

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបដិសេធចំពោះការ លើកឡើងរបស់គណៈកម្មាធិការព្រឹទ្ធសភាថៃ ដែលស្នើឱ្យលុបចោលអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ ឬ MOU 43 ស្ដីពីការវាស់វែងព្រំដែនគោករវាងកម្ពុជា-ថៃ។ ភាគីកម្ពុជា បានចាត់ទុកការស្នើលុប MOU 43 ពីសំណាក់ភាគីថៃនេះ ថា ធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយច្បាប់អន្តរជាតិ និងមានចេតនាកេងចំណេញនយោបាយ។
កម្ពុជាលើកឡើងថា ថៃគ្មានហេតុផលដើម្បីលុបចោលអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ឬMOU 43 ជាមួយកម្ពុជានោះឡើយ។ នេះបើតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា នេះ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា គម្រោងលុបចោល អនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ ឬMOU 43 របស់គណៈកម្មាធិការព្រឹទ្ធសភាថៃ ធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយពីច្បាប់អន្តរជាតិ ដើម្បីកេងចំណេញនយោបាយ និងឈានទៅដល់ការបំផ្លាញសមិទ្ធផលរបស់គណៈកម្មាធិការ JBC នៃប្រទេសទាំងពីរ ដែលសម្រេចបាននាពេលកន្លងមក។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា MOU 43 គឺជាកិច្ចព្រមព្រៀងទ្វេភាគីដ៏សំខាន់ ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ ដែលផ្ដល់នូវយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំង-សៀម ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ១៩០៧។
ការតវ៉ារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ ធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២៤ ខែមីនា បានឯកភាពលើគម្រោងលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ ឬ MOU 43 ជាមួយកម្ពុជា ដោយចោទប្រកាន់មកលើកម្ពុជាថា បានរំលោភលើកិច្ចព្រមព្រៀងមួយនេះ និងចូលទន្ទ្រានក្នុងទឹកដីថៃ។
គណៈកម្មាធិការព្រឹទ្ធសភាថៃ បានអះអាងថា បទប្បញ្ញត្តិនៅក្នុង MOU 43 មានចំណុចខ្វះខាត និងមានភាពមិនស្របគ្នា រវាងផែនទីខ្នាត ១/២០០.០០០ របស់កម្ពុជា និងផែនទីខ្នាត ១:៥០.០០០ របស់ថៃ ដែលបង្កើតឱ្យមានបញ្ហាក្នុងការកំណត់ព្រំដែន ខណៈកិច្ចព្រមព្រៀងនេះ គ្មានភាពស្របច្បាប់តាមរដ្ឋធម្មនុញ្ញ និងឆ្លងកាត់សភានោះឡើយ។
ទោះជាបែបនេះក្ដី រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកឡើងថា បើផ្អែកតាមមាត្រា៦២ ចំណុចទី២ នៃអនុសញ្ញាទីក្រុងវីយែន (Vienna) ស្ដីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ១៩៦៩ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃគ្មានសិទ្ធិលើកយកហេតុផលច្បាប់ និងនីតិវិធីផ្ទៃក្នុង មកអាងដើម្បីលុប MOU 43 ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ។
ភាគីកម្ពុជា បានបញ្ជាក់បន្ថែមថា ការលុប MOU 43 ដោយហេតុផលណាមួយ គឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិង គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការ ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍបានឡើយ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការតវ៉ារបស់កម្ពុជា មានលក្ខណៈជាវិធីការទូត និងគ្មានទម្ងន់ដើម្បីប្រឆាំងនឹងគម្រោងលុប MOU 43 របស់ថៃនោះឡើយ ព្រោះថៃបានរំលោភច្បាប់អន្តរជាតិជាច្រើនដងរួចហើយ ចាប់តាំងពីពេលបើកឆាកធ្វើសង្គ្រាមឈ្លានពានកម្ពុជាមក។ លោកបន្តថា ភាគីថៃមានគម្រោងលុបចោល MOU 43 ក្នុងគោលបំណងបង្កើតភាពស្របច្បាប់ក្លែងក្លាយ ដើម្បីកាន់កាប់ទឹកដីកម្ពុជានៅតាមព្រំដែន ដែលថៃដណ្ដើមបានជាអចិន្ត្រៃយ៍។
លោក ម៉ែន ណាត៖ «កាលណាថៃធ្វើអ៊ីចឹង ថៃនឹងក្លាយជាប្រទេសហ្វាស៊ីស ដូចសម័យ ហ៊ីត្លែ ជំនាន់សង្គ្រាមលោកលើកទី២ដែរ។ លែងគោរពច្បាប់អន្តរជាតិ លែងស្គាល់នរណា ហើយដើរឈ្លានពានគេគ្រប់ទីកន្លែង។ បង្កើតច្បាប់ខ្លួនឯង ដើម្បីឱ្យគេគោរព។ ដូច្នេះវាខុសពីគោលការណ៍ច្បាប់អន្តរជាតិហើយ»។
ពាក់ព័ន្ធនឹងគម្រោងលុបចោល MOU 43 របស់គណៈកម្មាធិការព្រឹទ្ធសភាថៃនេះដែរ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានសរសេរនៅលើបណ្ដាញសង្គម នៅថ្ងៃនេះថា ប្រសិនបើប្រទេសថៃ សម្រេចចិត្តលុបចោល MOU 43 និង MOU 44 ដោយគ្មានការយល់ព្រមពីកម្ពុជា នោះថៃអាចប្រឈមនឹងការចោទប្រកាន់ថា បានរំលោភលើគោលការណ៍ច្បាប់អន្តរជាតិដ៏សំខាន់មួយ នោះគឺការគោរពតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា ហើយសកម្មភាពនេះនឹងមិនមានឥទ្ធិពលផ្លូវច្បាប់ក្នុងការលុបចោលខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែលភាគីម្ខាងទៀតបានកំណត់ទុកនោះឡើយ។
លោកបន្តថា ការលុបចោល MOU 43 ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខព្រំដែនគោក ជាឯកតោភាគី អាចបង្កឱ្យមានអស្ថិរភាពតាមព្រំដែន និងការតវ៉ាជាអន្តរជាតិ។ ដោយឡែក ចំពោះផលវិបាកផ្លូវច្បាប់វិញ ការដកខ្លួនចេញដោយគ្មានមូលដ្ឋានច្បាប់រឹងមាំ នឹងធ្វើឱ្យថៃបាត់បង់អំណះអំណាងក្នុងកិច្ចចរចា និងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរវាងប្រទេសទាំងពីររយៈពេលយូរអង្វែង ព្រមទាំងអាចរងសម្ពាធពីសហគមន៍អន្តរជាតិឱ្យវិលមករកតុចរចាវិញជាមិនខាន។
យ៉ាងណាក៏ដោយចុះ ផែនការលុបចោល MOU 43 គឺជាការផ្ដួចផ្ដើមរបស់នាយករដ្ឋមន្ត្រីអាណត្តិថ្មី របស់ថៃ គឺ អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ដែលជាអ្នកនយោបាយអភិរក្សនិយមម្នាក់។ លោក អានុទីន បានលើកយកគម្រោងលុបចោល MOU 43 ជាមួយកម្ពុជានេះ ស្នើទៅកាន់សភា កាលពីលោកនៅជានាយករដ្ឋមន្ត្រីចាំផ្ទះ ក្រោយពេលលោក បានលើកយករឿងនេះ មកឃោសនាដើម្បីរកសំឡេងឆ្នោត រហូតទទួលបានការគាំទ្រ និងជាប់ឆ្នោតក្នុងអាណត្តិថ្មីម្ដងទៀត៕









