រដ្ឋមន្ត្រី​ព័ត៌មាន​ជំរុញ​ឲ្យ​អ្នកកាសែត​ផលិត​ព័ត៌មាន​ដែល​មាន​ផលប្រយោជន៍​ដល់​សង្គម ជាង​ផ្សាយ​រឿង​ជម្លោះ​គ្រួសារ

0
128
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ក្រា ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ផលប្រយោជន៍​ដល់​សង្គម ដើម្បី​ពង្រឹង​លើ​ក្រមសីលធម៌ ជាជាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ជម្លោះ​គ្រួសារ រឺ​ការ​ធ្វើ​អត្តឃាត​ដែល​ធ្វើ​ឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​សង្គម និង​ប៉ះពាល់​លើ​អារម្មណ៍ ផ្លូវចិត្ត​របស់​ពលរដ្ឋ។ ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​អ្នកសារព័ត៌មាន​អនឡាញ​មួយចំនួន​កំពុងធ្វើការ​ខុស​វិជ្ជាជីវៈ ស្រប​ពេល​អ្នក​សារព័ត៌មាន​ឯករាជ្យ​ត្រូវ​បាន​រដ្ឋាភិបាល រឹតត្បិត​សេរីភាព ក្នុង​ការ​បំពេញ​ការងារ។

ស្រប​ពេល​ដែល​មានការ​រិះគន់​ទៅលើ​អ្នកសារព័ត៌មាន​អនឡាញ​មួយចំនួន​ដែល​បំពេញ​ការងារ​គ្មាន​វិជ្ជាជីវៈ តែ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់វិធានការ​អប់រំ​ណែនាំ​នោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ក្រា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ ថ្ងៃទី​៥ ខែ​ឧសភា ថា​លោក​នឹង​មាន​ជំនួប​ថ្មី​បន្ថែម​ទៀត​ជាមួយ អ្នកសារព័ត៌មាន​អនឡាញ ដែល​បាន​កំពុង​ចុះ​យក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខ​សង្គម និង​ជម្លោះ​នានា​ដែល​បាន​កើត​ឡើង ដើម្បី​ពង្រឹង​លើ​ក្រមសីលធម៌ និង​ការ​ផ្តល់​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ដល់​សង្គម និង​ពលរដ្ឋ។

លោក នេត្រ ភក្ត្រា ថា លោក​នឹង​ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម និង​បណ្ដុះ​ស្មារតី​ប្រិយមិត្ត​របស់​ខ្លួន​លើ​ខ្លឹមសារ​បែប​ផ្តល់​ព័ត៌មាន​ចំណេះដឹង ជាជាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ជម្លោះ​គ្រួសារ ជម្លោះ​ស្នេហា ឬ​ព័ត៌មាន​ដែល​បង្ហាញ​ពី​សាកសព ការ​ធ្វើ​អត្តឃាត ដើម្បី​តែ​ចង់បាន​អ្នកមើល​ច្រើន ប៉ុន្តែ​ជះឥទ្ធិពល​មិនល្អ​លើ​អារម្មណ៍ និង​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ដែល​ទស្សនា និង​សង្គម។

លោក នេត្រ ភក្ត្រា បាន​បន្ថែម​ថា ពេលខ្លះ​ពលរដ្ឋ​ដែល​ទស្សនា អាច​មាន​អារម្មណ៍​មិនល្អ ឈឺក្បាល ស្ត្រេស ឬ​អារម្មណ៍​ផ្សេង គឺ​មិន​មាន​ជំងឺ​អ្វី​ទេ ប៉ុន្តែ​អាច​មក​ពី​អាន​ព័ត៌មាន ឬ​ទស្សនា​រូបភាព​ដែល​រន្ធត់ ឬ​ព័ត៌មាន​មិន​ល្អ។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី បាន​ឲ្យ​ដឹង​ថា ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ផលប្រយោជន៍​ដល់​សង្គម លោក​ចង់​ឃើញ​តួនាទី​អ្នកកាសែត​ឯករាជ្យ​ចូលរួម​កាន់តែ​សកម្ម នៅក្នុង​ការ​ការពារ​កុំ​ឲ្យ​មាន​ភាព​អសន្តិសុខ​នៅក្នុង​សង្គម​ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅ​ដល់​សាធារណៈ។

លោក ណុប វី៖ «យើង​ចង់​ឃើញ​សង្គម​យើង​មានការ​រីកចម្រើន មាន​ភាព​ប្រសើរ​ឡើង យើង​ចង់​ឃើញ​តួនាទី​វិស័យ​សារព័ត៌មាន​ឯករាជ្យ​គឺថា​បាន​ចូលរួម​កាន់តែ​សកម្ម​នៅក្នុង​ការការ​ពារ​កុំ​ឲ្យ​មាន​គេ​ហៅថា​ភាព​អសន្តិសុខ​នៅក្នុង​សង្គម រឺ​មួយ​ក៏​អំពើ​ល្មើសច្បាប់​នៅក្នុង​សង្គម កាត់​បន្ថយ​អំពើ​ពុករលួយ រឺ​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​វា​មាន​ហានិភ័យ​ទៅដល់​ផលប្រយោជន៍​សាធារណៈ»។

មែនទែន​ទៅ បញ្ហា​របស់​អ្នកសារព័ត៌មាន​អនឡាញ​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​ឯកជន ប្រពៃណី​ល្អ​របស់​ជាតិ និង​សណ្ដាប់ធ្នាប់​សង្គម បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រសួង​ព័ត៌មាន​ហាក់​បណ្តែតបណ្តោយ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​នេះ​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​ពាសពេញ​តែ​បណ្ដាញ​សង្គម ហើយ​មាន​អ្នកសារព័ត៌មាន​ចំនួន​តិចតួច​ណាស់​ដែល​ត្រូវ​បាន​ក្រសួង​ហៅ​ទៅ​អប់រំ​ណែនាំ ឬ​លុះត្រាតែ​មានការ​រិះគន់​ខ្លាំង​ទើប​មាន​ការហៅ​ណែនាំ​ជាដើម​។ ប៉ុន្តែ​សម្រាប់​អ្នកសារព័ត៌មាន​ឯករាជ្យ​ដែល​ប្រកបការងារ​សារព័ត៌មាន​ដោយ​វិជ្ជាជីវៈ និង​រាយការណ៍​ពី​រឿងរ៉ាវ​រសើបៗ និង​ផ្តល់​ផល់​ប្រយោជន៍​ធំធេង​ដល់​សង្គមជាតិ ដូចជា​ការ​ឆបោក​តាម​អនឡាញ បញ្ហា​ព្រំដែន ការរំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ជាដើម​នោះ អាជ្ញាធរ និង​តុលាការ​តែង​ចាត់វិធានការ​ច្បាប់​ទៅលើ​អ្នកសារព័ត៌មាន​ទាំងអស់​នោះ​ដោយ​ចោទ​ប្រកាន់​ថា ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ញុះញង់ ជេរប្រមាថ ឬ​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ជាដើម ហើយ​ជាទូទៅ ក្រសួង​ព័ត៌មាន​មិនដែល​ចេញមុខ​ការពារ​អ្នកសារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ និង​ឯករាជ្យ​ទាំងអស់​នោះ​ឡើយ ផ្ទុយទៅវិញ គឺ​មានតែ​ចេញមុខ​និយាយ​ការពារ​ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ​ថែមទៀត។

ទាក់ទង​ទៅ​នឹង​ស្ថានភាព​សារព័ត៌​មាននៅ​កម្ពុជា សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា បាន​ឲ្យ​ដឹង​នៅក្នុង​ការវាយតម្លៃ​ប្រចាំឆ្នាំ​ចុងក្រោយ ក្នុង​ឆ្នាំ​២០២៥ ដោយ​បាន​កត់ត្រា​ករណី​រំលោភបំពាន​ចំនួន ៦១ ករណី ប្រឆាំង​​នឹង​អ្នកសារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​។ ករណី​ភាគច្រើន​ពាក់ព័ន្ធ​នឹង​អ្នកសារព័ត៌មាន​អន​ឡាញ ខណៈ​បណ្ដាញ​សង្គម ដូចជា Facebook ក្លាយជា​វេទិកា​ដែលមាន​ហានិភ័យ​ខ្ពស់​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​នៅ​កម្ពុជា។

CamboJA បាន​ឱ្យ​ដឹង​ថា អ្នកសារព័ត៌មាន​បាន​ប្រឈម​នឹង​ការវាយប្រហារ​រាងកាយ ការ​រំលោភបំពាន​ផ្លូវចិត្ត ការ​គំរាមកំហែង​តាមផ្លូវ​ច្បាប់ បៀតបៀន​ផ្លូវភេទ ការរើសអើង និង​ការ​បំភិតបំភ័យ ដែល​បង្ក​ឱ្យ​មាន​បរិយាកាស​នៃ​ការភ័យខ្លាច និង​ការ​ត្រួតពិនិត្យ​ខ្លួនឯង​នៅក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា បើ​ទោះ​ជា​ក្រសួង​ព័ត៌មាន​អះអាង​ពី​ភាព​ល្អ​ប្រសើរ​ក្តី អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ចេញ​ផ្សាយ​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ ២០២៦ ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ១៥១ ក្នុងចំណោម​ប្រទេស​ចំនួន​១៧៨ នៅ​លើ​ពិភពលោក។

សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ទទូច​ឱ្យ​ក្រសួង​យកចិត្តទុកដាក់​ចំណុច​ខ្វះខាត ដើម្បី​ពង្រឹង​វិស័យ​ព័ត៌មាន​ឱ្យ កាន់តែ​ល្អ​ប្រសើរ និង​ត្រូវ​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ជាប់ពន្ធនាគារ​ដោយសារ​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ក្រសួង​ព័ត៌មាន​ក៏​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​របស់​អ្នកសារព័ត៌មាន​អនឡាញ​មួយ​ចំនួន ដែល​ផ្សាយ​ផ្ទាល់ (Live) ទាក់ទង​នឹង​ជម្លោះ​គ្រួសារ ជម្លោះ​ស្នេហា រឺ​ការ​ធ្វើ​អត្តឃាត ដើម្បី​រក្សា​ភាព​ថ្លៃថ្នូរ​ទៅដល់​អ្នក​សារព័ត៌មាន​ដែល​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ។

ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​អ្នកសារព័ត៌មាន​ប្រមាណ​១​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៨៦១​នាក់ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​ប្រពៃណី និង​ទំនើប​ដែល​បាន​ចុះបញ្ជី​ការ និង​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​មាន​ចំនួន ១ ៦២០​ស្ថាប័ន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ