្រាត​ថៃ​ពី​ទំនាស់​ព្រំដែន នៅ​លើ​វេទិកា​អន្តរជាតិ​។ លោក ថា ការ​បកអាក្រាត​របស់​កម្ពុជា​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ស្ដារ​ទំនុកចិត្ត និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

ការ​លើកឡើង​របស់​មន្ត្រី​ការបរទេស​ថៃ​នេះ ផ្ទុយ​ពី​ការពិត ព្រោះ​ទាហាន​ថៃ​នៅតែ​បន្ត​ចូលកាន់​កាប់ គ្រប់គ្រង និង​វាតទី​ចូល​ទឹកដី​កម្ពុជា​រាល់ថ្ងៃ ជាក់ស្តែង ជម្លោះ រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ នៅ​តំបន់​មុំ​បី ក្នុង​ខេត្ត​ព្រះ វិហារ ជាប់​នឹង​ខេត្ត​ឧប៊ុនរ៉ាចាថានី របស់​ប្រទេស​ថៃ កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង ដោយសារ​ទាហាន​ថៃ​បាន​ធ្វើ​សកម្មភាព​ចូល​ឈ្លានពាន ដោយ​ពង្រីក​ទីតាំង​ឈរជើង និង​រាយ​បន្លា​លួស​ចូលក្នុង​ទីតាំង​របស់​ទាហាន​ខ្មែរ​កាន់តែ​ជ្រៅ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ