សិស្ស​ជាង​១​ពាន់​នាក់​អវត្តមាន​ប្រឡង់​បាក់​ឌុប និង​បេក្ខជន​ជាង​១០០​នាក់ មាន​បញ្ហា​សុខភាព

0
28
ទិដ្ឋភាពសិស្សនៅថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ កាលពីថ្ងៃទី១១ សីហា ២០២៦។ រូប៖ ក្រសួងអប់រំ
ទិដ្ឋភាពសិស្សនៅថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ កាលពីថ្ងៃទី១១ សីហា ២០២៦។ រូប៖ ក្រសួងអប់រំ

ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០២៦ បាន​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី​១០ សីហា ដោយមាន​បេក្ខជន​ជាង ១៥​ម៉ឺន​នាក់ (១៥១.២៣៨)​នាក់ ក្នុង​នោះ​ថ្នាក់​វិទ្យា​សាស្ត្រា​មាន​ជាង ៣​ម៉ឺន​៧​ពាន់​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ជាង ១៣​ម៉ឺន​នាក់។

ទោះជា​យ៉ាងណា ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់​ថា ក្នុងចំណោម​បេក្ខជន​ជាង​១៥​ម៉ឺន​នាក់​នោះ មាន​បេក្ខជន​អវត្តមាន​ចំនួន ១.៣១៤​នាក់ និង​មាន​បេក្ខជន​ចំនួន​១២១​នាក់ មាន​បញ្ហា​សុខភាព ហើយ​ក្នុង​នោះ​១២​នាក់ បាន​បោះបង់​ការ​ប្រឡង និង​មាន​បេក្ខជន​មាន​ជំងឺគ្រុនឈាម ចំនួន​៤១​នាក់ ព្រមទាំង​មាន​បេក្ខជន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​រង​របួស​ចំនួន​៧​នាក់​។ ក្រៅ​ពី​នេះ គណៈមេប្រយោគ​ចំនួន ២៨​នាក់ ក៏​មាន​បញ្ហា​សុខភាព​ដែរ​។ ទោះបីជា​បេក្ខជន​ខ្លះ មាន​បញ្ហា​សុខភាព​ក៏ដោយ ក្រសួង​អប់រំ នៅតែ​បន្ត​ឲ្យ​ពួកគេ​ប្រឡង​ដដែល ប៉ុន្តែ​ក្រោម​ការ​តាមដាន​មើលថែ​ពី​ក្រុម​គ្រូពេទ្យ។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ការ​ប្រឡង​នៅ​រាជធានី​ភ្នំពេញ ថា ការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​មាន​សភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន ក្រោម​ហេតុផល​ថា សង្គ្រាម​តាម​ព្រំដែន បាន​ស្ងប់ស្ងាត់ ។ ប៉ុន្តែ​លោក បញ្ជាក់​ថា មកទល់​បច្ចុប្បន្ន​នេះ មាន​សាលា​ចំនួន ២៥ នៅ​ខេត្ត​ជាប់​ព្រំដែន​នៅតែ​បន្ត​បិទទ្វារ ដែល​សិស្ស​មិនទាន់​អាច​ត្រឡប់​ទៅ​រៀន​វិញ​បាន ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​។ លោក ហង់ ជួនណារ៉ុន អះអាង​ថា រដ្ឋាភិបាល នៅតែ​បន្ត​ទាមទារ​ឲ្យ​សិស្ស​នៃ​សាលា​ទាំងអស់​អាច​ត្រឡប់​ទៅ​រៀន​វិញ​បាន​។ បន្ថែម​ពី​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ បញ្ជាក់​ថា ការ​ប្រឡង់​បាក់​ឌុប​នេះ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អំពើពុករលួយ​កើតឡើង​នោះ​ទេ ព្រោះ​មានការ​រៀបចំ​ត្រឹមត្រូវ ការ​រឹត​បន្តឹង និង​មានការ​ចូលរួម​ឃ្លាំមើល​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ដាក់​ពង្រាយ​ភ្នាក់ងារ​ត្រួតពិនិត្យ​ជាង ៤​ពាន់​នាក់។

ការ​ប្រឡង​បាក់​ឌុប​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​មួយថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី​១១ ខែ​សីហា​។ ក្រោយ​ការ​ប្រឡង​រួច ក្រសួង​អប់រំ នឹង​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២៦ តាម​មណ្ឌល​សំណេរ​នៃ​រាជធានី​-​ខេត្ត​ទាំង​២៥ នៅ​ទូទាំង​ប្រទេស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ