អ្នកឃ្លាំមើល​ព្រមាន​ពី​ហានិភ័យ​បណ្ដាញ​ឆបោក​អនឡាញ​បន្ទាប់ពី​កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​២​ក្នុង​សន្ទស្សន៍​ឧក្រិដ្ឋកម្ម​​នៅ​អាស៊ាន

0
48
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​សង្គម​ព្រមាន​ថា ការ​រីក​រាលដាល​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​នៅ​អាស៊ីអាគ្នេយ៍ កំពុង​បង្ក​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ចំពោះ​សន្តិសុខ សេដ្ឋកិច្ច និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​។ ការ​អះអាង​នេះ​បន្ទាប់ពី​ទិន្នន័យ​របស់​បណ្ដាញ​មូលដ្ឋាន​ទិន្នន័យ​កម្រិត​ពិភពលោក​ឈ្មោះ ណាំប៊ីអូ (Numbeo) បង្ហាញថា ប្រទេស​កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​២​ក្នុង​តំបន់​អាស៊ាន ដែល​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម​ច្រើន ខណៈ​ប្រទេស​ភូមា ឈរ​នៅ​លំដាប់​កំពូល។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការដែល​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​អវិជ្ជមាន​បែបនេះ​ក្នុង​តំបន់ មិន​ត្រឹមតែ​ជា​ការ​បំផ្លាញ​កិត្តិយស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ វា​ថែមទាំង​កំពុង​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​និង​សង្គម​ទាំងមូល​។ លោក​ថា ទំនុកចិត្ត​របស់​អ្នកវិនិយោគទុន​បរទេស​ដែល​មាន​បំណង​បោះទុន​នៅ​កម្ពុជា​ត្រូវ​ថយ​ចុះ​ដោយសារ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ អំពើពុករលួយ និង​សមត្ថភាព​នៃ​ការអនុវត្ត​ច្បាប់​ដ៏​ទន់ខ្សោយ។

លោក សេង វណ្ណលី បន្ថែម​ទៀត​ថា វិស័យ​ទេសចរណ៍​ដែល​ជា​សសរទ្រូង​សេដ្ឋកិច្ច​មួយ ក៏​កំពុង​រងគ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដោយសារ​រូបភាព​អាក្រក់​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ចាប់​ជម្រិត និង​បណ្តាញ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មានការ​រអា និង​ជៀសវាង​មក​កម្ពុជា​។ បន្ថែម​ពី​នេះ ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ត្រូវ​ប្រឈមមុខ​នឹង​ការ​មើលងាយ និង​ការ​រឹត​បន្តឹង​ទិ​ដ្ឋ​ការ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ខណៈ​ដែល​ការ​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​ក្នុងស្រុក​ត្រូវ​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ រូបនេះ លើកឡើង​ថា ដើម្បី​ស្ដារ​មុខមាត់ និង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវតែ​បោះបង់ចោល​នូវ​រូបភាព​បង្ក្រាប​បែប​ល្ខោន ឬ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​តម្រូវ​ចិត្ត​អន្តរជាតិ​មួយ​គ្រាៗ​។ លោ​កថា​អ្វី​ដែល​ត្រូវធ្វើ​ជាបន្ទាន់​គឺ​ការ​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម និង​សំបុក​ឆបោក​អន​ឡាញ​ឲ្យ​អស់ពី​ឫសគល់ ដោយ​មិន​ត្រូវ​លើកលែង ឬ​ការពារ​ជនល្មើស​ដែល​មាន​ខ្នងបង្អែក ឬ​អំណាច​នោះ​ឡើយ។

ការ​អះអាង​នេះ​បន្ទាប់ពី គេហទំព័រ​អន្តរជាតិ​ឈ្មោះ ណាំប៊ីអូ (Numbeo) បង្ហាញ​ទិន្នន័យ​បច្ចុប្បន្នភាព សម្រាប់​សន្ទស្សន៍​ឧក្រិដ្ឋកម្ម​ច្រើន​នៅ​អាស៊ីអាគ្នេយ៍​ពាក់កណ្តាល​ឆ្នាំ​២០២៦ លើកឡើង​ថា ប្រទេស​កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​២​ក្នុង​តំបន់​អាស៊ាន ដែល​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម​ច្រើន ជាមួយនឹង​សន្ទស្សន៍ ៤៨.៨ ខណៈ​ប្រទេស​ភូមា ឈរ​នៅ​លំដាប់​កំពូល។

ទោះជា​យ៉ាងណា Numbeo បញ្ជាក់​ថា សន្ទស្សន៍​របស់​ខ្លួន​ផ្អែកលើ​ទិន្នន័យ និង​ការយល់ឃើញ​របស់​អ្នកចូលរួម​នៅ​លើ​វេទិកា​របស់​ខ្លួន ហើយ​មិនមែន​ជា​ស្ថិតិ​ឧក្រិដ្ឋកម្ម​ផ្លូវការ​របស់​រដ្ឋាភិបាល​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​និយាយ​ថា លោក​មានការ​សង្ស័យ​ចំពោះ​ប្រសិទ្ធភាព​នៃ​ការកែទម្រង់ និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ធ្ងន់ធ្ងរ​។ លោក​ថា អំពើពុករលួយ និង​ភាព​ទន់ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់​បាន​ធ្វើ​ឱ្យ​ជនល្មើស​មួយចំនួន​មាន​អារម្មណ៍​ថា ពួកគេ​អាច​ប្រព្រឹត្ត​បទល្មើស​ដោយ​មិន​ខ្លាច​ការ​ផ្ដន្ទាទោស។​

លោក​ក៏បាន​អះអាង​ថា បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​អាច​ធ្វើ​ឱ្យ​ប្រទេស​ក្លាយជា​គោលដៅ​សម្រាប់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

លោក ស៊ឹង សែនករុណា៖ «​អញ្ចឹង​យើង​មិន​សង្ឃឹមថា ការ​ចេញ​របាយការណ៍​រឿយៗ​ជា​បន្តបន្ទាប់ នៅក្នុង​របាយការណ៍​ដែល​លំដាប់​លេខ​រៀង​ទី​២​នេះ ក៏​ដូច្នេះ​ដែរ​។ ក៏​កម្ពុជា​នៅតែ​មិន​ទទួលស្គាល់ មិន​ទទួល​យក​តែ​ប៉ុណ្ណឹង​។ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្តែង ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន គឺ​កំពុងតែ​ធ្លាក់​ក្នុង​សភាព​ប្រទេស​មួយ​ដែល​គួរ​ឱ្យ​ខ្លាច​។ អញ្ចឹង​វា​ជា​បញ្ហា​មួយ​ដែល​គេ​ត្រូវការ​ចាំបាច់​ឱ្យ​មាន​ការ​កែប្រែ ហើយ​ធ្វើការ​កែ​លម្អ»។

ចំណែក អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា មេ​បណ្តាញ​ឆបោក​អន​ឡាញ​ជាច្រើន​មាន​ដើមកំណើត​ពី​ប្រទេស​ចិន ហើយ​បណ្តាញ​ទាំងនេះ​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍​។ លោក​ថា ការ​រីក​រាលដាល​នេះ​ដោយសារ អំពើពុករលួយ និង​បក្ខពួក​និយម​។ លោក ថា ការ​បង្ក្រាប​សកម្មភាព​ឆបោក​អនឡាញ​នៅក្នុង​ប្រទេស​ចិន​នៅ​អំឡុង​ឆ្នាំ​២០១៣-២០១៥ បាន​ជំរុញ​ឱ្យ​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​មួយចំនួន​ផ្លាស់​ទី​មូលដ្ឋាន​ប្រតិបត្តិការ​របស់​ពួកគេ​ទៅកាន់​ប្រទេស​នានា​នៅ​អាស៊ីអាគ្នេយ៍។

លោក គឹម សុខ៖ «ក៏ប៉ុន្តែ​មូលហេតុ​សំខាន់​ដែល​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នៅ​កម្ពុជា​និង​នៅ​ភូមា​មាន​ចំណាត់ថ្នាក់​អាក្រក់​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន ដោយសារតែ​ពួក​អ្នកដឹកនាំ​នៅ​កម្ពុជា​និង​នៅ​ភូមា​មាន​វិបត្តិ​រដ្ឋាភិបាល​។ មានន័យថា​សម្លាប់​ប្រជាធិបតេយ្យ រំលោភសិទ្ធិ​មនុស្ស មានការ​រឹតត្បិត​ចំណង​ការទូត​និង​សេដ្ឋកិច្ច​ពី​ប​ច្ចិ​ម​ប្រទេស​។ ម្ល៉ោះហើយ ជួប​បញ្ហា​សេដ្ឋកិច្ច​។ ដល់​តែ​ជួប​បញ្ហា​សេដ្ឋកិច្ច ពួក រដ្ឋាភិបាល​ក្រុងភ្នំពេញ​នៃ​ក្រុម​គ្រួសារ​ហ៊ុន និង​ពួក រដ្ឋាភិបាលយោធា​ភូមា ក៏​មើលឃើញ​ឱកាស​សហការ​ជាមួយ​និង​មេ​បណ្តាញ​ឆបោក​អនឡាញ​ពី​ប្រទេស​ចិន ដើម្បី​ប្រមូល​លុយ​ចិញ្ចឹម​អំណាច​តែម្តង​។ ពីព្រោះ​ពួកគេ​ពុំ​មាន​សង្ឃឹមលើ​ការ​ពង្រឹង​សេដ្ឋកិច្ច ជាមួយ​នឹង​បស្ចិ​ម​ប្រទេស ដើម្បី​បន្តអំណាច​របស់​ពួកគេ​បាន»។

លោក គឹម សុខ អះអាង​ថា ភាព​ខុសគ្នា​រវាង​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅក្នុង​តំបន់ គឺ​ស្ថិត​នៅ​លើ​កម្រិត​នៃ​ការអនុវត្ត​ច្បាប់ និង​កិច្ច​សហប្រតិបត្តិការ​រ​បស់​រដ្ឋាភិបាល​ជាមួយ​ដៃគូ​អន្តរជាតិ​។​

របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) កាលពី​ខែមិថុនា រក​ឃើញ​ថា មជ្ឈមណ្ឌល​ឆបោក​ជាច្រើន​នៅ​កម្ពុជា​នៅតែ​ដំណើរការ ទោះបី​រដ្ឋាភិបាល​បាន​បង្កើន​ការ​បង្ក្រាប​ក៏ដោយ​។ អង្គការ​នេះ​បាន​កំណត់​អត្តសញ្ញាណ​ទីតាំង​ចំនួន ៨៦ ដែល​ខ្លួន​ចាត់ទុកថា​ជា​មជ្ឈមណ្ឌល​ឆបោក ហើយ​បាន​និយាយ​ថា​អាជ្ញាធរ​បាន​ធ្វើ​អន្តរាគមន៍​នៅ ២៤​ទីតាំង។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កាលពី​ខែមិថុនា​ថា កម្ពុជា​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​បាន​អះអាង​ថា ប្រទេស​នេះ​កំពុង​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ចំពោះ​សហគមន៍​អន្តរជាតិ​។ លោក​បាន​ចាត់ទុក​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ដោយសារ​វា​ប៉ះពាល់​ទាំង​សន្តិសុខ សេដ្ឋកិច្ច និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស។

កាលពី​ខែកក្កដា នាយក​ស៊ើបអង្កេត​សហព័ន្ធ​សហរដ្ឋអាមេរិក (FBI) លោក កាស ប៉ាថែល (Kash Patel) ក៏​បាន​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ាណែត អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ ដើម្បី​ប្រយុទ្ធប្រឆាំង​បណ្ដាញ​ឆបោក​អន្តរជាតិ​។​

អ្នកឃ្លាំមើល​សង្គម នៅតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​លទ្ធ​ផល​ដែល​អាច​ផ្ទៀងផ្ទាត់​បាន ជាពិសេស​ការ​បង្ក្រាប​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម ការ​រឹបអូស​ទ្រព្យសម្បត្តិ ការស៊ើបអង្កេត​មន្ត្រី​ដែល​អាច​មាន​ការ​ពាក់ព័ន្ធ និង​ការ​ការពារ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ