

អ្នកឃ្លាំមើលសង្គម លើកឡើងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា គឺទៅពឹងចិនសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដោយសារកម្ពុជាកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច សម្ពាធអន្តរជាតិ និងការបោះឆ្នោតនាពេលខាងមុខ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានអះអាងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានឈានដល់ដំណាក់កាលដែលភាគីទាំងពីរ មិនអាចដោះស្រាយតាមទ្វេភាគីបានទៀតនោះទេ។ លោក គឹម សុខ សង្ស័យថា កម្ពុជា និងថៃអាចពឹងពាក់ចិនឱ្យធ្វើជាអ្នកសម្របសម្រួលក្នុងជម្លោះព្រំដែនពីព្រោះទាំងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទាំងភាគីថៃបច្ចុប្បន្ន សុទ្ធតែជាមិត្តយុទ្ធសាស្ត្ររបស់ចិនហើយចិនក៏ចង់បញ្ចប់ជម្លោះ រវាងភាគីទាំងពីរឱ្យបានឆាប់ដែរ។
លោក គឹម សុខ បានថ្លែងថា អ្វីដែលជាគោលដៅ នៃការសម្របសម្រួលនោះ អាចនិយាយទៅដល់ ការបញ្ចប់គ្រប់ជម្លោះ ដែលត្រូវដោះស្រាយ ដោយទ្វេភាគីទាំងអស់ ការព្រមព្រៀងគ្នា លើបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ ហើយជាពិសេស ការបើកព្រំដែនឡើងវិញពីព្រោះ ទាំងភាគីថៃ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សុទ្ធតែកំពុងទាល់ច្រកខ្លាំងណាស់ អំពីបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ដែលត្រូវប្រឈម ទៅនឹងប្រតិកម្មរបស់ប្រជាពលរដ្ឋដូចគ្នា។
លោក គឹម សុខ៖ «ក៏ប៉ុន្តែក្រោម កិច្ចសម្របសម្រួលនេះ កម្ពុជានឹងចាញ់ប្រៀបថៃ សម្បើមណាស់ ពីព្រោះថៃមានប្រយោជន៍ដល់ចិនលើសលុបពេក។ ម្យ៉ាងទៀត លោក ហ៊ុន ម៉ាណែត គិតតែពីគោលការណ៍ការពារអំណាចគ្រួសារ ដូច្នេះលោក ហ៊ុន ម៉ាណែត នឹងទម្លាក់ចោលនូវមូលដ្ឋានការពារជាតិកម្ពុជា ហើយបន្ទន់តាមថៃ ដើម្បីគ្រាន់តែបានពាក្យថា បញ្ចប់ជម្លោះ»។ »
តាមការលើកឡើងរបស់លោក គឹម សុខ កម្ពុជាគួរតែប្រើប្រាស់យន្តការអន្តរជាតិ ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាជាងពឹងផ្អែកលើការសម្របសម្រួលពីប្រទេសមហាអំណាច។
ការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ២៣ តុលា រូបនេះ ខណៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជួបថ្នាក់ដឹកនាំចិន និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិត (AI) ពិភពលោកឆ្នាំ២០២៦។
ជុំវិញដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោក ហ៊ុន ម៉ាណត នឹងជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ។ ក្រសួងបានអះអាងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន។
ទន្ទឹមនឹងវត្តមានរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងប្រទេសចិន នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) ក៏អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកក្កដាខាងមុខនេះដែរ តបតាមការអញ្ជើញរបស់លោក លី ឈាង (Li Qiang)។
អ្នកឃ្លាំមើលសង្គម អះអាងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់ប្រទេសចិន ឆ្លុះបញ្ចាំងពីការព្យាយាមស្វែងរកការគាំទ្រផ្នែកនយោបាយ សេដ្ឋកិច្ច និងវិនិយោគពីទីក្រុងប៉េកាំង ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងស្រុក និងពង្រឹងជំហររបស់រដ្ឋាភិបាល មុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។
អ្នកឃ្លាំមើលសង្គមបន្ថែមថា ការពឹងផ្អែកកាន់តែខ្លាំងលើចិន អាចផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលខ្លី ប៉ុន្តែអាចបង្កើនហានិភ័យនៃការពឹងផ្អែកលើមហាអំណាចតែមួយ និងធ្វើឱ្យកម្ពុជាពិបាករកតុល្យភាពក្នុងការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងដៃគូផ្សេងទៀត។
ចាប់តាំងពីឡើងកាន់តំណែងនៅឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានបន្តគោលនយោបាយដែលឪពុករបស់លោក គឺលោក ហ៊ុន សែន បានដាក់មូលដ្ឋានរួចមកហើយ ដោយរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង។ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅចិននៅឆ្នាំ២០២៣ លោកបាននិយាយថា ការជ្រើសរើសចិនជាគោលដៅដំបូង គឺដើម្បីបន្ត “មិត្តភាពដែកថែប” រវាងប្រទេសទាំងពីរ។
រដ្ឋាភិបាលកម្ពុជាបានអះអាងកន្លងមកថា ចំណងទាក់ទងជាមួយចិនថា ជា «មិត្តភាពដែកថែប» និងជាភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ខណៈអ្នកវិភាគខ្លះបន្តលើកឡើងពីហានិភ័យនៃការពឹងផ្អែកខ្លាំងលើប្រទេសមហាអំណាចតែមួយក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកំពុងប្រកួតប្រជែងកាន់តែខ្លាំង។
អ្នកឃ្លាំមើលសង្គមអះអាងថា ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលកម្ពុជាក៏ប្រឈមនឹងការរិះគន់ពីអង្គការអន្តរជាតិជុំវិញបញ្ហាសិទ្ធិមនុស្ស ការបង្ក្រាបអ្នកនយោបាយប្រឆាំង និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលបានធ្វើឱ្យទំនាក់ទំនងជាមួយបណ្ដាប្រទេសលោកខាងលិចមានភាពស្មុគស្មាញ៕









