

អ្នកនយោបាយបក្សប្រឆាំង២រូប ថ្កោលទោសសាលក្រមកំបាំងមុខរបស់សាលាដំបូងខេត្តប៉ៃលិនដែលបានពិន័យប្រាក់ក្នុងម្នាក់២០លានរៀល (២០.០០០.០០០) ថា ជាការប្លន់លុយស្រស់ៗពីប្រជារាស្ត្រ និងជារឿងអយុត្តិធម៌។ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរពិចារណាកែប្រែច្បាប់មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ។
អ្នកនយោបាយបក្សប្រឆាំង២រូប ច្រានចោលសាលក្រមកំបាំងមុខរបស់សាលាដំបូងខេត្តប៉ៃលិន ដែលចោទពួកគេពីបទ «ណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត» ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីអំឡុងឆ្នាំ២០២៣ ថា ជារឿងមិនសមហេតុផល និងផ្ទុយពីច្បាប់។
កាលពីថ្ងៃ១៦ ខែកក្កដា សាលាដំបូងខេត្តប៉ៃលិន បានពិន័យប្រាក់អតីតប្រធានប្រតិបត្តិគណបក្សភ្លើងទៀន លោក ខឹម មុនីកុសល និងអតីតសមាជិកគណៈកម្មការប្រតិបត្តិខេត្តប៉ៃលិន កញ្ញា ស៊ុន សុភា ក្នុងម្នាក់២០លានរៀល (២០.០០០.០០០) ។ ពួកគាត់ចាត់ទុកការពិន័យ និងការចោទប្រកាន់នេះ ថា ជាការជំរិតទារប្រាក់ និងជាការគំរាមកំហែងក្នុងរូបភាពនយោបាយមុនការបោះឆ្នោតខិតជិតមកដល់។
អតីតសមាជិកគណៈកម្មការប្រតិបត្តិខេត្តប៉ៃលិន និងជាជនភៀសខ្លួនខ្មែរផ្នែកនយោបាយនៅប្រទេសថៃ កញ្ញា ស៊ុន សុភា ថ្លែងថា រដ្ឋាភិបាលប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែង គាបសង្កត់ បំភិតបំភ័យស្មារតី មន្ត្រីបក្សប្រឆាំងនៅក្នុងប្រទេស និងប្រជាពលរដ្ឋមុនការបោះឆ្នោត។ កញ្ញាថា កញ្ញាបានប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលមានចែងក្នុងច្បាប់ ដោយមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការឡើយ។ កញ្ញា ស៊ុន សុភា ថា ចំនួនទឹកប្រាក់ ២០លានរៀល មិនមែនជាចំនួនតិចតួចឡើយសម្រាប់ពលរដ្ឋខ្មែរ ស្របពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះហើយពលរដ្ឋពិបាករកការងារធ្វើបែបនេះ។ កញ្ញាចាត់ទុកការផាកពិន័យនេះ ជាការជំរិតទារប្រាក់តាមប្រព័ន្ធច្បាប់។
ក្រៅពីបទចោទប្រកាន់ កញ្ញា សុភា ថ្លែងថា កញ្ញារងការគំរាមកំហែងជាច្រើនពីជនអនាមិក និងការគំរាមសម្លាប់ ដោយសារការចូលរួមសកម្មភាពសង្គម និងនយោបាយ។
កញ្ញា ស៊ុន សុភា៖ «នាងខ្ញុំជាយុវជនមួយរូប យុវជនខ្មែរដែលយើងអាចចូលរួមការកសាងប្រទេសជាតិបែរជាត្រូវគំរាមកំហែងពីគណបក្សកាន់អំណាចរហូតដល់មកភៀសខ្លួននយោបាយ វាធ្វើឲ្យនាងខ្ញុំបាត់សិទ្ធិសេរីភាពក្នុងការដែលយើងចូលរួមកសាងប្រទេសជាតិ ដែលប្រទេសជាតិកំពុងតែរងការបំផ្លិចបំផ្លាញដោយមេដឹកនាំសព្វថ្ងៃ»។
កញ្ញា ស៊ុន សុភា បានភៀសខ្លួន ទៅប្រទេសថៃនៅដើមឆ្នាំ២០២២ និងបានទទួលឋានៈជាជនភៀសខ្លួននយោបាយខ្មែរពីអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកក ប្រទេសថៃ។
ចំណែក អតីតប្រធានប្រតិបត្តិគណបក្សភ្លើងទៀន និងជាអតីតសមាជិកគណៈកម្មការនាយកនៃគណបក្សភ្លើងទៀន ខេត្តប៉ៃលិន លោក ខឹម មុនីកុសល ថ្លែងថា ការផាកពិន័យលោក គឺជារឿងមិនត្រឹមត្រូវ ហើយជារូបភាពមួយដែលរដ្ឋាភិបាលចាប់ផ្តើមប្រើមុនការបោះឆ្នោតមកដល់ ដើម្បីបំភ័យប្រជាពលរដ្ឋ និងបក្សជំទាស់ មិនឲ្យប្រជែងនឹងគណបក្សកាន់អំណាច។ លោកបន្តថា តុលាការកំពុងប្រើយុទ្ធសាស្ត្រគាបសង្កត់ផ្លូវចិត្តរបស់លោក ហើយអាចឈានដល់ការរឹបអូសទ្រព្យសម្បត្តិរបស់លោកដែលមាននៅកម្ពុជា។ លោក កុសល ថា រដ្ឋាភិបាលត្រកូល«ហ៊ុន» បានប្រព្រឹត្តទង្វើជំរិតទារប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ យុវជនសង្គម និងអ្នកនយោបាយដែលមានមតិផ្ទុយជាយូរមកហើយ តាំងពីរំលាយគណបក្សសង្គ្រោះជាតិ ឆ្នាំ២០១៧ និងបានរឹបអូសទ្រព្យសម្បត្តិរបស់មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំងមួយចំនួនទៀតផងដែរ។
លោក ខឹម មុនីកុសល៖ «អ្វីដែលយើងនិយាយវាជារឿងពិតណាស់ បាទយើងមិនបាននិយាយអ្វីដែលវាប្រាសចាកអំពីក្រមសីលធម៌ណាមួយទេ។ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ឥឡូវបន្តមកដល់លោក ហ៊ុន ម៉ាណែតនេះ បានប្រព្រឹត្តអំពើឆបោកជំរិតទារប្រាក់ទៅលើប្រជាពលរដ្ឋខ្លួនឯងហ្នឹងជាហូរហែទាក់ទងនិងការបញ្ចេញមតិសកម្មភាពដែលយើងធ្វើដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណឹងទេបាទ»។
លោក ខឹម មុនីកុសល គឺជាអតីតគ្រូពេទ្យក្រុងប៉ៃលិន ដែលត្រូវបានអភិបាលខេត្តនេះ គឺអ្នកស្រី បាន ស្រីមុំ បណ្ដេញចេញពីក្របខណ្ឌមន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ដោយសារ លោកបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករិះគន់មន្ត្រីខេត្តថា មិនបានបំពេញតួនាទីជូនពលរដ្ឋឲ្យបានត្រឹមត្រូវ។ លោកបានភៀសខ្លួនទៅប្រទេសថៃកាលពីឆ្នាំ២០២៣ និងបានបន្តដំណើរទៅរស់នៅប្រទេសអូស្ត្រាលី ដែលជាប្រទេសលោកសេរី គោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នៅអំឡុងខែកក្កដា ឆ្នាំ២០២៦នេះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិនលោក ពិន សុខុម មិនបានឆ្លើយតបចំសំនួរពាក់ព័ន្ធសាលក្រមកំបាំងមុខនេះឡើយ នៅថ្ងៃទី០៦ ខែសីហានេះ ដោយលោកលើកឡើងថា ផុតម៉ោងរដ្ឋបាល ហើយលោកមិនទាន់ទទួលបានព័ត៌មាននេះ ពីចៅក្រមនៅឡើយ ដោយឲ្យរង់ចាំលោកត្រួតពិនិត្យមើលសិន។ អាស៊ីសេរី ក៏បានទាក់ទងសួរនាំម្តងទៀតនៅម៉ោងរដ្ឋបាល ប៉ុន្តែលោកមិនលើកទូរស័ព្ទ និងបានចុចបិទ។
លោក ពិន សុខុម៖ «ចាំៗអញ្ចេះចាំមើលខ្ញុំត្រួតពិនិត្យមើលនៅក្នុងរបាយការណ៍ហ្នឹងគ្រប់ជ្រុងជ្រោយសិន ហើយខ្ញុំនិងធ្វើការឆ្លើយតបវិញបាទ ការដែលខ្ញុំឆ្លើយខ្ញុំឆ្លើយវាមានមូលដ្ឋានរបាយការណ៍ដែលបញ្ជូនមកពីខាងចៅក្រម តែឥឡូវខ្ញុំវាអត់ទាន់បានទទួល អ៊ីចឹងខ្ញុំឆ្លើយទៅខុស ខុសអាបែរបទនីតិវិធីហ្នឹងណាស់ អ៊ីចឹងខ្ញុំសុំពេលទៅអាគារតិចសិនខ្ញុំត្រួតពិនិត្យហើយ អាហ្នឹងខ្ញុំអាចបញ្ជាក់ជួនបាន»។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី យល់ឃើញថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យមើល និងធ្វើវិសោធនកម្មច្បាប់មួយចំនួនដែលមិនបានលើកស្ទួយ និងការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ។ លោកបារម្ភថា ក្រោយការផាកពិន័យ តុលាការអាចឈានដល់ការរឹបអូសទ្រព្យសម្បត្តិផ្សេងៗរបស់អ្នកទាំងពីរ ហើយលោក មិនចង់ឃើញអ្នកនយោបាយទាំងបក្សកាន់អំណាច និងគណបក្សជំទាស់ប្រឈមមុខដាក់គ្នាឡើយ។ លោកទទូចឲ្យរដ្ឋាភិបាលបើកលំហសេរីភាពបញ្ចេញមតិ បើកលំហប្រជាធិបតេយ្យឡើងវិញផងដែរ។
លោក នី សុខា៖ «ការបោះឆ្នោតនៅខាងមុខក៏កាន់តែជិតមកដល់យើងអត់ចង់ឃើញអ្នកនយោបាយប្រឈមមុខដាក់គ្នាទេ ព្រោះបញ្ហារឿងនយោបាយនេះគឺជារឿងមួយដែលប្រកួតប្រជែងដែលធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនទៅវិញទេ បើសិនជាយើងកុំប្រឈមមុខកុំយកគ្នាជាសត្រូវបាទ ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ អ៊ីចឹងយើងអត់ចង់ឲ្យការបោះឆ្នោតហ្នឹងជាកាតព្វកិច្ចទេ ខ្ញុំចង់ឲ្យការបោះឆ្នោតនិងវាជាសិទ្ធិទៅវិញ បាទជាសិទ្ធិទៅវិញកុំឲ្យការបោះឆ្នោតជាកាតព្វកិច្ច កាលណាជាកាតព្វកិច្ចវាមានបញ្ហាច្រើនណាស់»។
ក្រៅពីសាលក្រមកំបាំងមុខរបស់សាលាដំបូងខេត្តប៉ៃលិន ដែលបានពិន័យប្រាក់មន្ត្រីបក្សប្រឆាំងម្នាក់ ២០លានរៀលនៅពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីខែកញ្ញា ឆ្នាំ២០២៣ ក៏បានបង្គាប់ឲ្យលោក ខឹម មុនីកុសល និងកញ្ញា ស៊ុន សុភា ចូលខ្លួនទៅបង់ប្រាក់ពិន័យ ចំនួនចន្លោះពី ១០ ទៅ ១៥ លានរៀលក្នុងម្នាក់ និងបានដកសិទ្ធិអ្នកទាំង២មិនឲ្យចូលរួមបោះឆ្នោតរយៈពេល១០ឆ្នាំផងដែរ៕








