

យោធាថៃបានបញ្ជូនទ័ពថ្មើរជើង ទៅកាន់តំបន់ប្រាសាទតាក្របី ជាបន្តបន្ទាប់ ដើម្បីពង្រឹងសន្តិសុខ និងសាងសង់សំណង់សម្រាប់ត្រៀមរៀបចំកម្មវិធីរត់ថ្មើរជើងរម្លឹកដល់ទាហានថៃដែលបានពលី ដែលកងទ័ពភូមិភាគទី២របស់ថៃ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២៦នេះ។ អ្នកឃ្លាំមើលលើកឡើងថា យោធាថៃកំពុងប្រើប្រាស់អំណាចយោធា ដើម្បីពង្រីកភាពជាម្ចាស់នៅក្នុងទឹកដីកម្ពុជា ដែលយោធាថៃបានឈ្លានពានយក។
យោធាថៃបានពង្រីកកម្លាំងទ័ពនៅតំបន់ប្រាសាទតាក្របី និងការអភិវឌ្ឍកាន់តែលឿនជាងមុន បន្ទាប់ពីយោធាថៃបានប្រកាសយកតំបន់នេះ ធ្វើជាទីតាំងឈរជើងពិសេស។
តាមរយៈវីដេអូដែលទាហាន និងពលរដ្ឋថៃបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗ បានបង្ហាញអំពីការចល័តកងកម្លាំងថ្មើរជើង និងទាហានឈុតខ្មៅជាច្រើនកងពលទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៥០។ ការចល័តទ័ពរបស់យោធាថៃនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍នៅក្នុងតំបន់នេះកំពុងមានភាពតានតឹង និងការប្រឈមមុខដាក់គ្នារវាងភាគីទាហានខ្មែរ និងទាហានថៃ ដែលមានមូលដ្ឋានទ័ពឆ្ងាយពីគ្នាប្រហែល៥០០ម៉ែត្រ។
ទោះបីជាស្ថិតក្នុងស្ថានភាពផុយស្រួយក្ដី ក៏យោធា និងប្រជាពលរដ្ឋថៃនៅតែបន្តស្ថាបនាផ្លូវបេតុងជាច្រើនខ្សែ ដោយតភ្ជាប់តំបន់ប្រាសាទតាក្របី និងភ្នំ៣៥០ ដើម្បីគ្រប់គ្រង និងជួសជុលតំបន់យុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រនេះឱ្យទៅជាគោលដៅទេសចរណ៍ក្នុងតំបន់ព្រំដែន។ ក្នុងនោះ នៅតំបន់ភ្នំ៣៥០ យោធាថៃបានសាងសង់អាគារសំណង់រឹង រូបសំណាកជាច្រើនកន្លែង និងដាក់តម្រៀបរនាំងថ្មបេតុងធំៗ នៅពីមុខបន្លាលួសដែលយោធថៃបានដាក់ពង្រាយ។
ទាហានថៃបានអះអាងនៅលើបណ្ដាញសង្គមថា ការណ៍ដែលកងទ័ពភូមិភាគទី២របស់ថៃ បានពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់សំណង់នៅតំបន់ប្រាសាទតាក្របី និងភ្នំ៣៥០នេះ គឺដើម្បីត្រៀមរៀបចំកម្មវិធីរត់ថ្មើរជើងរម្លឹកដល់ទាហានថៃដែលបានពលី និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋថៃមកទស្សនា។ កម្មវិធីរត់របស់យោធាថៃនេះ គ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ចុងឆ្នាំ២០២៦ ពោលគឺចំពេលគម្រប់ខួបមួយឆ្នាំ ដែលយោធាថៃបានចូលកាន់កាប់ក្នុងតំបន់ប្រាសាទតាក្របី។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែកក្កដា។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ កាលពីថ្ងៃទី១៥ ខែកក្កដា ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពឈូសឆាយធ្វើផ្លូវ ពង្រីកភូមិសាស្ត្រ និងរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា។ ក៏ប៉ុន្តែភាគីថៃបានច្រានចោលចំពោះការទាមទាររបស់ភាគីកម្ពុជា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញថា ថៃកំពុងប្រើប្រាស់អំណាចយោធាដើម្បីបង្កើតភាពស្របច្បាប់ និងធ្វើជាតូបនីយកម្មនៅលើទឹកដីកម្ពុជា។ លោកបន្តថា ដរាបណាកម្ពុជានៅតែរំពឹងលើការចរចាទ្វេភាគី ទោះបីជា១០០ឆ្នាំទៀតក៏កម្ពុជានៅតែមិនអាចទាមទារទឹកដីពីថៃមកវិញបាននោះឡើយ។
លោក អ៊ុំ សំអាន៖ «ដូចដែលអ្វីដែលលោក ហ៊ុន ម៉ាណែត កំពុងធ្វើសព្វថ្ងៃគ្រាន់តែចេញលិខិតថ្កោលទោសតវ៉ាហ្នឹង គឺមិនបានទឹកដីមកវិញនោះទេ។ ទាល់តែគាត់ហ្នឹងប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទើបអាចយកទឹកដីបានមកវិញ។ ហើយមួយទៀត ទាល់តែមានមេដឹកនាំថ្មីតែម្ដង គេមានសមត្ថភាពជាងហ្នឹង ទើបអាចទាមទារទឹកដីបានមកវិញ។ បើសិនពឹងទៅលើលោក ហ៊ុន ម៉ាណែត ទៅលើត្រកូលហ៊ុន នេះ គឺមិនអាចទាមទារទឹកដីបានមកវិញនោះទេ»។
យោធាថៃបានចូលឈ្លានពាន និងកាន់កាប់តំបន់ប្រាសាទតាក្របី របស់កម្ពុជាទាំងកម្រោលក្នុងអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនជាលើកទី២ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីយោធាថៃបានវាយប្រហារសន្ធប់ដោយកាំភ្លើងធំ និងយន្តហោះចម្បាំងមកលើទីតាំងប្រាសាទខ្មែរបុរាណមួយនេះ រហូតបណ្ដាលឱ្យកំពូលប្រាសាទទាំងមូលបានធ្លុះពីម្ខាងទៅម្ខាង និងស្ទើរតែបាក់រលំរាបដល់ដី។ ចំណែកតំបន់ភ្នំ៣៥០ ដែលស្ថិតនៅក្បែរនោះ ត្រូវយោធាថៃចូលកាន់កាប់នៅថ្ងៃទី២០ ខែធ្នូ។ ការបាត់បង់តំបន់ទាំងនេះ បានធ្វើឱ្យទាហានខ្មែរត្រូវបង្ខំចិត្តដកថយមកឈរជើងនៅត្រឹមចង្កេះភ្នំដងរែករហូតមកដល់សព្វថ្ងៃ។
ក្រោយកាន់កាប់ប្រាសាទតាក្របី ផ្ដាច់មុខហើយ ប្រទេសថៃបានប្រកាសពីគម្រោងជួសជុលប្រាសាទមួយនេះឱ្យមានសភាពដូចដើមវិញ នៅឆ្នាំ២០២៨។ ក្នុងនោះយោធាថៃ បានលើកឡើងពីការសំយោគតំបន់ប្រាសាទតាក្របី និងភ្នំ៣៥០ ធ្វើជាមូលដ្ឋានយោធា និងរមណីយដ្ឋានទេសចរណ៍រួមគ្នា ដើម្បីពង្រីកការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ដែលអាចធ្វើឱ្យប្រទេសថៃអាចកាន់កាប់ទឹកដីកម្ពុជា ដែលយោធាថៃឈ្លានពានបាន ជាអចិន្ត្រៃយ៍៕








