អ្នកឃ្លាំមើល​គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​​ត្រកូលហ៊ុន​អាច​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន​បាន​ទេ

0
47
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល​គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត អាច​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន​បាន​ដោយ​ប្រសិទ្ធភាព​ទេ ព្រោះ​អន្តរជាតិ​រកឃើញ​ថា មន្ត្រី​កំពូលៗ និង​ក្រុម​គ្រួសារ​របស់​ពួកគេ រួម​ទាំង​ក្រុម​ឧកញ៉ា​មួយចំនួន​បាន​យក​ប្រទេស​កម្ពុជា​ទៅ​រក​ស៊ី​ខុសច្បាប់​រួមគ្នា។ ពួកគាត់​មើល​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​ថ្មី គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ។

ការ​រីក​ដុះដាល​នៃ​អគារ​បង្ខាំង​មនុស្ស​ខុសច្បាប់​នៅ​កម្ពុជា​កំពុង​បង្ហាញ​ពី​ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ ទោះបី​មាន​ភស្តុតាង និង​ការ​ដាក់​សម្ពាធ​ពី​សំណាក់​អន្តរជាតិ​ជា​បន្តបន្ទាប់​ក្ដី​ក៏​រដ្ឋាភិបាល​ក្រុងភ្នំពេញ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បង្ក្រាប​សម្បុក​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឱ្យ​ដល់​ឫសគល់ និង​ចាប់ខ្លួន​មេខ្លោង​មានអំណាច​ធំៗ​ដែល​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ទោស​នោះ​ឡើយ។

យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​របស់​លោក ហ៊ុន ម៉ាណែត ក៏​មិន​ខុសពី​ឪពុក​របស់​លោក​គឺ​លោក ហ៊ុន សែន នោះ​ទេ ដែល​ធ្វើឡើង​លុះត្រាតែ​សហគមន៍​អន្តរជាតិ​រិះគន់ ឬ​ដាក់​សម្ពាធ​ខ្លាំង​។ ជាក់ស្ដែង​ចំណាត់ការ​បង្ក្រាប​អគារ​អនឡាញ​នៅ​តាម​តំបន់​មួយចំនួន​ដែល​បណ្ដាល​ឱ្យ​មាន​ជនបរទេស​រាប់​សិប​នាក់​នាំគ្នា​រត់ចេញ​ពី​អគារ​ជា​បន្តបន្ទាប់​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​សម្ពន្ធមិត្ត​បាន​ដាក់​សម្ពាធ​ជា​បន្តបន្ទាប់។

អ្នកឃ្លាំមើល​យល់​ថា ទោះបីជា​ពេលនេះ​រដ្ឋាភិបាល​ត្រកូល ហ៊ុន សម្រេច​ចាប់​បញ្ជូន​ឧក្រិដ្ឋជន ចេន ហ្ស៊ី ទៅ​ប្រទេស​ចិន និង​ចាប់ខ្លួន​មេខ្លោង​ឆបោក​តាម​អនឡាញ​ម្នាក់​ដែល​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល​គឺ​លោក លី គួង ដាក់​ពន្ធនាគារ ប៉ុន្តែ​នៅ​មាន​មេខ្លោង​ធំៗ​ជាច្រើន​នាក់​ទៀត​កំពុង​មាន​សេរីភាព​នៅ​ឡើយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើក​ឡើង​ថា ក្បាលម៉ាស៊ីន​នៃ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា​មិនមែន​មានតែ​ឧក្រិដ្ឋជន ចេន ហ្ស៊ី និង​លោក លី គួង ឡើយ​ដែល​អាច​ពង្រីក​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដ៏​ធំ​នៅ​កម្ពុជា​។ លោក គឹម សុខ ចោទ​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺជា​អ្នក​កាង​ការពារ​មេខ្លោង​ធំៗ​ដោយ​ផ្ទាល់ ហើយ​អាជ្ញាធរមាន​សមត្ថកិច្ច​ក៏​ស្ថិត​ក្រោម​ឥទ្ធិពល​ពួកគេ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការស៊ើបអង្កេត និង​បង្ក្រាប​លើ​ឧក្រិដ្ឋកម្ម​នេះ​គ្មាន​ប្រសិទ្ធភាព។

លោក គឹម សុខ៖ «ក្បាលម៉ាស៊ីន​ធំៗ​ដែល​ធ្វើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ប្រទេស​កម្ពុជា តាម​របាយការណ៍​របស់ Humanity Research Consultancy មាន ចេន ហ្ស៊ី ហើយ​គេ​ដាក់ឈ្មោះ​ចំ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន តូ មាន​លោក នេត សាវឿន មន្ត្រីជាន់ខ្ពស់​នៅក្នុង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពពួកមនុស្ស​ដែល​មាន​ឥទ្ធិពល​ធំៗ​នៅ​ជុំវិញ​ក្រុម​គ្រួសារ​ហ៊ុន លោក លី យ៉ុងផាត់ អី​ជាដើម​។ បើកាលណា​ពួក​អ្នកមាន​ឥទ្ធិពល​ទាំងអស់​នោះ គ្មាន​នរណា​ទៅ​ហ៊ាន​នាំទៅ​សួរ​ផង​ហ្នឹង ដូច្នេះ​មិនអាច​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បានទេ»។

រដ្ឋាភិបាល​អាមេរិក​កាលពី​ឆ្នាំ​២០២៤ បាន​ដាក់​ទណ្ឌកម្ម​ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់​លោក​ចំនួន ៥​ផ្សេងទៀត​ក្នុង​នោះ​ក៏​រួមមាន​រមណីយដ្ឋាន​អូរស្មាច់ នៅ​ខេត្ត​ឧត្តរមានជ័យ ដោយសារតែ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ។ ក្រៅពី​នេះ អាមេរិក​ក៏​រក​ឃើញ​ថា ក្មួយបង្កើត​លោក ហ៊ុន សែន និង​ត្រូវជា​បង​ជីដូន​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ បាន​បើក​ក្រុមហ៊ុន​មួយ​ឈ្មោះ ហួយវ័ន ផេ (Huione Pay) សម្រាប់​លាងលុយកខ្វក់​ឱ្យ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ និង​ដាក់ទណ្ឌកម្ម​មិន​ឱ្យ​ក្រុមហ៊ុន​នេះ​មាន​ប្រតិបត្តិការ​សាច់ប្រាក់​ចូលក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​ឡើយ​។ បន្ថែម​ពី​នេះ សមាជិកសភា​អាមេរិក ក៏​កំពុង​ដាក់​មន្ត្រី​កំពូលៗ និង​គ្រួសារ​របស់​ពួកគេ​រួម​ទាំង​អ្នកជំនួញ​ធំៗ​មួយចំនួន​ចូលក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម ក្នុង​សេចក្តី​ស្នើ​ច្បាប់ H.R5490​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នេះ​ដែរ​។ ក្នុង​នោះ​ដូចជា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី​លោក នេត សាវឿន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ត្រូវជា​ប្អូនថ្លៃ​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ឌី វិជ្ជា បងប្អូន​ជីដូន​មួយ​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ​ក្រោន និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់អំណាច លោក កុក អាន អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ និង​កូនប្រុស​អតីត​ឧបនាយករដ្ឋមន្ត្រី​លោក យឹម ឆៃលី គឺ​លោក យឹម លក្ខណ៍ រួម​ទាំង​មនុស្ស​មួយ​ចំនួន​ទៀត។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អន​ឡាញ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ធ្វើឡើង​គ្រាន់តែ​ឱ្យ​ល្អមើល និង​ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ​តែប៉ុណ្ណោះ​។ លោក​ជឿជាក់ថា ការរីក​សាយភាយ​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​នៃ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា ប្រសិនបើ​គ្មាន​ការ​ជួយជ្រោមជ្រែង និង​កាង​ការពារ​ពីក្រោយ​ដោយ​រដ្ឋាភិបាល​នោះ​ទេ ក៏​ក្រុម​ឧក្រិដ្ឋជន​មិនអាច​ពង្រីក​បណ្ដាញ និង​ធ្វើ​សកម្មភាព​លើ​របរ​ខ្មៅ​ងងឹត​នៅ​កម្ពុជា​បាន​ដែរ។

លោក ស៊ឹង សែនករុណា៖ «មេដឹកនាំ​មិន​គួរ​បន្ត​ធ្វើ​ជំនួញ​បែប​ទុច្ចរិត​អ៊ីចឹង​ទេ គួរតែ​បញ្ឈប់​នូវ​អំពើ​បែប​ហ្នឹង​ទៅ​ដោយ​មាន​វិធានការ​លើ​ក្រុម​ឧក្រិដ្ឋជន​ទាំងអស់​នោះ​ឱ្យ​គ្រប់គ្នា អត់​មាន​ឱ្យ​នរណា​ម្នាក់​រួចខ្លួន​បានទេ អ្នកណា​ពាក់ព័ន្ធ​ត្រូវតែ​ទទួលទោស​ទណ្ឌ​ទៅ​វិធានការ អាហ្នឹង​ទើប​អាច​ស្ដារ​ទៅ​បាន​។ ប៉ុន្តែ​ប្រសិនបើ​ក្នុង​ប្រទេស​យើង​ពោរពេញ​ដោយ​ឧក្រិដ្ឋជន​មិនទាន់​សម្អាត​ឱ្យ​បាន​ត្រឹមត្រូវ​រួម​ទាំង​អ្នក​មាន​អំណាច​ជាច្រើន​ដែល​ពាក់ព័ន្ធ​មិន​មាន​វិធានការ​ផ្លូវច្បាប់ ទោះ​ធ្វើ​បែប​ហ្នឹង​ដល់​ស្លាប់​មេដឹកនាំ​ទៅទៀត​ក៏​គ្មាន​អ្នកណា​ជឿជាក់​ដែរ»។

លោក ស៊ឹង សែនករុណា លើកឡើង​ទៀត​ថា សម្ពាធ​និង​ទណ្ឌកម្ម​អន្តរជាតិ​ធ្លាក់​លើ​អ្នក​មានអំណាច​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ​គឺជា​សារ​ដាស់តឿន​ដល់​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ថា ការ​សេព​គប់ និង​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ឈ្មួញ​ទុច្ចរិត​គឺ​គ្មាន​ស្ថិរភាព​សម្រាប់​ប្រយោជន៍​ក្រុម​គ្រួសារ និង​បក្ខ​ពួក​ខ្លួន​ក្នុង​រយៈពេល​យូរអង្វែង​ឡើយ ក្រៅពី​បង្ក​វិនាសកម្ម​ដល់​សេដ្ឋកិច្ច និង​បំផ្លាញ​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ