ក្រសួងយុត្តិធម៌​បដិសេធ​មិន​ទទួល​លិខិត​ស្នើសុំ​ពន្លឿន​ការ​ឆ្លើយតប​ញត្តិ​របស់​លោក រ៉ុង ឈុន

0
79
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រសួងយុត្តិធម៌​បដិសេធ​មិន​ទទួល​លិខិត​ស្នើសុំ​ពន្លឿន​កិច្ច​អន្តរាគមន៍​របស់​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដែល​បាន​ដាក់​ញត្តិ​ស្នើ​ឲ្យ​សើរើ​សំណុំរឿង​មក​ជំនុំ​ជំ​រះ​ឡើងវិញ​។ ពលរដ្ឋ និង​មន្ត្រី​សិទ្ធិមនុស្ស​ថា ក្រសួង​យុត្តិធម៌​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​របស់​ខ្លួន ដែល​បាន​អះអាង​ថា នឹង​ខិតខំ​ទទួលយក​សំណើ​របស់​ប្រជាពលរដ្ឋ​ដែល​មិន​សុខចិត្ត ចំពោះ​ការ​កាត់ក្តី​របស់​តុលាការ​មក​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស។

នៅ​ព្រឹក​ថ្ងៃទី​០៥ សីហា​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដាក់​លិខិត​ទៅ​ក្រសួងយុត្តិធម៌​ស្នើសុំ​ពន្លឿន​ការ​ឆ្លើយតប​ញត្តិ​របស់​លោក ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ប៉ុន្តែ​ក្រសួងយុត្តិធម៌​បដិសេធ​មិន​ទទួល​លិខិត​រដ្ឋបាល​នោះ។

ប្រធាន​ចលនា​ស្ត្រី​នៃ​គណបក្ស​កម្លាំង​ជាតិ លោកស្រី ព្រំ ចន្ថា ដែល​ជា​អ្នក​ដាក់​លិខិត​នោះ ថ្លែងថា លោកស្រី​ខកចិត្ត​ចំពោះ​មន្ត្រី​រដ្ឋបាល​នៅ​ក្រសួងយុត្តិធម៌ ដែល​បាន​បដិសេធ​មិន​ទទួលយក​លិខិត​ស្នើសុំ​របស់​លោក រ៉ុង ឈុន និង​បាន​រុញច្រាន​ឲ្យ​លោកស្រី​ទាក់ទង​សួរនាំ​តាម​លេខ​ទូរស័ព្ទ​វិញ​។ លោកស្រី​ថា ក្រសួង​មិនបាន​ផ្តល់​លេខ​ទូរស័ព្ទ​ឲ្យ​សួរនាំ​ពី​ដំណើរការ​រឿងក្តី​នេះ​ឡើយ ប៉ុន្តែ​រដ្ឋបាល​នៅតែ​បដិសេធ ដោយ​ថា លោក រ៉ុង ឈុន បាន​ស្នើ​សុំ​ម្តង​ហើយ មិនអាច​ដាក់​ជាថ្មី​ទៀត​បានទេ​។ លោកស្រី​បន្ត​ថា រដ្ឋបាល​បាន​ឆ្លើយ​ថា ខុស​នីតិវិធី​រដ្ឋបាល ដោយ​បាន​ប្រាប់​ឲ្យ​រង់ចាំ​ការ​ឆ្លើយតប​របស់​ក្រសួង ដោយ​មិនបាន​បញ្ជាក់​ប្រាប់​ពី​ពេលវេលា​ឡើយ។

លោកស្រី ព្រំ ចន្ថា ថ្លែង​ថា មិន​ចម្លែក​នោះ​ទេ ដែល​ក្រសួងយុត្តិធម៌​មិន​ឆ្លើយតប​នឹង​ការ​ស្នើសុំ​របស់​មន្ត្រី​គណបក្ស​ជំទាស់ ឬ​ពលរដ្ឋ​ដែល​កាន់​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល ដោយសារ​ក្រសួង​នេះ មិនដែល​ផ្តល់​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​យូរ​មក​ហើយ ពោល​គឺ​មាន​តែ​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ ដែល​ក្រសួង​ស្វះស្វែង​ធ្វើ​កិច្ច​អន្តរាគមន៍។

លោកស្រី​ទទូច​ឲ្យ​ក្រសួង​យុត្តិធម៌ និង​រដ្ឋាភិបាល គួរ​ផ្តល់​សេរីភាព​ឲ្យ​លោក រ៉ុង ឈុន មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​អនុវត្ត​ដោយ​ស្មើភាព​ដូច​ពលរដ្ឋ​ដទៃ ដើម្បី​បង្ហាញ​អន្តរជាតិ​ពី​លំហ​ប្រជាធិបតេយ្យ​ពិតប្រាកដ តាម​ឆន្ទៈ​របស់​ខ្លួន​ដែល​បាន​លើកឡើង​ចំពោះមុខ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ។


លោកស្រី ព្រំ ចន្ថា៖ «​ស្រុក​ខ្មែរ​វា​យូរ​មក​ហើយ​ព្រោះ​ប្រព័ន្ធ​ផ្នែក​ច្បាប់ ប្រព័ន្ធ​ផ្នែក​យុត្តិធម៌​ហ្នឹង​គឺ​គ្មាន​ដាច់ខាត​។ ប្រមុខ​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួងយុត្តិធម៌ ហើយនឹង​អឺ​ជាពិសេស​បើក​លំហ​ប្រជាធិបតេយ្យ ជាពិសេស​ដូចជា​លោក​ប្រធាន កឹម សុខា ពីមុន​មក​នៀក ដែល​សម្តេច​ប្រមុខ​គាត់​បាន​លើកលែង​រាល់​ការ​ចោទ​ឲ្យ​លោក កឹម សុខា បាន​ដើរ​គ្រប់ទិសទី​ឲ្យ​គាត់​បាន​ដើរ​មាន​សេរីភាព អញ្ចឹង​ចុះ​លោកគ្រូ រ៉ុង ឈុន តើ​គាត់​ទុក​គាត់​នៅ​ធ្វើ​អី​?អ៊ីចឹង​ឲ្យ​គាត់​មាន​សេរីភាព​ដូច​លោក កឹម​សុខា ដែរ​ទៅ ដើម្បី​ឲ្យ​គាត់​បាន​ដើរ បាន​អី​ដោយ​សេរី​ទៅ អញ្ចឹង​សូម​ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ​ក្នុង​បោះឆ្នោត​តាម​ដូច​ថា ប្រកួតប្រជែង​ដោយ​សន្តិវិធី ប្រកួតប្រជែង​ដោយ​ផ្លូវច្បាប់​ទៅ កុំ​ធ្វើ​អញ្ចឹង​ទៀត​វា​អត់ៗ​ត្រឹមត្រូវ​ចា៎​!»។

កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៦ លោក រ៉ុង ឈុន បាន​ដាក់​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឲ្យ​ពិនិត្យមើល និង​សើរើ​សំណុំរឿង​របស់​លោក​មក​ជំនុំ​ជំ​រះ​ជាថ្មី និង​ពិចារណា​ទម្លាក់​ចោល​ទាំងស្រុង​ការអនុវត្ត​វិធានការ​កម្រិត​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​បុគ្គល ស្របតាម​រដ្ឋធម្មនុញ្ញ និង​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ឲ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​ថា មន្ត្រី​ក្រសួង​យុត្តិធម៌​មិនបាន​យកចិត្តទុកដាក់​ចំពោះ​តួនាទី​របស់​ខ្លួន និង​ខកចិត្ត​ចំពោះ​ទង្វើ​បែបនេះ​។ លោក​បន្ត​ថា ក្រសួងយុត្តិធម៌​អនុវត្ត​កិច្ច​ការងារ​ហាក់​មាន​ភា​ព​យឺតយ៉ាវ ដោយសារ​រយៈពេល​១​ខែ​មក​ហើយ​ដែល​ក្រសួង​នេះ​មិនបាន​ឆ្លើយតប​ចំពោះ​សំណើរ​របស់​លោក​។ លោក​ថ្លែង​ថា រដ្ឋាភិបាល​គួរ​កែប្រែ​ឥរិយាបថ ដោយ​ពិចារណា​លើ​ការ​លើកឡើង​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លោក ថម អេនដ្រូ (Thomas Andrews) ចំពោះ​លំហ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​

លោក រ៉ុង ឈុន ថា ការប្រើប្រាស់​សិទ្ធិ​ក្នុង​សកម្មភាព​សង្គម នយោបាយ មិន​មាន​កំហុស​នោះទេ ឬ​ត្រូវ​ជាប់ពន្ធនាគារ​ឡើយ ហើយ​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ដែល​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​កាន់តែ​ខ្លាំង​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ស្តារ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ឡើងវិញ ដោយ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ដួច​ជា អ្នកនយោបាយ សង្គម​ស៊ីវិល ពលរដ្ឋ​ដីធ្លី អ្នកសារព័ត៌មាន និង​សហជីព​ជាដើម ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ ក្នុងពេលដែល​កម្ពុជា​រង​គ្រោះ​ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ។


លោក រ៉ុង ឈុន៖ «​មើល​រយៈពេល​ជាង​១​ខែ​វា​សម​ល្មម​នឹង​ការ​ឆ្លើយ​តប ទោះបី​ការសម្រេច​ដោះស្រាយ​បាន​ប៉ុនណា​អាហ្នឹង​វា​រឿង​មួយ​ដោយឡែក​ទៀត​។ ប៉ិន​យ៉ាងណា បែបបទ​រដ្ឋបាល​ត្រូវធ្វើ​ការ​ឆ្លើយ​តប​តាម​លិខិត​ឬមួយ​ក៏​ជូនដំណឹង​តាមរយៈ​ជម្រាប​តាម​ទូរស័ព្ទ​មកពី​ព្រោះ​ក៏​មាន​ដាក់​ទូរស័ព្ទ​ដាក់​អី​ដែរ​ផ្តល់​ថា ហ្អ​ក៎​លិខិត​របស់​លោក​ឥលូវ​ក្រសួង​កំពុងតែ​ពិនិត្យ​អញ្ចេះ​អញ្ចុះ​ទៅ អាហ្នឹង​ក៏​វា​ជា​រឿង​មួយ​ដែល​ល្អ​ប្រសើរ​ដែរ»។

កាលពី​ថ្ងៃទី​១៩ មិថុនា តុលាការ​កំពូល​សម្រេច​តម្កល់​សាលក្រម​តុលាការ​ជាន់​ទាប​ទុក​ជា​បាន​ការ​ដដែល ដោយ​កម្រិត​សិទ្ធិ​របស់​លោក រ៉ុង ឈុន ពោល​គឺ បន្ធូរ​បន្ថយទោស​ខ្លះ តែ​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ រួម​នឹង​ការ​ដកហូត​សិទ្ធិ​មិន​ឱ្យ​ថ្លែង​សារ​នយោបាយ និង​ការ​ផ្លាស់​ទីលំនៅ​ក្រៅ​រាជធានី​ភ្នំពេញ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មន​ស្ស អាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ក្រសួងយុត្តិធម៌​គួរ​អនុវត្ត​តាម​ឆន្ទៈ​របស់​ខ្លួន ដែល​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ពី​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុង​ការ​ពន្លឿន និង​ដោះស្រាយ​ជូន​ពលរដ្ឋ​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​របស់​តុលាការ​ទាំង​៣​ថ្នាក់​។ លោក​ថា ក្រសួង​យុត្តិធម៌​មិន​បាន​អនុវត្ត​ឲ្យ​បាន​សមស្រប​នៅឡើយ ហើយ​ករណី​លោក រ៉ុង ឈុន ជា​រឿង​នយោបាយ​ពិបាក​នឹង​ដោះស្រាយ។



លោក នី សុខា៖ «ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​មានការ​ដោះស្រាយ​សម្របសម្រួល​គ្នា​តាមផ្លូវ​នយោបាយ​រវាង​រាជរដ្ឋាភិបាល​និង​គណបក្សប្រឆាំង​ធ្វើ​យ៉ាងម៉េច​អឺ​រក​ផ្លូវ​ដោះស្រាយ​ស្រុះស្រួល​គ្នា​ក្នុង​កិច្ច​សម្របសម្រួល​ខាង​គោលនយោបាយ ដើម្បី​ឈាន​ទៅ​លើកលែង ឬក៏​ដោះស្រាយ​ធ្វើ​ម៉េច​ឲ្យ​លោក រ៉ុង ឈុន លោក មាន​សេរីភាព​ឡើងវិញ​នៅក្នុង​ការចូលរួម​នយោបាយ​ប្រកួតប្រជែង​នៅ​ក្នុង​ពេល​បោះឆ្នោត​ខាងមុខ ដើម្បី​ធ្វើ​យ៉ាងណា​ឈាន​ទៅ​បង្ហាញ​ទៅដល់​មតិ​ជាតិ អន្តរជាតិ​អំពី​ដំណើរការ​នៃ​ការបោះឆ្នោត​ខាងមុខ​អំពី​ស្ថានភាព​អឺ​ល្អ​ប្រសើរ​នៃ​អឺ​ការបោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ផង​ដែរ»។

កន្លងមក​ករណី​លោក រ៉ុង ឈុន នេះ អង្គការ​អន្តរជាតិ រួម​ទាំង​អង្គការ​អប់រំ​អន្តរជាតិ (Education International ) ដែល​តំណាង​ឱ្យ​ស្ថាប័ន​មកពី​ប្រទេស​ជិត​២០០​នៅ​ជុំវិញ​ពិភពលោក ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់​ចំពោះ​តុលាការ​កំពូល ដែល​បាន​ផ្ដន្ទាទោស និង​ដកហូត​សិទ្ធិ​នយោបាយ​របស់​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ជា​អតីត​មេដឹកនាំ​សហជីព​រូប​នេះ។

អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ បាន​មានប្រសាសន៍ថា បេសកកម្ម​លើកដំបូង​របស់​លោក​នៅ​កម្ពុជា បាន​បន្សល់ទុក​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​នៅ​តាម​ព្រំដែន​ជាមួយ​ថៃ អ្នក​ដែល​រងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស និង​អ្នក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពួកគេ។

ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​រយៈពេល ១១​ថ្ងៃ របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​តិ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​៣១ ខែកក្កដា លោក ថម អេនដ្រូ បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក​បាន​ជំរុញ​ឱ្យ​កម្ពុជា​បើកទូលាយ​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​ធានា​ការគោរព​សិទ្ធិ​នយោបាយ ខណៈ​ប្រទេស​កំពុង​ឈាន​ទៅ​រក​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​២០២៨។

លោក រ៉ុង ឈុន គ្រោង ជួបជុំ​បើក​វេទិកាសាធារណៈ ដើម្បី​ទទូច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ឲ្យ​បាន​ពេញលេញ​ឡើងវិញ និង​បន្ត​នីតិវិធី​ទៅតាម​ស្ថាប័ន​នានា​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ