

អ្នកតាមដានសង្គមកម្ពុជានិងមន្ត្រីបក្សប្រឆាំងថា ជំហររដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ នៅតែមានបំណងប្រើប្រាស់កម្លាំងកងទ័ពគំរាមមកលើរដ្ឋាភិបាលកម្ពុជាកុំឲ្យតដៃ ដើម្បីឈ្លានពានទឹកដីបន្ថែមទៀតតាមការចង់បានរបស់គេ។ ទោះជាយ៉ាងណា ពួកគាត់យល់ថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិដើម្បីបង្ហាញថាកម្ពុជាមិនត្រូវការសង្គ្រាម ហើយក៏មិនបោះបង់អធិបតេយ្យភាពរបស់ខ្លួនដែរ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី បានឲ្យដឹងថា យុទ្ធសាស្ត្រនយោបាយផ្ទៃក្នុងរបស់ភាគីថៃគឺតែងតែយកបញ្ហាព្រំដែន មកប្រើប្រាស់ដើម្បីទាញយកចំណេញផ្នែកនយោបាយ និងអំណាច ដោយសារចរន្តជាតិនិយមជ្រុលនៅក្នុងប្រទេសថៃបន្តមានឥទ្ធិពលខ្លាំង។
លោក សេង វណ្ណលី បន្ថែមទៀតថា ការគំរាមកម្ពុជាតាមរយៈកម្លាំងទ័ព គឺជាការផ្ញើសារនយោបាយរបស់រដ្ឋាភិបាលថ្មីថៃ ទៅកាន់ពួកជ្រុលនិយមថា ពួកគេគឺជាអ្នកការពារទឹកដីដ៏រឹងមាំបំផុត ទោះបីជាគេដឹងថាទង្វើបែបនេះនឹងប៉ះពាល់ទៅដល់ទំនាក់ទំនងល្អប្រទេសជិតខាងក៏ដោយ ដូច្នេះកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីបញ្ជាក់ទៅកាន់សហគមន៍អន្តរជាតិនិងអាស៊ានថាកម្ពុជាគ្មានបំណង បង្កសង្គ្រាម ប៉ុន្តែក៏មិនបោះបង់អធិបតេយ្យភាពរបស់ខ្លួនដែរ។

អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយរូបនេះ បន្ថែមទៀតថា ដើម្បីឆ្លើយតបទៅនឹងការគំរាមរបស់ថៃតាមរយៈកម្លាំងយោធានេះ តម្រូវឲ្យរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត ត្រូវពន្លឿនការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យយន្តការអន្តរជាតិដោះស្រាយ ដែលនឹងធ្វើឲ្យការដុតកម្តៅរបស់ភាគីថៃក្លាយជាការខាតបង់ផ្នែកការទូតរបស់ពួកគេ។
លោក សេង វណ្ណលី៖ «អ្វីដែលថៃចង់បានពិតប្រាកដតាមរយៈការបង្កើតបរិយាកាសតានតឹងនេះគឺការគ្រប់គ្រងទាំងស្រុងនៅតំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រដែលសម្បូរទៅដោយធនធានប្រេងកាត និងឧស្ម័នធម្មជាតិដ៏មហាសាល»។
ការលើកឡើងរបស់អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយរូបនេះ បន្ទាប់ពីសារព័ត៌មាននានារបស់ ថៃ បានចុះផ្សាយ ដោយដកស្រង់សម្ដីប្រធានចារកម្មកងទ័ពថៃ លោក ធីរ៉ាណាន់ ណាន់ថាខ្វាង (Thiranan Nuntakhwang) ថា ការផ្ទុះអាវុធជុំទី៣ ជាមួយកម្ពុជាអាចនឹងកើតមានឡើង ដោយសារកម្ពុជាបានទិញអាវុធទ្រង់ទ្រាយធំពីអឺរ៉ុបខាងកើត និងជំរុញឲ្យមានការតាមដានយ៉ាងដិតដល់ក្នុងរយៈពេលពី៤ ទៅ ៥ខែទៀតនៅក្រោយរដូវវស្សា។ បន្ថែមពីនេះ រដ្ឋាភិបាលថៃ ក៏កំពុងដំណើរការនីតិវិធីដើម្បីលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ ឬ MOU 43 ស្ដីពីការបោះបង្គោលព្រំដែនគោកជាមួយកម្ពុជា ដោយសំអាងថា សន្ធិសញ្ញានេះ គ្មានភាពស្របច្បាប់ និងគ្មានការវិវឌ្ឍ។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ឧបាយកលរបស់ថៃ គឺបង្ខំរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កុំរំខានទៅដល់កម្លាំងថៃដែលកំពុងគ្រប់គ្រងទឹកដីកម្ពុជា ហើយថៃក៏ព្យាយាមបង្ខំរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កុំតដៃ នៅពេលដែលកំលាំងថៃរុលចូលកាន់តែជ្រៅទន្ទ្រានទឹកដីកម្ពុជាបន្ថែមទៀត។
លោក គឹម សុខ៖ «ការបង្ខំបបែបនេះរបស់ថៃស្មើនឹងការប្រកាសជំហររបស់រដ្ឋាភិបាលថ្មីនៃប្រទេសថៃ ថាថៃនឹងវាយទៀត ប្រសិនបើមានការរំខានណាមួយចំពោះទង្វើឈ្លានពានរបស់ថៃដែលកំពុងតែកាន់កាប់ទឹកដីនៃប្រទេសកម្ពុជា សញ្ញានៃការព្រមានច្បាស់របស់ថៃគឺការប្រកាសលុបចោលMOU។ ការលុបចោល MOU នេះថៃចង់ប្រាប់ថា ថៃលែងនិយាយទ្វេភាគីជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទៀតហើយ ហើយបើមានជម្លោះគឺដោះស្រាយគ្នាដោយសង្គ្រាម នេះគឺជាជំហររបស់ថៃ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលបារម្ភថា ស្ថិតក្នុងស្ថានភាព ដែលថៃកំពុងមានប្រៀបខាងកម្លាំងទ័ព និងចូលកាន់កាប់ទឹកដីកម្ពុជា នៅតាមព្រំដែនបែបនេះ កម្ពុជានឹងមិនអាចចរចាទ្វេភាគីជាមួយថៃ ដោយស្មើមុខស្មើមាត់បាននោះឡើយ។ ផ្ទុយទៅវិញ ថៃអាចនឹងបើកការឈ្លានពានមកលើដែនទឹករបស់កម្ពុជាបន្ថែមទៀត ដើម្បីគ្រប់គ្រងតំបន់រ៉ែប្រេងកាត និងឧស្ម័នធម្មជាតិផ្ដាច់មុខ នៅតំបន់ឈូងសមុទ្រដែលត្រួតស៊ីគ្នា។
ចាប់តាំងពីមានបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក កងទ័ពថៃនៅតែបន្តចូលមករាយបន្លាលួស ដាក់ទូរកុងតឺន័រ ទន្ទ្រានយកទឹកដីខ្មែរជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យទឹកដីខ្មែរថៃដណ្តើមកាន់កាប់បានកើនឡើងរហូតដល់៤៥ទីតាំង។ រីឯរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនបានប្រើកម្លាំងទប់ស្កាត់ទៅនឹងការបន្តឈ្លានពានទឹកដីពីសំណាក់ភាគីថៃនោះទេ ក្រៅតែពីអង្គុយបង្គាប់ឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ធ្វើការថ្កោលទោសថៃតែប៉ុណ្ណោះ៕








