អង្គការ​អប់រំ​អន្តរជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដកចេញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ទាំងអស់​លើ​លោក រ៉ុង ឈុន

0
78
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អង្គការ​អប់រំ​អន្តរជាតិ (Education International ) ដែល​តំណាង​ឱ្យ​ប្រទេស​ជិត​២០០​នៅ​ជុំវិញ ពិភពលោក បាន​ផ្ញើ​លិខិត​ចំហ ទៅកាន់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា គឺ​លោក ប្រាក់ សុខុន ដោយអំពាវនាវ​ឱ្យ​រដ្ឋាភិបាល ដកចេញ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ទាំងអស់​មក​លើ​មេដឹកនាំ​សហជីព ដ៏​លេចធ្លោ គឺ លោក រ៉ុង ឈុន។ ការ​ស្នើ​នេះ ក្រោយពី​តុលាការ​កំពូល​បាន​តម្កល់​សាលដីកា ផ្ដន្ទាទោស​ឱ្យ លោក រ៉ុង ឈុន លែង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ លែងឱ្យ​មានការ​ថ្លែង​សារ ឬ​ជួបជុំ​តាម​វេទិកាសាធារណៈ និង​ហាម​មិន​ឱ្យ​ផ្លាស់​ទីលំនៅ​ចេញពី​ភ្នំពេញ។

អង្គការ​អន្តរជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់​ចំពោះ​តុលាការ​កំពូល ដែល​បាន​ផ្ដន្ទាទោស និង​ដកហូត​សិទ្ធិ​នយោបាយ​របស់​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង ជា​មេដឹកនាំ​សហជីព​ដ៏​មាន​ប្រជាប្រិយភាព គឺ លោក រ៉ុង ឈុន។

អង្គការ​អប់រំ​អន្តរជាតិ (Education International – EI) ដែល​ជា​សហព័ន្ធ​សកល​តំណាង​ឱ្យ​គ្រូបង្រៀន និង​បុគ្គលិក វិស័យ​អប់រំ​ជាង​៣២​លាន​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៧៨ នៅ​ថ្ងៃទី​២៥ ខែមិថុនា បាន​ផ្ញើ​លិខិត​ចំហ ទៅកាន់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា គឺ លោក​ប្រាក់ សុខុន ដោយ​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​វិធានការ​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៩ ខែមិថុនា​ដែល​បាន​តម្កល់​សាលដីកា​ផ្ដន្ទាទោស លោក រ៉ុង ឈុន រួមមាន​ការ​ហាមឃាត់​សិទ្ធិ​នយោបាយ​៥​ឆ្នាំ​ហាម​មិន​ឱ្យធ្វើ​សកម្មភាព​តាម​ទី​សាធារណៈ ការ​ធ្វើ​ដំណើរ​នៅក្នុង​ប្រទេស​ដោយ​សេរី និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ជាដើម។

ជាមួយ​គ្នា​នេះ​អង្គការ​អប់រំ​អន្តរជាតិ ក៏បាន​សម្ដែង​នូវ​សាមគ្គីភាព ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) ដែល​លោក រ៉ុង ឈុន ធ្លាប់​ជា​មេដឹកនាំ​កន្លងមក​។ ស្ថាប័ន​អន្តរជាតិ​នេះ ក៏បាន​បញ្ជាក់​ថា លោក រ៉ុង ឈុន ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​មេដឹកនាំ​សហជីព​ដ៏​គួរឱ្យ​គោរព និង​ជា​អ្នកតស៊ូ​មតិ ដោយ​សន្តិវិធី ដើម្បី​ការពារ​សិទ្ធិ​របស់​កម្មករ និង​គ្រូបង្រៀន នៅ​កម្ពុជា​។ ពួកគេ​ថា វិធានការ​រឹតត្បិត​សិទ្ធិ​សេរីភាព លើ​លោក រ៉ុង ឈុន បាន​បង្ក​ឱ្យ​មាន​ការរំលោភ លើ​សកម្មភាព​សហជីព​ស្របច្បាប់ និង​ការចូលរួម​របស់​ពល​រដ្ឋ​ក្នុង​សង្គម។

ទន្ទឹមគ្នា​នោះ ស្ថាប័ន​អន្តរជាតិ​នេះ ក៏បាន​បង្ហាញ​ពី​ក្ដី បារម្ភ​ចំពោះ ការសម្រេច​របស់​តុលាការ​កំពូល ដែល​បង្ក​ឱ្យ​មាន ចម្ងល់​ពាក់ព័ន្ធ​នឹង «​ភាព​អព្យាក្រឹត​» និង​«​យុត្តិធម៌​»​របស់​តុលាការ ដែល​ហាក់​សំដៅ​ជាពិសេស​ទៅលើ មេដឹកនាំ សហជីព ដ៏​លេចធ្លោ​មួយ​រូប​នេះ​។ ពួកគេ​ថា ការ​ហាម​លោក​រ៉ុង ឈុន មិន​ឱ្យ​ធ្វើ​សកម្ម​ភាពជា​សាធារណៈ នឹង​ប៉ះពាល់​ដល់​ការ​តស៊ូ​មតិ របស់​សហជីព និង​អ្នក​តំណាង​ឱ្យ​កម្មករ។ ពួកគេ​បញ្ជាក់​ថា កន្លង​ទៅ​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្នូល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា ILO ជាពិសេស អនុសញ្ញា​លេខ​៨៧ ស្ដីពី​សេរីភាព​សមាគម ដែល​ធានា​សិទ្ធិ​របស់​តំណាង​កម្មករ ក្នុង​ការ​រៀបចំ និង​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ដោយ សេរី ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ដូច្នេះ​កម្ពុជា​គួរ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ឡើងវិញ។

បន្ថែម​ពីលើ​នោះ អង្គការ​អប់រំ​អន្តរជាតិ ក៏​បារម្ភ​ពី​ការ​រឹតត្បិត លោក រ៉ុង ឈុន ដែល​មិន​ឱ្យ​ផ្លាស់​ទីលំនៅ​ចេញពី​ភ្នំពេញ ដែល​បង្ក​ជា​ឧបសគ្គ ដល់​មេដឹកនាំ​សហជីព ក្នុង​ការ​ទំនាក់ទំនង​ជាមួយ សមាជិក ដើម្បី​ធ្វើ​កិច្ច​ការងារ​ថ្នាក់​ជាតិ និង​អន្តរជាតិ និង​កិច្ច​សហប្រតិបត្តិការ ជាមួយ​បណ្ដាញ​សហជីព​សកល​រួមមាន អង្គការ​អប់រំ​អន្តរជាតិ (EI) សហព័ន្ធ​សហជីព​អន្តរជាតិ (ITUC) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ផង​ដែរ។ ដូច្នេះ​ពួកគេ​ថា វិធានការ​ទាំងនេះ បង្ក​ឱ្យ​មាន​បរិយាកាស​ភ័យខ្លាច និង​ប៉ះពាល់​យ៉ាង​ទូលំទូលាយ​ដល់​សេរីភាព​សហជីព និង​សង្គម​ស៊ីវិល។

អង្គការ​អប់រំ​អន្តរជាតិ (EI) ក៏បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឱ្យ​អនុវត្ត​វិធានការ​ដូចជា ដកចេញ​នូវ​ការ​រឹតត្បិត​ទាំងឡាយ ដែល​រារាំង លើ​លោក រ៉ុង ឈុន មិន​ឱ្យ​អនុវត្ត​សកម្មភាព​ស្របច្បាប់​ពាក់ព័ន្ធ នឹង​ការងារ​សហជីព និង​សិទ្ធិមនុស្ស និង​ស្ដារ​សិទ្ធិ​ពេញលេញ​របស់​លោក​ឡើងវិញ​។ មួយទៀត រដ្ឋាភិបាល​ត្រូវ​ធានា​ថា មេដឹកនាំ​សហជីព និង​អ្នកការពារ​សិទ្ធិមនុស្ស អាច​អនុវត្ត​សកម្មភាព​របស់​ខ្លួន​បាន​ដោយ​សេរី និង​មាន​សុវត្ថិភាព ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​មិន​សមស្រប​។ ចំណែក​មួយទៀត កម្ពុជា​ត្រូវ បញ្ជាក់​ជាថ្មី​នូវ​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ អនុសញ្ញា របស់​អង្គការ​អន្តរជាតិ ខាង​ការងារ (IL)​លេខ ៨៧ និង​លេខ ៩៨ ព្រមទាំង កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​កតិកាសញ្ញា អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR)។ អង្គការ​អប់រំ​អន្តរជាតិ (EI) នៅតែ​បន្ត​ប្ដេជ្ញាចិត្ត​ក្នុង​ការ​លើកកម្ពស់​កិច្ច​សន្ទនា​ប្រកបដោយ​ស្ថាបនា និង​គាំទ្រ​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​លើកស្ទួយ​សិទ្ធិ​ការងារ ការចូលរួម​តាម​បែប​ប្រជាធិបតេយ្យ និង​ការគោរព គោលការណ៍​នីតិរដ្ឋ។

ចុងក្រោយ​ស្ថាប័ន​អន្តរជាតិ​នេះ ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សកម្មភាព​សហជីព ដែល មាន​សារៈសំខាន់​យ៉ាង​ខ្លាំង សម្រាប់​ការ​ការពារ​សិទ្ធិ​កម្មករ និង​ការ​ពង្រឹង សង្គម​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ។ ពួកគេ​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា នៅតែ​ស្ថិត​ក្រោម ការ​ត្រួតពិនិត្យ​ជា ប្រចាំ​របស់​គណៈកម្មាធិការ​អ្នកជំនាញ​របស់​អង្គការ​អន្តរជាតិ ខាង​ការងារ (ILO Committee of Experts – CEACR)​។ ទន្ទឹមគ្នា​នោះ​ពួកគេ​ព្រមាន​ថា ប្រសិនបើ​កង្វល់​ទាំងនេះ​មិន​ត្រូវ​បាន​ដោះស្រាយ ទេ អង្គការ​អប់រំ​អន្តរជាតិ (EI) នឹង​ពិចារណា​ដាក់ពាក្យ បណ្ដឹង (allegation) ទៅកាន់​គណៈកម្មាធិការ​សេរីភាព ការបង្កើត​សមាគម (Committee on Freedom of Association – CFA) របស់ ILO។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូ​ណា និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៥ ខែមិថុនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ជា​អតីត​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន យល់ឃើញ​ថា ការ​ចេញ​លិខិត​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​បទ​ចោទ​ទាំងអស់​មក​លើ​រូបលោក គឺជា​រឿង​ល្អ​បំផុត ហើយ​បង្ហាញ​ថា អន្តរជាតិ​តែងតែ​យកចិត្តទុកដាក់​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា ការ​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិមនុស្ស​ក្ដី សហជីព អ្នកនយោបាយ រួម​នឹង​លោក​ក្ដី មិន​មាន​ផល​ចំណេញ​ដល់​ជាតិ​នោះ​ទេ ព្រោះ ការ​ផ្ដន្ទាទោស​ទាំងនេះ ពុំ​មែន​ជា​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​យុត្តិធម៌ ដូច្នេះ មានតែ​ធ្វើ​ឱ្យ​​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​មិន​ល្អ លើ​ឆាក​អន្តរជាតិ ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស។

លោក រ៉ុង ឈុន៖ «ខ្ញុំ​មើល​ឃើញ​ថា មានតែ​បើក​លំហ​សេរីភាព​ទេ មិន​ចំពោះតែ​ខ្ញុំ​ទេ បាទ គឺ​អ្នកនយោបាយ ក៏ដូចជា​សកម្មជន​សង្គម​ទាំងអស់​។ ត្រូវ​បើក​លំហ​សេរីភាព ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​យើង ហើយ​កម្ពុជា​យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ តាមរយៈ​ការ​បើក​លំហ​សេរីភាព ហើយ​បើសិនណា​ធ្វើ​តែ​ដូច្នេះ យើង​មិនអាច​ស្ដារ​មុខមាត់​កម្ពុជា​យើង​បានទេ បាទ»

កាលពី​ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល និង​ដកហូត​សិទ្ធិ​នយោបាយ មួយ​ជីវិត ក្រោម​បទ​ចោទ​«​មិន​រាងចាល​» ក្នុង​សំណុំរឿង​«​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ក្រោយពី​លោក​បាន​អត្ថាធិប្បាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ខែឧសភា​ឆ្នាំ​២០២៥។

ក្រោយមក លោក ក៏បាន​ប្ដឹងតវ៉ា នៅ​សាលាឧទ្ធរណ៍ ប៉ុន្តែ​ពុំបាន​ជោគជ័យ​។ បន្ទាប់​មក​ទៀត លោក​ក៏បាន ប្ដឹង​សាទុក្ខ នៅ​តុលាការ​កំពូល រហូតដល់​ថ្ងៃទី​១៩ ខែមិថុនា តុលាការ​កំពូល​ក៏ បាន​ប្រកាស​សាលដីកា ដោយ​បន្ធូរ​បន្ថយទោស​ខ្លះ ដូចជា​ការ​ផ្ដន្ទាទោស ឱ្យ​លោក​ជាប់ពន្ធនាគារ​៤​ឆ្នាំ បន្ថយ​មក​នៅ ៣​ឆ្នាំ តាមរយៈ​ការ​ព្យួរទោស​ឱ្យ​នៅ​ក្រៅ​ឃុំ​សាកល្បង ចំណែក​ការ​ដកហូត​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត បន្ធូរ​មក​នៅ​ត្រឹម​៥​ឆ្នាំ។

ជាមួយគ្នា​នោះ តុលាការ​កំពូល​ក៏បាន​ដកហូត​សិទ្ធិ​មួយចំនួន​ដែរ ដូចជា​ការ​ហាម​លោក រ៉ុង ឈុន មិន​ឱ្យ​ដូរ​ទីលំនៅ​ក្រៅពី​ភ្នំពេញ និង​ហាម​មិន​ឱ្យ ថ្លែង​សារ​នយោបាយ​នៅ​តាម​ទី​សាធារណៈ​ជាដើម​។ ទោះ​យ៉ាងណា​ការសម្រេច​របស់​តុលាការ​កំពូល​នេះ រង​ការ​រិះគន់​ថា ជា​ការ​សងសឹក​ផ្នែក​នយោបាយ​ដែល​មាន​រដ្ឋាភិបាល​អ្នក​បញ្ជា​ពីក្រោយ​ខ្នង ដូច្នេះ​នេះ ពុំ​មែន​ជា​ការ​អនុវត្ត​ច្បាប់ ដែល​ប្រកប​ដោយ​យុត្តិធម៌​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ