ព្រឹទ្ធសភា​ថៃ​ឯកភាព​ឱ្យ​រដ្ឋាភិបាល​ថៃ​លុបចោល MOU43 ស្ដីពី​ការ​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​កម្ពុជា

0
74
នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) មុនចូលប្រជុំ​​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត The Standard
នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) មុនចូលប្រជុំ​​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត The Standard

គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​បាន​ឯកភាព​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ២០០០ ឬ MOU 43​ស្ដីពី​ការ​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​កម្ពុជា ដោយ​សំអាង​ថា សន្ធិសញ្ញា​នេះ គ្មាន​ភាព​ស្របច្បាប់ និង​គ្មាន​ការ​វិវឌ្ឍ​។ ក្នុង​នោះ ព្រឹទ្ធសភា​ថៃ បាន​ណែនាំ​ឱ្យ​រដ្ឋាភិបាល បដិសេធ​ការកំណត់​ព្រំដែន ដោយ​យក​តាម​ផែនទី​ខ្នាត ១/២០០.០០០ ដែល​បន្សល់ទុក​ពី​អាណានិគម​បារាំង ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​កម្ពុជា នា​ពេល​អនាគត​។ មន្ត្រី​បក្ស​ប្រឆាំង​ថា គម្រោងការ​លុប​ចោល MOU 43 របស់​ភាគី​ថៃ គឺជា​ការ​ប្រែក្លាយ​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា ឱ្យ​មាន​ភាព​ស្របច្បាប់ ដោយ​ច្រានចោល​នូវ​ផែនទី​របស់​អាណានិគម​បារាំង។

ស្ថាប័ន​ព្រឹទ្ធសភា​ថៃ កាលពី​ថ្ងៃទី​២៤ ខែមីនា បាន​ឯកភាព​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ដែល​គ្រោង​នឹង​ចូលកាន់​តំណែង​ខាងមុខនេះ លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០ ឬ MOU 43 ជាមួយ​កម្ពុជា។

ប្រធាន​គណៈកម្មាធិការ​ពិសេស​របស់​ព្រឹទ្ធសភា​ថៃ លោក ណូប៉ាដុល អ៊ីនណា (Noppadol Inna) ឱ្យ​ដឹង​ថា ការ​ឯកភាព​ឱ្យ​រដ្ឋាភិបាល​ថៃ​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ ២០០០ ជាមួយ​កម្ពុជា​នេះ គឺ​បន្ទាប់ពី​មានការ​ផ្ដល់​អំណះអំណាង​របស់​យោធា និង​ក្រសួងការបរទេស​ថៃ ដែល​ចោទប្រកាន់​មក​លើ​កម្ពុជា​ថា បាន​រំលោភ​លើទឹក​ដី​ថៃ និង​មិន​អើពើ​នឹង​ការជំទាស់​របស់​ភាគី​ថៃ។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០០ ដែល​ហៅ​កាត់​ថា MOU 43 នេះ គឺជា​កិច្ចព្រមព្រៀង ដែល​កំណត់​ពី​ការ​វាស់វែង ខណ្ឌសីមា​ព្រំដែន​គោក​រវាង​កម្ពុជា និង​ថៃ ដោយ​ផ្អែក​ទៅ​លើ​ផែនទី និង​ឯកសារ ដែល​ជា​មរតក​របស់​អាណានិគម​បារាំង រួមមាន​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង​-​សៀម ១៩០៧។

MOU 43 នេះ បាន​បង្កើត​ឱ្យ​មាន​គណៈ​កម្ម​ការ​ចម្រុះ​ដើម្បី​ដោះស្រាយ​បញ្ហា​រឿង​ព្រំដែន ដែល​មាន​ភាព​មិន​ដាច់​ស្រេច​តាម​យន្ត​ការចរចា​ទ្វេភាគី ដោយ​កម្ពុជា និង​ថៃ បាន​តម្កល់​កិច្ចព្រមព្រៀង នៅ​អគ្គលេខាធិការដ្ឋាន​អង្គការ​សហប្រជាជាតិ និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅក្នុង​កម្រង​សន្ធិសញ្ញា​របស់​អង្គការ​សហប្រជាជាតិ។

ក៏ប៉ុន្តែ គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​បានសម្រេច​ឱ្យ​រដ្ឋាភិបាល​លុបចោល​សន្ធិសញ្ញា ដែល​មាន​អាយុកាល​ជាង​២០​ឆ្នាំនេះ ជា​ឯកតោភាគី ដោយ​លើក​ហេតុផល​ថា បទប្បញ្ញត្តិ​នៅក្នុង​MOU 43 មាន​ចំណុច​ខ្វះខាត និង​មាន​ភាព​ផ្ទុយគ្នា រវាង​ផែនទី​ខ្នាត ១:២០០.០០០ របស់​កម្ពុជា និង​ផែនទី​ខ្នាត ១:៥០.០០០ របស់​ថៃ ដែល​បង្កើត​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​កំណត់ព្រំដែន ខណៈ​កិច្ចព្រមព្រៀង​នេះ គ្មាន​ភាព​ស្របច្បាប់​តាម​រដ្ឋធម្មនុញ្ញ និង​មិនបាន​ឆ្លងកាត់​ការពិនិត្យ​ឡើងវិញ​របស់​សភា​នោះ​ឡើយ។

ក្នុង​នោះ ប្រធាន​គណៈកម្មាធិការ​ពិសេស​របស់​ព្រឹទ្ធសភា​ថៃ លោក ណូប៉ាដុល អ៊ីនណា បាន​អះអាង​ថា ផែនការ​ហែក​ចោល MOU 43 នេះ គឺ​ស្រប​ពេល​ដែល​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ មាន​ការ​ប្រែប្រួល​ខ្លាំង បន្ទាប់ពី​ផ្ទុះ​សង្គ្រាម​ចំនួន​ពីរ​លើក ដែល​តម្រូវ​ឱ្យ​ភាគី​ថៃ ត្រូវ​រក្សា​កងទ័ព​នៅ​ទីតាំង​បច្ចុប្បន្ន ស្រប​ទៅ​តាម​សេចក្ដីថ្លែងការណ៍​រួម GBC ដែល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា កាល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥។

បន្ថែម​ពីលើ​នេះ លោក ណូប៉ាដុល បាន​ណែ​នាំ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ ត្រូវតែ​ចាប់ផ្ដើម​ពី​សេចក្ដីថ្លែងការណ៍​រួម GBC នេះ​តែប៉ុណ្ណោះ សម្រាប់​ការចរចា​ព្រំដែន​គោក​ជា​អចិន្ត្រៃយ៍​ជាមួយ​កម្ពុជា នៅពេល​ខាងមុខ ដោយ​លោក​អះអាង​ថា MOU 43 គ្មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ទៀត​នោះ​ឡើយ។

យ៉ាងណាមិញ មុននឹង​ឈាន​ទៅ​ដល់​ការលុបចោល MOU 43 នេះ ក្រុម​អ្នក​ជាតិនិយម​បាន​ចេញ​មក​តវ៉ា​ដោយ​លើកឡើង​ថា MOU 43 នេះ គឺជា​របង​ការពារ​ទឹកដី​របស់​កម្ពុជា ដែល​រារាំង​ប្រទេស​ថៃ មិន​ឱ្យ​ចូល​ហួស​ពី​បង្គោល​ព្រំដែន ដែល​បន្សល់ទុក​ពី​អាណានិគម​បារាំង។

ទន្ទឹម​គ្នា​នេះ នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​របស់​ថៃ គឺ អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ដែល​ជា​អ្នក​នយោបាយ​អភិរក្សនិយម បាន​លើកយក​គម្រោង​លុបចោល​MOU 43​នេះ មក​ឃោសនា​ដើម្បី​រក​សំឡេងឆ្នោត រហូត​ទទួល​បាន​ការ​គាំទ្រ និង​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ថ្មី​ម្ដងទៀត។

ក្រៅពី​ប្រកាស​បំណង​លុបចោល អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ ២០០០ ព្រឹទ្ធសភា​ថៃ ក៏បាន​លើកឡើង​ពី​គម្រោងការ​អនុម័ត​លុបចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០១ ឬ​MOU 44 ស្ដីពី​កិច្ចព្រមព្រៀង​កំណត់ព្រំដែន​សមុទ្រ និង​ការរុករក​ប្រេងកាត​នៅ​តំបន់​ដែល​អះអាង​ថា ត្រួតស៊ីគ្នា​(OCA) កាលពី​ខែធ្នូ ឆ្នាំ​២០២៥ ផង​ដែរ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋ​មន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​២៥ ខែមីនា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា គម្រោងការ​លុបចោល MOU 43 របស់​ភាគី​ថៃ គឺជា​ចេតនា​ចង់​ប្រែក្លាយ​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា ឱ្យ​មាន​ភាព​ស្របច្បាប់ ដោយ​ច្រានចោល​នូវ​ផែនទី​របស់​អាណានិគម​បារាំង​។ ទោះជា​យ៉ាងណា លោក​បន្ត​ថា កម្ពុជា​ត្រូវតែ​ប្រកាន់យក​ផែនទី​ខ្នាត ១:២០០.០០០ របស់​បារាំង ក្នុង​ការចរចា​ទ្វេភាគី​ជាមួយ​ថៃ ឬ​នៅក្នុង​យន្តការ​ច្បាប់​អន្តរជាតិ ទោះបី​ថៃ​លុបចោល MOU 43 ចោល​ក៏ដោយ។

លោក អ៊ុំ សំអាន៖ «បើ​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ដែល​យើង​ហៅថា ព្រំដែន​មិន​កែប្រែ និង​ផ្អែក​អនុសញ្ញា​ទីក្រុង​វីយែន​(Vienna) ឆ្នាំ​១៩៦៩ ច្បាប់​ស្ដីពី​សន្ធិសញ្ញា​ហ្នឹង​គឺ​គេ​តម្រូវ​ឱ្យ​ប្រើ​មរតក​របស់​បារាំង គឺ​ត្រូវ​ទទួលយក​ខ្សែបន្ទាត់​ព្រំដែន បន្ទាប់ពី​ទទួល​បាន​ឯករាជ្យ។ ប៉ុន្តែ​ថៃ​អត់​គោរព​តាមច្បាប់​អន្តរជាតិ​ទេ ហើយ​ឈ្លានពាន​ទឹកដី​ខ្មែរ ដោយ​ប្រើប្រាស់​នូវ​ផែនទី ១:៥០០.០០០ ដែល​គូស​ដោយ​ខ្លួនឯង និង​គ្មាន​ភាព​ស្រប​ច្បាប់»។

ព្រឹទ្ធសភា​ថៃ បាន​អះអាង​ថា បន្ទាប់​ពី​ការលុបចោល MOU 43 ហើយ កម្ពុជា​និង​ថៃ នៅ​តែ​មាន​សន្ធិសញ្ញា និង​យន្តការ​ទ្វេភាគី​ផ្សេង​ទៀត​ដែល​អាច​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​បារម្ភ​ថា ស្ថិត​ក្នុង​ស្ថានភាព​ដែល​ថៃ​កំពុង​មាន​ប្រៀប​ខាង​កម្លាំង​ទ័ព និង​ចូល​កាន់កាប់​ទឹកដី​កម្ពុជា នៅ​តាម​ព្រំដែន​បែបនេះ កម្ពុជា​នឹង​មិន​អាច​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដោយ​ស្មើមុខស្មើមាត់​បាន​នោះ​ឡើយ​។ ផ្ទុយទៅវិញ ថៃ​អាច​នឹង​បើក​ការ​ឈ្លានពាន​មក​លើ​ដែនទឹក​របស់​កម្ពុជា​បន្ថែម​ទៀត ដើម្បី​គ្រប់គ្រង​តំបន់​រ៉ែ​ប្រេង​កាត និង​ឧស្ម័ន​ធម្មជាតិ​ផ្ដាច់មុខ នៅ​តំបន់​ឈូង​សមុទ្រ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ