
មន្ត្រីអង្គការសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដាក់សំណើទៅរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត ទាក់ទងទៅនឹងគម្រោងនៃ ការជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដូចជាការជួលកោះ និងការផ្តល់សម្បទានដីសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនឯកជន។ ពួកគាត់យល់ថា ការធ្វើបែបនេះ ដើម្បីធ្វើឲ្យការវិនិយោគមានតម្លាភាព និងជៀសវាងនូវបញ្ហាចម្រុងចម្រះដូចពេលកន្លងមក។ ការលើកឡើងនេះគឺបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញមុខបដិសេធថា រាជរដ្ឋាភិបាលមិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជននោះទេ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា មុនរដ្ឋាភិបាល សម្រេចជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឲ្យក្រុមហ៊ុនឯកជន គួរតែឆ្លងកាត់ការដេញដោល ពិភាក្សានិងការអនុម័តយល់ព្រមពីរដ្ឋសភាជាមុនសិន ដើម្បីធានាការវិនិយោគទាំងនោះ មានតម្លាភាព និងមិនប៉ះពាល់ដល់បរិស្ថាន និងសង្គម។
នាយកទទួលបន្ទុកកិច្ចការទូទៅ អង្គការលីកាដូ (Licadho) លោក អំ សំអាត បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ទាក់ទងទៅនឹងការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជន គឺមានការរិះគន់ជាច្រើនដោយសារធ្វើឲ្យប៉ះពាល់ទៅដល់ដីរបស់ប្រជាពលរដ្ឋ។
លោក អំ សំអាត បានបន្ថែមទៀតថា ទោះបីជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញមុខបដិសេធថា រាជរដ្ឋាភិបាលមិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជន ប៉ុន្តែមានព័ត៌មានបែកធ្លាយ ទាក់ទងទៅនឹងរដ្ឋាភិបាលមានគម្រោងនឹងជួលដីកោះឯកជនរបស់រដ្ឋទៅឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ទៅលើវិស័យទេសចរណ៍។
លោកថា ការជួលកោះ ឬក៏ការសម្បទានដីសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនណាមួយគួរតែមាននីតិវិធីច្បាស់លាស់ ពីព្រោះកន្លងមកតែងតែមានបញ្ហាជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ដី ហើយក៏មានការរិះគន់ថា មានចំណូលតិចតួចបំផុតចូលទៅរដ្ឋ។
លោក អំ សំអាត៖ «អីចឹងឆ្លងកាត់តាមបញ្ហាទាំងអស់ហ្នឹងយើងចង់ឃើញថាការអភិវឌ្ឍន៍រឺការជួលដីដើម្បីឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ហ្នឹងធ្វើម៉េចដោយតម្លាភាព តែបើយកល្អអាចអនុម័តដោយរដ្ឋសភាវាជារឿងមួយដែលល្អផងដែរ»។
ក្រោយពីការបង្ហោះហ្វេសប៊ករបស់ Sarath Sun ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតបដិសេធចំពោះគណនីហ្វេសប៊ុក ឈ្មោះសារ៉ាត់ ស៊ុន ( Sarath Sun) ដែលបានសរសេរថា រដ្ឋាភិបាលធ្វើអនុប្បយោគគឺផ្ទេរសិទ្ធិពីសម្បត្តិរដ្ឋលក់ឱ្យក្រុមហ៊ុនឯកជននូវកោះចំនួន២ គឺកោះមួយ ស្ថិតនៅក្នុងខេត្តព្រះសីហនុ និងកោះគី ស្ថិតនៅក្នុងខេត្តកំពត ឱ្យទៅក្រុមហ៊ុនជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី ( G.T.V.C Import Export Co., Ltd.,) របស់ឧកញ៉ាទៀ វិចិត្រ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា កោះទាំងពីរនេះគឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលនឹងត្រូវធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍបម្រើឱ្យវិស័យទេសចរណ៍។ កោះទាំងពីរនេះរាជរដ្ឋាភិបាលមិនបានលក់ទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ។

នាយកក្រុមហ៊ុន GTVC Import Export Co., Ltd. អ្នកឧកញ៉ា ទៀ វិចិត្រ គឺជាក្មួយប្រុសបង្កើតរបស់អតីតរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ និងត្រូវជាប្អូនបង្កើតរបស់មេបញ្ជាការ កងទ័ពជើងទឹក លោក ទៀ សុខា។ ក្រុមគ្រួសារត្រកូលទៀនេះ កំពុងគ្រប់គ្រងដែនលំហសមុទ្ររបស់កម្ពុជាទាំងមូលផង។ លោក ទៀ វិចិត្រ បានបង្កើតមុខរបររកស៊ីចាក់គ្រឹះយ៉ាងរឹងមាំក្នុងខេត្តជាប់មាត់សមុទ្រជាពិសេសខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត។ មុខរបររកស៊ីរបស់លោក ទៀ វិចិត្ត មានដូចជាការរត់ពន្ធប្រេងឥន្ធនៈ អចលនទ្រព្យ និងវិស័យទេសចរណ៍ សណ្ឋាគារជាដើមនៅតាមកោះសំខាន់ៗដូចជាកោះរ៉ុងសន្លឹម និងកោះឋានសួគ៌។
ទោះជាយ៉ាងណា អ្នកឃ្លាំមើល រិះគន់ថា ការទទួលបានសិទ្ធិវិនិយោគរបស់លោក ទៀ វិចិត្រ នៅតាមកោះនានាក្នុងខេត្តជាប់មាត់សមុទ្រទាំងនេះ ធ្វើឡើងដោយគ្មានតម្លាភាព ពុករលួយ និងអាងអំណាចក្រុមគ្រួសារដែលកំពុងគ្រប់គ្រងកងទ័ពរបស់ប្រទេសកម្ពុជា៕









