អ្នកឃ្លាំមើល​សង្គម​អំពាវនាវ​ឲ្យ​ថៃគោរព​ច្បាប់​អន្តរជាតិ និង​បើក​ការ​ចរចា​រឿង​ព្រំដែន​ជាមួយ​កម្ពុជា

0
28
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN

អ្នកឃ្លាំមើល​សង្គម អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​យោធា​ថៃ គោរព​ច្បាប់​អន្តរជាតិ និង​បើក​ការចរចា​ទ្វេភាគី​រឿង​ព្រំដែន ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី​ជាមួយ​កម្ពុជា​។ កា​អំពាវនាវ​នេះ​បន្ទាប់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ​លោក ស៊ី​ហា​សាក់ ភួងកេតកែវ (Sihasak Phuangketkeow) គម្រាម​ថា តើ​កម្ពុជា​ចង់បាន​សន្តិភាព ឬ​ចង់​ឈ្លោះ​ជាមួយ​ថៃ​បន្ត​ទៀត។

អ្នកឃ្លាំមើល​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សញ្ញា​នៃ​ការ​គំរាមកំហែង​របស់​ភាគី​ថៃ​ចំពោះ​កម្ពុជា។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ​លោក សេក សុជាតិ មាន​ប្រសាសន៍​ថា សន្តិភាព​មិន​អាច​មាន​ន័យ​បាន​ឡើយ ប្រសិនបើ​មានការ​បង្កហេតុ ឬ​ការ​គំរាម​ប្រើ​កម្លាំង​។ លោក​ថា ថៃ​ត្រូវ​បញ្ឈប់​សកម្មភាព​បង្កហេតុ និង​ការ​គំរាម​ប្រើ​កម្លាំង​មក​លើ​កម្ពុជា ហើយ​ថៃ​ត្រូវ​បើក​ការចរចា​ទ្វេភាគី​ជាមួយ​កម្ពុជា​ឡើងវិញ ឬ​ក៏​អាច​ប្រើ​យន្តការ​អាស៊ាន ឬ​ភាគី​ទី​បី​ដើម្បី​ទប់ស្កាត់​ការ​យល់​ច្រឡំ និង​ហេតុការណ៍​ចៃដន្យ។

ការ​អះអាង​របស់​អ្នកឃ្លាំមើល​សង្គម​រូប​នេះ គឺ​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ថៃ​លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដោយ គម្រាម​ថា តើ​កម្ពុជា​ចង់​បាន​សន្តិភាព ឬ​ចង់​ឈ្លោះ​ជាមួយ​ថៃ​បន្ត​ទៀត ទើប​កម្ពុជា​រុញ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​មក​លើ​ឆាក​អន្តរជាតិ​បែប​នេះ។

ការ​គម្រាម​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន លើកឡើង​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយ​អះអាង​ថា ថៃ​បាន​រំលោភ​ចូល​ជ្រៅ​លើទឹក​ដី​កម្ពុជា​ក្រោយ​មាន​បទ​ឈប់​បាញ់។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ថៃ​ហ៊ាន​គំរាម​កម្ពុជា​ដោយសារតែ​ថៃ​បាន​ស្គាល់​កម្លាំង​របស់​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ា​ណែ​ត បន្ទាប់ពី​ផ្ទុះអាវុធ​ពីរ​លើក​កន្លង​មក។

លោក គឹម សុខ៖ «ថៃ​មិន​ខ្លាច​គំរាម​កម្ពុជា​ទេ និយាយ​ជា​រួម​កាលណា​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន​នៅតែ​កាន់អំណាច​កម្ពុជា​គ្មាន​វិធី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​ថៃ​ឡើយ ទាំង​វិស័យ​យោធា​និង​ការទូត​អន្តរជាតិ»។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព និង​ទៅកាន់​ទ្វីបអឺរ៉ុប នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​សារព័ត៌​អន្តរជាតិ​ធំៗ​ជា​លើកដំបូង​ថា ថៃ​ចូល​ជ្រៅ​ក្នុង​ទឹកដី​របស់​កម្ពុជា​ដោយ​ខុសច្បាប់ និង​រារាំង​ដល់​ការ​វិល​ត្រឡប់​ទៅកាន់​គេហដ្ឋាន​វិញ​របស់​ជនភៀសសឹក​ខ្មែរ​នៅ​តាម​ព្រំដែន​បើទោះជា​កម្ពុជា​ព្យាយាម​ស្នើ​ឱ្យ​មាន​ជំនួប​ប្រជុំ​ដោះស្រាយ​បញ្ហា​ខ្សែបន្ទាត់​ព្រំដែន​ជាច្រើន​ដង​តែ​ត្រូវ​បាន​ភាគី​ថៃ​បដិសេធ​មិន​ចូលរួម​ប្រជុំ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ