អ្នកឃ្លាំមើល​រំពឹង​ថា អគ្គរដ្ឋទូត​អាមេរិក​ថ្មី​នឹង​ដាក់​សម្ពាធ​មេដឹកនាំ​កម្ពុជា​បង្ក្រាប​មេខ្លោង​ឧក្រិដ្ឋកម្ម​អនឡាញ

0
73
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស

អ្នកឃ្លាំមើល​រំពឹង​ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា នឹង​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កាន់តែ​ខ្លាំង​ជាង​មុន​ឱ្យ​បង្ក្រាប​មេខ្លោង​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​។ ទោះជា​យ៉ាងណា ពួកគាត់​លើកឡើង​ថា ឧក្រិដ្ឋកម្ម​នេះ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​កម្ពុជា ហើយ​ការ​បង្ក្រាប​មេខ្លោង​ធំៗ​ទាំងនោះ​គឺ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត ដោយសារតែ​ពួកគេ​ជា​ឥស្សរជន​នយោបាយ​ក្នុង​ជួរ​បក្ស​កាន់អំណាច​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​បេក្ខភាព​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក គ្រីស្តូហ្វ័រ អាន់ដឺសុន (Christopher Anderson) ដែល​ត្រូវ​បាន​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) តែងតាំង​ប្ដេជ្ញា​ថា ប្រសិនបើ​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ការតែងតាំង​លោក​ពេញ​សិទ្ធិ យុទ្ធសាស្ត្រ​អាទិភាព​ចម្បង​ទីមួយ​របស់​លោក​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ ដែល​បាន​បោក​យក​ប្រាក់​ពី​ពលរដ្ឋ​អាមេរិក​អស់​រាប់​សិប​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែកក្កដា​ថា ការ​បង្ហាញ​ជំហរ​របស់​បេក្ខភាព​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក គ្រីស្តូហ្វ័រ អាន់ដឺសុន (Christopher Anderson) ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ និង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​គឺជា​សារ​ប្រាប់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​ថា អាមេរិក​នឹង​មិន​សម្លឹង​មើល កម្ពុជា​ត្រឹមតែ​កង្វល់​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិមនុស្ស​ដាច់ដោយឡែក​ដូច​មុន​ទៀត​ឡើយ​។ លោក​បន្ត​ថា សហរដ្ឋអាមេរិក​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ភ្ជាប់​បញ្ហា​ភូមិសាស្ត្រ​នយោបាយ ឧក្រិដ្ឋកម្ម និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សន្តិសុខ ជា​កញ្ចប់​តែមួយ។

លោក សេង វណ្ណ​លី មើលឃើញ​ថា វត្តមាន​បេក្ខភាព​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក គ្រីស្តូហ្វ័រ អាន់ដឺសុន នឹង​បង្កើន​សម្ពាធ​នយោបាយ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ខ្លាំង​ជាង​មុន ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បង្ក្រាប និង​ជំរុញ​ឱ្យ​ចាប់​មេខ្លោង​សំខាន់​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​។ ទោះជា​យ៉ាងណា លោក​វាយតម្លៃ​ថា ការ​ឈាន​ទៅដល់​ការ​បញ្ចប់ ឬ​លុបបំបាត់​ឧក្រិដ្ឋកម្ម​ដែល​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​កម្ពុជា​នេះ​គឺជា​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខ្លួនឯង។

លោក សេង វណ្ណលី៖ «សារ​ដែល លោក គ្រីស្តូហ្វ័រ អាន់​ដឺ​សុន ផ្ញើ​ទៅកាន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែត គឺ​ច្បាស់​ណាស់​ថា បញ្ហា​ឧក្រិដ្ឋកម្ម (Cyber) និង​ការ​ជួញដូរ​មនុស្ស មិនមែន​ជា​បញ្ហា​ក្នុងស្រុក​របស់​កម្ពុជា​ទៀត​ទេ​។ វា​បាន​ក្លាយជា​បញ្ហា​សន្តិសុខ​ជាតិ​របស់​អាមេរិក និង​ជា​លក្ខខណ្ឌ​ស្នូល​នៅក្នុង​ការកំណត់​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​ឱកាស​សេដ្ឋកិច្ច​នានា​ជាមួយ​អាមេរិក​ផង​ដែរ​។ ខ្ញុំ​យល់​ថា បញ្ហា​ប្រឈម​ធំ​បំផុត​នៅក្នុង​ការ​បង្ក្រាប​ពិតប្រាកដ​គឺ​បណ្ដាញ​ឧក្រិដ្ឋកម្ម​នៃ​ឧស្សាហកម្ម​ទាំងនេះ​មាន​លក្ខណៈ​ស្មុគស្មាញ និង​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ស៊ីជម្រៅ​ជាមួយ​ខ្សែបណ្ដាញ​ដែល​មាន​អំណាច​នៅក្នុង​ជួរ​គណបក្សកាន់អំណាច​ដែល​តែងតែ​រង​ការចោទប្រកាន់​ពី​រដ្ឋ​បរទេស ក៏ប៉ុន្តែ​តែ​រហូតដល់​ពេលនេះ​យើង​ឃើញថា គ្មាន​ចំណាត់ការ​ណាមួយ​ទៅលើ​បុគ្គល​ដែល​ត្រូវ​បាន​រកឃើញ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក និង​គាំទ្រ​ពួក​ឧក្រិដ្ឋជន​ឆបោក​ទាំង​នោះ​ទេ»។

ប្រធានាធិបតី​លោក ដូណាល់ ត្រាំ (Donald Trump) បាន​តែងតាំង​លោក គ្រីស្តូហ្វ័រ អាន់​ដឺ​សុន (Christopher Anderson) ជា​បេក្ខភាព​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បន្ទាប់ពី​អាមេរិក​មិនបាន​បញ្ជូន​ឯកអគ្គរដ្ឋទូត​មក​កម្ពុជា​ក្នុង​រយៈពេល​ពេល ជាង ២​ឆ្នាំ​មកនេះ ក្រោយ​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បញ្ចប់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ខែសីហា ឆ្នាំ​២០២៤។

ថ្លែង​ក្នុង​នៅមុខ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ក្នុង​សវនាការ​គណៈកម្មការ​កិច្ចការបរទេស​កាលពី​ថ្ងៃទី​១៦ ខែកក្កដា បេក្ខភាព​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក គ្រីស្តូហ្វ័រ អាន់ដឺសុន (Christopher Anderson) បញ្ជាក់​ជំហរ​ថា ប្រសិនបើ​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ការតែងតាំង​លោក​ជា​ឯកអគ្គរដ្ឋទូត​កម្ពុជា​ពេញ​សិទ្ធិ យុទ្ធសាស្ត្រ​អាទិភាព​ចម្បង​ទីមួយ​របស់​លោក​គឺ​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ​ដែល​បាន​បោក​យក​លុយ​ពី​ពលរដ្ឋ​អាមេរិក​អស់​រាប់​សិប​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​។ ក្រៅ​ពី​នេះ លោក​ថា នឹង​ពង្រឹង​កិច្ច​សន្ទនា​ជាក់ស្ដែង​ជាមួយ​លោក ហ៊ុន ម៉ាណែត ទៅលើ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​អាមេរិក កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់ និង​ការ​យកចិត្តទុកដាក់​នៃ​បញ្ហា​ការពង្រីក​ឥទ្ធិពល​ចិន​។​

លោក គ្រីស្តូហ្វ័រ អាន់ដឺសុន លើកឡើង​ថា ទោះបីជា​មិនអាច​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​បាន​ទាំងស្រុង​ក៏ដោយ ប៉ុន្តែ​លោក​ជឿ​ថា ការ​កាត់ផ្ដាច់​បណ្ដាញ និង​ចាប់ខ្លួន​មេខ្លោង​សំខាន់ៗ អាចរួម​ចំណែក​កាត់បន្ថយ​ការ​ឆបោក​ជនរងគ្រោះ​តាម​អន​ឡាញ ព្រមទាំង​ការ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នៅ​តាម​មជ្ឈមណ្ឌល​ឆបោក​ទាំង​នោះ​បាន​មួយ​កម្រិត។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា ស្វាគមន៍​ដែល​សហរដ្ឋអាមេរិក​ស​ម្រេច​តាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​។ លោក​ចង់​ឃើញ​វត្តមាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា បន្ត​ដាក់​សម្ពាធ​ឱ្យ​កាន់តែ​ខ្លាំងក្លា​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​ដឹកនាំ​ប្រទេស​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស។

លោក ស៊ឹង សែនករុណា យល់ឃើញ​ថា ចំណាត់ការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​លើ​មន្ត្រី​បុគ្គល​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កន្លង​មក​នេះ មិនទាន់​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​នៅឡើយ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ដឹកនាំ​ប្រទេស​បែប​ជិះសេះ​លែងដៃ ផ្ដេកផ្ដួល​លើ​ប្រទេស​ចិន និង​អនុញ្ញាត​ឱ្យ​កើតមាន​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​រីក​រាលដាល​ពាសពេញ​ប្រទេស។

លោក ស៊ឹង សែនករុណា៖ «​វា​គឺជា​ឫសគល់​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​រក​ការដឹកនាំ​មួយ​តាម​បែប​ផ្ដាច់ការ ឬ​កុម្មុយនិស្ត​។ ក្នុង​កាលៈទេសៈ​នោះ​យើង​ឃើញថា មានការ​ចាត់​វិធានកា​រ​ខ្លះ​ដែរ​ពី​សហរដ្ឋអាមេរិក​ដូចជា​រឿង​ការ​ដក​នូវ​ជា (GSP) ខាង​អឺរ៉ុប​ដក (EBA) ក៏ប៉ុន្តែ​វិធានការ​នេះ​ដូចជា​អត់​ឆ្លើយតប​ជា​វិជ្ជមាន​ទេ ផ្ទុយទៅវិញ​រដ្ឋាភិបាល​បច្ចុប្បន្ន​រឹតតែ​ផ្គើន​ទៅទៀត នៅតែ​បន្ត​រំលោភបំពាន​ទៅលើ​សិទ្ធិមនុស្ស ទៅលើ​សិទ្ធិ​កម្មករ ទៅលើ​សេរីភាព​សារព័ត៌មាន បណ្ដែតបណ្ដោយ​ឱ្យ​ប្រទេស​ធ្លាក់​នៅក្នុង​អំពើពុករលួយ អយុត្តិធម៌​សង្គម ហើយ​បណ្ដែត​បណ្ដោយ​ឱ្យ​ជនបរទេស​មក​រក​ស៊ី​ប្រព្រឹត្ត​នូវ​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន ការ​ជួញដូរ​មនុស្ស លាងលុយកខ្វក់ ការ​ឆបោក​អនឡាញ​ដ៏​ល្បីល្បាញ​នេះ​ដែល​ប៉ះពាល់​ទៅដល់​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​ប្រទេស​មែនទែន»។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី លើកឡើង​ថា ការ​តែងតែ​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​ក្រោម​រដ្ឋបាល​លោក ដូណាល់ ត្រាំ នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​មាន​រូប​ភាពជាក់​ស្ដែង​ជាង​មុន​។ លោក​ថា ក្នុង​នោះ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​ការអនុវត្ត​ច្បាប់​នឹង​ក្លាយជា​យុទ្ធសាស្ត្រ​ស្ទាបស្ទង់​ដ៏​សំខាន់​របស់​អាមេរិក ដើម្បី​បើកឱកាស​ឱ្យ​កម្ពុជា​ទទួលបាន​ប្រយោជន៍​ពាណិជ្ជកម្ម​។ ផ្ទុយទៅវិញ​លោក​ថា បើ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត នៅតែ​មិន​បង្ហាញ​ឆន្ទៈ ឬ​ចាប់​មេខ្លោង​ដែលជា​ឥស្សរជន​នៅ​ពីក្រោយ​អំពើ​ឧក្រិដ្ឋកម្ម​នោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក នឹង​បន្ត​រកាំរកូស​កាន់តែ​ខ្លាំង​ជាង​មុន​បន្ថែម​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ