

ព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅប្រទេសចិននៅថ្ងៃទី១ ខែកញ្ញា ដើម្បីពិនិត្យព្រះរាជសុខភាព។ តាមព្រះរាជសារដែលមានព្រះហស្តលេខារបស់ព្រះមហាក្សត្រ ចុះថ្ងៃទី៣០ ខែសីហា លោក ហ៊ុន សែន នឹងទទួលជួយបំពេញព្រះរាជកិច្ចក្នុងព្រះបរមនាមព្រះមហាក្សត្រ ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី ក្នុងអំឡុងពេលព្រះអង្គអវត្តមានពីប្រទេស។
ព្រះមហាក្សត្រ និងព្រះមហាក្សត្រី តែងយាងទៅប្រទេសចិនជាទៀងទាត់ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
ព្រះអង្គទាំងទ្វេ ទើបយាងនិវត្តន៍មកកម្ពុជាវិញនៅថ្ងៃទី៣ ខែកក្កដា បន្ទាប់ពីគង់ប្រថាប់នៅប្រទេសចិនអស់រយៈពេលជាងបីខែ សម្រាប់ការព្យាបាលព្រះរោគរបស់ព្រះមហាក្សត្រ។
ជុំវិញបញ្ហា ព្រះមហាក្សត្រ យាងទៅប្រទេសចិននេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានប្រាប់វិទ្យុអាស៊ីសេរីថា ការដែលលោក ហ៊ុន សែន នឹងក្លាយជាប្រមុខរដ្ឋស្តីទី ខណៈកូនប្រុសរបស់លោកកាន់តំណែងជានាយករដ្ឋមន្ត្រី អាចបង្កការព្រួយបារម្ភអំពីការប្រមូលផ្តុំអំណាច។
លោក គឹម សុខ បានរិះគន់ថា ការរៀបចំនេះអាចធ្វើឱ្យមានការព្រួយបារម្ភអំពីការត្រួតពិនិត្យ និងតុល្យភាពអំណាចនៅក្នុងប្រព័ន្ធនយោបាយកម្ពុជា។ លោក ថា ការដែលលោក ហ៊ុន សែន អាចបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី ខណៈលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាចបង្កការព្រួយបារម្ភថា អំណាចប្រតិបត្តិ និងអំណាចរបស់ប្រមុខរដ្ឋស្តីទីអាចស្ថិតនៅក្រោមឥទ្ធិពលរបស់គ្រួសារត្រកូលហ៊ុនតែមួយ។
លោក គឹម សុខ៖ «ដូច្នេះ កាលណាគាត់ជាប្រមុខរដ្ឋស្តីទី ធ្វើឱ្យប្រជាពលរដ្ឋខ្មែរព្រួយបារម្ភគ្រប់គ្នា ដោយសារកូនគាត់ជានាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីអាចស្នើអ្វីមួយ ទោះបីជា ឧក្រិដ្ឋកម្មបំផ្លាញជាតិធំប៉ុនណាក៏ដោយ ដែលលាក់បាំងពីភ្នែករបស់ប្រជាពលរដ្ឋខ្មែរ ហើយលោក ហ៊ុន សែន ជាឪពុក ជាប្រមុខរដ្ឋស្តីទី អាចចុះហត្ថលេខាតាមចិត្តគាត់ចង់។ រឿងនេះគ្រោះថ្នាក់ណាស់»។
ក្រុមអ្នកឃ្លាំមើលលើកឡើងថា រយៈពេលជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់ត្រកូលហ៊ុន កម្ពុជាពោរពេញទៅដោយអំណាចប្រមូលផ្តុំ និងការរំលោភអំណាច ដោយសារតែក្រុមគ្រួសារត្រកូលហ៊ុន អាចធ្វើអ្វីៗតាមតែអំពើចិត្តរបស់ពួកគេ៕









