ស្នងការ​រង​ម្នាក់​ស្នើ​ក្រសួងមហាផ្ទៃ​ឱ្យ​ផ្ដល់​យុត្តិធម៌​ករណី​ស្នងការ​ចោទ​ថា ពួកគេ​ ២១នាក់ រត់ចោល​សមរ​ភូមិ

0
122
(ពីឆ្វេង) ស្នងការ​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា និង​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​វរសេនីយ៍ទោ សាន សុវណ្ណរី។ រូប៖ បណ្ដាញ​សង្គម
(ពីឆ្វេង) ស្នងការ​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា និង​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​វរសេនីយ៍ទោ សាន សុវណ្ណរី។ រូប៖ បណ្ដាញ​សង្គម

​ស្នងការ​រង​ខេត្តបន្ទាយមានជ័យ​ម្នាក់​ស្នើ​ក្រសួងមហាផ្ទៃ ឱ្យ​ផ្ដល់​យុត្តិធម៌​ដល់​ខ្លួន និង​កងកម្លាំង​ជួរមុខ ២០​នាក់​ទៀត ដែល​ត្រូវ​ស្នងការ​ចោទ​ប្រកាន់ និង​គំរាម​ដាក់​ទោស​ថា បាន​រត់ចោល​សមរភូមិ​ប្រយុទ្ធ ដែល​ពួកគេ​ថា ជា​ការ​បំបាក់ទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រឈម​ស្លាប់​រស់នៅ​សមរភូមិ​មុខ ពី​ការពារ​ការ​ឈ្លានពាន​របស់​ថៃ។

ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​វរសេនីយ៍ទោ សាន សុវណ្ណរី បាន​សរសេរ​រៀបរាប់​លើ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ មករា ថា លោក​បាន​រង​ការចោទប្រកាន់​មួលបង្កាច់​លាប​ពណ៌​ញុះញង់​ឱ្យ​មាន​ការរើសអើង គំរាមកំហែង​វាយ​ខ្នោះ​ទាំងអស់គ្នា ពី​សំណាក់​ស្នងការ​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ថា លោក​នឹង​មន្ត្រី​ក្រោមបង្គាប់​រត់ចោល​សមរ​ភូមិ។

លោក សាន សុវណ្ណរី អះអាង​ថា ការ​ចោទប្រកាន់​នេះ មិន​ទាំង​ដែល​បាន​សួរនាំ​រក​ការពិត ឬ​ខុសត្រូវ​អ្វី​ឡើយ និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​ឱ្យ​បញ្ឈរជើង និង​បញ្ចប់​មុខតំណែង ពួក​លោក​ថែមទៀត​។ លើស​ពី​នេះ​លោក​ថា ស្នងការ​រូប​នេះ​បាន​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ មិន​ឱ្យមក​សួរសុខទុក្ខ ពួកលោក​ពេល​ដែល​កំពុង​ពិនិត្យ និង​សម្រាក​ព្យាបាល​ដោយ​រង​របួស​រាងកាយ និង​ពុល​ផ្សែង​ពុល នៅ​តាម​បណ្តា​មន្ទីរពេទ្យ​ជាច្រើន​ថ្ងៃ​ទៀត។

លោក សាន សុវណ្ណរី អះអាង​ថា លោក​ជា​មេបញ្ជាការ​ដឹកនាំ​កម្លាំង​ចំនួន ២០​នាក់​ទៅ​សមរភូមិ​មុខ នៅ​ភូមិ​ជោគជ័យ រយៈពេល​៦​យប់ ៧​ថ្ងៃ តាំង​ថ្ងៃទី​២១ ដល់​២៧​ខែធ្នូ ឆ្នាំ​២០២៥​។

ក្នុង​សំណេរ​នោះ​លោក​បាន​ស្នើ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា ឱ្យ​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌ ជូន​លោក និង​មិត្ត​រួម​អាវុធ ចំនួន ២០​នាក់​ទៀត ដែល​ជា​កម្លាំង​កងអនុសេនាតូច​ទី​១ នៃ​ផែន​ការងារ​ធនធានមនុស្ស។

លោក​បន្ត​រៀបរាប់​ថា ការ​គំរាម​របស់​ស្នងការ​បាន​ធ្វើ​ឱ្យ​ពួកគេ​ទាំងអស់គ្នា មាន​ការ​ភ័យខ្លាច ប៉ះពាល់​សតិអារម្មណ៍​ជា​ខ្លាំង។

លោក សាន សុវណ្ណរី៖ «​ខ្ញុំបាទ និង​បងប្អូន​រួម​អាវុធ​ទាំង​២០​នាក់ កើតទុក្ខ​មិន​សុខចិត្ត​នូវ​ទង្វើ​មិន​គប្បី​របស់​លោក​ស្នងការ សិទ្ធិ ឡោះ មក​លើ​ពួក​ខ្ញុំ។ សូម​គោរព​បញ្ជាក់ ខ្ញុំបាទ និង កងកម្លាំង​ក្នុង​កងអនុសេនាតូច​ទី​១ ចុះទៅ​សមរភូមិ​ថ្ងៃទី​២១-២៧ ខែធ្នូ ឆ្នាំ ២០២៥ ខ្ញុំបាទ និង​កំលាំង​ក្រោម​ឱវាទ មិន​ទទួល​បាន​ការ​ពន្យល់ ណែនាំ ពី​ថ្នាក់ដឹកនាំ​ណា​ម្នាក់​បង្ហាត់បង្ហាញ​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ស្គាល់​ពី​ទីតាំង​ភូមិសាស្ត្រ និង​យុទ្ធសាស្ត្រ​សំខាន់ៗ ក្នុង​ការ​ប្រយុទ្ធ (​ប្រព័ន្ធ​ទំនាក់ទំនង​ឱ្យ​បាន​ទូលំទូលាយ ត្រូវ​បង្ហាញ​ឈ្នាន់​ទី​១ ទី​២ ទី​៣.. នៅ​ពេល​ដែល​កំលាំង​យើង​ទប់​ទល់នឹង​សត្រូវ​ឈ្លានពាន​មិនបាន»។

លោក សាន សុវណ្ណរី បន្ត​ថា ការដឹកនាំ​របៀប​នេះ​វា​ជា​ការ​រុញ​កម្លាំង​នគរបាល​ឱ្យទៅ​ជួប​គ្រោះថ្នាក់​ដល់​ជីវិត សបញ្ជាក់​ពី​ការដឹកនាំ​ដោយ​មិន​មាន​ការទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ដល់​អាយុជីវិត សុខទុក្ខ​កំលាំង​ក្រោម​ឱវាទ ហើយ​ថែមទាំង ដាក់​កំហុស មូល​បង្កាច់ ធ្វើ​ឱ្យ​កំលាំង​បាក់​ទឹកចិត្ត និង​ឈឺចាប់​រក​អ្វី​ប្រៀប​ពុំបាន​។

លោក សាន សុវណ្ណរី៖ «ខ្ញុំបាទ​សូម​គោរព​ជូន​ឯកឧត្តម​អភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មេត្តា​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌​អោយ​ពួក​ខ្ញុំ​ទាំងអស់គ្នា​ផង (​បើ​មិន​មាន​យុត្តិធម៌​ជូន​ដល់​បងប្អូន​រួម​អាវុធ​ទាំង​២០​នាក់​ទៀត​ទេ ក្នុងនាម​ខ្ញុំ​ជា​មេ​បញ្ជា​សមរភូមិ​ទល់មុខ ភូមិ​ជោគជ័យ ខ្ញុំបាទ​សុំ​លា​លេង​ពី​តំណែង​ស្នងការ​រង»។

ករណី​នៅ​ខេត្តបន្ទាយមានជ័យ​នេះ​ដែរ មន្ត្រី​ស្នងការ​ខេត្ត​នេះ​បាន​លាក់បាំង​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​កងទ័ព​កម្ពុជា​ដែល​បាត់​ខ្លួន រហូត​ក្រុម​គ្រួសារ​គិតថា បាន​ពលី និង​បាន​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​រួចហើយ​ទៀត។ លុះ​កាលពី​ថ្ងៃទី​២០ មករា យោធា​ថៃ​បាន​បញ្ជូន​លោក​អនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​កឋិន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មក​មាតុភូមិ​វិញ។ តាមពិត​លោក គៀត ស៊ីម៉ាក់ ត្រូវ​បាន​ទាហាន​ថៃ​ចាប់បាន​ពេល​រងរបួស​ក្នុង​សមរភូមិ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៥។ ដំណឹង​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ រហូត​នាយរង​ប៉ុស្តិ៍​រូប​នេះ​ត្រូវ​បាន​ដោះលែង​មកវិញ និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ