ក្រុមហ៊ុន​រុករក​រ៉ែ​ចំនួន​៣ កំពុង​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​ស្រុក​ចំនួន​២​នៅ​ខេត្ត​រតនគិរី

0
30
អភិបាលខេត្ត​រតនគីរី លោក ញ៉ែម សំអឿន។ រូប៖ រដ្ឋបាលខេត្ត​រតនគិរី
អភិបាលខេត្ត​រតនគីរី លោក ញ៉ែម សំអឿន។ រូប៖ រដ្ឋបាលខេត្ត​រតនគិរី

ក្រុមហ៊ុន​រុករក​រ៉ែ​ចំនួន​៣ កំពុង​ឈូស​ឆាយ​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​នៅក្នុង​ស្រុក​ចំនួន​២ នៅ​ខេត្ត​រតនគិរី ។ ពលរដ្ឋ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ចេញ​មុខ​កាង​ការពារ​ក្រុមហ៊ុន​ឯកជន និង​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួលយក​សំណង​មិន​សមរម្យ​ដែល​ក្រុមហ៊ុន​បាន​ផ្ដល់។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ ដល់​ពលរដ្ឋ​រងគ្រោះ​ឲ្យ​បាន​សមរម្យ និង​យុត្តិធម៌។

ក្រុមហ៊ុន​ចំនួន​៣ ដែល​កំពុង​រុករក​រ៉ែ​លោហៈ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច រួមមាន ក្រុមហ៊ុន ហ្គោលដេន ជេនើរេសិន និង​ក្រុមហ៊ុន ខេមបូឌាន ស៊ាន​ចាម ដែល​ក្រុមហ៊ុន​ទាំងពីរ​នេះ ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ ក្នុងភូមិ​សាស្ត្រ​ឃុំ​បរខាំ ឃុំ​យ៉ាទុង និង​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ​។ ចំណែក​ក្រុមហ៊ុន​ចិន ឈ្មោះ ស្វីស រ៉ាប់បឺរ លី​មី​ធី​ត កំពុង​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​រាប់​រយ​គ្រួសារ នៅ​ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ នៅ​ខេត្តរតនគិរី។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​គងធំ លោក ជឹម ដាវេន អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៣ ខែមិថុនា ថា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​២ កំពុង​រុករក​រ៉ែ​លោហៈ ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​រាប់​រយ​គ្រួសារ នៅ​ស្រុក​អូរយ៉ាដាវ។ ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន​ទាំងអស់​នេះ​ពីព្រោះ​ពួកគាត់​មិន​ព្រម​ទទួលយក​សំណង​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​នោះ​ឡើយ​។ លោក​ថា ប្រសិនបើ​អាជ្ញាធរ និង​ក្រុមហ៊ុន​រឹងទទឹង​ឈូស​ឆាយ​ផលដំណាំ​របស់​ពលរដ្ឋ នឹង​មាន​បញ្ហា​កើតឡើង​ជាក់​ជាមិនខាន ពីព្រោះ​មិន​មាន​ដីស្រែ​ចម្ការ​សម្រាប់​អាស្រ័យ​ផល ក្រៅពី​ដី​ដែល​ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ​នោះ​ទេ។

លោក ជឹម ដាវេន៖ «ពីមុន​ខាង​អាជ្ញាធរ​ភូមិ ស្រុក ចុះ​ផ្សព្វផ្សាយ ខាង​ខេត្ត​អី​នឹង ឲ្យ​យើង​បាន​ចុះដី​សមូហភាព ដល់ពេល​ឥទ្បូវ​យើង​ចុះដី​សមូហភាព​ហើយ មាន​ក្រុមហ៊ុន​នៅ​ស្រោប មាន​ក្រុមហ៊ុន​ឈូស​ឆាយដី​ទៀត អ៊ីចឹង​បាន​ថា​ដី​ភូមិ​តិច​ទៀត​ពន្យារ ចង់​វ៉ាស់​កម្រិត​ណាៗ​ក៏ប៉ុន្តែ​វា​មិន​ចេញ​ប្លង់​ទេ អ៊ីចឹង​សូម​ឲ្យ​ខាង​ក្រសួង​ដែនដី​ឆាប់​ចេញ​ប្លង់​ទៅ បើ​យើង​មាន​ប្លង់​រឹង សមូហភាព ហើយ យើង​ប្រើ​តវ៉ា​រឹងមាំ​ហើយ»។

ចំណែក​ពលរដ្ឋ​នៅ​ឃុំ​ល្បាំង ស្រុក​លំផាត់ កំពុងតែ​ស្រែក​ទ្រហោយំ​ដង្ហោយហៅ​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌ ក្រោយ​ក្រុមហ៊ុន ស្វីស រ៉ាប់បឺរ លីមីធី​ត រំលោភ​យក ហើយ​ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​របស់​ពួកគាត់​ចេញពី​បរិវេណ​ក្រុមហ៊ុន​រុករក​រ៉ែ ពីព្រោះ​ដីស្រែ​ចម្ការ​ទាំងនោះ ពួកគាត់​អាស្រ័យ​ផល​តាំងពី​ដូនតា​មក​ម្ល៉េះ​។ រីឯ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ មិនបាន​ហាមឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ឡើយ ប៉ុន្តែ​ថែមទាំង​គំរាម និង​ប្រាប់​ឲ្យ​ពលរដ្ឋ​ទទួលយក​សំណង និង​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន។

ពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​ល្បាំងពីរ លោកស្រី គឹម ង៉ា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​សម្របសម្រួល​រក​ដំណោះស្រាយ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ឡើយ​។ លោកស្រី​ថា ដីចម្ការ​របស់​លោក​ស្រី ១​ហិកតារ​កន្លះ ដែល​ក្រុមហ៊ុន ស្វីស​រ៉ាប់បឺរ លីមីធី​ត ឈូស​ឆាយ​រំលោភ​យក ហើយ​ដីចម្ការ​គ្រួសារ​របស់​លោក​ស្រី​អាស្រ័យ​ផល​តាំងពី​ដូនតា​មក។

លោកស្រី គឹម ង៉ា៖ «គាត់​កំពុង​សម្របសម្រួល មានន័យថា​គាត់​ជួយ​សម្របសម្រួល​ក្នុង​គ្រួសារ ហើយ​ក្រុមហ៊ុន​ដែរ​ចឹង ម៉ែ​ក្មេក​ខ្ញុំ​គាត់​ចាស់​ហើយ​និយាយ គាត់​ឈឺ​ផង គ្រាន់​រឿង​នឹង​គាត់​ឈឺ​ទ្បើង​ដាក់​សា​រ៉ូម​ម្សិលមិញ គាត់​អាយុ​៧០​ជាង​ជិត​៨០​ហើយ ខ្ញុំ​មានតែ​លើក​ម្រាមដៃ​ដប ឲ្យ​គាត់​ដោះស្រាយ​ឲ្យ​យុត្តិធម៌​ព្រោះ​ដី​នឹង​ម៉ែក្មេក​ខ្ញុំ​គាត់​កាន់​ជាង​៣០​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ការ​ហើយ​មក​នៅ​ជាមួយ​គាត់ គាត់​មាន​ដី​នឹង​ស្រាប់​ហើយ គាត់​ក៏​ជួយ​ដែរ​គាត់​មិន​ព្រងើយកន្តើយ​ទេ​ប្រធាន​ភូមិ គាត់​ជួយ​ទៅដល់​ថ្នាក់​ខេត្ត​ថ្នាក់​ស្រុក ប៉ុន្តែ​មិនទាន់​សម្របសម្រួល​បាន»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង អភិបាលខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​០៣ ខែមិថុនា​។ ចំណែក​តំណាង​ក្រុមហ៊ុន​រុករក​រ៉ែ​ទាំង​៣ ក៏​ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី លើកឡើង​ថា អាជ្ញាធរ និង​ក្រុមហ៊ុន ត្រូវតែ​សិក្សា​អំពី​ផល​ប៉ះពាល់ និង​ពិភាក្សា​ជាមួយ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាមុនសិន មុន​ចាប់ផ្ដើម​ឈូស​ឆាយ មិន​ត្រូវ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​នោះ​ឡើយ។ លោក​ថា រដ្ឋាភិបាល​អាច​ផ្ដល់​ដី​សម្បទាន ឬ​សិទ្ធិ​រុករក​រ៉ែ​ឲ្យ​ទៅ​ក្រុមហ៊ុន​បាន ដូច្នេះ រដ្ឋាភិបាល​ក៏​មាន​សិទ្ធិ​ដកហូត​ដី​ទាំងនោះ​ឲ្យ​ពលរដ្ឋ​វិញ​ដែរ បើ​មាន​ផល​ប៉ះពាល់​មិនអាច​រក​ដំណោះស្រាយ។

លោក យិន ម៉េងលី៖ «ផ្អាក​ការ​ឈូសឆាយ​ទាំងអស់​សិន ដើម្បី​ស្វែងរក ហើយ​រដូវ​នេះ​ជា​រដូវវស្សា​កុំ​ធ្វើ​ឲ្យ​គាត់​កាន់តែ​លំបាក​ថែមទៀត នៅក្នុង​បញ្ហា​ដាំ​ដុះ​គាត់​ខកខាន​បាន​ធ្វើ​ការ​ដាំដុះ ហើយ​បើ​អាច​កាត់​ឆ្វៀល​បាន កាត់​ឆ្វៀល​ទៅ ព្រោះ​ដី​ដែរ​ឲ្យ​ទៅ​ក្រុមហ៊ុន​គឺជា​ដី​របស់​រដ្ឋ​ទេ អញ្ចឹង​រដ្ឋ​ក៏​អាច​ដកហូត​យក​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ អ៊ីចឹង​យើង​មានតែ​ការ​ដោះស្រាយ​គឺ​ដោយ​សន្តិភាព កុំ​ប្រើប្រាស់​នៅ​យន្តការ​ហិង្សា​នេះ»។

ករណី​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​ប៉ះពាល់​ដីស្រែ​ចម្ការ និង​ជីវភាព​របស់​ពលរដ្ឋ​នេះ មិនមែន​កើតឡើង​នៅតែ​ខេត្តរតនគិរី​នោះ​ទេ ចំណែក​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​ដូចជា​មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ ជាដើម ក៏បាន​កើតមាន​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ