
ប្រជាពលរដ្ឋប្រមាណ៨០នាក់ មកពីស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង បាននាំគ្នាជិះរថយន្តឈ្នួល មកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ដើម្បីស្នើសុំដំណោះស្រាយវិវាទដីធ្លី ដែលអូសបន្លាយរាប់ឆ្នាំ និងពលរដ្ឋខ្លះទៀត ជាគ្រួសារក្រីក្រី ស្នើសុំការផ្ដល់ដីសម្បទានសង្គមកិច្ច ដើម្បីយកទៅធ្វើស្រែចម្ការ ចិញ្ចឹមជីវិត។ ពលរដ្ឋទាំងនេះ បាននាំគ្នាទៅដាក់ញត្តិសុំដំណោះស្រាយវិវាទដីធ្លី និងលិខិតស្នើសុំដីសម្បទានសង្គមកិច្ច ពីក្រសួងមហាផ្ទៃ ក្រសួងដែនដី ក្រសួងបរិស្ថាន និងពីរដ្ឋសភាជាតិ។ ពួកគាត់ គឺតំណាងឲ្យពលរដ្ឋជាង១ពាន់គ្រួសារ ដែលជាសហគមន៍មានទំនាស់ដីធ្លី និងសហគមន៍ក្រីក្រីគ្មានដីធ្វើស្រែចម្ការ៕






