

អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរជាបន្តបន្ទាប់ ខណៈពួកគាត់លួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើ។ ជាក់ស្តែង គិតត្រឹមរយៈពេល ២សប្តាហ៍មកនេះ សារព័ត៌មានថៃបានចុះផ្សាយថា មានពលករជិត១០០នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅតាមព្រំដែនខេត្តចំនួន២ គឺខេត្តស្រះកែវ និងខេត្តចន្ទបុរី។ អ្នកឃ្លាំមើល យល់ថា ពលករទាំងនោះភាគច្រើនប្រឈមនឹងបញ្ហាជីវភាព បំណុលធនាគារ ហើយប្រាក់ខែមិនសមរម្យ ទើបពួកគាត់សម្រេចចិត្តលួចឆ្លងដែនទៅថៃវិញ។
អាជ្ញាធរថៃ បានចាប់ខ្លួនពលករខ្មែរជាបន្តបន្ទាប់ ដោយសារពួកគាត់លួចឆ្លងដែនចូលក្នុងប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ ទោះបីជាប្រទេសទាំងពីរ កំពុងមានជម្លោះតាមព្រំដែនក្តី។
ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែមិថុនា ទាហានល្បាតឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរចំនួន២៨នាក់ ក្នុងខេត្តស្រះកែវ (Sakaeo) ខណៈពលករទាំងនេះ លួចឆ្លងដែនដោយថ្មើរជើងតាមព្រៃ និងតាមចំការអំពៅ ចូលក្នុងប្រទេសថៃ។ អាជ្ញាធរថៃ អះអាងថា ពលករទាំងនោះសារភាពថា ពួកគាត់ មួយចំនួនឆ្លងដែនចូលប្រទេសថៃ ដើម្បីស៊ីឈ្មួលកាត់អំពៅឲ្យជនជាតិថៃ និងមួយចំនួនទៀត ដើម្បីរកការងារធ្វើ។
ចំណែកនៅខាងព្រំដែនខេត្តចន្ទបុរី (Chanthaburi) វិញ កងទ័ពជើងទឹកថៃ បានចាប់ខ្លួនពលករខ្មែរចំនួន១០នាក់ មាន ប្រុស៧ នាក់ ស្រី២ និងក្មេងស្រីម្នាក់ ក្នុងអំឡុងពេលចុះល្បាត និងឃ្លាំមើលពេលយប់នៅតាមបណ្តោយព្រំដែន។ កងទ័ពជើងទឹកថៃអះអាងថា ពួកគាត់ រស់នៅស៊ីឈ្នួលជាកម្មករចំការទុរេន ដោយខុសច្បាប់ និងគ្មានឯកសារការងារត្រឹមត្រូវនោះឡើយ។ មុនពេលចាប់ខ្លួន ពួកគាត់មកពីតំបន់ផ្សេងគ្នានៅក្នុងប្រទេសថៃ ហើយមានបំណងលួចឆ្លងដែនចូលកម្ពុជាវិញ។
រីឯពលករចំនួន ៥០នាក់ ផ្សេងទៀត ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន នៅស្រុកពុងណាមរ៉ន ខេត្តចន្ទបុរី (Chanthaburi) កាលពីថ្ងៃទី១៨ ខែមិថុនា។ ក្នុងនោះមានស្ត្រី១៧ បុរស២៧ និងកុមារ៦នាក់។ អាជ្ញាធរថៃបញ្ជាក់ថា ពួកគាត់គ្មានឯកសារកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់ ខ្លះឯកសារផុតសុពលភាពជាដើម។ ពលករទាំងនោះបានសារភាពប្រាប់អាជ្ញាធរថៃថែមទៀតថា មុនពេលចាប់ខ្លួន ពួកគេមកពីតំបន់ផ្សេងគ្នាដូចជា ខេត្តសាមុតប្រាកាន សាមុតសាខន និងខេត្តឈុនបុរី ដោយមានបំណងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។ ពួកគាត់បានបង់ប្រាក់ទៅឲ្យមេខ្យល់ក្នុងម្នាក់ៗចន្លោះពី បីពាន់(៣.០០០)បាតទៅបីពាន់ប្រាំរយ(៣៥០០)បាត ឬស្មើនឹងប្រមាណ១រយដុល្លារអាមេរិក ក្នុងម្នាក់ ដើម្បីឲ្យមេខ្យល់ជូនត្រឡប់ទៅកម្ពុជាវិញ។
ក្រៅពីពលករនៅតាមជាយដែន ពលករ៤រូបទៀតក៏ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា នៅខេត្តនុនថាក់បុរី។ អាជ្ញាធរថៃអះអាងថា ពួកគេរស់នៅ និងធ្វើការដោយខុសច្បាប់រយៈពេលចន្លោះពី៦ខែ ទៅ៦ឆ្នាំមកហើយក្នុងប្រទេសថៃ។
ក្រោយសាកសួររួច ពលករទាំងជិត១០០នាក់នោះត្រូវបានអាជ្ញាធរថៃបញ្ជូនទៅឃុំខ្លួនបន្ត ដើម្បីធ្វើតាមនីតិវិធីច្បាប់។
ពលករស្ត្រីកូនខ្ចីម្នាក់ វ័យ៣៦ឆ្នាំ ឈ្មោះ ណែត រស់នៅក្នុងប្រទេសថៃ រៀបរាប់ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៥ ខែមិថុនានេះថា លោកស្រីជួបការលំបាក និងបារម្ភពីសុវត្ថិភាពជាខ្លាំង បន្ទាប់ពីអាជ្ញាធរថៃរឹតបន្តឹង និងបន្តចុះចាប់ពលករដែលរស់នៅខុសច្បាប់ក្នុងប្រទេសថៃ ក្រោយសង្គ្រាមរវាងប្រទេសកម្ពុជានិងថៃ។ លោកស្រីបន្តថា លោកស្រីមិនចង់ត្រឡប់ទៅវិញឡើយ ដោយសារឱកាសការងារនៅកម្ពុជា ពុំសូវមានច្រើន ហើយទទួលបានប្រាក់ចំណូលទាប ហើយលោកស្រីគ្មានជំនឿលើរដ្ឋាភិបាលថា អាចជួយដល់ពលរដ្ឋខ្មែរឲ្យទទួលបានប្រាក់ចំណូលសមរម្យនោះឡើយ។ លោកស្រីទទូចឲ្យរដ្ឋាភិបាលឈប់បន្តផ្សព្វផ្សាយបោកប្រាស់ពលរដ្ឋ ចំពោះវិធានការដែលគ្មានប្រសិទ្ធភាពក្នុងការជួយដល់ពលករទាំងនោះ។
លោកស្រី ណែត៖ «រឿងក្តីបារម្ភនោះគឺវាបារម្ភហើយព្រោះអីថា យើងនៅអឺស្រុកគេខុសច្បាប់។ អឺកាលពីមិនទាន់មានបញ្ហានៅឯជាយដែននៅតែគេអឺចុះចាប់ ចុះទំរាំមានបញ្ហាជាយដែនអញ្ចឹង អឺជនជាតិគេស្អប់ខ្មែរយើងច្រើនអញ្ចឹងហ្អាស៎! គ្រាន់ថា ឲ្យចុះទៅខ្មែរវិញ គឺអត់ចុះទេ បើថាបើសិនជាចុះទៅគឺយើងវាអត់មានការងារច្បាស់លាស់ធ្វើ។ ព្រោះខ្ញុំអត់ជឿជាក់ទៅលើអឺរដ្ឋាភិបាលដែលថា ប្រកាសថា រកការងារល្អឲ្យធ្វើអ៊ីចឹងហ្អាស៎ ខ្ញុំអត់ជឿជាក់»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសាកសួរពីករណីនេះបានឡើយ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយទូរស័ព្ទចូល ប៉ុន្តែចុចបិទ។
ក្រោយថៃបើកការឈ្លានពានកម្ពុជា កាលពីចុងខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរជាង ៩០ម៉ឺននាក់ (៩០០,០០០ ) ត្រូវបានបង្ខំចិត្តបោះបង់ការងារដែលមានប្រាក់ចំណូលខ្ពស់នៅប្រទេសថៃ ដើម្បីវិលមកស្រុកកំណើតវិញកាលពីចុងខែធ្នូ ឆ្នាំ២០២៥។
ក្រោយមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានចាត់វិធានការច្រើនចំណុច ក្នុងការរៀបចំកម្មវិធីបង្កើនឱកាសការងារ ដល់ពលករខ្មែរដែលត្រឡប់មកវិញជាង ៦០ម៉ឺននាក់ (៦០០,០០០) ឲ្យមានការងារធ្វើនៅក្នុងស្រុក។ប៉ុន្តែក្រោយមកទៀត ពលករភាគច្រើនបានវិលត្រឡប់ទៅប្រទេសថៃវិញ ដោយលួចឆ្លងដែនខុសច្បាប់ បន្ទាប់ពីពួកគាត់ ពុំមានការធ្វើនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន លើកឡើងថា ពលករមួយចំនួនដែលត្រឡប់ចូលកម្ពុជាវិញ គឺពិបាកក្នុងការរៀបចំឯកសារ ដើម្បីធ្វើការក្នុងស្រុក ដោយមន្ត្រីនៅមូលដ្ឋានបង្កការលំបាកដល់កម្មករ ក្នុងការរត់ឯសារការងារ។ លោកបន្តថា ពលករមួយចំនួនទទួលបានប្រាក់ឈ្នួលទាប ដែលមិនអាចផ្គត់ផ្គង់ដល់ជីវភាព និងដោះបំណុលធនាគារបាន ទើបសម្រេចចិត្តលួចឆ្លងដែនទៅវិញ។
លោក លឹង សុផុន៖ «ហើយមួយចំនួនទៀតនៅពេលដែលគាត់ទៅដាក់ការងារអឺមានការរង់ចាំយូរ អ្នកខ្លះទៅគាត់ថា ឲ្យទៅទាក់ទងនៅខេត្តនេះ នៅខេត្តនោះអីចឹងហ្អាស់។ អ្នកខ្លះគាត់ទៅដល់ភ្នំពេញហើយបែរទៅអឺឲ្យគាត់ទៅទាក់ទងកន្លែងផ្សេងអីចឹងទៅ។ អ៊ីចឹងក៏មានបញ្ហាសម្រាប់បងប្អូនអឺមួយចំនួនដែរ ដែលទាក់ទងពីរឿងអឺគោលនយោបាយរបស់រដ្ឋ ខ្ញុំសុំស្នើឲ្យស្ថាប័នពាក់ព័ន្ធជាពិសេសអឺអ្នកដែលសម្រួលដល់ប្រជាពលរដ្ឋខាងការងារហ្នឹងអឺធ្វើយ៉ាងណាប្រាប់ព័ត៌មានគាត់ឲ្យជាក់លាក់ ហីឲ្យច្បាស់លាស់ កុំឲ្យអឺនៅពេលដែលគាត់ទៅរកការងារហើយឲ្យគាត់ចាំ ហើយការកំណត់នៃការចាំក៏អត់ច្បាស់លាស់ហី»។
របាយការណ៍របស់សង់ត្រាល់ក្នុងខែមិថុនានេះ ឲ្យដឹងថា ពលករប្រមាណជិត២០០នាក់ត្រូវបានបញ្ជូនត្រឡប់មកខ្មែរវិញ និងមួយចំនួនទៀតត្រូវអនុវត្តទោសជាប់ពន្ធនាគារនៅប្រទេសថៃចន្លោះពី៤៥ថ្ងៃ ទៅ២ខែ ទើបបញ្ជូនមកវិញ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានចេញរបាយការណ៍ដែលមានចំណងជើងថា «ពលករខ្មែរវិលត្រឡប់មកស្រុកវិញកំពុងប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ» ដោយរិះគន់ចំៗទៅលើរដ្ឋាភិបាលកម្ពុជា បរាជ័យលើការធានាលក្ខខណ្ឌរស់នៅរបស់ពលករចំណាកស្រុក ដោយពលករទាំងនោះក្រោយត្រឡប់ចូលកម្ពុជាក្នុងអំឡុងសង្គ្រាមរវាងប្រទេសកម្ពុជាថៃ ប្រឈមនឹងបញ្ហាបំណុលនៅក្នុងស្រុក៕







