

គណបក្សកម្លាំងជាតិព្រួយបារម្ភយ៉ាងខ្លាំងពីការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ក្រោយអាជ្ញាធរបានចាប់ខ្លួនសកម្មជនគាំទ្រគណបក្ស ខេត្តស្វាយរៀង១រូប កាលពីថ្ងៃទី១១ កក្កដា។ មន្ត្រីគណបក្សជំទាស់ និងមន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរបើកលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដើម្បីបញ្ចៀសការរិះគន់ពីអន្តរជាតិ។
មន្ត្រីគណបក្សកម្លាំងជាតិបារម្ភថា ការអនុវត្តច្បាប់របស់រដ្ឋាភិបាល និងតុលាការ មិនឈរលើស្មារតីនៃច្បាប់ គាបសង្កត់ គំរាមកំហែង និងរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងអ្នកនយោបាយ ដូចជាការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយ ក្រោយអាជ្ញាធរបន្តចាប់ខ្លួនសកម្មជនគណបក្សជំទាស់ជាបន្តបន្ទាប់។
ការលើកឡើងនេះ គឺក្រោយពេលដែលអាជ្ញាធរ និងមន្ត្រីនគរបាលខេត្តស្វាយរៀង បានចាប់ខ្លួនសកម្មជនអ្នកគាំទ្រគណបក្សកម្លាំងជាតិមួយរូប គឺលោក នុន ធីតា នៅឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ អាជ្ញាធរបានចាប់ខ្លួនលោក ទៅសាកសួរនាំពីដំណើររឿងបទចោទ ករណីលោក នុន ធីតា ទៅចូលរួមលើកស្លាករបស់គណបក្សកម្លាំងជាតិ នៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក កន្លងទៅ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិចុះថ្ងៃទី១៤កក្កដា។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិលោក សុខ គឹមសេង អះអាងថា ការចាប់ខ្លួនសកម្មជនរូបនេះ គឺដោយសារលោកពាក់អាវដែលស្រដៀងនឹងឯកសណ្ឋានរបស់មន្ត្រីនគរបាល ហើយទៅលើកស្លាកគណបក្សជំទាស់ ប៉ុន្តែអាវនោះមិនមានជាប់ស្លាកសញ្ញារបស់មន្ត្រីនគរបាល ឬអាជ្ញាធរនោះឡើយ។ លោកថា ការបន្តចាប់ខ្លួន មន្ត្រីគណបក្សជំទាស់បែបនេះ គឺបង្ហាញយ៉ាងច្បាស់ថា តុលាការ និងអាជ្ញាធរអនុវត្តច្បាប់មិនយុត្តិធម៌ រើសអើង និងមានស្តង់ដារ២។ លោកឲ្យដឹងទៀតថា លោក នុន ធីតា គឺជាសកម្មជនសកម្មមួយរូបដែលតែងតែចូលរួមគ្រប់សកម្មភាពនៅមូលដ្ឋាន។
លោក សុខ គឹមសេង ថា ការបន្តធ្វើទុក្ខបុកម្នេញមកលើសកម្មជនបក្សក្រៅរដ្ឋាភិបាលពីសំណាក់រដ្ឋាភិបាលបែបនេះ គឺហាក់មិនបង្ហាញពីតម្លាភាព និងភាពយុត្តិធម៌ ត្រឹមត្រូវ ដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខនេះឡើយ។
លោក សុខ គឹមសេង៖ «ពេលឥឡូវត្រូវតែមានការបើកទូលាយនៅក្នុងការចូលរួមនៅក្នុងសកម្មភាព។ ហើយឥឡូវយើងទូលាយយ៉ាងម៉េចបើរាល់ពេលដែលសកម្មភាពនយោបាយផ្សេងៗរបស់គណបក្សអឺក្រៅរដ្ឋាភិបាលតែងតែរងការគំរាមកំហែង តែងតែរងសម្ពាធបែបហ្នឹងអញ្ចឹងអឺខ្ញុំយល់ថា វាពិបាកនៅក្នុងការបង្ហាញទៅមតិជាតិ អន្តរជាតិថា ការរៀបចំអឺការបោះឆ្នោតយើងទៅថ្ងៃខាងមុខវាមានអឺសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយក៏មិនបានបង្ហាញអំពីគោលការនៃអឺលទ្ធិប្រជាធិបតេយ្យអឺពេញលេញអឺនៅក្នុងប្រទេសកម្ពុជា»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងមន្ត្រីអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីសួរនាំពីករណីនេះបានទេនៅថ្ងៃទី១៦ កក្កដា ដោយទូរស័ព្ទចូលប៉ុន្តែពុំមានអ្នកទទួល។
មន្ត្រីគណបក្សកម្លាំងជាតិ បញ្ជាក់ថា សកម្មជនគណបក្សកម្លាំងជាតិចំនួន ១៨រូបហើយ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និង៤រូបបានអនុវត្តច្បាប់រួចរាល់ និងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរនិងតុលាការ គួរពិនិត្យមើលឲ្យបានច្បាស់ លើករណីឯកសណ្ឋានរបស់សកម្មជនរូបនោះ ថា ពិតជាឯកសណ្ឋានរបស់យោធា ឬមិនមែន មុនធ្វើការឃុំខ្លួន និងចោទប្រកាន់ សកម្មជនបក្សជំទាស់ ដើម្បីជៀសវាងការភ័ន្តច្រឡំ និងការរិះគន់ពីប្រជាពលរដ្ឋ និងអន្តរជាតិ។
លោក អំ សំអាត៖ «យើងជាអង្គការសង្គមស៊ីវិលអ្វីដែលយើងចង់ឃើញហ្នឹងគឺយើងចង់ឃើញបរិយាកាសនៃការបោះឆ្នោតហ្នឹងវាបរិយាកាសនយោបាយល្អ ការបោះឆ្នោតខាងមុខប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឲ្យស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសយើងជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ អញ្ចឹងកន្លងមកគឺយើងបានឃើញហើយការចាប់ខ្លួនទៅលើសកម្មជនគណបក្សនយោបាយជាបន្តបន្ទាប់វានាំឲ្យមានការរិះគន់ពីសាធារណមតិជាតិ សហគមន៍អន្តរជាតិទៅលើស្ថានភាពអឺនយោបាយហ្នឹងវា ហាក់បីដូចជាមានភាពអាប់អួរ ឬក៏លំហសេរីភាពនយោបាយហ្នឹងវារួមតូច»។
មន្ត្រីការពារសិទ្ធិមនុស្ស បញ្ជាក់ថា បច្ចុប្បន្ន តុលាការ បានបង្គាប់ឲ្យឃុំខ្លួន លោក នុន ធីតា សកម្មជនគាំទ្រគណបក្សកម្លាំងជាតិរូបនេះ បណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង។
លោក អំ សំអាត ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា នេះ ចំនួនអ្នកជាប់ឃុំបានកើនដល់ជាង១៣០នាក់ហើយ រួមមានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាដើម ដោយសារពួកគាត់ បានប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ និងហ៊ានរិះគន់រដ្ឋាភិបាល លើបណ្ដាញសង្គម។
គណបក្សកម្លាំងជាតិ ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃ និងត្រូវធ្វើការផ្សះផ្សា បង្រួបបង្រួមជាតិ ដើម្បីឈានទៅការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ ដើម្បីទប់ទល់ការឈ្លានរបស់ថៃ។ គណបក្សកម្លាំងជាតិក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឲ្យបញ្ឈប់ការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនគណបក្សប្រឆាំងដែលបានប្រើសិទ្ធិរបស់ខ្លួនចូលរួមក្នុងសកម្មភាពនយោបាយ និងទាមទារឲ្យដោះលែងលោក នុន ធីតា ព្រមទាំងអ្នកជាប់ឃុំនយោបាយទាំងអស់ ឲ្យមានសេរីភាពឡើងវិញ ដើម្បីធានាដល់បរិយាកាសនយោបាយល្អ ក្នុងការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខ៕









