

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលរបស់លោក បានជូនដំណឹងផ្លូវការទៅប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិរួចហើយ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS)។ លោកបញ្ជាក់ថា កម្ពុជាប្រើយន្តការនេះ គឺដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ។ អ្នកឃ្លាំមើលស្វាគមន៍ ប៉ុន្តែនៅតែចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការអាជ្ញាកណ្តាលអន្តរជាតិ (PCA) ទើបមានប្រសិទ្ធភាពជាង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២ ខែមិថុនា បានបញ្ចេញសេចក្តីថ្លែងការណ៍ថ្មីមួយ ដោយបញ្ជាក់អំពីគោលជំហររបស់រដ្ឋាភិបាលលោក ស្ដីពីដំណោះស្រាយតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ឥឡូវនេះរដ្ឋាភិបាលរបស់លោក បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិរួចហើយ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។
ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បញ្ជាក់ថា ការជ្រើសរើសយកយន្តការនេះ គឺក្នុងគោលដៅការពារអធិបតេយ្យជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាដោយអនុលោមតាមច្បាប់អន្តរជាតិ។ ចំណាត់ការនេះ គឺធ្វើឡើងបន្ទាប់ពីភាគីថៃ បានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឬហៅថា MOU ឆ្នាំ២០០១ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ដែលជាក្របខណ្ឌតែមួយគត់សម្រាប់ប្រទេសទាំងពីរ ដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធី ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក។
លោក ហ៊ុន ម៉ាណែត ពន្យល់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិនិងការទទួលខុសត្រូវរបស់រដ្ឋភាគីនានាពាក់ព័ន្ធនឹងដែនសមុទ្រដែលក្នុងនោះកម្ពុជា និងថៃគឺជារដ្ឋភាគីនៃអនុសញ្ញានេះ។ លោកបន្ថែមថា យន្តការនៃការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ នឹងអនុញ្ញាតឲ្យប្រទេសទាំងពីរ បង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយ ដែលមានសមាជិកជាអ្នកផ្សះផ្សាចំនួន៥រូប និងសុទ្ធតែជាអ្នកជំនាញឈានមុខ ផ្នែកច្បាប់អន្តរជាតិ។ លោក ហ៊ុន ម៉ាណែត លើកឧទាហរណ៍ថា ប្រទេសអូស្ត្រាលី និងប្រទេសទីម័រខាងកើត គឺជាករណីទីមួយដែលទទួលបានដំណោះស្រាយវិវាទជោគជ័យកាលពីឆ្នាំ២០១៨តាមរយៈយន្តការនៃការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។ លោក ហ៊ុន ម៉ាណែត សង្ឃឹមថា ករណីកម្ពុជា និងថៃដែលជាករណីទី២ក្នុងប្រវត្តិសាស្ត្រនៃUNCLOS នឹងទទួលបានដំណោះស្រាយដោយសន្តិវិធីដែរ។ «»
លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ដែរថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នេះមិនមែនជាការបង្កើនភាពតានតឹងនោះទេ។ បន្ថែមពីនេះ លោក អះអាងថា កម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន ដោយមិនមែនប្រើកម្លាំង តែជាការប្រើប្រាស់យន្តការច្បាប់ និងការរួមគ្នាដោះស្រាយដោយសន្តិវិធី។ ទន្ទឹមគ្នានេះ ទោះបីជារដ្ឋាភិបាលរបស់លោក កំពុងបង្ក្រាប ឥតឈប់ឈរទៅលើអ្នករិះគន់និងអ្នកប្រឆាំងក្តី ក៏លោក នៅតែអំពាវនាវជាថ្មីទៀត ឲ្យប្រជាពលរដ្ឋ បន្តរក្សាសាមគ្គីភាពជាធ្លុងមួយ ដោយអះអាងថា ការការពារអធិបតេយ្យជាតិ គឺជាកាតព្វកិច្ចរបស់ជាតិទាំងមូល។
ក្រោយការប្រកាសរបស់លោក ហ៊ុន ម៉ាណែត នេះ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅរសៀលថ្ងៃទី២ ខែមិថុនា បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ដើម្បីពន្យល់បន្ថែមទៅលើសាររបស់លោក ហ៊ុន ម៉ាណែត។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ស្វាគមន៍ចំពោះការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ព្រោះលោកយល់ថា ល្អជាងការចរចាទ្វេភាគី។ ទោះជាយ៉ាងណា អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះ ចង់ឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការអាជ្ញាកណ្តាលអន្តរជាតិ (PCA) ទើបមានប្រសិទ្ធភាពជាង។ លោក អ៊ុំ សំអាន បារម្ភថា ភាគីថៃអាចនឹងមិនគោរពតាមសេចក្តីសម្រេចរបស់យន្តការផ្សះផ្សាដោយបង្ខំនោះទេ ព្រោះសូម្បីតែព្រំដែនគោក ដែលមានទាំងសន្ធិសញ្ញាបារាំង-សៀម មានផែនទីខ្នាត១/២00.000 និងមានអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ព្រមទាំងមានបង្គោលព្រំដែនបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងផង ក៏ភាគីថៃ នៅតែលើកទ័ពចូលឈ្លានពានដីខ្មែររាល់ថ្ងៃដដែល។ «»
លោក អ៊ំ សំអាន បន្ថែមថា លោក ហ៊ុន ម៉ាណែត មិនអាចយកករណីជម្លោះដែនសមុទ្ររវាងកម្ពុជា និងថៃ ទៅប្រៀបធៀបជាមួយករណីជម្លោះរវាងអូស្ត្រាលីនិងប្រទេសទីម័រខាងកើតបានឡើយ។លោក ថា មូលហេតុដែលអូស្ត្រាលី និងទីម័រខាងកើត អាចដោះស្រាយវិវាទព្រំដែនសមុទ្រដោយជោគជ័យតាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្របាន គឺដោយសារតែប្រទេសទាំងពីរមានសុឆន្ទៈក្នុងការចរចា ហើយអូស្ត្រាលីជាប្រទេសប្រជាធិបតេយ្យ និងគោរពច្បាប់អន្តរជាតិ។ ដោយឡែកប្រទេសថៃវិញ លោកយល់ថា ភាគីថៃ គ្មានសុឆន្ទៈក្នុងការចរចានិងមិនឲ្យតម្លៃទៅលើច្បាប់អន្តរជាតិឡើយ ហើយថែមទាំងមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាដូចប្រទេសរុស្ស៊ីឈ្លានពានអ៊ុយក្រែនដែរ។
ក្រៅពីរឿងប្រើប្រាស់យន្តការច្បាប់អន្តរជាតិនេះ លោក អ៊ំ សំអាន ជំរុញឲ្យលោក ហ៊ុន ម៉ាណែត ធ្វើឲ្យមានការផ្សះផ្សាជាតិ និងសាមគ្គីជាតិពិតប្រាកដដោយមិនមែន ត្រឹមតែនិយាយដដែលៗនោះទេ។លោកបន្តថា ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យកចិត្តទុកដាក់បង្ក្រាបទៅលើខ្មែរគ្នាឯងដែលមានទស្សនៈផ្ទុយ មិនត្រឹមតែធ្វើឲ្យកម្ពុជាខាតបង់ពេលវេលាកសាងជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកម្ពុជា បន្តរងគ្រោះបាត់បង់ទឹកដីកាន់តែធំធេងទៅប្រទេសជិតខាងថែមទៀត។
«»
នៅថ្ងៃដដែលនេះ ក្រោយពេលលោក ហ៊ុន ម៉ាណែត ចេញសេចក្តីថ្លែងការណ៍អំពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃនេះ ឪពុករបស់លោក គឺលោក ហ៊ុន សែន បានប្រើប្រាស់ស្ថាប័នព្រឹទ្ធសភា ចេញញត្តិគាំទ្រមុនគេ ព្រមទាំងអំពាវនាវឲ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តជឿជាក់លើការដឹកនាំ និងចំណាត់ការរបស់រដ្ឋាភិបាលនៃកូនប្រុសរបស់លោក។ ក្រុមមន្ត្រីរដ្ឋាភិបាល និងក្រសួងស្ថាប័ននានា ក៏បានចេញញត្តិគាំទ្រជាបន្តបន្ទាប់ដែរ ទោះបីជាចំណាត់ការរបស់លោក ហ៊ុន ម៉ាណែត នេះ មិនទាន់មានលទ្ធផលជាក់ស្តែងក៏ដោយ។
មកទល់ពេលនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត តែងប្រកាសដោយអួតអាងពីការដាក់ចេញវិធានការនានានិងអំពាវនាវឲ្យពលរដ្ឋគាំទ្រ ប៉ុន្តែនៅមិនទាន់ឃើញមានវិធានការណាមួយអាចទប់ស្កាត់ការឈ្លានពានរបស់យោធាថៃបាននៅឡើយ។ ជាក់ស្តែង នៅថ្ងៃ២ ខែមិថុនា នេះ យោធាថៃ នៅតែចូលឈ្លានពានទឹកដីកម្ពុជាដោយគ្មានញញើត។ ទាហានថៃជាច្រើននាក់ បានចូលដាំបង្គោល និងរាយបន្លាលួសកាន់តែជ្រៅក្នុងទឹកដីខ្មែរ នៅតំបន់មុំបី ខេត្តព្រះវិហារ រហូតមានការប៉ះទង្គិចពាក្យសម្តី និងការរុញច្រានគ្នារវាងកងទ័ពថៃ និងកងទ័ពខ្មែរ។ នៅតំបន់ផ្សេងៗទៀត យោធាថៃ ក៏កំពុងបន្តសាងសង់សំណង់នានា ដូចជាព្រះពុទ្ធបដិមា ការកសាងផ្លូវ និងរបងជាដើមនៅក្នុងទឹកខ្មែរដែលយោធាថៃ បានឈ្លានពានកាន់កាប់។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនបានផ្សព្វផ្សាយព័ត៌មាននៃការឈ្លានពានរបស់យោធាថៃទាំងនេះឲ្យបានទូលំទូលាយនោះទេ៕









