ថៃបង្កកទ្រព្យសម្បត្តិជាង​១ពាន់​លាន​ដុល្លារ​ពី​បណ្តាញ​មាន​ទំនាក់ទំនង​ជាមួយ​លោក ហ៊ុន សែន

0
66
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


អាជ្ញាធរ​ថៃ​បាន​រឹបអូស និងបង្កកទ្រព្យសម្បត្តិសរុបប្រមាណ ៣៥,៨ពាន់លានបាត ឬជាង ១ពាន់​លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងបណ្តាញហិរញ្ញវត្ថុដែលរងការសង្ស័យថា មានការលាងលុយកខ្វក់ឆ្លងដែន។ ជនសង្ស័យសំខាន់ៗក្នុងសំណុំរឿងនេះរួមមាន អ្នកជំនួញជនជាតិអាហ្វ្រិកខាងត្បូង លោក បេន ស្មីត (Ben Smith) និងអ្នកជំនួញកម្ពុជា លោក យឹម លក្ខណ៍។ អ្នកជំនួញទាំងពីររូបនេះត្រូវបានសារព័ត៌មានរាយការណ៍ថា ធ្លាប់មានតួនាទី​ជាទីប្រឹក្សា​របស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។

សារព័ត៌មានថៃបាងកក ប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ថា អាជ្ញាធរថៃបានរកឃើញបណ្តាញផ្ទេរប្រាក់ដ៏ស្មុគស្មាញមួយ ដែលត្រូវបានសង្ស័យថា បានប្រើប្រាស់ធនាគារនៅកម្ពុជា និងមូលនិធិវិនិយោគនៅប្រទេសសិង្ហបុរី ដើម្បីបង្វិល​ប្រាក់ដែលអាចមានប្រភពពីសកម្មភាពឧក្រិដ្ឋកម្ម មុននឹងយកទៅទិញភាគហ៊ុនក្នុងក្រុមហ៊ុនធំៗនៅផ្សារហ៊ុនថៃ។

ក្នុងចំណោមទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស និងបង្កក មានភាគហ៊ុនតម្លៃប្រមាណ ១៤,៨ពាន់លានបាត នៅក្នុងក្រុមហ៊ុនថាមពល Bangchak Corporation ក្រុមហ៊ុន VGI និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម MFC Asset Management។ ទ្រព្យសម្បត្តិផ្សេងទៀតរួមមាន នាវាកម្សាន្ត រថយន្ត ដីធ្លី និងប្រាក់បញ្ញើក្នុងធនាគារ។
តាមការស៊ើបអង្កេតរបស់នគរបាលថៃ ប្រាក់រាប់សិបពាន់លានបាតត្រូវបានផ្ទេរពីធនាគារ B.I.C. Bank នៅកម្ពុជា ទៅកាន់មូលនិធិវិនិយោគ Capital Asia Investments នៅសិង្ហបុរី មុននឹងត្រូវបានយកទៅវិនិយោគក្នុងទីផ្សារភាគហ៊ុនថៃ។ អាជ្ញាធរសង្ស័យថា ការផ្ទេរប្រាក់ឆ្លងកាត់ប្រទេសជាច្រើននេះ មានគោលបំណងបិទបាំងប្រភពដើមនៃប្រាក់ដែលអាចពាក់ព័ន្ធនឹងបទល្មើស។

លោក បេន ស្មីត ដែលមានឈ្មោះពិតថា Benjamin Mauerberger គឺជាអ្នកជំនួញកើតនៅអាហ្វ្រិកខាងត្បូង ដែលត្រូវបានរាយការណ៍ថា មានទំនាក់ទំនងជាមួយអ្នកនយោបាយ និងអ្នកជំនួញមានឥទ្ធិពលនៅកម្ពុជា និងថៃ។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ស្ថាប័ន National Bureau of Asian Research ចេញផ្សាយនៅខែមេសា ឆ្នាំ២០២៦ លោក បេន ស្មីត បានទទួលលិខិតឆ្លងដែនកម្ពុជា និងត្រូវបានតែងតាំងជាទីប្រឹក្សាព្រឹទ្ធសភាកម្ពុជានៅឆ្នាំ២០១៤។ របាយការណ៍ដដែលបានឱ្យដឹងថា នៅឆ្នាំ២០២៣ លោក ហ៊ុន សែន បានតែងតាំងលោក បេន ស្មីត និងលោក យឹម លក្ខណ៍ ជាទីប្រឹក្សារបស់លោក។

ចំណែកលោក យឹម លក្ខណ៍ គឺជាកូនប្រុសរបស់លោក យឹម ឆៃលី អតីតឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។ លោក យឹម លក្ខណ៍ ជាប្រធានក្រុមហ៊ុន B.I.C. Group ដែលមានទំនាក់ទំនងជាមួយធនាគារ B.I.C. Bank។ បងប្រុសរបស់លោក គឺលោក យឹម លាង ជាមន្ត្រីជាន់ខ្ពស់នគរបាលកម្ពុជា។ ចំណែកបងស្រីរបស់លោក គឺអ្នកស្រី យឹម ឆៃលីន ជាអតីតភរិយារបស់លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ហ៊ុន សែន។

កាលពីខែកញ្ញា ឆ្នាំ២០២៥ តំណាងរាស្ត្រថៃ លោក រ៉ាងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) បានលើកឡើងនៅក្នុងសភាថៃ អំពីទំនាក់ទំនងរបស់លោក បេន ស្មីត ជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ផងដែរ។

សារព័ត៌មានអន្តរជាតិក៏បានរាយការណ៍អំពីការពាក់ព័ន្ធរបស់លោក បេន ស្មីត ក្នុងការរៀបចំទិញយន្តហោះឯកជនសម្រាប់អ្នកមានឥទ្ធិពលនៅកម្ពុជា និងថៃ រួមមានលោក ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ទោះជាយ៉ាងណា ព័ត៌មានទាំងនេះមិនទាន់បញ្ជាក់ថា យន្តហោះទាំងនោះជាអំណោយផ្ទាល់ដល់មេដឹកនាំ កម្ពុជាឡើយ។

អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួនប្រាំមួយនាក់ និងចោទប្រកាន់ជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងបទល្មើសពាក់ព័ន្ធនឹងទីផ្សារមូលបត្រ។ ក្នុងចំណោមអ្នកដែលត្រូវបានចេញដីកាចាប់ខ្លួន មានលោក បេន ស្មីត ភរិយារបស់លោក និងលោក យឹម លក្ខណ៍ ដែលត្រូវបានរាយការណ៍ថា កំពុងស្ថិតនៅក្រៅប្រទេស។

ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេតបានភ្ជាប់បណ្តាញអាជីវកម្មរបស់លោក បេន ស្មីត ទៅនឹងការសង្ស័យអំពីប្រាក់ដែលបានមកពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា។ ប៉ុន្តែលោក បេន ស្មីត បានបដិសេធការចោទប្រកាន់ថា លោកពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ការជួញដូរមនុស្ស ឬប្រតិបត្តិការឆបោកតាមទូរស័ព្ទ។

ចំណែកលោក យឹម លក្ខណ៍ ក៏ធ្លាប់បានបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងបណ្តាញ ឧក្រិដ្ឋកម្មដែរ។ មេធាវីរបស់លោកអះអាងថា មិនមានភស្តុតាងភ្ជាប់លោកទៅនឹងអ្នកជំនួញ ចេន ហ្ស៊ី ហើយថា លោកត្រៀមសហការជាមួយប្រព័ន្ធយុត្តិធម៌ថៃ។

ការរឹបអូស និងបង្កកទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្កើតសំណួរអំពីប្រភពប្រាក់ ដែលឆ្លងកាត់ប្រព័ន្ធធនាគារកម្ពុជា ការត្រួតពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុ និងទំនាក់ទំនងរវាង អ្នកជំនួញ​ដែលកំពុងរងការស៊ើបអង្កេតជាមួយមន្ត្រីនយោបាយជាន់ខ្ពស់កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ