ក្រសួង​វប្បធម៌​តវ៉ា​ឲ្យ​ភាគី​ថៃ​បញ្ឈប់​សកម្មភាព​នានា​ដែល​អាជ្ញាធរ​ថៃ​អនុវត្ត​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​តាក្របី

0
58
រូបភាព​​ប្រាសាទ​តាក្របី (ពី​ឆ្វេង) បង្ហាញ​ពី​រូប​ភាព​នៅ​ល្អ និង​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី៩ ធ្នូ និង​វាយ​ប្រហារ​បំផ្លាញ​ទាំងស្រុង​ពី​យោធា​ថៃ កាល​ពី​ថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា
រូបភាព​​ប្រាសាទ​តាក្របី (ពី​ឆ្វេង) បង្ហាញ​ពី​រូប​ភាព​នៅ​ល្អ និង​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី៩ ធ្នូ និង​វាយ​ប្រហារ​បំផ្លាញ​ទាំងស្រុង​ពី​យោធា​ថៃ កាល​ពី​ថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​មួយ​ដោយ​តវ៉ា​ទៅ​ភាគី​ថៃ ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​នានា ដែល​អាជ្ញាធរ​ថៃ បាន​អនុវត្ត​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី។ ប៉ុន្តែ​អ្នកជំនាញ យល់​ឃើញ​ថា ភាគី​កម្ពុជា​គួរតែ​ប្ដឹង​ភាគី​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ដើម្បី​ទាមទារ​ប្រាសាទ និង​ទឹកដី​ទាំងអស់​នោះ​ត្រឡប់​មក​វិញ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​នានា​នៅ​តំបន់​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ដែល​ជា​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា និង​ត្រូវ​រក​ដំណោះស្រាយ​បញ្ហា​ទាំងអស់​នេះ ដោយ​សន្តិវិធី និង​ស្របតាម​ច្បាប់​អន្តរជាតិ។ នេះ​បើ​បាន​សេចក្ដីប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី៣ ខែ​កុម្ភៈ នេះ។

លិខិត​ដដែល​នោះ បញ្ជាក់​ទៀត​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រួយបារម្ភ​យ៉ាង​ខ្លាំង នៃ​ការ​ខូចខាត ធ្ងន់ធ្ងរ និង​ការ​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង នៃ​ប្រាសាទ​តាក្របី។ កម្ពុជា​នឹង​មិន​ទទួលយក​នូវ ការប្រើប្រាស់​កម្លាំង​ណាមួយ​ប្រឆាំង​ទៅលើ​តំបន់​វប្បធម៌ និង​បុរាណវិទ្យា និង​អភិរក្ស ចុះ​បញ្ជី ឬ​ការ​សាងសង់​ណាមួយ ដែល​អនុវត្ត​ដោយ​ឯកតោភាគី ដោយ​គ្មាន​ការយល់ព្រម​ពី​ភាគី​កម្ពុជា ព្រមទាំង​

​សកម្មភាព​ដែល​ប៉ះពាល់ ឬ​បំផ្លាញ​ស្ថានភាព​ផ្លូវច្បាប់ និង​វប្បធម៌​នៃ​តំបន់​ទាំងអស់​នេះ​នោះ​ទេ។

ក្រោយពី​ផ្ទុះអាវុធ​លើក​ទី​២ ភាគី​ថៃ​បាន​គ្រប់គ្រង​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ដោយ​អាជ្ញាធរ​ថៃ​បាន រាយ​បន្លាយ​លួស សាងសង់​លេណដ្ឋាន​របស់​យោធា ធ្វើ​ពិធី​សាសនា និង​គ្រោង​សាងសង់​តួ​ប្រាសាទ​ដែល​ខូចខាត​ឡើងវិញ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន លើកឡើង​ថា កម្ពុជា​គួរតែ​ប្ដឹង​ភាគី​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ទាមទារ​ប្រាសាទ និង​ទឹកដី​ត្រឡប់​មក​វិញ ប្រសើរ​ជាង​ការ​ចេញ​លិខិត​មួយ​ច្បាប់ ក្នុង​ចេតនា​ស្អំ​ចិត្ត​របស់​ប្រជាពលរដ្ឋ មិន​ឲ្យ​ខឹងសម្បា​ទៅលើ​មេដឹកនាំ​អសមត្ថភាព ព្រោះ​វា​មិន​មាន​ប្រយោជន៍​ដល់​កម្ពុជា​ឡើយ។

លោក អ៊ុំ សំអាន៖ «គ្រាន់តែ​អំពាវនាវ ថ្លែងការណ៍ គ្រាន់តែ​ថ្កោលទោស វា​មិន​មាន​ប្រយោជន៍​នោះ​ទេ ពាក្យបណ្ដឹង​បានជា​រឿង​មាន​ប្រយោជន៍ ដូច្នេះ​ខ្ញុំ​យល់ថា ក្រសួង​វប្បធម៌​ធ្វើ​នេះ ធ្វើ​គ្រាន់តែ​ឲ្យ​ប្រជាពលរដ្ឋ​យល់ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត គេ​បានធ្វើ​ដែរ ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត​ទៅ គេ​បាន​តវ៉ា​ហើយ ដូច្នេះ​វា​អត់​បាន​ប្រយោជន៍​នោះទេ យើង​គ្រាន់តែ​ថ្លែងការណ៍ អត់​ដាក់ពាក្យ​បណ្ដឹងទាមទា​រ​ប្រាសាទ​ត្រឡប់មកវិញ តាមរយៈ​(ICJ)»។

កាលពី​ខែកក្កដា ឆ្នាំ​២០២៥ នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ បាន​អះអាង​ថា ប្រាសាទ​តាមាន់ធំ ជាទី​តាំង​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ប្រទេស​ថៃ និង​បាន​ចុះបញ្ជី ជា​សម្បត្តិ​បេតិកភណ្ឌ ក្នុង​ឆ្នាំ​១៩៣៥ ពោល​គឺ​នៅមុន​កម្ពុជា ទទួល​បាន​ឯករាជ្យ ពី​បារាំង​ទៅ​ទៀត​។ លើស​ពី​នេះ ថៃ​អះអាង​ថា ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តា​ក្របី គឺ​ស្ថិត​ក្នុង​ទឹកដី​ថៃ ក្នុង​ខេត្ត​សុរិន្ទ ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃឈើ​ការពារ ស្របតាម​ព្រះរាជក្រឹត្យ​ឆ្នាំ​១៩៥១ ដោយ​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ត្រួតស៊ីគ្នា​ជាមួយ​កម្ពុជា នោះ​ឡើយ។

ទោះជា​បែបនេះ​ក្ដី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា អះអាង​ថា ទីតាំង​ប្រាសាទ​ទាំងពីរ ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ទាំងស្រុង ដូចដែល​បាន​កំណត់​យ៉ាង​ច្បាស់​ដោយ​សន្ធិសញ្ញា បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ និង​នៅតែ​មាន​សុពលភាព​ស្រប​តាម​ច្បាប់​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ