

កងទ័ពភូមិភាគទី២របស់ថៃ បានប្រាប់កងទ័ពយោធភូមិភាគទី៤របស់កម្ពុជា នៅក្នុងកិច្ចប្រជុំ RBC ឱ្យដកកម្លាំងទ័ពនៅតាមព្រំដែនក្បែរតំបន់បន្លាលួស ដែលយោធាថៃបានដាក់ពង្រាយនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងទឹកដីកម្ពុជា។ យោធាថៃអះអាង ការតម្រូវឱ្យកម្ពុជាដកកម្លាំងទ័ពពីតំបន់ព្រំដែននេះ គឺដើម្បីបង្ការកុំឱ្យមានការប៉ះទង្គិចគ្នារវាងភាគីទាំងពីរសាជាថ្មី។ អ្នកឃ្លាំមើលលើកឡើងថា កម្ពុជានឹងប្រឈមការបាត់បង់ទឹកដីតាមព្រំដែនជាអចិន្ត្រៃយ៍ ប្រសិនបើកម្ពុជាធ្វើតាមបញ្ជារបស់យោធាថៃ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា នៅច្រកព្រំដែនអចិន្ត្រៃយ៍ជាំស្រងាំ ស្ថិតក្នុងស្រុកភូស៊ីង (Phu Sing) ខេត្តស៊ីសាកេត (Sisaket) របស់ថៃ ភាគីកម្ពុជា និងថៃ បានលើកយកបញ្ហាចម្រូងចម្រាសមួយចំនួនមកពិភាក្សា។
ក៏ប៉ុន្តែក្រោយចប់កិច្ចប្រជុំយោធាថ្នាក់តំបន់នេះ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍ម្យ៉ាងម្នាក់ ដាច់ដោយឡែកពីគ្នា។
នៅក្នុងនោះ កងទ័ពភូមិភាគីទី២របស់ថៃ បានលើកឡើងអំពីការដាក់សំណើទៅកាន់ភាគីកម្ពុជា មិនឱ្យចល័តកម្លាំងទ័ព និងតាំងមូលដ្ឋានយោធានៅក្នុងតំបន់ទីតាំងដែលយោធាថៃបានរាយបន្លាលួស ក្នុងអំឡុងមុន និងក្រោយផ្ទុះសង្គ្រាមនោះឡើយ។ យោធាថៃបានអះអាងថា ការហាមមិនឱ្យកម្ពុជាចល័តទ័ពនេះ គឺដើម្បីទប់ស្កាត់កុំឱ្យមានភាពតានតឹងនៅតាមតំបន់ព្រំដែន ដែលអាចនឹងបណ្ដាលឱ្យមានការប៉ះទង្គិចគ្នាកើតឡើង។
ចំណែកក្រសួងការពារជាតិកម្ពុជាមិនបានលើកឡើងអំពីបញ្ហានេះនៅក្នុងសេចក្ដីថ្លែងការណ៍នោះឡើយ។ ទោះជាយ៉ាងណា ភាគីកម្ពុជាបានស្នើឱ្យមានការផ្ទៀងផ្ទាត់ចំពោះហេតុការណ៍ការបាញ់ និងការបង្កសំឡេងផ្ទុះអាវុធដែលបានកើតឡើងនៅតំបន់ព្រំដែនក្នុងពេលកន្លងមក និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងចៀសវាងការកើនឡើងនូវភាពតានតឹងនៅតាមព្រំដែន។ ទន្ទឹមគ្នានេះ កម្ពុជាក៏បានលើកឡើងពីការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមានចរិតលក្ខណៈអុជអាលឱ្យស្អប់គ្នា និងចងគំនុំ។
ដូចគ្នានេះដែរ ភាគីថៃបានប្រាប់ឱ្យកម្ពុជាត្រូវស៊ើបអង្កេតអំពីហេតុការណ៍ដែលបានកើតឡើងនៅតាមតំបន់ដែលមានភាពតានតឹងខ្ពស់ ជាពិសេសត្រូវទប់ស្កាត់ព័ត៌មានអំពីតំបន់ព្រំដែន ដែលយោធាថៃហៅថា ជាព័ត៌មានក្លែងក្លាយ។
ទោះជាបែបនេះក្ដី ភាគីកម្ពុជា និងថៃ បានចោទគ្នាទៅវិញទៅមក ពាក់ព័ន្ធករណីការញុះញង់ និងការបង្កជម្លោះដែលបង្កឡើងដោយទាហានរបស់ភាគីទាំងពីរនៅតំបន់ព្រំដែន។ តែយ៉ាងណាភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការអប់រំ និងរឹតបន្តឹងវិន័យដល់កងកម្លាំងជួរមុខរៀងៗខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានជម្លោះកើតឡើង ដែលអាចនាំទៅដល់ការផ្ទុះអាវុធ និងការប្រើប្រាស់ពាក្យសម្តីជេរប្រមាថគ្នាជាដើម។
ចំពោះរឿងសាងសង់ផ្លូវយុទ្ធសាស្ត្រនៅតាមបណ្ដោយព្រំដែនវិញ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពឈូសឆាយធ្វើផ្លូវ ពង្រីកភូមិសាស្ត្រ និងរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់កំណត់ព្រំដែនដាច់ស្រេច និងពន្លឿនការវាស់វែងដើម្បីបោះបង្គោលព្រំដែនរបស់គណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត។
ឆ្លើយតបនឹងបញ្ហានេះ យោធាថៃបានអះអាងថា ការសាងសង់ផ្លូវនៅតាមក្រវាត់ព្រំដែននេះ គឺជាការអភិវឌ្ឍនៅតំបន់ព្រំដែន និងមិនជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការផ្នែកយោធានោះឡើយ។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃនេះ គឺជាកិច្ចពិភាក្សាដ៏សំខាន់មួយ ព្រោះយោធាប្រចាំភូមិភាគនៃប្រទេសទាំងពីរ មានតួនាទីគ្រប់គ្រងតំបន់សំខាន់ៗ ដែលសុទ្ធសឹងជាសមរភូមិក្ដៅ និងជាទីតាំងដែលមានភាពតានតឹងខ្លាំងនៅតាមព្រំដែន។
ក្នុងនោះយោធភូមិភាគទី៤ របស់កម្ពុជាមានភារកិច្ចគ្រប់គ្រង និងការពារសន្តិសុខក្នុងតំបន់ព្រំដែនដែលមានភាពរស៊ើបដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប។ ចំណែកកងទ័ពភូមិភាគទី២ របស់ថៃ មានតួនាទីគ្រប់គ្រងខេត្តជាប់ព្រំដែនខ្មែរ ដូចជាខេត្តឧប៊ុនរ៉ាចាថានី (Ubun Rachathani) ស៊ីសាកេត (Sisaket) សុរិន្ទ (Surin) និងបុរីរម្យ (Buriram) ជាដើម។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា នៅកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់នេះ ភាគីកម្ពុជាហាក់បានលាក់បាំងនូវព័ត៌មានសំខាន់មួយចំនួន ជាពិសេសទៅលើគោលជំហរនៃការរក្សាកងកម្លាំង ដែលកំពុងឈរជើងនៅតាមព្រំដែន។ លោកបន្តថា កិច្ចព្រមព្រៀងនេះ ធ្វើឱ្យតែល្អមើល ខណៈភាពជាក់ស្ដែង យោធាថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជា និងបង្កហេតុដើម្បីញុះញង់ទាហានខ្មែរឱ្យផ្ទុះអាវុធ។
លោក ម៉ែន ណាត៖ «រឿងដែលថៃទាមទារ វាជារឿងរបស់ថៃ។ ក៏ប៉ុន្តែ រឿងសំខាន់ គឺត្រូវផ្ទៀងផ្ទាត់តំបន់ព្រំដែន បង្គោលព្រំដែន សន្ធិសញ្ញាព្រំដែន និងឯកសារព្រំដែនដែលពាក់ព័ន្ធ។ រឿងនេះវាច្បាស់ក្រឡែតថា ថៃកំពុងឈរជើងក្នុងដីខ្មែរ ហើយបណ្តេញប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនហ្នឹង ចេញពីទឹកដីខ្មែរ បច្ចុប្បន្នហ្នឹង។ នៅទីណាក៏ឃើញអញ្ចឹង អន្តរជាតិក៏ឃើញអញ្ចឹង ពួក AOT របស់អាស៊ានក៏ឃើញអញ្ចឹងដែរ។ ម្ល៉ោះហើយ រដ្ឋាភិបាលកម្ពុជាមិនអាចធ្វើលំៗបានទេក្នុងរឿងហ្នឹង»។
យ៉ាងណាក៏ដោយចុះ ក្រោយកិច្ចប្រជុំ RBC រវាងយោធាកម្ពុជា និងថៃ មិនទាន់រំលងបានមួយថ្ងៃផងនោះ នៅថ្ងៃនេះយោធាថៃបានផ្ទុះអាវុធជិត១០គ្រាប់ ដែលមានចម្ងាយប្រហែលជាង៤០០ម៉ែត្រ ពីទីតាំងរបស់ទាហានខ្មែរ។ នេះបើតាមការអះអាងរបស់ទាហានខ្មែរមួយរូប ដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាក្របី ប្រាប់ទូរទស្សន៍អាស៊ីសេរីជាសំណេរ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ទោះជាយ៉ាងណា ជុំវិញករណីនេះ ភាគីកម្ពុជា និងថៃ នៅមិនទាន់ចេញសេចក្ដីថ្លែងការណ៍លម្អិតនៅឡើយ៕








