

សមាជិកនៃរដ្ឋសភាថៃបានស្នើឱ្យគណៈកម្មាធិការសភា ផ្អាកគម្រោងផ្ដល់កម្ចី ១លានដុល្លារដល់ប្រទេសកម្ពុជា ទៅក្នុងសេចក្ដីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០២៧ ដោយសារប្រទេសទាំងពីរកំពុងមានអរិភាពនឹងគ្នាក្នុងជម្លោះព្រំដែន។ ក្នុងនោះតំណាងរាស្ត្រថៃ ក៏បានស្នើឱ្យគណៈកម្មាធិការហិរញ្ញវត្ថុសើរើបំណុលរបស់កម្ពុជា ដែលគេអះអាងថា បានជំពាក់ថៃចំនួនជាង ៥២លានដុល្លារផងដែរ។
សេចក្ដីព្រាងច្បាប់ថវិកាសម្រាប់សារពើពន្ធឆ្នាំ២០២៧ របស់រដ្ឋសភាថៃ កំពុងមានភាពចម្រូងចម្រាស ដោយសារមានសមាជិកដែលមានកូតាមកពីគណបក្សប្រឆាំងមួយចំនួន បានជំទាស់នឹងគម្រោងផ្ដល់កម្ចីហិរញ្ញវត្ថុដល់កម្ពុជា។
សមាជិករដ្ឋសភា និងប្រធានគណបក្សសេដ្ឋកិច្ចថៃ លោក គ្រីស ប៉ូត្រាណាន់ (Chris Potranandana) បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការពិសេស នៅអាគាររដ្ឋសភាថៃ កាលពីថ្ងៃទី៩ ខែកក្កដា ដោយស្នើឱ្យគណៈកម្មាធិការរដ្ឋសភាថៃ ពិនិត្យឡើងវិញចំពោះការឧបត្ថម្ភប្រាក់កម្ចីដល់កម្ពុជា ក្នុងទម្រង់ជាជំនួយហិរញ្ញវត្ថុ ដែលមានចំនួនសរុបប្រហែល ១លានដុល្លារ។ លោកបន្តថា រដ្ឋសភាថៃមិនគួរផ្តល់អាទិភាពលើការផ្ដល់ជំនួយ និងកម្ចីដល់កម្ពុជា ដោយមិនគិតគូរពីអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋថៃនោះឡើយ។
គម្រោងប្រាក់កម្ចីដែលរដ្ឋាភិបាលថៃ គ្រោងផ្ដល់ទៅឱ្យកម្ពុជានេះ រួមមានកម្មវិធីប្រាក់កម្ចីសម្បទាន តាមរយៈការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាង(NEDA) ដែលផ្តល់ឱ្យប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍផ្លូវថ្នល់ និងគម្រោងអភិវឌ្ឍន៍ច្រកព្រំដែនអចិន្ត្រៃយ៍ស្ទឹងបត់ ដែលស្ថិតក្នុងក្រុងប៉ោយប៉ែត។
សមាជិករដ្ឋសភាថៃ លោក គ្រីស ប៉ូត្រាណាន់ បានលើកឡើងដោយតាំងជាសំណួរថា ហេតុអ្វីប្រទេសថៃត្រូវបែងចែកកញ្ចប់ថវិកាជាតិដើម្បីជួយដល់កម្ពុជា ទាំងដែលប្រទេសទាំងពីរកំពុងមានជម្លោះព្រំដែនជាមួយគ្នា ខណៈកម្ពុជាក៏កំពុងជំពាក់បំណុលប្រទេសថៃ ដែលលោកអះអាងថា មានចំនួនជាង ៥២លានដុល្លារ គិតត្រឹមឆ្នាំ២០២៦នេះ។ លោកបន្តថា ត្បិតចំនួនប្រាក់កម្ចីទាំងនេះមិនច្រើនពិតមែន ក៏ប៉ុន្តែបញ្ហានេះនឹងត្រូវទទួលរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថៃ។
ទោះជាយ៉ាងណា តំណាងសមាជិករបស់គណៈកម្មាធិការហិរញ្ញវត្ថុរបស់រដ្ឋសភាថៃមួយចំនួន បានជំទាស់នឹងសំណើនេះថា ការផ្ដល់ប្រាក់កម្ចីទៅឱ្យកម្ពុជា គឺអនុវត្តតាមគម្រោងចាស់ដែលរដ្ឋាភិបាលកម្ពុជា និងថៃបានព្រមព្រៀងគ្នា នៅមុនពេលមានជម្លោះតាមព្រំដែនមកម្ល៉េះ។
ក្នុងនោះតំណាងមកពីស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានលើកឡើងថា គម្រោងផ្ដល់ជំនួយទាំងនេះ មិនត្រូវបានបញ្ជូនទៅឱ្យប្រទេសកម្ពុជាដោយផ្ទាល់នោះទេ ក៏ប៉ុន្តែត្រូវផ្ដល់ឱ្យតាមរយៈស្ថាប័នហិរញ្ញវត្ថុរបស់ថៃ។ ពួកគេបានលើកឡើងថា ការបង្អាក់ជំនួយហិរញ្ញវត្ថុឱ្យកម្ពុជានេះ មិនប៉ះពាល់ដល់កម្ពុជានោះទេ ក៏ប៉ុន្តែបញ្ហានេះនឹងធ្វើឱ្យខូចកេរ្ដិ៍ឈ្មោះរបស់ស្ថាប័នហិរញ្ញវត្ថុថៃ ដែលធ្វើឱ្យដៃគូពាណិជ្ជកម្ម និងសហគមន៍អន្តរជាតិ បាត់បង់ទំនុកចិត្តចំពោះប្រទេសថៃ ក្នុងការបំពេញតាមកាតព្វកិច្ច ឬកិច្ចព្រមព្រៀងជាអន្តរជាតិ។
យ៉ាងណាក៏ដោយចុះ គិតមកដល់ពេលនេះ នៅមិនទាន់មានការផ្សព្វផ្សាយអំពីការសម្រេចរបស់គណៈកម្មាធិការរដ្ឋសភាថៃ អំពីគម្រោងផ្ដល់ជំនួយហិរញ្ញវត្ថុដល់កម្ពុជានៅឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១០ ខែកក្កដា។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ទោះបីជាប្រទេសថៃផ្អាកផ្ដល់កម្ចីមកឱ្យកម្ពុជាក៏ដោយ ក៏មិនធ្វើឱ្យប៉ះពាល់កម្ពុជានោះឡើយ ដោយកម្ពុជានៅតែមានកញ្ចប់ថវិកាជាតិ និងសមត្ថភាពដើម្បីអភិវឌ្ឍប្រទេស។ ទោះជាយ៉ាងណា លោកបន្តថា ប្រទេសថៃក៏មិនអាចដាក់សម្ពាធឱ្យកម្ពុជាសងបំណុលចាស់តាមការចង់បាននោះដែរ ដោយសារការផ្ដល់កម្ចីជាអន្តរជាតិ គឺមានចែងពីលក្ខខណ្ឌច្បាប់យ៉ាងច្បាស់លាស់។
លោក សេក សុជាតិ៖ «ហើយចំពោះរដ្ឋដែលមានឯករាជ្យភាព មិនអាចដោយសារតែជំនួយឬក៏ថវិកាដែលជាថវិកាកម្ចី មកធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិ និងក្នុងការស្វែងសម្រេច ឬក៏ធ្វើឱ្យប៉ះពាល់ទៅដល់រដ្ឋអធិបតេយ្យភាពមួយបាននោះទេ។ ដូច្នេះ សម្រាប់ជម្រើសនៃការស្នើសុំរបស់ថៃមកលើកម្ពុជា ឬក៏គំរាមឱ្យកម្ពុជាសង។ ការគំរាមនេះ វាគ្រាន់តែជានយោបាយប្រជាភិថុតិ ដើម្បីទាមទារ និងកេងចំណេញយកផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ»។
តាមរបាយការណ៍ស្ដីពីស្ថានភាពបំណុល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កម្ពុជាជំពាក់បំណុលប្រទេសថៃ ដែលជាកម្ចីសាធារណៈ មានចំនួន ៥៤,៥២ លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២៥។ របាយការណ៍ដដែលបញ្ជាក់ថា ប្រាក់កម្ចីទាំងនេះ គឺស្ថិតក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងកម្ចីទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ ដោយកម្ពុជាកំពុងបន្តទូទាត់សងជាប្រចាំ ក្នុងនោះ កម្ពុជាបានសងប្រាក់ដើមជិត ៥លានដុល្លារ និងការប្រាក់ជាង ៨សែនដុល្លារ ដែលជាប្រាក់ការកាលពីឆ្នាំមុន។
បច្ចុប្បន្នកម្ពុជាកំពុងជាប់បំណុលសាធារណៈទាំងក្នុង និងក្រៅប្រទេសសរុបជាង ១៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះប្រទេសចិនជាម្ចាស់បំណុលទ្វេភាគីធំជាងគេបង្អស់របស់កម្ពុជា បន្ទាប់ពីធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕









