

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រងការរិះគន់ជាថ្មីថា បានព្យាយាមគេចវេះ មិនទទួលខុសត្រូវរឿងមន្ត្រីជាន់ខ្ពស់មួយចំនួន ដែលជិតស្និទ្ធនឹងរដ្ឋាភិបាលត្រកូល«ហ៊ុន» ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដោយលោកចាត់ទុកករណីទាំងនោះ គ្រាន់តែជារឿងបុគ្គលពុំពាក់ព័ន្ធរដ្ឋាភិបាលឡើយ។ ប៉ុន្តែ អ្នកឃ្លាំមើលយល់ថា ការអះអាងរបស់ លោក ហ៊ុន ម៉ាណែត នេះ ធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលកម្ពុជា កំពុងព្យាយាមលាក់បាំង និងការពារឧក្រិដ្ឋជនឆបោកតាមអនឡាញ។
ប៉ុន្មានថ្ងៃនេះ មានផ្ទុះការវែកញែកជាថ្មី មកលើសមាជិកព្រឹទ្ធសភាពីររួប មកពីគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយ លោក ហ៊ុន សែន គឺ ឧកញ៉ា កុក អាន និង ឧកញ៉ា លី យ៉ុងផាត់ ដែលគេស្គាល់ថា ជាអ្នកជំនួញ និងជាអ្នកនយោបាយមាន ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្សលំដាប់អន្តរជាតិ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកគ្រាន់ករណីនេះគ្រាន់តែ ជារឿងបុគ្គល។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា ការអះអាងរបស់ លោក ហ៊ុន ម៉ាណែត បែបនេះ គ្រាន់តែជាលេស ដើម្បីការពារមុខមាត់រដ្ឋាភិបាលបក្សកាន់អំណាចប៉ុណ្ណោះ។ ពួកគាត់ថាប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជាចង់សម្អាតឈ្មោះកម្ពុជា ពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបង្កើនទំនុកចិត្តកម្ពុជា លើឆាកអន្តរជាតិពិតប្រាកដ រដ្ឋាភិបាលត្រូវតែហ៊ានបើកការស៊ើបអង្កេតដោយឯករាជ្យលើគ្រប់បុគ្គលពាក់ព័ន្ធ ដោយមិនខ្វល់ថាតើពួកគេមានឥទ្ធិពល ឬមានងារជាអ្វីនោះទេ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៧ ខែកក្កដាថា ការដែល លោក ហ៊ុន ម៉ាណែត អះអាងថា ទង្វើពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ របស់មន្ត្រីជាន់ខ្ពស់របស់ខ្លួន គឺ ឧកញ៉ាលោក កុក អាន និងឧកញ៉ា លោក លី យ៉ុងផាត់ ជារឿងបុគ្គលនោះ គឺជាយុទ្ធសាស្ត្ររៀបចំឃ្លានយោបាយ ដើម្បីការពារកេរ្តិ៍ឈ្មោះរដ្ឋាភិបាលផង និងគណបក្សកាន់អំណាចផង។ ប៉ុន្តែលោកថា ការបែងចែកបែបនេះ គឺជារឿងពិបាកឲ្យអន្តរជាតិជឿទុកចិត្តណាស់ ព្រោះបុគ្គលទាំងនោះមានតួនាទីជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុដ៏សំខាន់របស់គ្រួសារមេដឹកនាំត្រកូលហ៊ុន។
លោក សេង វណ្ណលី បញ្ជាក់ថា ការព្យាយាមរុញកំហុសទៅលើបុគ្គលគ្រាន់តែជាខែលការពារកុំឲ្យរចនាសម្ព័ន្ធអំណាចផ្ទៃក្នុងបក្សកាន់អំណាច ត្រូវរង្គោះរង្គើ និងដើម្បីគេចវេះពីការទទួលខុសត្រូវក្នុងនាម ជាមេដឹកនាំតែប៉ុណ្ណោះ។ ទន្ទឹមគ្នានោះ លោកយល់ថា ការប្រកាសថាជារឿងបុគ្គល មិនអាចជួយឲ្យឧកញ៉ាទាំងនោះ ឬក៏រដ្ឋាភិបាល គេចផុតពីការស៊ើបអង្កេត និង ការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ បាននោះទេ។ លោកបន្តថា សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ អាចប្រើច្បាប់ទណ្ឌកម្ម អន្តរជាតិ ដើម្បីបង្កកទ្រព្យសម្បត្តិ បិទទិដ្ឋាការ ឬក៏ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលពាក់ព័ន្ធទាំងអស់ ដោយមិនចាំបាច់ខ្វល់ពីការអះអាងរបស់រដ្ឋាភិបាលកម្ពុជានោះទេ។
លោក សេង វណ្ណលី៖ «លើសពីនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែបន្តការពារបុគ្គលទាំងនោះ ប្រទេសកម្ពុជាទាំងមូលនឹងត្រូវប្រឈមនឹងការធ្លាក់ចុះចូលទៅក្នុងបញ្ជីខ្មៅនៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការលាងលុយកខ្វក់ ដែលជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងការវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគិនស្អាតស្អំដែលមានគោលបំណងក្នុងការពង្រីកការវិនិយោគនៅកម្ពុជានាពេលអនាគត»។
ប៉ុន្តែ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយរូបនេះ មើលឃើញថា នៅក្នុងករណីដែលសហរដ្ឋអាមេរិកតាមរយៈភ្នាក់ងារ FBI ស៊ើបអង្កេតរកឃើញ ភស្តុតាងរឹងមាំប្រឆាំងមកលើ លោក កុក អាន និងលោក លី យ៉ុតផាត ទំនងជា លោក ហ៊ុន សែន ឬរដ្ឋាភិបាលកម្ពុជា នឹងមិនបើកដៃឲ្យមានការចាប់ខ្លួន បុគ្គលទាំងនោះ នៅលើទឹកដីកម្ពុជានោះដែរ។ លោកថា រដ្ឋាភិបាលអាចនឹងសហការត្រឹមតែការផ្លាស់ប្ដូរព័ត៌មានសម្ងាត់មួយចំនួន ហើយនឹងរារាំងដាច់ខាត មិនឲ្យប៉ះពាល់ដល់សេរីភាព របស់មហាសេដ្ឋី របស់គណបក្សប្រជាជននោះឡើយ។ ដូច្នេះ លោកថា ការចាប់ខ្លួន អាចកើតមានទៅបាន មកលើឧកញ៉ាទាំងពីររូបនោះ លុះត្រាតែបុគ្គលទាំងនោះធ្វើដំណើរចេញទៅក្រៅប្រទេស ឬក៏ត្រូវចាប់ខ្លួន តាមដីកាក្រហមរបស់ FBI ឬក៏ប៉ូលិសអន្តរជាតិ (Interpol) តែប៉ុណ្ណោះ។
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងបទសម្ភាសផ្ដាច់មុខ ជាមួយកាសែត Bloomberg របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកក្កដាថា ការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា គឺឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា កុក អាន គឺជាបញ្ហាផ្ទាល់ខ្លួន ហើយលោកថា អ្នកទាំងពីរ កំពុងជួលក្រុមមេធាវីដើម្បីតតាំងក្ដី តាមផ្លូវច្បាប់ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។ ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសន៍ដ៏វែងអន្លាយនោះលោក ហ៊ុន ម៉ាណែត ពុំបានបង្ហាញ ពីជំហរថា នឹងបើកការស៊ើបអង្កេតលើឧកញ៉ា ទាំងពីរនោះឡើយ។ ផ្ទុយទៅវិញ លោក ហាក់បង្ហាញពីការគេចវេះ ពីការទទួលខុសត្រូវ ដោយលោកចាត់ទុកឧក្រិដ្ឋកម្មឆបោកតាមអនឡាញ គឺជាបញ្ហាអន្តរជាតិ ដែលមានគ្រប់តែបណ្ដាប្រទេសនានា។
បើទោះជាបែបនេះក្ដី លោក សេង វណ្ណលី យល់ថាការថ្លែងរបស់លោក ហ៊ុន ម៉ាណែត នេះ ឆ្លុះបញ្ចាំងពីការគេចវេះពីកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការស៊ើបអង្កេតបទល្មើសជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ហើយបង្ហាញកាន់តែច្បាស់ ពីការអនុវត្តច្បាប់ដែលមានស្តង់ដារពីរ ព្រោះរដ្ឋាភិបាល បង្ក្រាបតែទៅ លើជនតូចតាច ឬជនបរទេស ប៉ុន្តែមិនបើកការស៊ើបអង្កេតផ្លូវការ លើ ឧកញ៉ា គ្រាក់ៗដែល មានទំនាក់ទំនងជិតស្និទ្ធនឹងបក្សកាន់អំណាច។ លោកអះអាងថា ជំហរបែបនេះ កាន់តែធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញថា កម្ពុជាខ្វះឆន្ទៈ នយោបាយ ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆបោក តាមអនឡាញ និងការជួញដូរមនុស្ស។
សមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មកាលពីខែកញ្ញា ឆ្នាំ២០២៤ រួមជាមួយ ក្រុមហ៊ុន L.Y.P Group និងទីតាំងមួយចំនួនរបស់លោក ក្រោមការចោទប្រកាន់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ រីឯ សមាជិកព្រឹទ្ធសភាម្នាក់ទៀត គឺ លោក កុក អាន ក៏ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម កាលពីខែមេសា ឆ្នាំ២០២៦ ព្រមទាំងសមាជិកចំនួន២៨ផ្សេងទៀត ពីបទជួញដូរមនុស្ស និងផ្ដល់ទីតាំងឆបោកប្រាក់ តាមប្រព័ន្ធឌីជីថល Crypto ដែលបោកប្រាស់ប្រាក់រាប់លានពីពលរដ្ឋអាមេរិក។
ជុំវិញរឿងនេះដែរ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានប្រកាសពីកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំ ជាមួយប្រទេសចិន និងសហរដ្ឋអាមេរិកតាមរយៈក្រុមស៊ើបអង្កេតFBI ដើម្បីចុះបង្ក្រាបឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធអនឡាញ ខ្នាតធំនៅកម្ពុជា ប៉ុន្តែ គេហាក់ មានសង្ឃឹមតិចតួចណាស់ថារដ្ឋាភិបាលកម្ពុជា នឹងបើកឱ្យមានការស៊ើបអង្កេត មកលើមន្ត្រីជាន់ខ្ពស់របស់ខ្លួន ខណៈដែល រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្ត គេចវេះ មិនចាត់វិធានការមកលើឧកញ៉ាលី យ៉ុង ផាត់ និង លោក កុក អាន តាមផ្លូវច្បាប់។ ដូច្នេះ អ្នកឃ្លាំមើលយល់ថា កិច្ចសហប្រតិបត្តិការរបស់កម្ពុជា នេះគឺគ្រាន់តែដើម្បីបន្លែបន្លំក្រសែភ្នែក សហគមន៍អន្តរជាតិប៉ុណ្ណោះ៕









