

ពលរដ្ឋ និងសកម្មជនបរិស្ថានសង្ឃឹមថា សកម្មជនព្រៃឡង់ទាំង ៤ខេត្ត បន្តសកម្មភាពការពារធនធានធម្មជាតិខ្លាំងជាងមុន ក្រោយពីជួបជជែកជាមួយ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី១៧ ខែមីនា។
ពលរដ្ឋនិងសកម្មជនបរិស្ថានរំពឹងថា សមាជិកបណ្ដាញសហគមន៍ព្រៃឡង់នៅបន្តបេសកកម្ម ក្នុងការពារធនធម្មជាតិ ដោយមិនជាប់ជំពាក់តួនាទី និងទ្រព្យសម្បត្តិ ទោះបីជាមានអ្នកណាផ្ដល់លុយ និងតំណែងឲ្យពួកគាត់ក៏ដោយ។
ការលើកឡើងនេះ បន្ទាប់សកម្មជនបណ្ដាញសហគមន៍នៅខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ បានទៅជួបជាមួយលោក ហ៊ុន សែន នៅថ្ងៃទី១៧ ខែមីនា។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា យល់ថា ជំនួបរវាងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងសកម្មជនព្រៃឡង់ទាំង ៤ខេត្ត គឺកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ជារឿងល្អ ប្រសិនបើការជួបនេះ អាចចូលរួមចំណែកការពារព្រៃឡង់ ខណៈកន្លងទៅ មន្ត្រីរដ្ឋាភិបាលធ្វើការមិនបានល្អ បណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឡង់ធ្ងន់ធ្ងរ។
លោកប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៧ ខែមីនាថា ការជួបនេះ អាចជាការលើកទឹកចិត្តសកម្មជនព្រៃឡង់ ឲ្យចូលរួមការពារបន្ថែមទៀត ប៉ុន្តែប្រសិនបើមិនមានផែនការការពារព្រៃឈើ ជាពិសេសធនធានធម្មជាតិនៅតំបន់ព្រៃឡង់ទៅថ្ងៃអនាគតទេ ជំនួបនេះ គឺគ្មានន័យអ្វីឡើយ។
លោក ម៉ា ចិត្រា៖ «បន្ទាប់ពីពួកគាត់ជួបហើយ គាត់អត់អាចការពារព្រៃឈើបានទេ អាហ្នឹងក៏មិនខុសអីពីមន្ត្រីក្រសួងបរិស្ថាន ដែលធ្វើការនៅព្រៃឡង់ហ្នឹងដែរ ដូចគ្នា អ៊ីចឹង។ មួយវិញទៀត ជាការផ្ដាំផ្ញើទៅដល់សាធារណជន ពាក់ព័ន្ធទៅនឹងកិច្ចការពារព្រៃឈើ ខ្ញុំសូមលើកទឹកចិត្តថា ខ្ញុំមិនឲ្យទៅលើបុគ្គល ឬក្រុមណាមួយទេ ការការពារព្រៃឈើវាជាករណីកិច្ចរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយមនុស្សអាចប្រែប្រួលបាន ប៉ុន្តែធនធានធម្មជាតិ នៅតែជាធនធានធម្មជាតិ ហើយធនធានធម្មជាតិតែងការពារយើងជានិច្ច។ អ៊ីចឹងហើយ យើងត្រូវតែចូលរួមការពារ នៅធនធានធម្មជាតិទាំងនោះ ហើយកុំផ្ដេកផ្ដួលទៅលើបុគ្គលណាមួយ គេបាន ចូលរួមការពារធនធានធម្មជាតិ»។
ពលរដ្ឋសកម្មការពារព្រៃឡង់នៅខេត្តព្រះវិហារ លោក ខេម សុឃី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៧ ខែមីនា ថា លោកប្ដេជ្ញាបន្តការពារព្រៃឈើ ដោយថា តួនាទី និងតំណែងមិនសំខាន់សម្រាប់លោក ជាអ្នករស់នៅ និងអាស្រ័យផលលើធនធានធម្មជាតិនោះឡើយ។ លោកយល់ថា ប្រសិនបើសកម្មជនព្រៃឡង់ទៅជួបប្រធានព្រឹទ្ធសភាហើយ បទល្មើសនៅតំបន់ព្រៃឡង់ថយចុះឬគ្មានបទល្មើសទៀត គឺជារឿងប្រសើរ។ ប៉ុន្តែបើជួបលោក ហ៊ុន សែន ហើយ បែរជាគ្មានវិធានការទប់ស្កាត់ និងការពារព្រៃឈើទេ លោកថា ជំនួបនេះ គឺមិនមែនជារឿងល្អ សម្រាប់បណ្ដាញសហគមន៍ ដែលនៅអព្យាក្រឹត្យជាង ២០ឆ្នាំមកហើយនោះទេ។
លោក ខេម សុឃី៖ «សង្ឃឹមថា គាត់បន្ទាប់ពីបានជួបថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលហើយ គាត់នឹងមានឆន្ទៈរឹតតែខ្ពស់អាហ្នឹងក៏ជាការល្អប្រសើរដែរ ប៉ុន្តែបើសិនជា គាត់ទៅហើយអត់មានឆន្ទៈឬក៏កិច្ចការការពារអន់ថយជាងមុន ហើយម្យ៉ាងទៀត យើងអត់អព្យាក្រឹត្យ។ កាលណាតែយើងនេះហើយ អត់ហ៊ាននិយាយស្ដីអាហ្នឹង ក៏បញ្ជាក់ថា យើងអត់ និយាយរួមទៅយើងលះបង់កិច្ចការដែលយើងធ្លាប់ធ្វើ កន្លងមក យើងហ៊ាននិយាយហ៊ានស្ដីអំពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ និយាយរួមទៅ ដែលជាផ្ទះសម្បែងរបស់យើងតាំងពីដើម តាំងពីដូនពីតាមក យើងរស់នៅក្នុងព្រៃយើងអត់ហ៊ាននិយាយអាហ្នឹង ខ្ញុំគិតថាជាការសោកស្ដាយសម្រាប់ខ្ញុំ សម្រាប់ការលះបង់កន្លែងរបស់បណ្ដាញរបស់អ្នកចូលរួមហ្នឹង»។
លោក ខេម សុឃី បារម្ភថា ព្រៃឡង់នឹងត្រូវវិនាសអស់ក្នុងពេលឆាប់ៗ ពីព្រោះបទល្មើសបន្តកើតឡើងរាល់ថ្ងៃ ខណៈការទប់ស្កាត់បទល្មើសកន្លងមក និងបច្ចុប្បន្ន គឺគ្មានប្រសិទ្ធភាព។
លោក ខេម សុឃី៖ «ខ្ញុំចូលរួមតាំងពីឆ្នាំ២០១៤ មក ដូចជាច្រើនឆ្នាំដែរ ខ្ញុំដើរតាំងពី ព្រៃនៅងងឹតឈឹង រហូតដល់ព្រៃឥឡូវលែងងងឹតហើយ ទៅជាវាលមានផ្លូវមានអី ដូចនៅភូមិ នៅស្រុកនៅស្រែអស់ហើយ ក្នុងតំបន់ព្រៃឡង់។ ការព្រួយបារម្ភរបស់ខ្ញុំ ខ្ញុំថា ព្រៃឡង់បើសិនជាយើងនៅបណ្ដែតបណ្ដោយ វាលែងជាព្រៃហើយទៅថ្ងៃមុខ»។
ទូរទស្សន៍អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតប ពីបណ្ដាញសហគមន៍ព្រៃឡង់ នៅខេត្តព្រះវិហារ លោក ស្រី ថី និងអ្នកសម្របសម្រួលបណ្ដាញសហគមន៍ ព្រៃឡង់ខេត្តក្រចេះលោក ឯក សុវណ្ណា និងតំណាងបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក ផល្លី ទាក់ទងនឹងជំនួបជាមួយលោក ហ៊ុន សែន បានទេ នៅថ្ងៃទី១៧ ខែមីនា។ ចំណែកលោក ហឿន សុភាព ដែលបានចូលជួបលោក ហ៊ុន សែន ដែរនោះ ប្រាប់ថា លោកជាប់រវល់បើកឡាន។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត ៥សែន (៤៨៩.៦៦៣) ហិកតារ ស្ថិតនៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ត្រូវបានរដ្ឋាភិបាលបង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦ គ្រប់គ្រងដោយក្រសួងបរិស្ថាន។
ទោះជាយ៉ាងណា តំបន់ការពារមួយនេះនៅតែរងការកាប់យកឈើធំៗ និងការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនឯកជនយ៉ាងអនាធិបតេយ្យរហូតដល់សព្វថ្ងៃ។
ពលរដ្ឋ និងសកម្មជនបរិស្ថាន អំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមឱ្យកាន់តែ សកម្មនិងបង្ហាញឆន្ទៈ ក្នុងការការពារធនធានធម្មជាតិ និងព្រៃឈើ ជាពិសេស ព្រៃឡង់ ដើម្បីទប់ស្កាត់បទល្មើស និងកុំឲ្យព្រៃឈើវិនាស ដោយសារ តែអ្នកមានលុយ និងអំណាច បំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរួមរបស់ពលរដ្ឋបន្តទៀត៕









