អ្នកឃ្លាំមើល​ថា កិច្ចព្រមព្រៀង​យោធា​កម្ពុជា-តួកគី ជាឱកាសពង្រឹងវិស័យ​ការពារ​ជាតិ តែ​កម្ពុជា​ត្រូវមានតម្លាភាព

0
143
លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត (ឆ្វេង) ជួបប្រធានាធិបតីតួកគីយ៉េលោក រ៉េជិប តៃយីប អឺដូអាន (Recep Tayyip Erdoğan) ក្នុងពេលដែលទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត (ឆ្វេង) ជួបប្រធានាធិបតីតួកគីយ៉េលោក រ៉េជិប តៃយីប អឺដូអាន (Recep Tayyip Erdoğan) ក្នុងពេលដែលទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកជំនាញភូមិសាស្ត្រនយោបាយលើកឡើងថា កិច្ចព្រមព្រៀងយោធារវាងកម្ពុជា-តួកគីយ៉េ ឬតួកគី (Türkiye) ជាឱកាសទាញឱ្យកម្ពុជាងាកចេញពីការពឹងផ្អែកលើ​កិច្ចសហប្រតិបត្តិការយោធា​របស់ចិនកុម្មុយនិស្ត​តែម្ខាង។ អ្នកជំនាញ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ទោះបីជាកម្ពុជា​មានដៃគូជាមួយប្រទេសមានសព្វាវុធទំនើប និងកម្លាំងយោធាធំ ក៏វិស័យការពារជាតិកម្ពុជា​ពិបាក​រីកចម្រើនទៅមុខ ដោយសារតែប្រព័ន្ធដឹកនាំបែបគ្រួសារបក្ខពួកនិយម និងអំពើ​ពុករលួយ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីកម្ពុជា និងតួកគីយ៉េបានចុះកិច្ចព្រមព្រៀងចំនួន ៣ចំណុច ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ។

អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធារវាងកម្ពុជា និងតួកគីយ៉េ (Türkiye) ថ្មីៗនេះគឺជាការ​ពង្រីកជម្រើសឱ្យកម្ពុជាពង្រីកដៃគូការពារជាតិ កាត់បន្ថយការពឹងផ្អែកលើប្រទេសកុម្មុយនិស្ត​តែមួយ និងបង្កើនឱកាសទទួលបានការបណ្ដុះបណ្ដាល ជំនាញយុទ្ធវិធីសម្រាប់កងទ័ព និង​បច្ចេកវិទ្យាយោធាថ្មីៗ។

ទោះជាយ៉ាងណា លោកថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនគួររំពឹងថា តាមរយៈ​កិច្ច​ព្រមព្រៀងនេះតួកគីយ៉េនឹងផ្ដល់អាវុធ ឬផ្ទេរបច្ចេកវិទ្យាដល់កម្ពុជាដោយស្វ័យប្រវត្តិនោះទេ។ លោក សេង វណ្ណលី បន្ថែមថា ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនេះ អាស្រ័យលើការ​អនុវត្ត​ជាក់ស្ដែងក្នុងការហ្វឹកហ្វឺន វិន័យ ប្រព័ន្ធបញ្ជាការ ថវិកា និងសមត្ថភាពថែទាំសម្ភារៈយោធា។

សំខាន់ជាងនេះ លោក សេង វណ្ណលី សង្កត់ធ្ងន់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែ​ធានា​តម្លាភាពក្នុងការចំណាយ និងការទិញសព្វាវុធ ព្រមទាំងបង្កើតប្រព័ន្ធត្រួតពិនិត្យ ដើម្បីទប់ស្កាត់ អំពើពុករលួយ និងធានាថា រាល់ថវិកាជាតិដែលទទួលបានពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ត្រូវ បម្រើដល់ការពង្រឹងសមត្ថភាពកងទ័ពពិតប្រាកដ។ ជាមួយគ្នានេះ លោកព្រមានថា ការទិញ សព្វាវុធ​ពីបណ្ដាប្រទេសច្រើនដោយគ្មានផែនការច្បាស់លាស់ ក៏អាចបង្កើនការចំណាយថែទាំ និងបង្កការលំបាកក្នុងការប្រើប្រាស់រួមគ្នាផងដែរ។

លោក សេង វណ្ណលី៖ «ចំណុចសំខាន់មួយទៀត ការរក្សាភាពម្ចាស់ការលើការសម្រេចចិត្ត​ឯករាជ្យ និងឈរលើផលប្រយោជន៍ជាតិជាធំ។ ទន្ទឹមនេះ កងទ័ពត្រូវបន្តបំពេញក្របខ័ណ្ឌនូវ​តួនាទី​បម្រើជាតិ និងប្រជាពលរដ្ឋទាំងមូល ដោយជៀសវាងការបម្រើ​ផលប្រយោជន៍​របស់​គណបក្សកាន់អំណាច និងក្រុមគ្រួសារដែលមានអំណាចណាមួយឡើយ។ ការកសាង​សមត្ថភាព​ការពារជាតិ ត្រូវតែដើរទន្ទឹមគ្នានឹងការកសាងទំនាក់ទំនងការទូត ដែលស្មើភាព​ជាមួយ​គ្រប់ភាគីពាក់ព័ន្ធទាំងអស់»។

កម្ពុជា និងតួកគីយ៉េថ្មីៗនេះបានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការយោធារួមគ្នា ៣ចំណុច ខណៈប្រធានាធិបតីតួកគីយ៉េបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការការពារ​ជាតិ និងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១ពាន់លានដុល្លារ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងយោធាទាំងនេះរួមមានជាអាទិ៍ដូចជា ការបណ្ដុះបណ្ដាល និងការ​ហ្វឹកហ្វឺនយោធា ដែលសំដៅដល់ការជំរុញការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍​រវាងកងទ័ពនៃប្រទេសទាំងពីរ ការផ្លាស់ប្ដូរយុទ្ធវិធីយោធា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ​ឧស្សាហកម្ម​ការពារជាតិ។

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីតួកគីយ៉េលោក រ៉េជិប តៃយីប អឺដូអាន (Recep Tayyip Erdoğan) ក្នុងពេលដែលទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េកាលពីថ្ងៃទី១៦ ខែតុលា។

រដ្ឋាភិបាល លោក ម៉ាណែត ចាត់ទុកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា​ជាមួយ​តួកគីយ៉េថា ជាជំហានថ្មីមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិទ្វេភាគី។

សារព័ត៌មានតួកគីយ៉េ ហ៊ុយរីយ៉ែត ដេលី ញូស៍ (Hürriyet Daily News) រាយការណ៍ថា ប្រធានាធិបតីតួកគីយ៉េស្វាគមន៍ចំពោះចំណាប់អារម្មណ៍រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លើផលិតផលសព្វាវុធការពារជាតិរបស់តួកគីយ៉េ។

អ្នកជំនាញភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី យល់ថា ជោគជ័យនៃកិច្ចព្រមព្រៀង​យោធា​កម្ពុជា-តួកគីយ៉េ កម្ពុជាគួរវាស់វែងតាមសមត្ថភាព និងការត្រៀមខ្លួនជាក់ស្ដែងរបស់​កងទ័ព​មិនមែនត្រឹមតែការចុះហត្ថលេខាលើក្រដាសនោះទេ។ លោកថា កម្ពុជាក៏មិនគួររំពឹងថា ដៃគូកិច្ចសហប្រតិបត្តិការយោធាថ្មីនឹងចូលមកដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជាជាមួយថៃ​ជំនួសខ្លួនឡើយ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសតួកគីយ៉េឱ្យដឹងថា ក្រៅពី ការចុះកិច្ចព្រមព្រៀងលើ​កិច្ចសហប្រតិបត្តិការយោធា មេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សា​លើកិច្ចសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិស័យថាមពល ឧស្សាហកម្ម និងបច្ចេកវិទ្យា វិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្រៅពីនេះ ក៏មានវិស័យទេសចរណ៍ វប្បធម៌ និងការ​តភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជំនួយអភិវឌ្ឍន៍ និងគម្រោងសង្គម និង​កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

តួកគីយ៉េគឺជាប្រទេសសមាជិកអង្គការណាតូ (NATO) ហើយក៏ជាប្រទេសដែលមានកម្លាំង​យោធា​ខ្លាំង និងរីកចម្រើនផ្នែកឧស្សាហកម្មផលិតសព្វាវុធមួយនៅអឺរ៉ុប។ ប្រទេសតួកគីយ៉េមិនត្រឹមតែទិញអាវុធពីបរទេស ឬពីសមាជិកនៃអង្គការណាតូនោះទេ ប៉ុន្តែក៏អាចផលិតសព្វាវុធជាច្រើនដោយខ្លួនឯងដូចជា យន្តហោះគ្មានមនុស្សបើក រ៉ាដាប្រព័ន្ធទំនាក់ទំនងកងកម្លាំងយោធា មីស៊ីល និងប្រព័ន្ធរ៉ុកកែត (Rocket) បាញ់ចម្ងាយឆ្ងាយ យន្តហោះចម្បាំង និងបច្ចេកវិទ្យាអាកាសចរណ៍ជាដើម។

ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា កិច្ចព្រមព្រៀងយោធារវាងកម្ពុជា និងតួកគីយ៉េ ត្រឹមជាការបង្ហាញរូបភាពតែសំបក​ក្រៅតែប៉ុណ្ណោះ។ លោកបន្ថែមថា រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន គ្មានសមត្ថភាព និងយុទ្ធសាស្ត្រសម្រាប់ពង្រឹងវិស័យការពារជាតិ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានកម្ពុជាឡើយ ហើយរូបភាពនៃកិច្ចសហប្រតិបត្តិការយោធាចុងក្រោយជាមួយតួកគីយ៉េលោកថា គ្រាន់តែ​ជាលេស​សម្រាប់លោក ហ៊ុន ម៉ាណែត យកមកបោកប្រាស់ពលរដ្ឋខ្មែរថា ខ្លួនប្រឹងប្រែង​ពង្រីកសក្ដានុពលវិស័យយោធាតែប៉ុណ្ណោះ។

លោក គឹម សុខ៖ «បើទោះបីជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រឹងបង្ហាញថា ខ្លួនចុះកិច្ចព្រម​ព្រៀង​ក្នុងវិស័យយោធាជាមួយតួកគីយ៉េក៏ដោយ ប៉ុន្តែតើកិច្ចសហប្រតិបត្តិការនេះអាចពង្រឹង​នូវកម្លាំងវិស័យការពារជាតិកម្ពុជាបានទេ? នៅក្នុងពេលដែលក្រសួងការពារជាតិពោរពេញទៅ​ដោយអំពើពុករលួយនៃក្រុមគ្រួសារត្រកូល ហ៊ុន និងក្រុមគ្រួសារលោក ទៀ បាញ់ នេះមួយ ហើយមួយវិញទៀត ទំនើបកម្មយោធារបស់កម្ពុជាប្រមាណ ៤០ ឆ្នាំ ក្រោមការដឹកនាំ​របស់​រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ដើរមិនរួចផងហ្នឹង»។

លោក គឹម សុខ បន្ថែមទៀតថា កម្ពុជាអាចទទួលបានផលប្រយោជន៍ជាដុំកំភួន​ពីកិច្ចព្រមព្រៀង​យោធាជាមួយប្រទេសតួកគីយ៉េ លុះត្រាតែកម្ពុជាមានមេដឹកនាំ​អាចសហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​បណ្ដាប្រទេសប្រជាធិបតេយ្យ ដឹកនាំប្រទេសផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំង​ការគោរពសិទ្ធិមនុស្ស។

សង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា កាលពីឆ្នាំ២០២៥ បានលាតត្រដាងពីភាព​ទន់ខ្សោយនៃប្រព័ន្ធដឹកនាំកម្ពុជាដឹកនាំដោយរដ្ឋាភិបាលឪកូនគឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អស់រយៈពេលជាង ៤០ឆ្នាំ ជាពិសេសក្នុងវិស័យយោធា។ ភាពទន់ខ្សោយនេះ​ក៏ត្រូវបានលោក ហ៊ុន សែន ប្រកាសទទួលស្គាល់ជាសាធារណៈផងដែរ។ ទោះជាយ៉ាងណា នៅពេលពលរដ្ឋរិះគន់ពីសមត្ថភាពការពារទឹកដី និងការបាត់បង់ទឹកដីក្រោមស្នាដៃ​ដឹកនាំ​របស់​លោក និងលោក ហ៊ុន ម៉ាណែត លោកទាំងពីរបែរជាចាប់ពលរដ្ឋដាក់ពន្ធនាគារទៅវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ