

គណបក្សកម្លាំងជាតិ គ្រោងដាក់ញត្តិទៅព្រះមហាក្សត្រ នៅថ្ងៃទី១៧ កក្កដា ខាងមុខនេះ ដើម្បីស្នើព្រះអង្គឲ្យជួយអន្តរាគមន៍ករណីលោក រ៉ុង ឈុន។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា នេះគឺជាការប្រើប្រាស់សិទ្ធិរបស់គណបក្សនយោបាយនីមួយៗដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើសុំកិច្ចអន្តរាគមន៍ នៅពេលពួកគាត់យល់ថា មិនទាន់បានទទួលយុត្តិធម៌។
មន្ត្រីគណបក្សកម្លាំងជាតិ អះអាងថា គម្រោងដាក់ញត្តិទៅព្រះមហាក្សត្រស្នើសុំកិច្ចអន្តរាគមន៍ករណីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នាពេលខាងមុខនេះ គឺដើម្បីឲ្យព្រះអង្គផ្តល់យុត្តិធម៌ និងលើកលែងទោសឲ្យលោក រ៉ុង ឈុន ដើម្បីធានាដល់សិទ្ធិរបស់ពលរដ្ឋ សិទ្ធិនយោបាយ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិលោក សុខ គឹមសេង ថ្លែងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃនេះថា ការស្នើសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រននេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោកបន្តថា ការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបាន គឺពលរដ្ឋ និងគណបក្សនយោបាយទាំងអស់ត្រូវមានឱកាស និងសិទ្ធិសេរីភាពក្នុងចូលរួមការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។
លោក សុខ គឹមសេង អះអាងទៀតថា ការចាប់ខ្លួនសកម្មជននយោបាយ ការគំរាមកំហែង រឹតត្បិតតាមរូបភាពផ្សេងៗ ជាពិសេសសកម្មជន ថ្នាក់ដឹកនាំ គណបក្សកម្លាំងជាតិ មិនបានបង្ហាញអំពីបរិយាកាសល្អ ក្នុងបោះឆ្នោតនាពេលខាងមុខដែលប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវនោះទេ។ លោកថា តុលាការមិនបានផ្តល់យុត្តិធម៌ ដល់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិឡើយ ហើយតុលាការអនុវត្តច្បាប់មានស្តង់ដារពីរ ដែលមិនសមហេតុផលមកលើគណបក្សកម្លាំងជាតិ។
លោក សុខ គឹមសេង៖ «យើងមានតែអង្គព្រះមហាក្សត្រទេដែលលោកជាបិតានៃការបង្រួបបង្រួមជាតិ ការឯកភាពជាតិដែលយើងគិតថា អាចជួយផ្តល់នូវភាពយុត្តិធម៌ ជាពិសេសគឺថា អាចមានការលើកលែងទោសៗនូវសេចក្តីសម្រេចរបស់តុលាការកំពូល។ ជួនកាលករណីមួយចំនួនដូចជាមិនសមហេតុសមផលក៏ត្រូវបានគេដាក់សម្ពាធឬក៏ឈានរហូតទៅដល់ការជាប់ពន្ធនាគារដែរ។ អាហ្នឹងហើយគឺជាចំនុចមួយដែលៗជាចំនុចអវិជ្ជមានហើយយើងកំពុងតែមានការបារម្ភ។ ប៉ុន្តែកន្លងមកពាក់ព័ន្ធជាមួយនឹងករណីដែលកកើតចំសកម្មជនឬក៏ថ្នាក់ដឹកនាំក្រៅរដ្ឋាភិបាលយើងកម្រឃើញណាស់ការរួចខ្លួនក្នុងការអនុវត្តទោស»។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិរួបនេះ បញ្ជាក់ថា សកម្មជនគណបក្សកម្លាំងជាតិ ១៨រូបហើយដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និង៤រូបបានអនុវត្តច្បាប់រួចរាល់ និងត្រូវបានដោះលែង។
កាលពីថ្ងៃទី០១ ខែកក្កដា កន្លងទៅនេះ លោក រ៉ុង ឈុន បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ ដើម្បីស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ពិនិត្យមើល និងសើរើសំណុំរឿងរបស់លោកមកជំនុំជំរះជាថ្មីដោយសារលោក យល់ថា ស្ថាប័នតុលាការមិនបានផ្តល់យុត្តិធម៌ឲ្យលោកឡើយ។ ក្រសួងយុត្តិធម៌ បានទទូលញត្តិរបស់លោក រ៉ុង ឈុន ប៉ុន្តែរហូតមកដល់ពេលនេះ ក្រសួងមិនទាន់ឆ្លើយតបអ្វីនោះឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ពលរដ្ឋ និងគណបក្សនយោបាយ មានសិទ្ធិអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ ឬចូលរួមក្នុងសកម្មភាពសង្គម នយោបាយ ដោយមិនត្រូវបានរំលោភបំពានពីនរណាម្នាក់ឡើយ។ លោកយល់ថា ការរិះគន់របស់ពលរដ្ឋ ឬសកម្មជននយោបាយ ក្នុងន័យស្ថាបនាកែលម្អទៅលើស្ថាប័នណាមួយដែលពួកគេយល់ថា អនុវត្តមិនបានត្រឹមត្រូវ គឺជាសិទ្ធិរបស់ពួកគាត់ ហើយរដ្ឋមានតួនាទីក្នុងការគោរព ការពារ និងបំពេញបន្ថែម ដើម្បីឲ្យពលរដ្ឋអនុវត្តសិទ្ធិបានពេញលេញ។
លោក អំ សំអាត៖ «ខ្ញុំយល់ឃើញថា អញ្ចេះទេ!វាជាសិទ្ធ និងសេរីភាពរបស់អឺគណបក្សនយោបាយនីមួយៗ ឬក៏បុគ្គលនីមួយៗ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ដូចជាបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្សដែលកម្ពុជាបានទទួលស្គាល់ ហើយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះប្រជាពលរដ្ឋមានសិទ្ធក្នុងការប្រព្រឹត្ត និងអនុវត្តតាមកាតព្វកិច្ចនិងសិទ្ធដែលធានាដោយច្បាប់ អ៊ីចឹងនៅពេលដែលពលរដ្ឋណាមួយត្រូវបានដកហូតសិទ្ធនយោបាយ ឬក៏សិទ្ធបោះឆ្នោត សិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោត វាហាក់បីដូចជាផ្ទុយជាមួយនឹងអឺរដ្ឋធម្មនុញ្ញ»។
កាលពីថ្ងៃទី១៩ ខែមិថុនា តុលាការកំពូលបានសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ (ព្យួរ) ហាមមិនឲ្យចាកចេញពីរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ មិនឲ្យថ្លែងសារនយោបាយ ឬបង្ហាញមុខនៅវេទិកាទីសាធារណៈ និងដកសិទ្ធមិនឲ្យឈរឈ្មោះបោះឆ្នោតជាដើម។
អង្គការអន្តរជាតិ រួមទាំងអង្គការអប់រំអន្តរជាតិ (Education International ) ដែលតំណាងឱ្យប្រទេសជិត២០០នៅជុំវិញពិភពលោក ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ចំពោះតុលាការកំពូល ដែលបានផ្ដន្ទាទោស និងដកហូតសិទ្ធិនយោបាយរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតមេដឹកនាំសហជីព លោក រ៉ុង ឈុន ផងដែរ។ អង្គការអប់រំមួយនេះបាន អំពាវនាវឱ្យរដ្ឋាភិបាលដកចេញការរឹតត្បិតសិទ្ធិសេរីភាព ទាំងអស់មកលើ លោក រ៉ុង ឈុន ដើម្បីបើកផ្លូវឱ្យលោកអាចអនុវត្តបានពេញលេញនូវសិទ្ធិនយោបាយ និងពលរដ្ឋធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕









