

ក្រុមអ្នកនយោបាយ និងយោធាថៃនៅតែបន្តយកឧបទ្ទវហេតុផ្ទុះគ្រាប់នៅតំបន់មុំបី មកគំរាមវាយប្រហារមកលើកម្ពុជា ដោយប្រើលេសធ្វើប្រតិបត្តិការយោធា ដើម្បីការពារខ្លួន។ ទន្ទឹមគ្នានេះ ក្រុមយោធា និងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃមួយចំនួន បានចោទប្រកាន់កម្ពុជា ថាបានរក្សាទុកនូវអាវុធខុសច្បាប់ ការជីកលេណដ្ឋានថ្មី និងចល័តទ័ពបន្ថែម ដែលពួកគេចោទថា ជាការបំពានបទឈប់បាញ់។
បើទោះបីភាគីកម្ពុជា បានពន្យល់ភ្លាមៗ អំពីករណីផ្ទុះគ្រាប់នៅតំបន់មុំបី កាលពីថ្ងៃទី៦ ខែមករា ថា ជាឧបទ្ទវហេតុក្ដី ក៏ភាគីថៃ នៅតែយកបញ្ហានេះ មកពង្រីកស្ថានការណ៍ ដោយចោទថា កម្ពុជាបាញ់ផ្លោងកាំភ្លើងត្បាល់ចូលក្នុងទឹកដីថៃ។
អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក ប៉ារ៉ាច រតនាឆៃយ៉ាផាន់ (Parach Rattanachaiyapan) បានប្រកាសនៅថ្ងៃទី៧ ខែមករា ដោយចោទថា កម្ពុជាបានប្រើប្រាស់កាំភ្លើងត្បាល់ ផ្លោងចូលក្នុងតំបន់ស្រុកណាមយឺន (Nam Yuen) ខេត្តឧប៊ុនរ៉ាតចាថានី (Ubon Ratchathani) ជាប់តំបន់មុំបី ក្នុងខេត្តព្រះវិហារ របស់កម្ពុជា បណ្ដាលឱ្យទាហានថៃម្នាក់រងរបួស។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងការពារជាតិកម្ពុជា បានអះអាងក្នុងសេចក្ដីថ្លែងការណ៍ក្រោយឧបទ្ទវហេតុផ្ទុះគ្រាប់ថា កងកម្លាំងរបស់កម្ពុជា២នាក់រងរបួសធ្ងន់ និងស្រាល ដោយសារផ្ទុះគ្រាប់ចេញពីគំនរសំរាមក្នុងភូមិសាស្ត្រមុំបី នៅពេលពួកគេកំពុងរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានឈរជើងក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ក៏ប៉ុន្តែ លោក ប៉ារ៉ាច បានអះអាងថា ទោះបីជាភាគីកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ពន្យល់ក្នុងរឿងនេះក្ដី ក៏លោកមិនជឿនោះដែរ ដោយលោកបន្តចោទថា ករណីនេះ គឺកើតឡើងដោយចេតនា និងរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងច្បាស់។ លោកបានព្រមានដោយប្រយោលថា កងទ័ពថៃមានសិទ្ធិធ្វើប្រតិបត្តិការយោធា ប្រសិនបើមានការផ្ទុះអាវុធ ដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ថៃ។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ រូបនេះ បានអះអាងថា ក្នុងឧបទ្ទវហេតុនេះ កម្ពុជាមិនអាចបញ្ចប់ត្រឹមតែចេញលិខិតបង្ហាញការសោកស្ដាយតែមួយមុខនោះទេ ដោយយ៉ាងហោចណាស់ កម្ពុជាត្រូវធ្វើលិខិតសូមទោសមកកាន់ភាគីថៃ និងស្រាវជ្រាវករណីនេះ យកមកបង្ហាញភាគីថៃម្ដងទៀត។
ទោះជាបែបនេះក្ដី ក្នុងសង្គ្រាមឈ្លានពានកម្ពុជា យោធាថៃ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ អគារសាធារណៈ ចូលកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជាតាមបណ្ដោយព្រំដែន ឈូសបំផ្លាញផ្ទះសម្បែង និងលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរ ក៏ប៉ុន្តែយោធាថៃ មិនបានសូមទោសចំពោះពលរដ្ឋកម្ពុជា សូម្បីមួយម៉ាត់នោះឡើយ។
ទាក់ទិននឹងរឿងវិវាទព្រំដែននេះ ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅព្រំដែនខេត្តព្រះវិហារ ប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេង ដោយបារម្ភពីតួនាទីថា ស្ថានការណ៍នៅតំបន់ព្រំដែន ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នោះទេ ដោយសង្គ្រាមប្រយុទ្ធគ្នា អាចនឹងផ្ទុះឡើងគ្រប់ពេល ដោយកងទ័ពភាគីទាំងពីរ ស្ថិតក្នុងការប្រុងប្រយ័ត្នរៀងៗខ្លួន។
ក្រៅពីចោទប្រកាន់រឿងឧបទ្ទវហេតុផ្ទុះគ្រាប់ ភាគីថៃបានចោទប្រកាន់មកលើកម្ពុជាថែមទៀតថា បានចល័តទ័ព និងសង់លេណដ្ឋានថ្មីជាដើម។
នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានថ្លែងនៅថ្ងៃទី៧ ខែមករា នេះថា នៅពេលដែលកម្ពុជាពង្រឹងកងកម្លាំងរបស់ខ្លួន ប្រទេសថៃក៏ត្រូវតែត្រៀមខ្លួនផងដែរ ដោយក្នុងនោះ លោក អានុទីន បានលើកឡើងអំពីគោលនយោបាយ “ទាហានស្ម័គ្រចិត្ត” របស់គណបក្សលោក ដើម្បីបង្កើនកម្លាំងយោធាបន្ថែម។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា លើកឡើងថា ដើម្បីជៀសវាងពីការចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងកំលុងពេលអនុវត្តបទឈប់បាញ់ ភាគីកម្ពុជា និងថៃ គួរតែស្វែងរករូបភាពតាមផ្កាយរណប ដើម្បីយកមកបញ្ជាក់។
លោក ស៊ឹង សែនករុណា៖ «ថៃខ្លួនឯងតែងតែគេចវេះមិនចង់ឱ្យមានការលូកដៃពីភាគីអន្តរជាតិ តើជាចេតនារបៀបម៉េច? ដូច្នេះការចោទគ្នាទៅវិញទៅមកនេះ ខ្ញុំយល់ថាកិច្ចព្រមព្រៀង ដែលកើតមានកន្លងមកនេះ មិនទាន់មានលំនឹងទប់ និងបង្ការកុំឱ្យផ្ទុះអាវុធជាថ្មីនោះទេ»។
ក្រោយកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក ភាគីថៃបានចោទប្រកាន់មកលើកម្ពុជា ថា បានរំលោភលើកិច្ចព្រមព្រៀងជាច្រើនលើក ដូចជាការបង្ហោះដ្រូននៅតាមព្រំដែន ការចល័តទ័ព សព្វាវុធ និងសង់លេណដ្ឋានថ្មីជាដើម។
ក៏ប៉ុន្តែ ទន្ទឹមនឹងការចោទប្រកាន់នេះ ភាគីយោធាថៃបានបញ្ចេញរូបភាពពីលើមេឃជាបន្តបន្ទាប់ ដែលបង្ហាញពីការឃ្លាំមើលសកម្មភាពរបស់ទាហាន និងពលរដ្ឋខ្មែរនៅតាមព្រំដែនទៅវិញ។ ជាងនេះទៅទៀត ក្នុងពេលអនុវត្តបទឈប់បាញ់ យោធាថៃ បានឆ្លៀតឱកាសរាយបន្លាលួស ព័ទ្ធយកទឹកដីកម្ពុជានៅតាមព្រំដែន នឹងប្រាសាទបុរាណខ្មែរជាច្រើនទៀត៕






