

ប្រមុខការបរទេសថៃ បានបន្តលើកយកយន្តការដោះស្រាយជម្លោះដែនសមុទ្រជាមួយកម្ពុជា មកបកស្រាយក្នុងកិច្ចប្រជុំកំពុលអាស៊ាន នៅប្រទេសហ្វីលីពីន ដោយភាគីថៃនៅតែអះអាងដដែលៗថា នឹងមិនបើកទ្វារចរចាព្រំដែនគោកជាមួយកម្ពុជានោះឡើយ ដរាបណាកម្ពុជានៅតែបដិសេធចូលតុចរចាទ្វេភាគី ដើម្បីដោះស្រាយវិវាទដែនសមុទ្រជាមួយថៃ។ ភាគីថៃអះអាងថា ការណ៍ដែលប្រទេសថៃបានលុបចោល MOU44 គឺដោយសារតែកម្ពុជាបានផ្ដល់សច្ចាប័នជាផ្លូវការលើច្បាប់សមុទ្រ (UNCLOS) ដូចថៃដែរ។
ប្រមុខការបរទេសថៃបានសង្កត់ធ្ងន់ថា មានតែការជជែកទល់មុខគ្នាដោយប្រើប្រាស់ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ តែមួយគត់ ដែលជាកូនសោរសម្រាប់បើកទ្វារចរចាព្រំដែនគោករវាងកម្ពុជា និងថៃឡើងវិញ។
ថ្លែងក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃទី២១ ខែកក្កដា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) អះអាងថា គណៈរដ្ឋមន្ត្រីថៃបានចាត់តាំងបង្កើតក្រុមបច្ចេកទេស ដើម្បីត្រៀមចូលរួមចរចាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដើម្បីដោះស្រាយវិវាទព្រំដែនគោកជាមួយកម្ពុជារួចរាល់ហើយ ដោយភាគីថៃនៅរង់ចាំតែការឯកភាពពីភាគីកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនសមុទ្រទ្វេភាគីដែលថៃចង់បានប៉ុណ្ណោះ។
លោក ស៊ីហាសាក់ បានអះអាងថា ប្រទេសថៃបានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬMOU44 ជាមួយកម្ពុជា បន្ទាប់ពីកម្ពុជាបានផ្ដល់សច្ចាប័នជាផ្លូវការលើ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ព្រោះថៃក៏ជាសមាជិករបស់ (UNCLOS) ដែរ ដូច្នេះកម្ពុជាគួរតែចរចាគ្នាជាលក្ខណៈទ្វេភាគី ដោយប្រើប្រាស់ច្បាប់សមុទ្រ (UNCLOS) នេះ ដើម្បីឈានដល់ការចរចាព្រំដែនគោកឡើងវិញ។
ប្រមុខការទូតថៃរូបនេះព្រមានថា ប្រសិនបើកម្ពុជា នៅតែបន្តជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយជម្លោះដែនសមុទ្រក្នុងតំបន់ត្រួតស៊ីគ្នាជាមួយថៃ នោះថៃនឹងចូលរួមទាំងមិនពេញចិត្ត ក៏ប៉ុន្តែថៃក៏នឹងមិនចរចាជម្លោះព្រំដែនគោកជាមួយកម្ពុជានោះដែរ។ លោកបន្តថា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដែលកម្ពុជាតែងតែស្នើមកកាន់ភាគីថៃ គឺជាការងារបច្ចេកទេសវាស់វែង និងបោះបង្គោលព្រំដែន ក៏ប៉ុន្តែឥឡូវនេះវាបានក្លាយទៅជាបញ្ហាសន្តិសុខជាតិ ដោយសារភាពចម្រូងចម្រាសនៅក្នុងការចរចាគ្នា និងភាពតានតឹងនៅតំបន់ព្រំដែនដែលយោធានៃប្រទេសទាំងពីរកំពុងឈរជើង។
ទាក់ទិនរឿងនេះ រដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ប្រាប់ទូរទស្សន៍អាស៊ីសេរី ជាសំណេរថា ព្រំដែនសមុទ្រ និងព្រំដែនគោក ត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និងយន្តការទ្វេភាគីផ្សេងគ្នា។ អ្នកស្រីបន្តថា យន្តការ UNCLOS គឺជាមធ្យោបាយសន្តិវិធីសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រ និងមិនអាចចាត់ទុកជាមូលដ្ឋាន ឬជាលេសសម្រាប់ផ្អាកការងារដែលមិនទាក់ទងគ្នា ដូចជាការកំណត់ខណ្ឌសីមាព្រំដែនគោកតាមរយៈ គណៈកម្មការចំរុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានោះទេ។
ទោះជាយ៉ាងណា គិតមកដល់ពេលនេះ យន្តការផ្សះផ្សាដោយបង្ខំ ស្ថិតនៅក្នុងស្ថានភាពជាប់គាំងនៅឡើយ ដោយសារតែតំណាងគណៈកម្មការរបស់កម្ពុជា-ថៃ ដែលជាអ្នកជ្រើសតាំង បានស្នើសុំពេលវេលាបន្ថែម ដើម្បីពិចារណាតែងតាំងឥស្សរជន១រូបជាប្រធានគណៈកម្មការផ្សះផ្សា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ភាគីកម្ពុជានឹងមិនអាចចរចាទ្វេភាគីដោយស្មើភាពគ្នាជាមួយថៃបានទេ ព្រោះថៃជាភាគីឈ្លានពាន ខណៈថៃកំពុងមានប្រៀបលើកម្ពុជាទាំងកម្លាំងយោធា និងទំនាក់ទំនងការទូត។ លោកបន្តថា បើជ្រុលជាភាគីថៃយកការចរចាព្រំដែនគោកមកដាក់សម្ពាធហើយនោះ កម្ពុជាគួរតែលើកយកបញ្ហាព្រំដែនគោកនេះ ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ព្រោះភាគីថៃជាអ្នកបិទផ្លូវចរចាមុន។ «»
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលលើកឡើងថា កម្ពុជាក៏មិនអាចពឹងផ្អែកលើយន្តការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយវិវាទដែនសមុទ្រជាមួយភាគីថៃនេះនោះឡើយ ព្រោះថៃនឹងមិនអនុវត្តតាមអនុសាសន៍របស់គណៈកម្មការសម្របសម្រួលនោះឡើយ ប្រសិនបើភាគីថៃបាត់បង់ប្រយោជន៍ ហើយនៅទីបំផុតភាគីថៃនៅតែដាក់សម្ពាធឱ្យកម្ពុជាចូលតុចរចាទល់មុខគ្នាដដែល។
អ្នកឃ្លាំមើលជំរុញឱ្យមេដឹកនាំកម្ពុជា គួរតែដោះស្រាយវិវាទព្រំដែនទឹក និងព្រំដែកគោកជាមួយប្រទេសថៃតាមរយៈស្ថាប័នអន្តរជាតិ ដែលមានទម្ងន់ច្បាប់ជាសាកល ដើម្បីដាក់សម្ពាធមកលើប្រទេសថៃឱ្យអនុវត្តសាលក្រម និងច្បាប់អន្តរជាតិ៕







