កម្ពុជា​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​របស់​កាសែត​ថៃ​ដែល​ចោទ​កម្ពុជា​ជួល​ទាហាន​រុស្ស៊ី​ជួយ​ច្បាំង​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ

0
17
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

កម្ពុជា​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​របស់​កាសែត​ថៃ​ដែល​ចោទ​កម្ពុជា​ថា បាន​ជួល​ទាហាន​រុស្ស៊ី​​មក​ជួយ​ច្បាំង​ទប់ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា ខណៈ​ទីក្រុង​មូស្គូ​ចេញ​ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ​ការ​ចោទ​ប្រកាន់​​របស់​កាសែត​ថៃ​ដូចគ្នា​នេះដែរ។

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ចេញ​សារ​ប្រតិកម្ម​នឹង​​កាសែត​ថៃ​នៅ​​ល្ងាច​ថ្ងៃ​ទី១៦ ធ្នូ ថា កម្ពុជា​​ពុំ​មាន​យោធា​បរទេស​លើទឹក​ដី​កម្ពុជា​ឡើយ តាំង​ពី​អ៊ុនតាក់ (UNTAC) ដកចេញ​ចេញ​ពី​កម្ពុជា នៅ​ឆ្នាំ​១៩៩៣​មក។ លោក​លើកឡើង​បែប​នេះ ក្រោយ​ពី​កាសែត​ថៃ​មួយ​ចំនួន​បាន​ចុះផ្សាយ​ថា មាន​ទាហាន​រុស្ស៊ី និង​ជនបរទេស​មួយ​ចំនួន​កំពុង​ចូលរួម​ប្រយុទ្ធ​នៅ​កម្ពុជា។

លោក ហ៊ុន សែន អះអាង​ថា នេះ​ជា​ការ​រក្សា​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា ក៏ដូចជា​ជនជាតិ​រុស្ស៊ី និង​ជនបរទេស​ផ្សេង​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់។ តែ​យ៉ាងណា លោក ហ៊ុន សែន ទទួលស្គាល់​ថា កម្ពុជា​ធ្លាប់​មាន​យោធា​បរទេស​ចូល​មក​ដើម្បី​ធ្វើ​សមយុទ្ធ​ចម្រុះ​ជាតិ​សាសន៍ ឬ​ទ្វេភាគី​នៅ​លើ​ទឹកដី​កម្ពុជា ពិសេស​កងទ័ព​ជើង​ទឹក​បរទេស​ដែល​មក​តាម​ច្រក​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​នេះ​ជា​ទម្លាប់​ធម្មតា​ដែល​ប្រទេស​ផ្សេងទៀត​​ធ្លាប់​បាន​ធ្វើ​ដូចគ្នា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហការ​ក្នុង​វិស័យ​ការពារ​ជាតិ។ លោក​បន្ថែម​ថា កម្ពុជា​ក៏​មាន​ជនជាតិ​បរទេស​ជាច្រើន​ជាតិ​សាសន៍​កំពុង​ស្នាក់នៅ​កម្ពុជា ដែល​ជា​អ្នក​ទេសចរ វិនិយោគិន​

អ្នក​បច្ចេកទេស អ្នក​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​​បរទេស ឬ​ក្នុងស្រុក​ជាដើម ដែល​លោក​ថា អ្នក​ទាំងនោះ​មិន​ពាក់ព័ន្ធ​ជាមួយ​វិស័យ​យោធា ឬ​ការ​ប្រយុទ្ធ​នោះ​ឡើយ។

ទន្ទឹម​នឹង​ការ​ច្រាន​ចោល​របស់​កម្ពុជា ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ​ក៏​បាន​បដិសេធ​ចំ​ៗ​នឹង​ការ​ចោទ​ប្រកាន់​របស់​កាសែត​ថៃ ដោយ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា គ្មាន​មូលដ្ឋាន។

ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ថៃ​តាមរយៈ​ហ្វេសប៊ុក​របស់​ខ្លួន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៥ ធ្នូ បាន​ព្រមាន​ថា ការ​ចោទ​ប្រកាន់​នេះ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទំនាក់ទំនង​ការទូត​ជាមួយ​ទីក្រុង​មូស្គូ។ រុស្ស៊ី​បន្ត​ថា ការ​ប្រឌិត​ព័ត៌មាន​បែប​នេះ ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​រុស្ស៊ី​រស់​នៅ​ប្រទេស​ថៃ និង​កម្ពុជា​ផង។

ចំណែក​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ក៏​តែង​បដិសេធ​ជារឿយ​ៗ​នូវ​ការ​ចុះផ្សាយ​របស់​កាសែត​ថៃ និង​ស្ថាប័ន​យោធា​របស់​ថៃ ដែល​ផ្សាយ​ចោទ​ប្រកាន់​កម្ពុជា​ថា ជួល​ទាហាន​បរទេស​បញ្ជា​ដ្រូន​ជាដើម នៅ​ចំពោះ​មុខ​ស្ថានការណ៍​ដែល​យោធា​ថៃ​កាន់​តែ​វាយ​ប្រហារ​​កាន់​ខ្លាំង​ដើម្បី​ឈ្លានពាន​ទឹកដី​កម្ពុជា ឈាន​ចូល​ដល់​ថ្ងៃ​ទី១០​នេះ។

គិត​ត្រឹម​រសៀល​ថ្ងៃទី១៦ ធ្នូ ពលរដ្ឋ​ស៊ីវិល​ខ្មែរ​បាន​ស្លាប់​ចំនួន ១៥ នាក់ របួស​ជិត ១០០​នាក់ ខណៈ​ជន​ភៀស​សឹក​កើន​ជាង ៤២​ម៉ឺន​នាក់ ដោយសារ​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ពី​យោធា​ថៃ តាំង​ពី​ថ្ងៃ​ទី៧ ធ្នូ​មក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ